Quantcast
Viewing latest article 6
Browse Latest Browse All 11174

អាណាព្យាបាល​សិស្ស​នៅ​រតនគិរី​អំពាវនាវ​ឲ្យ​គ្រូ​បង្រៀន​សិស្ស​ឲ្យ​បាន​ពេញលេញ

ប្រជាពលរដ្ឋ​ភូមិ ណង ហៃ លោក ប៉ាង ញ៉ច មាន​ប្រសាសន៍​បញ្ជាក់​ថា ប្រជាពលរដ្ឋ​ក្នុង​ភូមិ​សុទ្ធសឹងតែ​ជា​ជន​ជាតិ​ដើម​ភាគ​តិច​ចង់​ឲ្យ​កូន​គាត់​គ្រប់ៗ​គ្នា​គ្រប់​អាយុ​ចូល​សាលារៀន បាន​ចូល​រៀន និង​ចង់​ឲ្យ​គ្រូ​មក​បង្រៀន​សិស្ស​ជាប់​លាប់។ គាត់​បន្ត​ថា កូន​ចៅ​ប្រជាពលរដ្ឋ​ដែល​បាន​សិក្សា​នៅ​សាលា​បឋម​សិក្សា​ក្នុង​ភូមិ​នេះ​មិន​បាន​ទទួល​ចំណេះ​ដឹង​ត្រឹមត្រូវ​តាម​កម្មវិធី​សិក្សា​ប្រចាំ​ឆ្នាំ​ទេ ដោយសារ​តែ​គ្រូ​ភាគ​ច្រើន​អវត្តមាន​ច្រើន​ខែ​ក្នុង​មួយ​ឆ្នាំ​សិក្សា​កន្លង​ទៅ​នេះ។

លោក ប៉ាង ញ៉ច៖ «ឆ្នាំ​មុន​បាន​រៀន​ខ្លះ ឆ្នាំ​នេះ​អត់​បាន​រៀន​ទេ បើ​មិន​ជឿ​ទេ​មក​សួរ​ប្រជារាស្ត្រ​នៅ​នេះ​ទៅ។ គេ​អត់​ចង់​បង្រៀន​ធ្វើ​ម៉េច ? អា​ហ្នឹង​ហើយ​ខ្ញុំ​និយាយ​ជាមួយ​ប្រធាន​ភូមិ​ខ្ញុំ​ថា ល្មម​បដិសេធ​ហើយ»

ដូចគ្នា​នេះ​ដែរ ប្រជាពលរដ្ឋ​ឈ្មោះ លៀង ខែមភី អះអាង​ដែរ​ថា គ្រូ​ពិត​ជា​មិន​មក​បង្រៀន​សិស្ស​ច្រើន​ខែ ហើយ​សាលារៀន​បាន​ក្លាយ​ជា​កន្លែង​បន្ទោបង់​ដោយ​គ្មាន​ការ​ថែរក្សា និង​គ្រប់គ្រង​ត្រឹម​ត្រូវ៖ «ខ្ញុំ​ថា​ឆ្នាំ​នេះ​ចាប់​ពី​ខែ​មួយ​ខែ​ពីរ​មក​អត់​ឃើញ​រៀន​ទេ។ មិន​មែន​អត់​ទៅ​រៀន​ទេ អត់​គ្រូ​បង្រៀន។ លោក​ចុះ​ទៅ​ត្រួត​ពិនិត្យ​ខ្លួន​ឯង សូម្បី​សាលា​សុទ្ធ​តែ​អាចម៍​ទាំង​អស់​ហ្នឹង ហើយ​ព្រៃ​ជុំវិញ​តែម្ដង ខ្ញុំ​មិន​មែន​ចេះ​តែ​និយាយ​ទេ ខ្ញុំ​ចង់​ឲ្យ​កូន​ខ្ញុំ​ចេះ​អក្សរ»

សាលាបឋមសិក្សា ណង ហៃ មាន​មួយ​អគារ​ប្រាំ​បន្ទប់ បើក​បង្រៀន​សិស្ស​ពី​ថ្នាក់​ទី​១ ដល់​ថ្នាក់​ទី​៦ ក៏​ប៉ុន្តែ​សាលា​នេះ​មាន​នាយក​សាលា​ម្នាក់ និង​គ្រូ​ជាប់​កិច្ចសន្យា ៤​នាក់ ទទួល​ភារៈ​បង្រៀន​សិស្ស​ប្រមាណ​ជិត ២០០​នាក់។

នាយក​សាលា ណង ហៃ លោក ធំ ប៊ុនថុង ចាត់​ទុក​សេចក្ដី​រាយការណ៍​របស់​អ្នក​ភូមិ​ថា ជា​ការ​មិន​ពិត។ យ៉ាង​នេះ​ក្តី ប្រធាន​ការិយាល័យ​អប់រំ​ស្រុក​លំផាត់ លោក ជា វ៉ន អះអាង​ថា សេចក្ដី​រាយការណ៍​របស់​ប្រជាពលរដ្ឋ​ថា ជា​ការ​ភ័ន្តច្រឡំ ពីព្រោះ​ក្រុម​អធិការកិច្ច​អប់រំ​បាន​ចុះ​ស្រង់​ព័ត៌មាន​នៅ​សាលា​នោះ ហើយ​មិន​ឃើញ​មាន​របាយការណ៍​ថា គ្រូ​មិន​មក​បង្រៀន​នោះ​ទេ។

លោក​ទទួល​ស្គាល់​ថា គ្រូ​ខកខាន​មិន​បង្រៀន​សិស្ស​ខ្លះ​មែន ដោយសារ​នាយក​សាលា​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ចូល​រួម​ប្រជុំ​ថ្នាក់​ខេត្ត៖ «មិន​មែន​អ៊ីចឹង​ទេ ព្រោះ​ខ្ញុំ​បាន​ចុះ​ទៅ​ដែរ សកម្មភាព​ការងារ​ជួន​កាល​វា​គ្រាន់​តែ​រអាក់រអួល​បន្តិច​បន្តួច​ទេ គ្រូ​ក្របខ័ណ្ឌ​យើង​តែ​ម្នាក់ ជួនកាល​នាយក​សាលា​គាត់​ម្នាក់​ឯង​គេ​ហៅ​មក​ប្រជុំ​អ៊ីចឹង​ទៅ វា​ត្រូវ​គាត់​សម្រាក ហើយ​បង​ប្អូន​យើង​មួយ​ចំនួន​ឃើញ​គ្រូ​ឈប់​មួយ​ថ្ងៃ​ពីរ​ថ្ងៃ​អ៊ីចឹង​ជួន​កាល​គាត់​អត់​មក»

ស្រុក​លំផាត់ មាន​សាលា​បឋមសិក្សា​ចំនួន ២៦ និង​អនុវិទ្យាល័យ​ចំនួន​១។ ប្រជាពលរដ្ឋ​ជា​ឪពុក​ម្ដាយ​សិស្ស​បាន​កត់​សំគាល់​ថា សាលា​មួយ​ចំនួន​ក្នុង​ស្រុក​នេះ គឺ​គ្រូ​មិន​មក​បង្រៀន​សិស្ស​ភាគ​ច្រើន​នៃ​ថ្ងៃ​បង្រៀន​ហើយ​នៅ​សាលា​រៀន​មួយ​ចំនួន​ទៀត គ្រូ​មិន​មក​បង្រៀន​ច្រើន​ខែ​ក្នុង​ឆ្នាំ​សិក្សា​ច្រើន​ឆ្នាំ​កន្លង​ទៅ​នេះ។

ប្រជាពលរដ្ឋ​ភូមិ​ណងហៃ សំណូមពរ​ឲ្យ​ក្រុម​អធិការកិច្ច​អប់រំ​ចុះ​ស្រាវជ្រាវ​ករណី​នេះ​ដើម្បី​ចាត់​វិធានការ​ឲ្យ​គ្រូ​មក​បង្រៀន​សិស្ស​តាម​កម្មវិធី​សិក្សា​កំណត់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing latest article 6
Browse Latest Browse All 11174

Trending Articles