
ប្រជាពលរដ្ឋរាប់រយនាក់មកពីខេត្តបាត់ដំបងនិងខេត្តពោធិ៍សាត់នាំគ្នាចូលព្រៃស្វែងរកផ្សិតនៅស្រុកសំឡូត ដើម្បីលក់យកប្រាក់ដោះស្រាយជីវភាពគ្រួសារ អំឡុងជំងឺកូវិដ១៩កំពុងរាតត្បាត។ សហគមន៍ព្រៃឈើស្រុកសំឡូត ឱ្យដឹងថា ពលរដ្ឋចេញប្រកបរបររកផ្សិតនេះ ដោយសារជីវភាពក្រីក្រ ហើយនៅផ្ទះគ្មានការងារធ្វើ។តើពួកគាត់ជួបលំបាកបែបណាពីរបរដកផ្សិតនេះ?
អ្នកភូមិលើកឡើងស្រដៀងគ្នាថា របរដកផ្សិតជារបរប្រថុយនឹងគ្រោះដល់អាយុជីវិត និងប្រឈមចោរលួចម៉ូតូ ពីព្រោះពួកគេត្រូវចេញដំណើរពីផ្ទះនៅពេលយប់ឆ្ពោះតំបន់ដែលមានព្រៃឈើច្រើន នៅស្រុកសំឡូតខេត្តបាត់ដំបង។ អ្នកភូមិខ្លះបានចេញពីផ្ទះតាំងពីម៉ោង៤ទៀបភ្លឺរហូតដល់ម៉ោង៩ព្រឹកទើបទៅដល់ក្នុងព្រៃ។
ប្រជាពលរដ្ឋម្នាក់រស់នៅឃុំសំរោង ស្រុក ក្រវាញ ខេត្តពោធិ៍សាត់ លោក ដូង អូន ថ្លែងថា លោកនិងកូនបានធ្វើដំណើរដោយម៉ូតូផ្ទាល់ខ្លួនរួមជាមួយពលរដ្ឋប្រមាណ១០នាក់ផ្សេងទៀត ចេញពីភូមិឋាននៅម៉ោង៤ទៀបភ្លឺ ហើយទៅជួបពលរដ្ឋជាច្រើននាក់ទៀតពេលធ្វើដំណើរតាមផ្លូវឆ្ពោះទៅរកតំបន់ដែលមានព្រៃឈើច្រើន។ ពលរដ្ឋរូបនេះរៀបរាប់ទៀតថា នៅពេលខ្លះ ពួកលោកត្រូវដេកផ្លូវក្នុងព្រៃរយៈពេល២ថ្ងៃក៏មានដែរ ដោយសារធ្វើដំណើរផ្លូវឆ្ងាយ ចំណាយពេលប្រមាណពី៤ទៅ៥ម៉ោងទើបទៅដល់គោលដៅ។ លោកបញ្ជាក់ថា របរនេះរកប្រាក់មិនបានច្រើនទេ ក៏ប៉ុន្តែដោយសារជីវភាពក្រីក្រ ហើយគ្មានការងារធ្វើនៅផ្ទះ ទើបលោកសម្រេចចិត្តនាំកូនធ្វើដំណើរផ្សេងព្រេងទៅតំបន់ដែលមានព្រៃឈើនៅក្នុងស្រុកសំឡូត ខេត្តបាត់ដំបង៖ «កន្លែងណាមានខ្សាច់មានថ្មីឃើញដីផុសយើងកាយ យកស្លាបព្រាកាយដីដូចមាន់កាយអីចឹង ដើររើសមួយគ្រាប់ៗអីចឹងទៅ។កន្លែងណាអត់ៗកន្លែងណាមានៗវាដុះរាក់វាពើងដីដែរ កន្លែងណាភ្លៀងហាប់ទៅយើងចេះតែដើរកាយទៅ។ វាមិនមានអ្នកណាបង្ខំទេ សុទ្ធតែអ្នកអត់ដួចគ្នាចេះដើរឱ្យតែកន្លែងណារកបានអីចឹងសួរគ្នាទូរស័ព្ទអីចឹងទៅ ហើយចេះតែទៅតាមគ្នាទៅ»។
លោកបន្តថា ផ្សិតដែលរកបាន ជាផ្សិតដុះនៅក្នុងព្រៃ ដោយអ្នកភូមិនិយមហៅថា«ផ្សិតប៉ក់»។ ផ្សិតនេះមានរាងមូលដូចគ្រាប់ឃ្លី ទំហំប៉ុនម្រាមដៃមនុស្សចាស់ ដោយនៅពេលដកចេញពីដីវាមានពណ៌ខ្លៅ ក៏ប៉ុន្តែក្រោយពេលលាងទឹកស្អាតវាប្រែមកជាពណ៌សវិញ។លោកថា ផ្សិតប្រភេទនេះភាគច្រើនដុះនៅក្នុងព្រៃណាដែលមានដីខ្សាច់ច្រើន និងមានស្លឹកឈើងាប់គ្របពីលើវា។

អ្នកប្រកបរបររកផ្សិតនៅស្រុកវាលវែងម្នាក់ទៀត លោក ធឿន ញើញ ថ្លែងថា នៅពេលចេញដំណើរម្ដងៗ លោកព្រួយបារម្ភខ្លាចមានគ្រោះថ្នាក់តាមផ្លូវ ពីព្រោះពួកលោកធ្វើដំណើរទាំងយប់ងងឹតដែលប្រឈមនឹងគ្រោះថ្នាក់ចរាចរ និងជួបការលំបាកជាច្រើនទៀត ដូចជាម៉ូតូប៉ែកកង់គ្មានជាងជួសជុលហើយត្រូវដេកតាមចិញ្ចើមផ្លូវ និងមានអ្នកខ្លះជិះម៉ូតូបុកគោយន្តទៀតផង។ក្រៅពីនេះ លោក ថា នៅពេលទៅដល់កន្លែងរកផ្សិត គឺពួកលោកត្រូវទុកម៉ូតូចោលក្នុងព្រៃ ហើយនាំគ្នាដើររកផ្សិត លុះពេលរសៀលបន្តិចទើបនាំគ្នាត្រឡប់មករកម៉ូតូវិញ។ លោកបន្តថា ក្នុងមួយថ្ងៃលោករកផ្សិតបានប្រមាណកន្លះគីឡូក្រាម ហើយថ្ងៃណាហេងដើរចំកន្លែងសំបូរផ្សិត អាចរកបានផ្សិតប្រមាណ ១គីឡូក្រាម៖ «ខ្ញុំក្រកពេកបានខ្ញុំទៅរកខ្ញុំតាមគេតាមឯងទៅ ឮថាខាងហ្នឹងវាដុះច្រើនក៏ខ្ញុំទៅតាមគេទៅក្រែងលោវាបានយកមកចិញ្ចឹមកូនចិញ្ចឹមប្រពន្ធ។គេពីណាពីណីច្រើនគ្រឹកគ្រាក់ដែរហ្នឹងមិនមែនតែខ្ញុំណា មានតែរបរហ្នឹងហើយដែលរកស៊ីអត់មានអ្នកណាគេចាប់គេចងនោះ ចេះតែរកស៊ីទៅបានតិចតួចចិញ្ចឹមប្រពន្ធកូនអីចឹងទៅ»។
លោកបញ្ជាក់ទៀតថា ក្នុងមួយជើងលោកលក់ផ្សិតបានប្រាក់ប្រមាណពី ៤ ទៅ ៧ម៉ឺនរៀល (៧០.០០០)។ លោកថា ប្រាក់ទាំងនេះក្រោយពេលផាត់ថ្លៃសាំងម៉ូតនៅសល់ប្រមាណ ៣ម៉ឺនរៀល (៣០.០០០) ក្នុងមួយជើង។ លោកឱ្យដឹងទៀតថា អ្នកភូមិលក់ផ្សិតនេះទៅឱ្យម៉ូយចាំទិញតាមផ្លូវនៅពេលពួកគាត់ត្រឡប់ទៅផ្ទះវិញ ក្នុងតម្លៃចន្លោះពី ៣ម៉ឺនទៅ ៥ម៉ឺន ៥ពាន់រៀល (៥៥.០០០) ក្នុងមួយគីឡូក្រាម។ ទោះជាយ៉ាងណា បុរសវ័យ៥០ឆ្នាំប្លាយរូបនេះ បន្ថែមថា ប្រសិនបើនៅផ្ទះមានការងារធ្វើលោកមិនប្រកបរបរនេះទេ ពីព្រោះលំបាកខ្លាំង ហើយប្រឈមនឹងគ្រោះថ្នាក់ដល់អាយុជីវិត។
ទាក់ទងនឹងបញ្ហានេះដែរ អភិបាលរងស្រុកសំឡូត លោក តុល ភន ប្រាប់អាស៊ីសេរីថា ប្រជាពលរដ្ឋដែលប្រកបរបរដកផ្សិតនេះ ភាគច្រើនគឺជាអ្នកនៅខេត្តបាត់ដំបង និងមកពីខេត្តពោធិ៍សាត់ ដោយសាររដូវនេះពួកគាត់ទំនេរពីការងារដាំដុះ ទើបនាំគ្នាមករកអនុផលព្រៃឈើ ដើម្បីបានប្រាក់ចំណូលដោះស្រាយជីវភាពគ្រួសារ៖ «បាទ! មានតែមកពីខាងផ្សេងៗ ហ្នឹងឯងបើយើងនេះយូរដូចមិនដែលឮថាប្រជាពលរដ្ឋនៅស្រុកសំឡូតនេះប្រកបមុខរបរដើរដកផ្សិតលក់នោះ វាមិនដែលឮ។ នៅនេះយើងមានតំបន់ការពាររបស់បរិស្ថាន ស្រុកសំឡូតមាន ២តំបន់ មានតំបន់ប្រើប្រាស់ច្រើនសំឡូត ហើយហ្នឹងតំបន់ដែនជម្រកសត្វព្រៃភ្នំសំកុស»។
អភិបាលរងស្រុករូបនេះឱ្យដឹងទៀតថា កាលពីថ្ងៃទី៥ឧសភា ក្រុមអ្នករកអនុផលព្រៃឈើម្នាក់បានស្លាប់ដោយផ្ទុះគ្រាប់មីន និងមួយចំនួនទៀតរងរបួស ដោយសារតែពួកគាត់ប្រទះឃើញគ្រាប់មិនទាន់ផ្ទះហើយយកទៅបោកលេងជាមួយថ្ម។
ប្រធានសហគមន៍ការពារព្រៃឈើនៅតំបន់សំឡូត លោក ឡាច សំណាង មានប្រសាសន៍ថា ចាប់តាំងពីផ្ទុះគ្រាប់មីនស្លាប់មនុស្សមកប្រជាពលរដ្ឋមួយចំនួនធំបានផ្អាកចូលព្រៃមួយរយៈ ដោយសារពួកគាត់ខ្លាចផ្ទុះគ្រាប់មីនបន្តទៀត។លោកបន្តថា ពលរដ្ឋប្រកបរបរដកផ្សិតក្នុងព្រៃនៅស្រុកសំឡូតប្រមាណ ៤ឆ្នាំមកហើយ ក៏ប៉ុន្តែកន្លងទៅមិនមានមនុស្សច្រើនដូចសព្វថ្ងៃនេះទេ ហើយទើបតែការរាតត្បាតជំងឺកូវីដ១៩ មក មានពលរដ្ឋរាប់ពាន់នាក់ក្នុងថ្ងៃសម្រុកចូលព្រៃរកផ្សិតលក់៖ «គាត់មកពីគ្រប់តំបន់ទាំងអស់មកដកផ្សិតនៅស្រុកសំឡូតហ្នឹងមានពោធិ៍សាត់ ខាងក្រវាញ វាលវែង មកច្រើនណាស់ រហូតដូចជាមកពីខេត្តប៉ៃលិនទៀត។ ទី១ កង្វះប្រាក់ចំណូលគាត់មានការងារធ្វើហើយពលរដ្ឋភាគច្រើនគាត់មកពីប្រទេសថៃ គាត់មកតាំងពីមុនចូលឆ្នាំខ្មែរ ដល់ពេលអីចឹងគាត់អត់មានអីធ្វើគាត់ចេះតែមករក។គាត់មករកតាមគ្នាដូចថាល្បីពីមួយទៅមួយ ដូចថាគាត់រកបានអីចឹងគាត់ចេះតែមកទាំងប្រថុយប្រថានគ្រោះថ្នាក់ ព្រោះគាត់មិនដឹងភូមិសាស្ត្រច្បាស់លាស់អីចឹងគាត់ចេះតែមកតាមគ្នា»។
លោកបញ្ជាក់ថា ឈ្មួញប្រមូលទិញផ្សិតពីអ្នកភូមិយកទៅលក់ឱ្យថៅកែជនជាតិថៃនាំចេញទៅប្រទេសថៃ តម្លៃចន្លោះពី ៤ម៉ឺនទៅ ៦ម៉ឺនរៀលក្នុងមួយគីឡូក្រាម ។លោកថា ផ្សិតនេះជនជាតិថៃទិញយកទៅធ្វើជាអាហារនៅប្រទេសរបស់គេ។ លោកបន្ថែមថា អ្នកភូមិប្រកបរបរនេះនៅរដូវដែលមានភ្លៀងធ្លាក់ដំបូងរយៈពេលប្រមាណ ១ខែកន្លះប៉ុណ្ណោះ ព្រោះជារដូវដែលមានផ្សិតដុះច្រើន។ លោកបន្តថា អ្នកប្រកបរបរនេះមិនបង្កផលប៉ះពាល់ដល់ព្រៃឈើក្នុងសហគមន៍នោះទេ ផ្ទុយទៅវិញ ពួកគាត់ជួយធ្វើជាភ្នែក ជាច្រមុះការពារព្រៃបានយ៉ាងល្អទៀតផង ពីព្រោះអ្នកខ្លះត្រូវស្នាក់នៅក្នុងព្រៃ២ថ្ងៃទើបត្រឡប់មកវិញ។ទោះជាយ៉ាងណា មន្ត្រីសហគមន៍រូបនេះ សំណូមពរដល់ពលរដ្ឋទាំងនោះឱ្យប្រុងប្រយ័ត្នចំពោះគ្រាប់មិនទាន់ផ្ទុះជាពិសេសតំបន់កំពូលភ្នំនៅស្រុកសំឡូត ដែលជាទីតាំងរក្សាទុកគ្រាប់កាំភ្លើងកាលពីសម័យសង្គ្រាម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។