
អង្គការសិទ្ធិមនុស្សខ្មែរដែលមានមូលដ្ឋាន នៅអាមេរិក កាណាដា និងអូស្ត្រាលីចំនួន ១៧អង្គការ បានដាក់សំណើទៅគណៈកម្មាធិការ សិទ្ធិមនុស្សរបស់ អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស ដាក់បញ្ចូលបញ្ហាមួយចំនួនរបស់កម្ពុជាទៅក្នុង តារាងនៃបញ្ហា (List of Issues) ដើម្បីឱ្យគណៈកម្មាធិការនេះ ពិនិត្យផ្ទៀងផ្ទាត់ របាយការណ៍ការអនុលោមតាមកតិកាសញ្ញា អន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ (ICCPR) សម្រាប់ឆ្នាំទីបី របស់រដ្ឋាភិបាលទីក្រុងភ្នំពេញ នៅក្នុងកិច្ចប្រជុំមួយ នៅដើមឆ្នាំ ២០២១ខាងមុខនេះ។
ក្នុងសំណើនោះ អង្គការទាំង១៧ បានស្នើឱ្យគណៈកម្មាធិការសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ ពិនិត្យលើបញ្ហាសំខាន់ៗចំនួនបី ដែលបានបង្ហាញពីការសង្ស័យថា តើរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពិតជាមានចេតនា គោរពលើមាត្រាសំខាន់ៗនៃកតិកាសញ្ញា អន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋ និង សិទ្ធិនយោបាយ ដែលរដ្ឋាភិបាលលោក ហ៊ុន សែន បានធ្វើសច្ចាប័នទទួលយកទៅអនុវត្ត កាលពីឆ្នាំ ១៩៩២ ដែរឬទេ?
ទីប្រឹក្សាផ្នែកច្បាប់ នៃអង្គការសិទ្ធិមនុស្សខ្មែរនៅក្រៅប្រទេស ប្រាប់អាស៊ីសេរីថា ការដាក់សំណើទៅ គណៈកម្មាធិការ សិទ្ធិមនុស្សរបស់ អង្គការសហប្រជាជាតិដើម្បីពិនិត្យបញ្ហារំលោភសិទ្ធិមនុស្ស និងការធ្វើទុក្ខបុកម្នេញបក្សប្រឆាំងនេះ ដោយសារតែគេមើលឃើញថា គោលនយោបាយ និងវិធានការរបស់រដ្ឋាភិបាលលោក ហ៊ុន សែន ដែលបានដាក់ចេញកាលពីពេលថ្មីៗនេះ ធ្វើឱ្យរដ្ឋាភិបាលមួយនេះ មិនអាចសម្រេចកាតព្វកិច្ចអនុវត្តកិច្ចព្រមព្រៀងគោរពសិទ្ធិស៊ីវិល និងនយោបាយ និងអនុសញ្ញាផ្នែកសិទ្ធិមនុស្សផ្សេងទៀតបាន។
លោកមេធាវី មូរតុន ក្លារ (Morton Sklar) ប្រាប់អាស៊ីសេរីថា នេះជាលើកដំបូងហើយដែលពលរដ្ឋខ្មែរនៅក្រៅប្រទេសរួមគ្នា ធ្វើយុទ្ធនាការ និយាយថា “ទេ” ទៅកាន់លោក ហ៊ុន សែន ហើយស្វែងរកវិធីសាស្ត្រ ដើម្បីក្រើកឈរឡើងតទល់និងសកម្មភាពគាបសង្កត់របស់ លោក ហ៊ុន សែន៖ «សហគមន៍ខ្មែរនៅពេលបច្ចុប្បន្នកំពុងប្រឈមមុខនឹងបញ្ហាមិនធ្លាប់កើតមានពីមុន ហើយត្រូវការចាត់វិធានការជាបន្ទាន់។ អ្វីៗដែលកើតឡើងនៅពេលនេះ មានលក្ខណៈអាក្រក់ណាស់។ លោក ហ៊ុន សែន ទើបតែអនុម័តច្បាប់ គ្រប់គ្រងប្រទេសក្នុងគ្រាមានអាសន្ន ដោយយកលេស រឿងជំងឺកូវីដ១៩។ មនុស្សទូទៅ យល់ស្របថា ច្បាប់នឹងឱ្យលោកប្រើអំណាច ជាមេដឹកនាំផ្ដាច់ការ រឹតតែ គាបសង្កត់ពលរដ្ឋកាន់តែខ្លាំងឡើង ដែលមិនធ្លាប់កើតមានឡើង កាលពីពេលមុន។ លោក ហ៊ុន សែនឹងប្រើប្រាស់អំណាចរបស់លោក ដោយគ្មានកំណត់។ មនុស្សទូទៅបានឃើញ គ្រោះថ្នាក់នេះ ទើបបណ្ដាលឱ្យពួកគេត្រូវតែធ្វើអ្វីមួយ»។
អង្គការសិទ្ធិមនុស្សខ្មែរដែលមានមូលដ្ឋាន នៅអាមេរិក កាណាដា និងអូស្ត្រាលីចំនួន ១៧អង្គការ កាលពីថ្ងៃទី៣ ឧសភា បានដាក់ជូនអង្គការសហប្រជាជាតិចំណុចសំខាន់ៗមួយចំនួន ដើម្បីពិនិត្យមើលនោះរួមមាន ករណីដែលរដ្ឋាភិបាលក្រុងភ្នំពេញ បានបង្កើតច្បាប់គ្រប់គ្រងប្រទេស ក្នុងគ្រាមានអាសន្ន ការកាត់ទោស លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ការរំលាយគណបក្សប្រឆាំង ការធ្វើទុក្ខបុកម្នេញមន្ត្រី គណបក្សប្រឆាំង និងការគាបសង្កត់សេរីភាពសារព័ត៌មានជាដើម។
លោកមេធាវី មូរតុន ក្លារ (Morton Sklar) មានប្រសាសន៍បន្តទៀតថា ការដាក់តារាងបញ្ហារបស់កម្ពុជាទៅឱ្យអង្គការសហប្រជាជាតិនេះ នឹងអនុញ្ញាតឱ្យអង្គការសហប្រជាជាតិ មើលឃើញបញ្ហាជាក្តីបារម្ភនៅកម្ពុជា កាន់តែច្បាស់ ដែលត្រូវតែដោះស្រាយដោយសហគមន៍អន្តរជាតិ។ លោកថា បញ្ហាប្រឈមរបស់កម្ពុជានេះ នឹងក្លាយជាមូលដ្ឋានមួយដើម្បីវាស់ស្ទង់ថាតើ រដ្ឋាភិបាលកម្ពុជា បានគោរពនិងអនុវត្តតាមនិយាមកាម ស្តង់ដារអន្តរជាតិឬទេ? គណៈកម្មាធិការ សិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស នឹងពិនិត្យ អនុវត្តតាមនិយាមកាម ស្តង់ដារអន្តរជាតិរបស់កម្ពុជានៅខែមីនា ឆ្នាំ២០២១។ បច្ចុប្បន្ននេះ អង្គការសហប្រជាជាតិ បានដាក់សំណើរបស់អង្គការសង្គមស៊ីវិលនៅលើគេហទំព័ររបស់ខ្លួនហើយ។ លោកមេធាវី មូរតុន ក្លារ យល់ថា នេះជាសញ្ញាល្អសម្រាប់អង្គការសង្គមស៊ីវិល ដែលបានបញ្ជាក់ អង្គការសហប្រជាជាតិ នឹងពិនិត្យករណីឱ្យបានហ្មត់ចត់ នៅពេលបើកកិច្ចប្រជុំ។
ឆ្លើយតបទៅនឹងក្តីកង្វល់របស់សង្គមស៊ីវិល មន្ត្រីនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន អះអាងថា ការដាក់បញ្ហាប្រឈមរបស់កម្ពុជា នៅអង្គការសហប្រជាជាតិ ជារឿងធម្មការ ប៉ុន្តែតំណាងរដ្ឋាភិបាល នៅអង្គការសហប្រជាជាតិ នឹងសហការគ្រប់យន្តការរបស់សហប្រជាជាតិ៖ «មែនទែនទៅហ្នឹងការអនុវត្តកន្លងមក ការស្នើទៅក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ សុទ្ធតែមានរបៀបវារៈនយោបាយ និងផលប្រយោជន៍នយោបាយនៅពីក្រោយទាំងអស់។ តែកម្ពុជានឹងសហការ និងចូលរួមគ្រប់យន្តការ របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់ អង្គការសហប្រជាជាតិជានិច្ច»។
ក្រៅតែពីយុទ្ធនាការដាក់សំណើ នៅអង្គការសហប្រជាជាតិ លោកមេធាវី មូរតុន ក្លារ បន្ថែមទៀតថា ក្រុមអង្គការសមាគមខ្មែរនៅក្រៅប្រទេស នឹងបន្តធ្វើសកម្មភាពតស៊ូមតិ បន្ថែមដើម្បីទាញចំណាប់អារម្មណ៍ នៃការធ្លាក់ចុះសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាដើម្បីឱ្យសហគមន៍អន្តរជាតិដឹងឮ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។