Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

ក្រសួង​បរិស្ថាន​ថា​ឧក្រិដ្ឋកម្ម​ព្រៃ​ឈើ​មិន​ធ្ងន់ធ្ងរ​ដូច​ការ​រក​ឃើញ​របស់​អង្គការ​អន្តរជាតិ​ទេ

$
0
0

មន្ត្រី​ក្រសួង​បរិស្ថាន ឲ្យ​ដឹង​ថា ទំហំ​ឧក្រិដ្ឋកម្ម​ព្រៃ​ឈើ​មិន​ធ្ងន់ធ្ងរ​ដូច​លទ្ធផល​ស៊ើប​អង្កេត​ដែល​រក​ឃើញ​ដោយ​អង្គការ​ទីភ្នាក់ងារ​ស៊ើប​អង្កេត​បរិស្ថាន (EIA) នោះ​ទេ។ យ៉ាង​នេះ​ក្តី អង្គការ​ទីភ្នាក់ងារ​ស៊ើប​អង្កេត​បរិស្ថាន (EIA) មាន​ភស្តុតាង​បន្ថែម និង​ជំរុញ​រដ្ឋាភិបាល​កម្ពុជា បន្ត​ស៊ើប​អង្កេត និង​ចាប់​ជន​ល្មើស​មក​ផ្ដន្ទាទោស។

កាល​ពី​ថ្ងៃ​ទី​៨ ឧសភា អង្គការ​អន្តរជាតិ​នៅ​ប្រទេស​អង់គ្លេស ឈ្មោះ​ទីភ្នាក់ងារ​ស៊ើប​អង្កេត​បរិស្ថាន (EIA) បាន​ចេញ​របាយការណ៍ «ជន​ល្មើស​មុខ​ដដែលៗ» បង្ហាញ​ថា មន្ត្រី​អាជ្ញាធរ​កម្ពុជា និង​វៀតណាម មួយ​ចំនួន​បាន​យក​លុយ​សំណូក​រាប់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ពី​ឈ្មួញ​ឈើ ដើម្បី​ឲ្យ​គេ​ចូល​កាប់​ឈើ​ក្នុង​តំបន់​ព្រៃ​អភិរក្ស​កម្ពុជា ហើយ​នាំ​ឈើ​ទាំងនោះ​ទៅ​ប្រទេស​វៀតណាម បើ​ទោះ​ជា​រដ្ឋាភិបាល​កម្ពុជា បាន​ហាមឃាត់​ក្តី។ មន្ត្រី​ពុក​រលួយ​វៀតណាម បាន​ធ្វើ​ឯកសារ​ប្រែ​ក្លាយ​ឈើ​ខុស​ច្បាប់​ទាំងនោះ ទៅ​ជា​ឈើ​ស្រប​ច្បាប់​វិញ សម្រាប់​ការ​នាំ​ចេញ​ទៅ​បរទេស ពិសេស​សហភាព​អឺរ៉ុប។

ទិន្នន័យ​ពន្ធ​គយ​ខេត្ត​យ៉ាឡាយ (Gai Lai) ប្រទេស​វៀតណាម ដែល​អង្គការ​ទីភ្នាក់ងារ​ស៊ើប​អង្កេត​បរិស្ថាន (EIA) ស្រាវជ្រាវ​ឃើញ បាន​កត់ត្រា​ថា ឈើ​កម្ពុជា ចំនួន ៣០​ម៉ឺន​ម៉ែត្រ​គូប ត្រូវ​អនុញ្ញាត​ឲ្យ​នាំ​ចូល​ក្នុង​ទឹកដី​វៀតណាម ចាប់​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៦ ដល់​ខែ​មីនា ឆ្នាំ​២០១៧។

ភ្លាមៗ​បន្ទាប់​ពី​ការ​ចេញ​ផ្សាយ​របាយការណ៍​នេះ ក្រសួង​ការពារ​ជាតិ​កម្ពុជា បាន​ច្រាន​ចោល​ថា ការ​រក​ឃើញ​របស់​អង្គការ​ទីភ្នាក់ងារ​ស៊ើប​អង្កេត​បរិស្ថាន (EIA) មិន​ឆ្លុះ​បញ្ចាំង​ពី​ការពិត ខណៈ​ក្រសួង​បរិស្ថាន ដែល​ទទួល​ខុស​ត្រូវ​ថែរក្សា​ព្រៃ​ឈើ​ក្នុង​តំបន់​អភិរក្ស មិន​បកស្រាយ​អ្វី​ច្រើន​ក្រៅ​ពី​បញ្ជាក់​ថា នឹង​យក​លទ្ធផល​នេះ​ទៅ​ពិនិត្យ​សិក្សា​បន្ត មុន​ការ​ចេញ​សេចក្តី​សន្និដ្ឋាន​ណា​មួយ។

នៅ​ថ្ងៃ​ទី​១៨ ឧសភា អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន លោក សៅ សុភាព បាន​ទម្លាយ​ភាព​ស្ងៀមស្ងាត់។ លោក​ឲ្យ​ដឹង​ថា បទល្មើស​ព្រៃ​ឈើ​ដែល​អង្គការ​ទីភ្នាក់ងារ​ស៊ើប​អង្កេត​បរិស្ថាន (EIA) ប្រមូល​បាន មិន​ឆ្លុះ​បញ្ចាំង​ពី​ការពិត៖ «»

ទោះ​បី​ជា​យ៉ាង​ណា លោក​ថា ក្រសួង​បរិស្ថាន ត្រូវការ​ពេលវេលា​បន្ថែម​ទៀត​ដើម្បី​បន្ត​សិក្សា​ពិនិត្យ​ឲ្យ​ម៉ត់ចត់​លើ​ព័ត៌មាន​ដែល​អង្គការ​ទីភ្នាក់ងារ​ស៊ើប​អង្កេត​បរិស្ថាន (EIA) បាន​រក​ឃើញ ក៏ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​ថា ពេល​ណា​នឹង​ពិនិត្យ​ចប់​សព្វគ្រប់​នោះ​ទេ។

នៅ​ពេល​សាកសួរ​ពី​ទិន្នន័យ​ដែល​ក្រសួង​បរិស្ថាន យក​មក​ផ្ទៀងផ្ទាត់​ជាមួយ​ការ​រក​ឃើញ​របស់​អង្គការ​ទីភ្នាក់ងារ​ស៊ើប​អង្កេត​បរិស្ថាន (EIA) លោក សៅ សុភាព បាន​បង្វែរ​សំណួរ​នេះ​ទៅ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ។

អនុប្រធាន​រដ្ឋបាល​ព្រៃ​ឈើ​នៃ​ក្រសួង​កសិកម្ម លោក​បណ្ឌិត កែវ អ៊ុំម្លិះ ឲ្យ​ដឹង​ថា ក្នុង​រយៈពេល​ហាមប្រាម​ការ​នាំ​ឈើ​ទៅ​វៀតណាម នេះ ក្រសួង​បាន​ចេញ​អាជ្ញាប័ណ្ណ​ឲ្យ​ក្រុមហ៊ុន​នាំ​ចេញ​គ្រឿង​សង្ហារិម​ឈើ​ទៅ​ប្រទេស​ចិន ដែល​ត្រូវ​ឆ្លង​កាត់​ប្រទេស​វៀតណាម។ ក៏ប៉ុន្តែ​លោក​បញ្ជាក់​ថា ក្រសួង​មិន​បាន​ឲ្យ​អាជ្ញាប័ណ្ណ​នាំ​ចេញ​ឈើ​ទាំងមូល ឈើ​មិន​ទាន់​កែច្នៃ​ទៅ​ប្រទេស​វៀតណាម នោះ​ទេ៖ «»

បើ​យោង​តាម​រូបភាព និង​វីដេអូ​ដែល​អង្គការ​ទីភ្នាក់ងារ​ស៊ើប​អង្កេត​បរិស្ថាន (EIA) ថត​បាន​ឈើ​ទាំងមូល​ដែល​មិន​ទាន់​កែច្នៃ ត្រូវ​បាន​ឈ្មួញ​នាំ​ចេញ​ពី​ប្រទេស​កម្ពុជា ទៅ​ប្រទេស​វៀតណាម។

របាយការណ៍​របស់​នគរបាល​ជាតិ​កម្ពុជា ឲ្យ​ដឹង​ថា ក្រុមហ៊ុន​មេធាវី អាង អេន អាសូស៊ីអែត (Ang & Associates Lawyers) ដែល​ជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប (Royal Group) របស់​លោក គិត ម៉េង សេដ្ឋី​ដែល​ស្និទ្ធ​នឹង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​កាប់​ឈើ​ក្រៅ​តំបន់​សម្អាត​អាង​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ ហើយ​ដឹក​ឈើ​ទាំងនោះ​ចូល​ក្នុង​តំបន់​លាង​បាត​អាង ដើម្បី​លក់​ទៅ​ឲ្យ​ឈ្មួញ​នៅ​តាម​ព្រំដែន​វៀតណាម។

ក៏ប៉ុន្តែ​ការ​រក​ឃើញ​នេះ ត្រូវ​បាន​តំណាង​ក្រុមហ៊ុន​មេធាវី អាង អេន អាសូស៊ីអែត (Ang & Associates Lawyers) បដិសេធ។

ការ​ចោទ​ប្រកាន់​នេះ ក៏​ត្រូវ​ធនាគារ អេ.អិន.ហ្សិត (ANZ) នៅ​ប្រទេស​អូស្ត្រាលី ដែល​បាន​ចូល​ហ៊ុន​ជាមួយ​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប របស់​លោក គិត ម៉េង ប្រតិបត្តិ​ធនាគារ អេ.អិន.ហ្សិត រ៉ូយ៉ាល់ (ANZ Royal Bank) នៅ​កម្ពុជា ច្រាន​ចោល​ថា​មិន​បាន​ជាប់​ពាក់ព័ន្ធ​ក្នុង​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ នោះ​ទេ។ នេះ​បើ​តាម​បណ្ដាញ​ផ្សព្វផ្សាយ អេ.ប៊ី.ស៊ី អូស្ត្រាលី

កាល​ពី​ថ្ងៃ​ទី​១៦ ឧសភា អង្គការ​ទីភ្នាក់ងារ​ស៊ើប​អង្កេត​បរិស្ថាន (EIA) ក៏​បាន​ផ្សាយ​ឯកសារ​វិក្កយបត្រ​លក់ និង​បញ្ជី​វេច​ខ្ចប់ និង​កំណត់​ត្រា​គយ​ជា​ផ្លូវការ​របស់​រដ្ឋាភិបាល​វៀតណាម ឲ្យ​ដឹង​ពី​ការ​នាំ​ចូល​ឈើ​ដែល​មាន​តម្លៃ​ប្រហែល ៣០០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក និង​ផលិតផល​ឈើ​ផ្សេងៗ​ទៀត​ពី​ប្រទេស​កម្ពុជា ចាប់​ពី​ខែ​មករា ឆ្នាំ​២០១៦ មក។

លោក ចាហ្គូ វ៉ាធ្លី (Jago Wadley) មន្ត្រី​យុទ្ធនាការ​ជាន់​ខ្ពស់​ផ្នែក​ព្រៃ​ឈើ​នៃ​អង្គការ​ទីភ្នាក់ងារ​ស៊ើប​អង្កេត​បរិស្ថាន (EIA) ប្រាប់​អាស៊ីសេរី​តាម​អ៊ីមែល (email) ថា រដ្ឋាភិបាល​កម្ពុជា អាច​យក​ឯកសារ​ទាំងនេះ​ទៅ​ផ្ទៀងផ្ទាត់​ជាមួយ​រដ្ឋាភិបាល​វៀតណាម ស្ដីពី​ការ​នាំ​ឈើ​កម្ពុជា ចេញ​ទៅ​វៀតណាម ក្នុង​ការ​ស៊ើប​អង្កេត​រក​អ្នក​ពាក់ព័ន្ធ៖ «ឯកសារ​នេះ​នឹង​ជួយ​ឲ្យ​អាជ្ញាធរ​កម្ពុជា អនុវត្ត​ច្បាប់​ប្រឆាំង​នឹង​ការ​កាប់​ឈើ​ខុស​ច្បាប់ និង​ការ​ជួញដូរឈើ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​បញ្ហា​នេះ​កំពុង​ធ្វើ​ឲ្យ​កម្ពុជា បាត់បង់​ប្រាក់​រាប់​លាន​ដុល្លារ»

បើ​តាម​លោក ចាហ្គូ វ៉ាធ្លី អាជ្ញាធរ​កម្ពុជា គួរ​អនុវត្ត​ច្បាប់​លើ​បុគ្គល​គ្រប់​រូប មិន​ថា​មាន​ឋានៈ​ខ្ពស់​ប៉ុនណា​នោះ​ទេ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ពាណិជ្ជកម្ម​ខុស​ច្បាប់ ដូចជា​ការ​ចាប់​ខ្លួន​យក​មក​កាត់​ទោស និង​ផ្ដន្ទាទោស ដោយ​ការ​ពិន័យ​ជា​ប្រាក់ ឬ​ដាក់​ពន្ធនាគារ ស្រប​តាម​ច្បាប់​របស់​ប្រទេស​កម្ពុជា។

លោក អ៊ូច ឡេង ប្រធាន​អង្គការ​ក្រុម​កិច្ចការ​ពិសេស​សិទ្ធិ​មនុស្ស​កម្ពុជា និង​ម្ចាស់​ពាន​រង្វាន់​បរិស្ថាន​ពិភពលោក Goldman យល់​ថា អ្នក​បញ្ជា​ទិញ​ឈើ​ពី​ប្រទេស​វៀតណាម ដូចជា​សហភាព​អឺរ៉ុប គួរ​ឈប់​រក​ស៊ី​ឈើ​ខុស​ច្បាប់​ជាមួយ​វៀតណាម ដើម្បី​ទប់ស្កាត់​ការ​កាប់​ព្រៃ​ឈើ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

ការិយាល័យ​កណ្ដាល​សហភាព​អឺរ៉ុប នៅ​ប្រទេស​បែលហ្ស៊ិក (Belgium) កំពុង​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​លើ​របាយការណ៍​របស់​អង្គការ​ទីភ្នាក់ងារ​ស៊ើប​អង្កេត​បរិស្ថាន (EIA) ដោយ​ប្រុងប្រយ័ត្ន​បំផុត ហើយ​អំពាវនាវយ៉ាង​ខ្លាំង​ដល់​អាជ្ញាធរ​នៃ​ប្រទេស​កម្ពុជា និង​វៀតណាម ឲ្យ​ស៊ើប​អង្កេត​ជា​បន្ទាន់​នូវ​សកម្មភាព​ជួញដូរ​ឈើ​ខុស​ច្បាប់ ដែល​បាន​រក​ឃើញ​ដោយ​ក្រុម​អ្នក​ស៊ើប​អង្កេត​នៃ​អង្គការ​ទីភ្នាក់ងារ​ស៊ើប​អង្កេត​បរិស្ថាន (EIA)

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles