មន្ត្រីជំនាញស្ថាប័នពាក់ព័ន្ធនៅខេត្តព្រះសីហនុ រំលឹកឲ្យប្រជាពលរដ្ឋទូទៅ ពិសេសទេសចរ ឲ្យប្រុងប្រយ័ត្នពីសុវត្ថិភាពផ្ទាល់ខ្លួនពេលធ្វើដំណើរតាមសមុទ្រ ព្រោះប៉ុន្មានថ្ងៃមកនេះ មានខ្យល់ព្យុះភ្លៀង និងមានរលកសមុទ្រធំៗ បោកបក់ខ្លាំង។
អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន មានប្រសាសន៍ថា ព្យុះភ្លៀង និងរលកសមុទ្រធំៗ ក្នុងប៉ុន្មានថ្ងៃមកនេះ មានទូកតូចៗមួយចំនួនបានលិច ប៉ុន្តែមិនបណ្ដាលឲ្យមានមនុស្សគ្រោះដល់អាយុជីវិតទេ។ ដូច្នេះលោកស្នើដល់ប្រជាពលរដ្ឋធ្វើដំណើរតាមសមុទ្រ ជាពិសេសទេសចរជាតិ អន្តរជាតិ ដែលនិយមចូលទៅកម្សាន្តតាមបណ្ដាកោះនានា ក្នុងមូលដ្ឋាននេះ ត្រូវគិតពីសុវត្ថិភាពផ្ទាល់ខ្លួនឲ្យបានជាប្រចាំ។
លោក យន្ត មីន ស្នើដល់ប្រតិបត្តិករទេសចរណ៍ដែលជាម្ចាស់ក្រុមហ៊ុនកប៉ាល់ ឬអូប័រ ដឹកជញ្ជូនភ្ញៀវទេសចរទៅកម្សាន្តតាមកោះនានា ត្រូវបំពាក់អាវពោងការពារ និងសម្ភារៈសង្គ្រោះនៅតាមក្រុមហ៊ុននីមួយៗឲ្យបានគ្រប់ចំនួន ដើម្បីត្រៀមលក្ខណៈជាមុននៅពេលមានគ្រោះអាសន្នណាមួយអាចកើតមាននៅលើលំហសមុទ្រ។
លោកថា ទន្ទឹមគ្នាសមត្ថកិច្ចជំនាញនៅលើលំហសមុទ្រ បានត្រៀមលក្ខណៈសង្គ្រោះ ពេលមានហេតុការណ៍អ្វីមួយកើតឡើង។ លោកស្នើដល់ទេសចរ ឬប្រតិបត្តិករទេសចរណ៍ បម្រើសេវាដឹកជញ្ជូនតាមសមុទ្រទាំងអស់ ត្រូវប្រយ័ត្នពីសុវត្ថិភាពនៃការដឹកជញ្ជូនតាមសមុទ្រដោយការទទួលខុសត្រូវខ្ពស់៖ «រំលឹកដល់បងប្អូនយើងឲ្យប្រយ័ត្នប្រយែងពេលចុះកប៉ាល់ ឬទូកទៅកម្សាន្តនៅតាមកោះនានា ដោយធ្វើដំណើរតាមសមុទ្រនេះ ត្រូវគិតពីសុវត្ថិភាពជាប្រចាំ។ ជាងនេះ ម្ចាក់ក្រុមហ៊ុនកប៉ាល់ ឬទូកអូប័រដឹកអ្នកដំណើរទាំងអស់ហ្នុង ក៏ត្រូវបំពាក់អាវពោងការពារ និងត្រួតពិនិត្យបច្ចេកទេសនៃមធ្យោបាយដឹកជញ្ជូនរបស់ខ្លួនឲ្យបានជាប្រចាំដោយមិនត្រូវធ្វេសប្រហែសទេ ដើម្បីការពារសុវត្ថិភាពធ្វើដំណើរជូនភ្ញៀវទេសចរដែលចូលមកកម្សាន្តមូលដ្ឋាននេះ»។
ប្រតិបត្តិករទេសចរណ៍បម្រើសេវាដឹកជញ្ជូនទេសចរចេញទៅកម្សាន្តតាមបណ្ដាកោះនានា និងអាជីវករលក់ដូរចំណីអាហារនៅតាមឆ្នេរមួយចំនួន នាខេត្តព្រះសីហនុ បានឲ្យដឹងថា ក្នុងប៉ុន្មានថ្ងៃមកនេះ អាកាសធាតុនៅតាមតំបន់ឆ្នេរមានខ្យល់ព្យុះភ្លៀង និងមានរលកសមុទ្របោកបក់ខ្លាំងបណ្ដាលឲ្យទឹកសមុទ្រនៅតាមឆ្នេរមួយចំនួន មានឆ្នេរឯករាជ្យ ឆ្នេរអូរឈើទាល និងឆ្នេរអូរត្រេះ ជាដើមមានសភាពល្អក់ ហើយទេសចរមិនច្រើនទេដែលចុះងូតទឹកសមុទ្រ ដោយពួកគេបារម្ភពីសុវត្ថិភាព។
ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសថា នៅថ្ងៃទី១៨ ខែឧសភា តំបន់មាត់សមុទ្រ គឺមានសីតុណ្ហភាពអប្បបរមាពី ២៤ ដល់ ២៦អង្សា និងអតិបរមាពី ៣១ ដល់ ៣៣អង្សា ដោយផ្ទៃមេឃមានពពកពីមធ្យមទៅច្រើន និងមានខ្យល់បក់ខ្លាំងមកពីទិសនិរតី មានល្បឿនចាប់ពី ២ម៉ែត្រ ទៅ ៤ម៉ែត្រ ហើយអាចមានភ្លៀង ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់បោកបក់ខ្លាំងនៅខេត្តកំពត កែប ព្រះសីហនុ និងខេត្តកោះកុង ដោយរលកសមុទ្រ អាចមានកម្ពស់ចាប់ពីកន្លះម៉ែត្រ ទៅជាង ១ម៉ែត្រកន្លះ (០,៥០-១,២៥)។
ទាក់ទិនបញ្ហានេះ លោក ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានដាក់ផែនការថ្មី និងពង្រាយកម្លាំងនៅតាមគោលដៅទេសចរណ៍ ដែលភ្ញៀវទេសចរនិយមចូលទៅកម្សាន្តរង់ចាំការពារសុវត្ថិភាពទាំងឆ្នេរនៅលើដីគោករហូតដល់ឆ្នេរលើដីកោះ។ លោកបន្តថា រាល់ថ្ងៃនេះលោកបានណែនាំកម្លាំងនគរបាលប្រចាំការនៅតាមផែកប៉ាល់ ឬអូប័រ ដឹកជញ្ជូនភ្ញៀវចេញទៅកម្សាន្តតាមកោះ និងកម្លាំងប្រចាំការនៅតាមគោលដៅទេសចរណ៍នានា នៅក្នុងមូលដ្ឋានខេត្តព្រះសីហនុ ឲ្យប្រចាំការទាំងយប់ទាំងថ្ងៃ។ ក្នុងនោះក៏បានណែនាំ មិនត្រូវអនុញ្ញាតឲ្យទូកដឹកភ្ញៀវទេសចរតូចៗ មិនឲ្យដឹកភ្ញៀវចេញទៅកម្សាន្តតាមកោះ ពេលមានខ្យល់ព្យុះបោកបក់ និងមានរលកសមុទ្រធំៗទេ ដើម្បីការពារដល់សុវត្ថិភាពជូនប្រជាពលរដ្ឋ ពិសេសភ្ញៀវទេសចរ។
ត្រង់ចំណុចនេះ លោក ជួន ណារិន្ទ ស្នើដល់ប្រជាពលរដ្ឋ ពិសេសទេសចរដែលចូលមកកម្សាន្តតាមឆ្នេរនានា ទាំងឆ្នេរនៅលើដីគោក និងឆ្នេរលើដីកោះ ឲ្យចូលរួមសហការជាមួយសមត្ថកិច្ចឲ្យបានទាន់ពេល នៅពេលពួកគេជួបគ្រោះអាសន្នអ្វីមួយកើតឡើង ដោយត្រូវផ្ដល់ដំណឹងមកកាន់កម្លាំងជំនាញប្រចាំការនៅតាមគោលដៅនីមួយៗ ឲ្យបានឆាប់ ដើម្បីឈានដល់ជួយអន្តរាគមន៍សង្គ្រោះឲ្យបានទាន់ពេលវេលា៕