មកទល់ពេលនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មិនទាន់សម្រេចយ៉ាងណានៅឡើយចំពោះការស្នើសុំរបស់បក្សប្រឆាំង និងអង្គការសង្គមស៊ីវិលដែលស្នើឲ្យលុបចោលបម្រាមរបស់សាលារាជធានីភ្នំពេញ ដែលមិនអនុញ្ញាតឲ្យគណបក្សនយោបាយហែក្បួនឃោសនាតាមផ្លូវសាធារណៈមួយចំនួន និងជួបជុំគ្នាទីតាមទីផ្សារធំៗក្នុងរាជធានីភ្នំពេញនោះ។
តំណាងគណបក្សសង្គ្រោះជាតិ លើកឡើងថា បក្សប្រឆាំង និង គ.ជ.ប នឹងជួបគ្នាដើម្បីពិភាក្សាលើករណីនេះ នៅដើមសប្ដាហ៍ក្រោយ។
អ្នកឃ្លាំមើលការបោះឆ្នោត និងគណបក្សក្រៅរដ្ឋាភិបាលលើកឡើងថា ការហាមមិនឲ្យហែក្បួនឃោសនាតាមផ្លូវសាធារណៈមួយចំនួន និងជួបជុំគ្នានៅតាមផ្សារធំៗនោះ គឺជារឿងខុសច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ និងជាការបិទសិទ្ធិសេរីភាពគណបក្សនយោបាយ។
ក្រុមអង្គការសង្គមស៊ីវិលដែលធ្វើការពាក់ព័ន្ធនឹងការបោះឆ្នោតលើកឡើងថា អំឡុងពេលបោះឆ្នោត និងការឃោសនាបោះឆ្នោត មានតែគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតទេ ត្រូវបានច្បាប់ផ្ដល់សមត្ថកិច្ចដើម្បីរៀបចំ និងចាត់ចែងការប្រមូលផ្ដុំ និងការហែក្បួនឃោសនាបោះឆ្នោត។
ការប្រមូលផ្ដុំ និងការហែក្បួននេះមិនស្ថិតនៅក្នុងសមត្ថកិច្ចរបស់អាជ្ញាធរទេ ផ្អែកលើមាត្រា០៣ នៃច្បាប់ស្ដីពីការធ្វើបាតុកម្មដោយសន្តិវិធី មិនអនុវត្តចំពោះការប្រមូលផ្ដុំ និងការហែក្បួនឃោសនាបោះឆ្នោតទេ ហើយអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធត្រូវចូលរួម និងផ្ដល់កិច្ចសហប្រតិបត្តិការក្នុងការងារបោះឆ្នោតនេះ ដូចមានចែងនៅក្នុងមាត្រា៨២ នៃច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ- សង្កាត់។
ប្រធានអង្គការនិចហ្វិក (NICFEC) លោក សំ គន្ធាមី មានប្រសាសន៍ថា ការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយមានរយៈពេលខ្លី ហើយសាលារាជធានីភ្នំពេញ ហាមមិនឲ្យហែក្បួនឃោសនាតាមផ្លូវមួយចំនួននេះ ជាការបាត់បង់ឱកាសរបស់គណបក្សនយោបាយសម្រាប់ផ្សព្វផ្សាយគោលនយោបាយដល់ប្រជាពលរដ្ឋ៖ «»។
សាលារាជធានីភ្នំពេញ បានចេញលិខិតហាមមិនឲ្យគណបក្សនយោបាយហែក្បួនតាមផ្លូវ ដូចជាមហាវិថីព្រះនរោត្តម សហព័ន្ធរុស្ស៊ី ព្រះមុនីវង្ស ព្រះសីហនុ ម៉ៅសេទុង ផ្លូវទេពផន វិថីសុធារស សុរាម្រិត និងផ្លូវជុំវិញព្រះបរមរាជវាំង។ ចំណែកកន្លែងសាធារណៈដូចជានៅផ្លូវជុំវិញផ្សាធំថ្មី អូរឫស្សី អូឡាំពិក ទួលទំពូង ផ្សារដេប៉ូ ដើមគ សួនមុខវាំង វាលព្រះមេរុ ផ្នែកនៃសួនច្បារមុខវត្តបទុមវតី ទីធ្លារូបសំណាកលោកយាយពេញ និងសួនច្បារលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាដើម។
ប្រធាននាយកដ្ឋាននីតិកម្ម និងកិច្ចការបោះឆ្នោតគណបក្សសង្គ្រោះជាតិ អ្នកស្រី ម៉េង សុភារី ឲ្យដឹងថា គណបក្សសង្គ្រោះជាតិ បានដាក់លិខិតទៅ គ.ជ.ប កាលពីថ្ងៃទី១១ ខែឧសភា ដើម្បីស្នើសុំឲ្យ គ.ជ.ប បើកសិទ្ធិឲ្យគ្រប់គណបក្សនយោបាយមានសិទ្ធិហែក្បួនឃោសនាដូចកាលពីអាណត្តិមុនៗដែរ។ អ្នកស្រីបញ្ជាក់ថា គ.ជ.ប ទទួលយកសំណើនេះទៅជជែកគ្នានៅថ្ងៃទី១៦ ខែឧសភា៖ «»។
អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោកបណ្ឌិត ហង្ស ពុទ្ធា មិនធ្វើអត្ថាធិប្បាយលើករណីនេះទេ នៅថ្ងៃទី១២ ខែឧសភា ដោយសារលោកជាប់ប្រជុំ។ ប៉ុន្តែអគ្គលេខាធិការ គ.ជ.ប លោក ទេព នីថា ធ្លាប់ឲ្យអាស៊ីសេរីដឹងថា បម្រាមរបស់សាលាក្រុង គឺដើម្បីការពារសន្តិសុខ សណ្ដាប់ធ្នាប់ និងការកកស្ទះចរាចរណ៍ ព្រោះកន្លងទៅ ពលរដ្ឋ និងអាជីវករធ្លាប់ត្អូញត្អែរ និងតវ៉ានៅពេលគណបក្សខ្លះបានទៅឃោសនា និងចែកប័ណ្ណឃោសនាដល់ក្នុងផ្សារ ព្រមទាំងបិទផ្សាយប័ណ្ណឃោសនាតាមរបងផ្ទះ សាលារៀន និងមន្ទីរពេទ្យ ដែលមិនគោរពតាមការស្នើសុំរបស់អាជ្ញាធរ។
ទោះបីជាបែបនេះក្ដី ក្រុមអង្គការសង្គមស៊ីវិលនៃបន្ទប់ស្ថានការណ៍សម្រាប់ការបោះឆ្នោតឆ្នាំ២០១៧ ដែលជាបណ្ដុំអង្គការសង្គមស៊ីវិលចំនួន៣៨ បានចេញសេចក្ដីថ្លែងការណ៍កាលពីថ្ងៃទី៩ ខែឧសភា ស្ដីពី “ការបើកទូលាយទីធ្លាសាធារណៈ និងលើកស្ទួយសិទ្ធិប្រមូលផ្ដុំ និងហែក្បួនក្នុងការដំណើរការឃោសនារបស់គណបក្សប្រកួតប្រជែង” ដោយសង្កត់ធ្ងន់ថា ការចេញបម្រាមរបស់សាលារាជធានីបិទផ្លូវមួយចំនួនមិនឲ្យគណបក្សនយោបាយហែក្បួន ក្រោមហេតុផលបញ្ចៀសការកកស្ទះចរាចរណ៍ គឺជារឿងមិនត្រឹមត្រូវ និងមិនសមហេតុផលឡើយ ព្រោះទីតាំងទាំងនោះ គឺជាកន្លែងប្រមូលផ្ដុំដោយសន្តិវិធីរបស់ប្រជាពលរដ្ឋជាអ្នកបោះឆ្នោត។
ក្រុមអង្គការទាំងនេះបន្តថា ទង្វើដដែលនេះក៏មិនបង្ហាញឲ្យឃើញអំពីការធានារបស់រដ្ឋាភិបាលដើម្បីធ្វើយ៉ាងណាឲ្យការបោះឆ្នោតដោយសេរី និងត្រឹមត្រូវដែរ។ ម្យ៉ាងវិញទៀត ការឃោសនាបោះឆ្នោតឃុំ-សង្កាត់រយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី២០ ឧសភា ដល់ថ្ងៃទី២ ខែមិថុនា គឺកាត់បន្ថយការហែក្បួនមកត្រឹមចំនួនពីរដងក្នុងមួយគណបក្សនយោបាយ ហើយបើកាត់បន្ថយទីធ្លាសាធារណៈ និងផ្លូវមួយចំនួន នឹងធ្វើឲ្យការអនុវត្តសិទ្ធិប្រមូលផ្ដុំ និងហែក្បួនកាន់តែធ្លាក់ចុះថែមទៀត។ យ៉ាងហោចណាស់ ការឃោសនាបោះឆ្នោតរបស់គណបក្សប្រកួតប្រជែងលើកនេះ ត្រូវបើកទូលាយក្នុងការប្រើប្រាស់ទីធ្លាសាធារណៈផ្សេងៗ ដូចជា ពហុកីឡាដ្ឋានជាតិ មហាវិទ្យាល័យ និងផ្លូវថ្នល់នានា ដូចការបោះឆ្នោតលើកមុនៗដែរ។
គណបក្សនយោបាយដែលមានបេក្ខជនឈរឈ្មោះជាក្រុមប្រឹក្សាសង្កាត់ក្នុងរាជធានីភ្នំពេញ មាន ៦គណបក្សក្នុងចំណោមគណបក្សទាំង១២ រួមមានគណបក្សសង្គ្រោះជាតិ គណបក្សប្រជាជនកម្ពុជា គណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ គណបក្សខ្មែររួបរួមជាតិ និងគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ។ គណបក្សដែលមានបេក្ខជនគ្រប់សង្កាត់ទាំងអស់ក្នុងរាជធានីភ្នំពេញ និងទូទាំងប្រទេសនោះ គឺមានតែគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា។
តំណាងគណបក្សភាគច្រើនបានជំទាស់បម្រាមសាលារាជធានីភ្នំពេញ ដែលមិនអនុញ្ញាតឲ្យហែក្បួនតាមផ្លូវមួយចំនួនក្នុងរាជធានីភ្នំពេញ។ ដោយឡែកគណបក្សកាន់អំណាចវិញ មិនជំទាស់ទៅនឹងបម្រាមរបស់សាលាក្រុងនេះទេ។
អគ្គលេខាធិការគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក សាម អ៊ីន មានប្រសាសន៍ថា គណបក្សរបស់លោកមិនមានបេក្ខភាពឈរឈ្មោះក្រុមប្រឹក្សាឃុំ-សង្កាត់នៅក្នុងរាជធានីភ្នំពេញ នេះទេ ប៉ុន្តែលោកបញ្ជាក់ថា សាលារាជធានីមិនត្រូវហាមទាំងស្រុងក្នុងការហាមគណបក្សនយោបាយឃោសនាតាមផ្លូវមួយចំនួននោះទេ គឺត្រូវតែបើកឲ្យឃោសនា ដោយគ្រាន់តែហាមក្នុងម៉ោងណាមួយដោយមានមនុស្សធ្វើដំណើរទៅធ្វើការច្រើន៖ «»។
លោកបណ្ឌិត សាម អ៊ីន អះអាងថា គណបក្សប្រជាជនកម្ពុជា មិនសូវខ្វល់អំពីការហាមរបស់សាលារាជធានីភ្នំពេញ នេះទេ ព្រោះថា គណបក្សកាន់អំណាចមានលទ្ធភាពគ្រប់គ្រាន់រួចទៅហើយក្នុងការគ្រប់គ្រង និងប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយទោះនៅក្នុងអំឡុងពេលឃោសនាបោះឆ្នោត និងមុនពេលឃោសនា។
អង្គការ ហ្វ្រ៊ីដឹម ហៅស៍ (Freedom House) កាលពីឆ្នាំ២០១៦ បានរកឃើញថា ប្រទេសកម្ពុជា មានកាសែត និងទស្សនាវដ្ដីប្រហែល២០ ស្ថានីយទូរទស្សន៍១៨ និងស្ថានីយវិទ្យុប្រមាណ ១៧៥ កំពុងដំណើរការ ហើយបណ្ដាញសារព័ត៌មានទាំងនេះ ស្ថិតក្រោមការគ្រប់គ្រង ឬរងឥទ្ធិពលពីគណបក្សកាន់អំណាច។
អ្នកជំនាញខាងអភិបាលកិច្ច និងវិទ្យាសាស្ត្រនយោបាយ លោកបណ្ឌិត ចាន់ វិបុល មានប្រសាសន៍ថា ការហាមរបស់សាលាក្រុងមិនឲ្យគណបក្សប្រកួតប្រជែងហែក្បួនតាមផ្លូវមួយចំនួននេះ លោកមិនជំទាស់នោះទេ ប៉ុន្តែបញ្ហាសំខាន់នៅត្រង់ថា តើគណបក្សនយោបាយទាំងនោះពិតជាមានសិទ្ធិស្មើគ្នាក្នុងការឃោសនាដែរ ឬទេ៖ «»។
អ្នកវិភាគនយោបាយ និងអ្នកឃ្លាំមើលសិទ្ធិមនុស្សលើកឡើងថា រដ្ឋាភិបាលបានរឹតត្បិតសិទ្ធិសេរីភាពបន្តិចម្ដងៗ ចាប់តាំងពីការបោះឆ្នោតអាណត្តិទី៥ ក្នុងឆ្នាំ២០១៣ មក ដែលបក្សប្រឆាំង និងប្រជាពលរដ្ឋមានបញ្ហាអយុត្តិធម៌សង្គមបានធ្វើបាតុកម្មដូចជាអ្នកមានជម្លោះដីធ្លី ធ្លាប់បានហែក្បួនបាតុកម្មទៅកាន់ស្ថាប័នពាក់ព័ន្ធមួយចំនួនដើម្បីទាមទាររកដំណោះស្រាយ។ ការរឹតត្បិតមិនឲ្យមានការជួបជុំ ឬហែក្បួននេះ ពិសេសនៅក្រោយពេលគណបក្សជាប់ឆ្នោតទាំងពីរបញ្ចប់ការប្រើប្រាស់វប្បធម៌សន្ទនា ដោយអាជ្ញាធររដ្ឋាភិបាលតែងតែលើកហេតុផលថា ដើម្បីរក្សាសណ្ដាប់ធ្នាប់សាធារណៈ និងបញ្ហាកកស្ទះចរាចរណ៍ លើសពីនេះទៀត ការចាប់ចងក៏រើឡើងវិញដែរ ក្នុងនោះមានសកម្មជនបក្សប្រឆាំង សមាជិករដ្ឋសភា-ព្រឹទ្ធសភា សកម្មជនដីធ្លី បរិស្ថាន មន្ត្រីអង្គការសង្គមស៊ីវិល និងអគ្គលេខាធិការរង គ.ជ.ប ដែលអ្នកទាំងនេះកំពុងជាប់នៅក្នុងមន្ទីរឃុំឃាំងនៅឡើយ៕