Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

បក្ស​ប្រឆាំង​និង​សង្គម​ស៊ីវិល​នៅ​តែ​បារម្ភ​រឿង​ទឹក​ថ្នាំ​ជ្រលក់​ដៃ​សម្រាប់​បោះ​ឆ្នោត​មិន​មាន​គុណភាព

$
0
0

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ប្រកាស​ថា បញ្ហា​ទឹក​ថ្នាំ​ជ្រលក់​ដៃ​សម្រាប់​សម្គាល់​ថា បាន​បោះឆ្នោត​ហើយ​នោះ នឹង​លែង​មាន​បញ្ហា​រឿង​លុប​ជ្រះ​ទៀត​ទៀត​ហើយ។ ប៉ុន្តែ​គណបក្ស​ប្រឆាំង និង​មន្ត្រី​សង្គម​ស៊ីវិល​ដែល​ឃ្លាំមើល​ការ​បោះឆ្នោត នៅ​តែ​មាន​ការ​ព្រួយ​បារម្ភ​អំពី​បញ្ហា​នេះ ព្រោះ​ថា បើ​ទឹក​ថ្នាំ​ជ្រលក់​ដៃ​នេះ​ពុំ​មាន​គុណភាព ឬ​អាច​លុប​ជ្រះ​ដូច​កាល​បោះឆ្នោត​អាណត្តិ​មុន​ឆ្នាំ​២០១៣ នោះ នឹង​មាន​អ្នក​បន្លំ​ចូល​បោះឆ្នោត​លើស​ពី​ម្ដង​បាន។

ការ​ព្រួយ​បារម្ភ​នេះ​នៅ​ពេល​ដែល​គំរូ​ទឹក​ថ្នាំ​បោះឆ្នោត​ដែល គ.ជ.ប ទទួល​ទិញ​ពី​ក្រុមហ៊ុន​មួយ​ពី​ប្រទេស​ឥណ្ឌា ឈ្មោះ Mysore Pain & Varnish ពិសោធន៍​ទៅ​ឃើញ​ថា អាច​លុប​ជ្រះ កាល​ពី​ថ្ងៃ​ទី​១០ ខែ​ឧសភា។

​ក្រុមហ៊ុន Mysore Pain & Varnish នេះ ធ្លាប់​មាន​បញ្ហា​លក់​ទឹក​ថ្នាំ​មិន​មាន​គុណភាព​មក​ឲ្យ​កម្ពុជា ម្ដង​រួច​មក​ហើយ កាល​ពី​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៣។

អ្នក​នាំ​ពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា មាន​ប្រសាសន៍​នៅ​ក្នុង​វេទិកា​អ្នក​ស្ដាប់​អាស៊ីសេរី កាល​ពី​រាត្រី​ថ្ងៃ​ទី​១១ ខែ​ឧសភា ថា ឥឡូវ​នេះ​ទឹក​ថ្នាំ​ជ្រលក់​ដៃ​អ្នក​បោះ​ឆ្នោត​លែង​មាន​បញ្ហា​ទៀត​ហើយ​ដោយសារ គ.ជ.ប ទើប​បាន​ទទួល​គំរូ​ទឹក​ថ្នាំ​ថ្មី​ពី​ក្រុមហ៊ុន​ដដែល​នេះ ប៉ុន្តែ​តាម​ការ​ពិសោធ​បឋម ទឹក​ថ្នាំ​ក្រោយ​នេះ​មាន​គុណភាព​ល្អ​ជាង​មុន ដែល​មិន​អាច​លុប​ជ្រះ​ភ្លាមៗ​បាន​ឡើយ៖ «អា​គំរូ​ដំបូង​នេះ​បាន​បង្ហាញ​ថា យើង​អាច​លាង​ជ្រះ ឥឡូវ​អា​ទើប​មក​ដល់​ជាង ៤​ម៉ឺន​ដប​ក្រោយ​នេះ​មាន​គុណភាព​ផ្សេង​ទៅ​វិញ…! ជាក់ស្ដែង​ពេល​ដែល​ទឹក​ថ្នាំ​មក​ដល់​ពេល​ដែល​ជ្រលក់​ទៅ​មាន​កម្លាំង​មួយ​រឹប​ក្រចក​ដល់​ចុង​ដៃ អ៊ីចឹង គ.ជ.ប មាន​សង្ឃឹម​ថា ទឹក​ថ្នាំ​ក្រោយ​នេះ​មិន​អាច​លុប​ជ្រះ​ទេ»

​លោក​បន្ត​ថា ទឹក​ថ្នាំ​ជាង ៤​ម៉ឺន​ដប​នេះ មាន​តម្លៃ​ជិត ៨​សែន​ដុល្លារ។ គ.ជ.ប នឹង​ធ្វើ​ពិសោធន៍​ពី​ទឹក​ថ្នាំ​ថ្មី​នេះ​ទៀត ជា​សាធារណៈ​នៅ​សប្ដាហ៍​ក្រោយ។

​មន្ត្រី​សង្គម​ស៊ីវិល​ដែល​ឃ្លាំមើល​ការ​បោះឆ្នោត ស្នើ គ.ជ.ប ធ្វើការ​ពិសោធន៍​ដោយ​ទុក​ពេល​កុំ​កៀក​នឹង​ថ្ងៃ​បោះឆ្នោត​ពេក ទើប​អាច​វាយ​តម្លៃ​ចំពោះ​ទឹក​ថ្នាំ​នោះ​ថា​ពិត​ជា​មាន​គុណភាព ឬ​គ្មាន​គុណភាព​បាន។

លោក ហង្ស ពុទ្ធា បញ្ជាក់​ទៀត​ថា ទោះ​បី​ទឹក​ថ្នាំ​អាច​លុប​ជ្រះ ក៏ គ.ប.ជ នៅ​តែ​អាច​ធានា​បាន​ថា នឹង​មិន​ឲ្យ​មាន​ករណី​អ្នក​បោះឆ្នោត​បាន​លើស​ពី​ម្ដង​បាន​នោះ​ទេ ដោយ​ផ្អែក​លើ​វិធីសាស្ត្រ ៥​ចំណុច។ ក្នុង​នោះ​រួម​មាន​បញ្ជី​ឈ្មោះ​ថ្មី ពុំ​មាន​ឈ្មោះ​ស្ទួន មាន​អ្នក​សង្កេតការណ៍​ចាំ​ឃ្លាំមើល​ច្រើន​គ្រប់​ការិយាល័យ មាន​រូបថត និង​ក្រយៅដៃ​អ្នក​បោះឆ្នោត​ជា​សម្គាល់​ជាដើម៖ «មន្ត្រី​រៀបចំ​ការ​បោះឆ្នោត​នឹង​គូស​លើ​ឈ្មោះ​អ្នក​បោះ​ឆ្នោត ហើយ​សាមី​ខ្លួន​ក៏​ត្រូវ​ផ្ទៀងផ្ទាត់​ដោយ​ខ្លួន​ឯង ហើយ​ក៏​ធិក​មួយ​លើ​ឈ្មោះ​ខ្លួន​ឯង​ដែរ ដើម្បី​បញ្ជាក់​ថា ខ្លួន​បាន​បោះឆ្នោត​រួច​ហើយ។ ចំណុច​ទី​៥ នៅ​ក្នុង​ច្បាប់​ក៏​បាន​កំណត់​អំពី​ការ​ដាក់​ទោសទណ្ឌ​ធ្ងន់ធ្ងរ គឺ​ការ​ផាក​ពិន័យ​ជា​ទឹក​ប្រាក់​ប្រមាណ​ពី ៥​លាន ទៅ ២០​លាន​រៀល ឬ​អាច​ស្មើ​នឹង ៥​ពាន់​ដុល្លារ។ ទឹក​ប្រាក់​នេះ​ច្រើន អ៊ីចឹង​អាច​គ្មាន​អ្នក​ណា​ប្រថុយប្រថាន​នោះ​ទេ»

​មន្ត្រី​ទទួល​បន្ទុក​កិច្ចការ​បោះឆ្នោត និង​នីតិកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី ម៉េង សុធារី នៅ​តែ​យល់​ឃើញ​ថា បើ​សិន​ទឹក​ថ្នាំ​បោះឆ្នោត​មិន​មាន​គុណភាព ការ​បន្លំ​បោះឆ្នោត​លើ​ពី​ម្ដង​នឹង​អាច​កើត​មាន៖ «អ្វី​ដែល​ព្រួយ​បារម្ភ​នោះ គឺ​ក្នុង​ការិយាល័យ​មួយ​អាច​អត់​មាន​ឈ្មោះ​ស្ទួន​ទេ ប៉ុន្តែ​មនុស្ស​ដដែល​នោះ គាត់​ព្យាយាម​ទៅ​បោះ​ពីរ​ដង ដោយសារ​ពេល​គាត់​ទៅ​បោះ​លើក​ទី​ពីរ គឺ​អត់​មាន​ភស្តុតាង​ណា​បញ្ជាក់​ថា គាត់​បោះ​ពីរ​ដង​ទេ ក្រៅ​តែ​ពី​ការ​គូសបន្ទាត់ និង​គូស​ធិក ហើយ​គេ​អាច​អត់​ទទួល​ស្គាល់​ការ​គូសបន្ទាត់ និង​គូស​ធិក​នោះ​បាន...»

​ចំពោះ​សំណួរ​ថា តើ​ហេតុ​អ្វី​បាន គ.ជ.ប នៅ​តែ​ទទួល​ទិញ​ទឹក​ថ្នាំ​ពី​ក្រុមហ៊ុន​ចាស់​ដដែល ដែល​ធ្លាប់​ផលិត​ទឹក​ថ្នាំ​មិន​មាន​គុណភាព​កាល​ពី​ឆ្នាំ​២០១៣ កន្លង​មក​នោះ?

​លោក ហង្ស ពុទ្ធា ពន្យល់​ថា គ.ជ.ប បាន​ទទួល​គំរូ​ទឹក​ថ្នាំ​ពី​ប្រទេស​៣​ផ្សេង​ទៀត​ដែរ ប៉ុន្តែ​ដោយសារ​ពុំ​មាន​ពេលវេលា​គ្រប់គ្រាន់​ក្នុង​ការ​ពិសោធ​រក​គុណភាព ទើប​សម្រេច​យក​ផលិតផល​ពី​ក្រុមហ៊ុន​ចាស់​ដដែល​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles