លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានថា សន្តិភាពដែលកំពុងតែមាននេះ អាចនឹងដួលរលំពេលណាមួយ បើសិនពលរដ្ឋមិនខំថែរក្សាអ្វីដែលមាននៅក្នុងដៃទេ។ យ៉ាងណា អ្នកតាមដានពីព្រឹត្តិការណ៍នយោបាយនៅកម្ពុជា មើលឃើញថា ការគំរាមកំហែងថានឹងមានសង្គ្រាម ឬលួងលោមតាមរយៈការផ្ដល់អំណោយបន្តិចបន្តួចនៅមុនការបោះឆ្នោត លែងជាវិធីសន្សំពិន្ទុសម្រាប់ទាក់ទាញទឹកចិត្តតទៅទៀតហើយ។
ការព្រមានពីភាពផុយស្រួយនៃសន្តិភាព ឬការដួលរលំដែលកម្ពុជា កំពុងតែមាននៅពេលនេះរបស់លោក ហ៊ុន សែន វាពុំមែនជារឿងថ្មីឡើយ ហើយសារព្រមានរបស់ប្រធានគណបក្សកាន់អំណាចនេះ ធ្វើឡើងស្របពេលយុទ្ធនាការឃោសនាស្វែងរកសំឡេងបោះឆ្នោតឃុំ-សង្កាត់ នៅសល់ពេលប្រមាណ ១០ថ្ងៃទៀត នឹងឈានមកដល់។
ថ្លែងនៅក្នុងពិធីសម្ពោធសាលាខេត្តត្បូងឃ្មុំ កាលពីព្រឹកថ្ងៃទី៩ ឧសភា លោកនាយករដ្ឋមន្ត្រីបានប្រៀបធៀបសន្តិភាពដែលកំពុងតែមានសព្វថ្ងៃនេះ ទៅនឹងសត្វបក្សី។ ក្នុងន័យនេះ លោក ហ៊ុន សែន ព្រមានថា ពលរដ្ឋមិនចាំបាច់ទាមទារសន្តិភាពពីណាទៀត ជាងសន្តិភាពដែលបក្សកាន់អំណាចខំកសាងជាង ៣០ឆ្នាំមកហើយ ដែលពលរដ្ឋកំពុងរស់នៅដោយសុខសប្បាយនេះទេ។
លោក ហ៊ុន សែន បន្តថា «ចាបមួយនៅក្នុងដៃ ប្រសើរជាងចាប ២០ នៅលើមេឃ។ វាពិតប្រាកដយ៉ាងដូច្នោះមែន។ ប្រយ័ត្នលែងចាបដែលនៅក្នុងដៃដែលមាននេះរួចហើយ បាត់ទាំងចាបក្នុង គឺបាត់ទាំងអស់។ កុំភ្លេចថា បើទោះបីពេលនេះសន្តិភាពគ្របដណ្ដប់ទូទាំងប្រទេស ក៏ប៉ុន្តែវាចរិតផុយស្រួយរបស់វាតាមរយៈបើកមើលក្នុងហ្វេសប៊ុកភ្លាមទៅ អាចឃើញហើយ នោះហើយជាមូលហេតុនៃសង្គ្រាម»។
បើទោះជាបែបណា អង្គការនៃវេទិកាអនាគត ដែលជាស្ថាប័នវិភាគលើស្ថានភាពនយោបាយ ក៏បានចេញអត្ថបទវិភាគខ្លីរបស់ខ្លួន អំពីតម្រូវការពិតប្រាកដរបស់ម្ចាស់ឆ្នោតដែរ។ អត្ថបទដែលមានកម្រាស់ ៤ទំព័រនេះ ក៏បានចេញនៅចំថ្ងៃដែលលោក ហ៊ុន សែន ព្រមានពីភាពផុយស្រួយឡើងវិញនៃសន្តិភាពសព្វថ្ងៃនេះដែរ។
វេទិកាអនាគត រកឃើញថា បញ្ហាសំខាន់ប្រហែលមិនមែនស្ថិតនៅលើការគំរាមកំហែង ផ្ដល់អំណោយ និងការទិញទឹកចិត្តទៀតនោះទេ។ ជាងនេះទៀត អ្នកនយោបាយគួរទទួលយកការពិតនៃការផ្លាស់ប្ដូរនៅក្នុងសង្គម និងអ្វីទៅដែលជាតម្រូវការពិតប្រាកដរបស់ពលរដ្ឋ។
ការស្រាវជ្រាវរបស់អង្គការនៃវេទិកាអនាគត រកឃើញថា ការប្រែប្រួលនៃចរន្តសេដ្ឋកិច្ចសង្គមក្នុងដំណាក់កាលចុងក្រោយនេះ ក៏ជាមូលហេតុមួយដែលធ្វើឲ្យបក្សកាន់អំណាចមានបទពិសោធន៍គ្រប់គ្រាន់ក្នុងការបោះឆ្នោតជាតិកាលពីឆ្នាំ២០១៣ ហើយនិន្នាការនេះបានធ្វើឲ្យគណបក្សប្រជាជនកម្ពុជា ត្រូវបាត់បង់អាសនៈចំនួន ២២អាសនៈដែលពុំធ្លាប់មាន។
ជាងនេះទៀត វិស័យមួយចំនួនដូចជាផ្នែកកសិកម្ម ជាដើម ក្នុងចំណោមវិស័យសំខាន់ៗដទៃទៀត ក៏ជាផ្នែកមួយដែលធ្វើឲ្យប៉ះពាល់ដល់ការប្រែប្រួលនៃចរន្តនយោបាយដែរ។ វេទិកាអនាគត រកឃើញថា វិស័យកសិកម្មនេះបានថយចុះពីជាង ៥៧% កាលពីឆ្នាំ២០០៩ មកនៅត្រឹមជាង ៤១ភាគរយនៅឆ្នាំ២០១៥។
បន្ថែមពីលើនេះទៀត តម្រូវការចាំបាច់ចំពោះមុខ គឺពលរដ្ឋចង់បានការងារធ្វើ មានទីផ្សារលក់ផលិតផល និងសម្ភារប្រើប្រាស់ទាន់សម័យ ដូចជាទូរស័ព្ទដៃ ទូរទស្សន៍ និងម៉ូតូ ជាដើម ជាពិសេសមិនជំពាក់បំណុលធនាគារ។
បើទោះជាបែបណា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សន្យាថា ការដាក់ចេញនូវគោលនយោបាយទឹកភ្លើងរបស់លោកនៅមុនការបោះឆ្នោតនេះ អាចនឹងជួយកាត់បន្ថយបន្ទុករបស់ពលរដ្ឋបានច្រើនជាងមុន។ លោកបន្តថា «ជានយោបាយគាំទ្រអ្នកក្រដែលមានប្រាក់ចំណូលទាប ហើយដែលប្រើប្រាស់ទឹកតិច។ អគ្គិសនីក៏ដូចគ្នាដែរ អ្នកដែលប្រើមិនលើសពី ១០គីឡូវ៉ាត់ម៉ោង តម្លៃត្រឹមតែ ៤៨០រៀល។ អ្នកដែលប្រើប្រាស់មិនលើសពីគីឡូវ៉ាត់ម៉ោង គឺត្រឹមតែ ៦១០រៀល»។
ស្របពេលយុទ្ធនាការឃោសនាបោះឆ្នោតឃុំ-សង្កាត់កាន់តែខិតជិតមកដល់ លោក ហ៊ុន សែន ក៏បានអំពាវនាវឲ្យពលរដ្ឋ ត្រូវជ្រើសរើសមេដឹកនាំមួយដែលល្អ និងអាចបម្រើពលរដ្ឋគ្រប់កាលៈទេសៈ។
បញ្ហានេះ លោកបណ្ឌិត មាស នី យល់ឃើញថា មេដឹកនាំដែលល្អ គឺជាមេដឹកនាំមិនមែនដោះស្រាយបញ្ហាមួយគ្រាៗនោះឡើយ។ បន្ថែមពីលើនេះទៀត លោកយល់ឃើញថា មេដឹកនាំដែលល្អ ជាមេដឹកនាំដែលចេះរួបរួមជាតិ ហើយជួយរកការភាពជាតិ ប៉ុន្តែមេដឹកនាំដែលធ្វើឲ្យសង្គមបែកបាក់ គឺស្មើហុចដៃឲ្យបរទេសមើលងាយខ្មែរ ហើយមិនមែនជាមេដឹកនាំដែលល្អនោះទេ។ លោកបន្តថា «ប៉ុន្តែបើមេដឹកនាំណាក៏ដោយនៅតែបណ្ដោយឲ្យមានការបែកបាក់គ្នាក្នុងចំណោមខ្មែរគ្នាឯង ខ្ញុំគិតមេដឹកនាំហ្នឹង គឺវាហាក់បីដូចជាកំពុងនាំសង្គមខ្មែរហុចដៃទៅឲ្យបរទេសគេមើលងាយយើងអ៊ីចឹង»។
ជាញឹកញាប់ លោក ហ៊ុន សែន និងមន្ត្រីក្រោមបង្គាប់របស់លោកតែងព្រមានពីការផ្ទុះសង្គ្រាម ប្រសិនបើបក្សដែលឈ្នះឆ្នោតលើកនេះមិនមែនជាគណបក្សប្រជាជនកម្ពុជា នោះទេ៕