Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

នគរបាល​ខេត្ត​មណ្ឌលគិរី​តម្រូវ​ឲ្យ​ពលរដ្ឋ​រុះរើ​បដា​សុំ​ដោះលែង​មន្ត្រី​សិទ្ធិ​មនុស្ស​និង​គ.ជ.ប

$
0
0

មន្ត្រី​នគរបាល​ឃុំ​ប៊ូស្រា ស្រុក​ពេជ្រាដា ខេត្ត​មណ្ឌលគិរី ណែនាំ​ឲ្យ​សហគមន៍​ជនជាតិ​ដើម​ភាគតិច​មួយ​គ្រួសារ ដោះ​បដា​រូបថត​សកម្មជន​សិទ្ធិ​មនុស្ស និង​រូប​អគ្គលេខាធិការ​រង​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (..) កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ ចេញ​ពី​សំយាប​មុខ​ផ្ទះ។ មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស ចាត់​ការ​លើក​បដា​តស៊ូ​មតិ​ដោយ​អហិង្សា​នេះ ថា​ជា​ការ​អនុវត្ត​សិទ្ធិ​របស់​ពលរដ្ឋ។

ពលរដ្ឋ​ជនជាតិ​ដើម​ភាគតិច​ព្នង មួយ​គ្រួសារ រស់នៅ​ឃុំ​ប៊ូស្រា សម្រេច​ចិត្ត​ដក​បដា​ទាមទារ​ដោះលែង​សកម្មជន​សិទ្ធិ​មនុស្ស និង​មន្ត្រី គ..ប ពី​ជញ្ជាំង​ផ្ទះ​ខាង​ក្រៅ មក​ដាក់​នៅ​ក្នុង​ផ្ទះ​វិញ​ជា​ដំណោះស្រាយ​សន្តិវិធី ក្រោយ​ពេល​មន្ត្រី​នគរបាល​តម្រូវ​ឲ្យ​ដក​ផ្ទាំង​បដា​នោះ​ចេញ។

មន្ត្រី​នគរបាល​រដ្ឋបាល​ប៉ុស្តិ៍​ប៊ូស្រា កាល​ពី​ថ្ងៃ​ទី​៦ ខែ​ឧសភា បាន​មក​ដល់​លំនៅឋាន​របស់​ពលរដ្ឋ​ឈ្មោះ ក្រើង តុលា ហើយ​បាន​ណែនាំ​ឲ្យ​ម្ចាស់​ផ្ទះ​ដោះ​បដា​នោះ​ចេញ​ដោយ​បញ្ជាក់​ថា នេះ​ជា​បទបញ្ជា​របស់​អធិការ​ប៉ូលិស​ស្រុក​ពេជ្រាដា ក៏ប៉ុន្តែ​ដោយសារ​ម្ចាស់​ផ្ទះ​មិន​នៅ ទើប​ប៉ូលិស​ណែនាំ​ឲ្យ​ម្ចាស់​ផ្ទះ​មក​ជួប​ពិភាក្សា​គ្នា​រឿង​នេះ​បន្ត​នៅ​រសៀល​ថ្ងៃ​ដដែល ហើយ​ភាគី​ម្ចាស់​ផ្ទះ​យល់ព្រម​ប្ដូរ​យក​បដា​មក​ដាក់​ក្នុង​ផ្ទះ​វិញ ដើម្បី​បញ្ចប់​បញ្ហា។

ពលរដ្ឋ​រស់នៅ​ឃុំ​ប៊ូស្រា លោក ក្រើង តុលា បញ្ជាក់​នៅ​ថ្ងៃ​ទី​៩ ខែ​ឧសភា ថា ការ​លើក​បដា​មាន​រូប​សកម្មជន​សិទ្ធិ​មនុស្ស និង​មន្ត្រី គ..ប មាន​លក្ខណៈ​ជា​ការ​តស៊ូ​មតិ​ដែល​ជា​ផ្នែក​នៃ​សិទ្ធិ​បញ្ចេញ​មតិ​របស់​ពលរដ្ឋ ហេតុ​នេះ​លោក​ពេញ​ចិត្ត​នឹង​ដាក់​តាំង​បដា​នេះ ក៏ប៉ុន្តែ​ដោយសារ​សមត្ថកិច្ច​សម្របសម្រួល​ដោយ​សន្តិវិធី ទើប​លោក​យល់ព្រម​ប្ដូរ​យក​បដា​ដាក់​តាំង​ក្នុង​ផ្ទះ​វិញ៖ «ខ្ញុំ​ដាក់​រូប​ហ្នឹង​មិន​មែន​ប្រឆាំង​រាជ​រដ្ឋាភិបាល​បង្ក​ចលាចល​ក្នុង​សង្គម​ទេ គឺ​រូប​នេះ​ដើម្បី​រំឭក​ថា យើង​មាន​សិទ្ធិ​ទាមទារ»

ទាក់ទិន​បញ្ហា​នេះ នាយ​រង​នគរបាល​ប៉ុស្តិ៍​ឃុំ​ប៊ូស្រា លោក ថ្លាង ចូល បញ្ជាក់​ថា សហគមន៍​ចង​បដា​តវ៉ា​មិន​បាន​ជូន​ដំណឹង ឬ​សុំ​ការ​អនុញ្ញាត​ពី​មន្ត្រី​មូលដ្ឋាន ហេតុ​នេះ​អធិការ​ប៉ូលិស​ស្រុក​បាន​ដាក់​បទបញ្ជា​ឲ្យ​ប៉ូលិស​តាម​ប៉ុស្តិ៍​រដ្ឋបាល ចុះ​ណែនាំ​ឲ្យ​ពលរដ្ឋ ឬ​សហគមន៍​ដែល​តាំង​បដា​នៅ​មុខ​ផ្ទះ ឲ្យ​ដក​ចេញ​វិញ។ លោក​ថា អាជ្ញាធរ​បាន​ព្យាយាម​សម្របសម្រួល​ជាមួយ​សហគមន៍​យល់​ដឹង​ពី​ផល​លំបាក​នៃ​ការ​ដាក់​តាំង​បដា ដែល​បង្ក​ផល​ប៉ះពាល់​សណ្ដាប់ធ្នាប់ និង​សន្តិសុខ​សង្គម៖ «បើ​គាត់​ដាក់​ក្នុង​ផ្ទះ​អត់​ស្អី​ទេ គាត់​ដាក់​ខាង​ក្រៅ​អត់​បាន​ប្រាប់​មេ​ភូមិ មេ​ប៉ុស្តិ៍​មេ​ឃុំ អ៊ីចឹង​បាន​ឲ្យ​គាត់​ដក»

នេះ​ជា​លើក​ទី​ពីរ​ហើយ​ដែល​ពលរដ្ឋ​យក​បដា​ដាក់​តាម​ផ្ទះ ទាមទារ​ដោះលែង​សកម្មជន​សិទ្ធិ​មនុស្ស និង​មន្ត្រី គ..ប ត្រូវ​បាន​សមត្ថកិច្ច​ណែនាំ​ឲ្យ​ពលរដ្ឋ​ដក​ចេញ បន្ទាប់​ពី​ក្រុម​សមត្ថកិច្ច​ចុះ​រុះរើ​ដក​ហូត​បដា​ដូច​គ្នា​នៅ​តាម​តំបន់​សហគមន៍ និង​ទីស្នាក់ការ​អង្គការ​ក្រៅ​រដ្ឋាភិបាល​នៅ​ខេត្ត​កោះកុង កាល​ពី​សប្ដាហ៍​មុន។

អ្នក​សម្របសម្រួល​អង្គការ​អាដហុក (ADHOC) ខេត្ត​មណ្ឌលគិរី លោក សុក រដ្ឋា ចាត់​ទុក​ការ​សម្របសម្រួល​ឲ្យ​សហគមន៍​ដោះ​បដា​ចេញ ថា​ជា​វិធានការ​អហិង្សា ហើយ​សហគមន៍​ក៏​យល់ព្រម​ដោយ​ស្ម័គ្រ​ចិត្ត។ លោក​ថា ការ​ដាក់​តាំង​បដា​រូបថត​សកម្មជន គឺ​ជា​ការ​តស៊ូ​មតិ​ដោយ​អហិង្សា ដែល​សហគមន៍​បាន​ធ្វើ​ដើម្បី​គាំទ្រ​ឲ្យ​មាន​ការ​គោរព​សិទ្ធិ​បញ្ចេញ​មតិ​របស់​ពលរដ្ឋ៖ «គាត់​ស្នើ​ឲ្យ​យើង​យក​ពី​ការ​ចង​នៅ​របង​ផ្លូវ យក​មក​ដាក់​ស្នាក់ការ។ ខ្ញុំ​គិត​ថា​អា​ហ្នឹង​អត់​ខុស ជា​ការ​យល់យោគ​គ្នា​បាន​ល្អ ប៉ុន្តែ​កុំ​ឲ្យ​តែ​គាត់​ធ្វើ​សកម្មភាព​មិន​ជូន​ដំណឹង​ដល់​ម្ចាស់​កម្មសិទ្ធិ»

មិន​មាន​តួលេខ​ជាក់លាក់​ពី​ទីតាំង​ដែល​ដាក់​តាំង​បដា​ទាមទារ​ដោះលែង​សកម្មជន​សិទ្ធិ​មនុស្ស និង​មន្ត្រី គ..ប ដែល​តុលាការ​សម្រេច​ឃុំ​ខ្លួន​នោះ​ទេ ក្រៅ​ពី​គេ​ឃើញ​បដា​នេះ​ចង​នៅ​មុខ​អគារ​ក្នុង​បរិវេណ​ទីស្នាក់ការ​សមាគម​អាដហុក ខេត្ត​មណ្ឌលគិរី។

សេចក្តី​រាយការណ៍​របស់​មន្ត្រី​អង្គការ​អាដហុក ខេត្ត​មណ្ឌលគិរី ឲ្យ​ដឹង​ថា អង្គការ​នេះ​បាន​ផ្តល់​បដា​ជូន​សហគមន៍​ចំនួន​៧ នៅ​ក្នុង​ខេត្ត​មណ្ឌលគិរី តាម​ការ​ស្នើសុំ​របស់​សហគមន៍ ក៏ប៉ុន្តែ​មិន​មាន​ព័ត៌មាន​ជាក់លាក់​ថា​តើ​សហគមន៍​ទាំងនោះ ដាក់​តាំង​បដា​នោះ​នៅ​កន្លែង​ណា​ខ្លះ​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles