វេទិកាសេដ្ឋកិច្ចពិភពលោក ស្ដីពីអាស៊ាន ដែលជាបណ្ដុំនៃកិច្ចពិភាក្សាកម្រិតពិភពលោករវាងអ្នកប្រាជ្ញ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល អ្នកវិនិយោគ សង្គមស៊ីវិល និងយុវជន នឹងរៀបចំនៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា រយៈពេល ៣ថ្ងៃចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ឧសភា។
គេរំពឹងថា នឹងមានភ្ញៀវ ៧០០នាក់ ចូលរួមវេទិកាកម្រិតពិភពលោកនេះ។
នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីឡាវ លោក ថងលួង ស៊ីស៊ូលីត (Thongloun Sisoulith) ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ (Rodrigo Duterte) នាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀន ស៊ុងហ៊្វុក (Nguyen Xuan Phuc) នឹងចូលរួមក្នុងវេទិកានេះ។
ប្រធានបទសម្រាប់វេទិកាសេដ្ឋកិច្ចពិភពលោក ស្ដីពីអាស៊ានលើកទី២៦ នេះ គឺយុវជន បច្ចេកវិទ្យា និងការរីកចម្រើន។
កិច្ចពិភាក្សានៅក្នុងវេទិកានេះ នឹងផ្ដោតលើការកៀរគរថវិកាសម្រាប់សាងសង់ផ្លូវថ្នល់ ការកែប្រែប្រព័ន្ធអប់រំឲ្យស្របនឹងតម្រូវការក្នុងសម័យឌីជីថល (Digital) និងរបៀបដែលសហគមន៍អាស៊ានដើរក្នុងបរិបទការផ្លាស់ប្ដូរពិភពលោក ព្រមទាំងការងារសម្រាប់អនាគត និងឥទ្ធិពលនៃការពង្រឹងអំណាច និងការចូលរួមស្ត្រី និងយុវជនលើកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គម។
រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី៨ ឧសភា ថា បច្ចុប្បន្ន យុវជនកម្ពុជា វ័យក្រោម ២៥ឆ្នាំ តំណាងឲ្យជាងពាក់កណ្ដាលនៃប្រជាជនកម្ពុជា សរុប ដែលធ្វើឲ្យកម្ពុជា មានសក្ដានុពលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច។
ចំណែកប្រធានផ្នែកអាស៊ីប៉ាស៊ីហ្វិក នៃវេទិកាសេដ្ឋកិច្ចពិភពលោក លោក ចាស្ទីន វ៉ូត (Justin Wood) បញ្ជាក់ក្នុងសន្និសីទកាសែតថា ក្នុងកាលៈទេសៈសមាគមអាស៊ានប្រារព្ធខួបទី៥០ តំបន់នេះកំពុងរីកមុខរីកមាត់ដោយសារកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស ការផ្លាស់ប្ដូរផ្នែកបច្ចេកវិទ្យា និងភូមិសាស្ត្រនយោបាយ។
នេះជាលើកទីមួយសម្រាប់ប្រទេសកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកាសេដ្ឋកិច្ចពិភពលោក ខណៈសេដ្ឋកិច្ចកម្ពុជា កំពុងបន្តកើនឡើងក្នុងអត្រា ៧ភាគរយក្នុងមួយឆ្នាំ៕