ពលរដ្ឋរងគ្រោះដោយការកម្ទេចផ្ទះកាលពីឆ្នាំ២០១២ នៅសហគមន៍បុរីកីឡា ខណ្ឌ៧មករា ជាង ៣០នាក់ នៅព្រឹកថ្ងៃទី៨ ឧសភា បាននាំគ្នាទៅតវ៉ានៅមុខរបងផ្ទះវីឡារបស់អ្នកស្រី ស៊ុយ សុផាន ដែលជាប្រធានក្រុមហ៊ុន ផាន អ៊ីម៉ិច (Phan Imex) វិនិយោគអភិវឌ្ឍតំបន់បុរីកីឡាដ៏ចម្រូងចម្រាសក្នុងសង្កាត់ទឹកល្អក់ ខណ្ឌទួលគោក ដើម្បីស្វែងរកដំណោះស្រាយដីពួកគេនៅបុរីកីឡា។ ការលើកគ្នាទៅតវ៉ា យំស្រែក និងបានដាក់បណ្ដាសាម្ចាស់ក្រុមហ៊ុន ផាន អ៊ីម៉ិច នេះ ដោយសារពលរដ្ឋនៅបុរីកីឡា អស់ជំនឿលើអាជ្ញាធររាជធានីភ្នំពេញ។
ក្រុមអ្នកតវ៉ាដែលភាគច្រើនជាស្ត្រីមានមុខរបរជាអ្នកស៊ីឈ្នួលបោកគក់សម្លៀកបំពាក់ រើសអេតចាយ ឬស៊ីឈ្នួលបេះត្រកួន ហើយពួកគាត់រស់នៅតាមតូបតូចៗលើគំនរសំរាមក្នុងតំបន់អភិវឌ្ឍន៍បុរីកីឡា។
អ្នកភូមិបុរីកីឡាទាំងនោះមិនសុខចិត្តទទួលយកដំណោះស្រាយរបស់អាជ្ញាធរ ដែលផ្ដល់ដីនៅជាយរាជធានីភ្នំពេញ ឬដំណោះស្រាយជាថ្នូរនឹងលុយ ៣.០០០ដុល្លារ ឬ ៥.០០០ដុល្លារទេ។ ពួកគេថា ក្ដីសង្ឃឹមចុងក្រោយសម្រាប់ពួកគាត់ គឺការជួបជជែកផ្ទាល់ជាមួយម្ចាស់ក្រុមហ៊ុន ផាន អ៊ីម៉ិច គឺអ្នកស្រី ស៊ុយ សុផាន។ ពលរដ្ឋចោទថា អ្នកស្រី ស៊ុយ សុផាន និងអាជ្ញាធរ គឺជាដើមហេតុធ្វើឲ្យពួកគាត់រស់នៅលើគំនរសំរាម ក្នុងភក់ជ្រាំដល់សព្វថ្ងៃ ព្រោះពួកគេបានសហការគ្នាយកគ្រឿងចក្រទៅឈូសឆាយកម្ទេចផ្ទះរបស់ពួកគាត់កាលពី ៥ឆ្នាំមុន។
ការតវ៉ាបានចាប់ផ្ដើមនៅម៉ោងជាង ៨ព្រឹក ក្រោយស្រែកតវ៉ាបានបន្តិច ក៏មានការប៉ះទង្គិចគ្នាមួយប្រាវរវាងអ្នកតវ៉ា ជាមួយបុរសមាឌធំម្នាក់ជាអ្នកយាមផ្ទះវីឡារបស់អ្នកស្រី ស៊ុយ សុផាន។
«សំឡេងរុញច្រានគ្នា»
ទោះយ៉ាងណា ក្រុមសន្តិសុខខណ្ឌទួលគោក ជាង ១០នាក់ ត្រូវបានដាក់ពង្រាយនៅម្ដុំមុខផ្ទះអ្នកស្រី ស៊ុយ សុផាន មិនបានធ្វើសកម្មភាពរារាំងដល់អ្នកតវ៉ានោះទេ គ្រាន់តែឃ្លាំមើលពីផ្លូវម្ខាងទៀតប៉ុណ្ណោះ។
ពលរដ្ឋមានជម្លោះដីនៅបុរីកីឡាម្នាក់ លោកស្រី ង៉ូវ ណារី បានរៀបរាប់ថា ក្រុមអ្នកភូមិបុរីកីឡាមិនចង់ទៅតវ៉ា ឬដាក់បណ្ដាសាអ្នកស្រី ស៊ុយ សុផាន ទេ ប៉ុន្តែគ្មានជម្រើសសម្រាប់ក្រុមលោកស្រី ព្រោះសាលាក្រុងបានដាក់ឱសានវាទឈប់ដោះស្រាយឲ្យពួកគាត់។ លោកស្រីយល់ថា ទង្វើក្រុមអ្នកបុរីកីឡាដែលបានត្រឹមស្រែកតវ៉ា ឬដាក់បណ្ដាសានេះ មិនស្មើនឹងទង្វើរបស់ក្រុមហ៊ុន ផាន អ៊ីមិច ដែលយកគ្រឿងចក្រទៅឈូសឆាយកម្ទេចផ្ទះលោកស្រីទេ។ អ្នកមានជម្លោះដីរូបនេះ បានប្រដូចការកម្ទេចផ្ទះលោកស្រី ថាដូចជាកម្ទេចអនាគតកូនៗរបស់លោកស្រីដែរ៖ «»។
កាលពីឆ្នាំ២០១២ រដ្ឋាភិបាលបានផ្ដល់ដីសម្បទានសេដ្ឋកិច្ចនៅតំបន់បុរីកីឡា ឲ្យក្រុមហ៊ុន ផាន អ៊ីម៉ិច។ ក្រុមហ៊ុននេះបានទៅឈូសឆាយបំផ្លាញផ្ទះសម្បែងពលរដ្ឋចំនួន ៣៨៤គ្រួសារ ដើម្បីយកដីអភិវឌ្ឍ ដោយក្រុមហ៊ុននេះមានកិច្ចសន្យាជាមួយរដ្ឋាភិបាលសាងសង់អគារចំនួន ១០អគារ ជាការដោះដូរជូនពលរដ្ឋ។ ទីបំផុត ក្រុមហ៊ុននេះសាងសង់តែ ៨អគារ ដែលជាហេតុធ្វើឲ្យពលរដ្ឋមួយចំនួនគ្មានសំណងសមរម្យ។
ក្រោយមក ពលរដ្ឋខ្លះត្រូវបានអាជ្ញាធរបណ្ដេញឲ្យទៅនៅឯទួលសំបួរទាំងបង្ខំ ក្នុងខណ្ឌដង្កោ ក្រុងភ្នំពេញ ហើយមួយចំនួនទៀត ត្រូវដឹកទៅដាក់នៅតំបន់ភ្នំបាត ក្នុងឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្ដាល។ ម្ដងម្កាល អតីតអ្នកបុរីកីឡាដែលទៅរស់នៅតំបន់ភ្នំបាត បានឡើងមកតវ៉ាជាថ្មីនៅមុខសាលាក្រុង ដោយសារពួកគេថា ភ្នំបាតជាតំបន់ដីប្រេះក្រហែង ដាច់ស្រយាល គ្មានទឹកភ្លើង គ្មានមុខរបរសម្រាប់ពួកគេ។
ប្រធានផ្នែកអង្កេតនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត យល់ថា ភាគីទាំងពីរគួរតែជួបជជែកគ្នា ដើម្បីរកដំណោះស្រាយរួមគ្នា។ លោកថា បើភាគីម្ខាងមិនព្រមជួបគ្នាទេ ភាគីម្ខាងទៀតនឹងបន្តការមិនសុខចិត្ត ហើយជម្លោះនឹងមិនអាចបិទបញ្ចប់បានទេ៖ «»។
អ្នកភូមិបុរីកីឡា ដែលរងការឈូសកម្ទេចផ្ទះកាលពី ៥ឆ្នាំមុន ធ្លាប់អះអាងក្រោយសាលាក្រុងដាក់ឱសានវាទថា តាមរយៈកិច្ចប្រជុំជាមួយអភិបាលរងរាជធានីភ្នំពេញ លោក មាន ចាន់យ៉ាដា កាលពីរសៀលថ្ងៃទី៤ ខែមករា ឆ្នាំ២០១៧ អាជ្ញាធររាជធានីភ្នំពេញផ្ដល់ជម្រើសពីរសម្រាប់ពួកគាត់។ ជម្រើសទី១ ទទួលយកលុយ ៣ពាន់ដុល្លារដើម្បីចាកចេញ ឬជម្រើសទី២ ត្រូវទៅរស់នៅភូមិអណ្ដូង ជាយរាជធានីភ្នំពេញ។ ក្រុមពលរដ្ឋបុរីកីឡាទាំង ១៥គ្រួសារដែលអាជ្ញាធរដាក់ឱសានវាទ ហើយបានទុកពេលឲ្យ ១ខែ និងព្រមានបណ្ដេញចេញទាំងបង្ខំ បើមិនព្រមទទួលយកដំណោះស្រាយទាំងពីរនេះទេ ប៉ុន្តែអ្នកបុរីកីឡារក្សាជំហរទាមទាររស់នៅក្នុងអគារនៅបុរីកីឡា ឬយកសំណងសមរម្យជាថ្នូរនឹងការចាកចេញ។
ក្រុមអ្នកតវ៉ាបានប្រកាសថា នឹងទៅដាក់បណ្ដាសាដល់ផ្ទះអ្នកស្រី ស៊ុយ សុផាន ម្ដងទៀត ប្រសិនបើពួកគេនៅតែមិនទទួលបានដំណោះស្រាយដោយផ្ទាល់ពីម្ចាស់ក្រុមហ៊ុន ផាន អ៊ីម៉ិច៕