បច្ចុប្បន្ន នៅភូមិសឹង្ហ ឃុំគោកមន ស្រុកបន្ទាយអំពិល នៃខេត្តឧត្តរមានជ័យ គឺមានស្តង់ទទួលទិញដំឡូងមីក្រៀមជាច្រើនកន្លែងពីប្រជាកសិករ ដើម្បីទុកលក់បន្តឲ្យឈ្មួញនាំចេញទៅលក់នៅក្រៅប្រទេស។ ស្តង់ទទួលទិញដំឡូងមីក្រៀមខ្លះ បានធ្វើឲ្យម្សៅដំឡូងមីក្រៀមហុយជាប្រចាំ ប៉ះពាល់ទៅដល់សុខភាពអ្នកដែលរស់នៅជិតខាង ព្រមទាំងធ្វើឲ្យប៉ះពាល់ដល់បរិស្ថានសាធារណៈផង។
ប្រជាពលរដ្ឋមួយចំនួនរស់នៅភូមិសឹង្ហ ឃុំគោកមន នៃស្រុកបន្ទាយអំពិល បានចោទប្រកាន់អាជ្ញាធរឃុំ និងស្រុក ថាបានព្រងើយកន្តើយមិនព្រមដោះស្រាយទៅលើបញ្ហាស្តង់ទទួលទិញដំឡូងមីក្រៀមខ្លះ ដែលធ្វើឲ្យហ៊ុយប៉ះពាល់ដល់សុខភាពក្មេងៗ និងបរិស្ថាននោះទេ។
ក្រុមអ្នកភូមិទាំងនោះអះអាងថា គេបានដាក់ពាក្យបណ្ដឹងទៅអាជ្ញាធរភូមិ-ឃុំរយៈពេលជាងកន្លះខែមកហើយ ឲ្យជួយដោះស្រាយរឿងស្តង់ទទួលទិញដំឡូងមីក្រៀមមួយកន្លែង ដែលធ្វើឲ្យហុយម្សៅស្ទើរតែរៀងរាល់ថ្ងៃ រំខានដល់ការរស់នៅ ព្រមទាំងប៉ះពាល់ដល់សុខភាពកុមារផង ប៉ុន្តែរហូតមកដល់ពេលនេះ គេមិនទាន់ឃើញមានដំណោះស្រាយអ្វីនៅឡើយទេ។
អ្នកភូមិសឹង្ហ ម្នាក់ក្នុងចំណោមអ្នកភូមិខ្លះទៀតដែលប៉ះពាល់ដោយសារហុយម្សៅដំឡូងមីក្រៀមនោះ គឺលោក សយ សុវណ្ណារ៉ា។ លោកមានប្រសាសន៍កាលពីរសៀលថ្ងៃអាទិត្យ ទី៧ ខែឧសភា ថា សព្វថ្ងៃនេះផ្ទះរបស់លោក គឺនៅជាប់របងគ្នានឹងស្តង់ទទួលទិញដំឡូងមីក្រៀមមួយកន្លែងរបស់ឈ្មោះ ចាន់ ជឿម។ កន្លែងទិញដំឡូងនេះ ធ្វើឲ្យម្សៅដំឡូងមីក្រៀមហុយចេញស្ទើរតែរៀងរាល់ថ្ងៃ នៅពេលមានខ្យល់បក់ និងគ្រឿងចក្រកាយដាក់លើឡានម្ដងៗ។
លោក សយ សុវណ្ណារ៉ា អះអាងថា ការហុយម្សៅដំឡូងមីក្រៀមនេះ ធ្វើឲ្យកូនតូចៗរបស់លោក និងកូនអ្នកភូមិជាច្រើនទៀតឧស្សាហ៍កើតជំងឺជាញឹកញាប់៖ «ក្មេងវាចេះតែក្តៅខ្លួនរលាកសួតរលាកអី។ កូនខ្ញុំតាំងពីនេះមក វាឈឺច្រើនដងហើយ ទៅពេទ្យគេប្រាប់ថារលាកសួត ហើយកូនជាងក្រឡឹងគ្រឿងឡាននោះតិចៗដាក់សេរ៉ូម»។
អ្នកភូមិសឹង្ហ អះអាងថា ស្តង់ទទួលទិញដំឡូងមីក្រៀមបានធ្វើឲ្យហុយម្សៅស្ងួត ប៉ះពាល់ដល់សុខភាពសាធារណៈរយៈពេលជាច្រើនខែហើយ ចាប់តាំងតែពីអំឡុងខែវិច្ឆិកា ឆ្នាំ២០១៦ ជាពេលដែលកសិករជាច្រើនដាំបានដំឡូងមី ហើយដឹកជញ្ជូនយកមកលក់ជាបន្តបន្ទាប់ម្ល៉េះ។
កាលពីថ្ងៃទី២០ ខែមេសា កន្លងទៅ ក្រុមអ្នកភូមិសឹង្ហ បានធ្វើពាក្យបណ្ដឹងដាក់ទៅអាជ្ញាធរភូមិ និងឃុំគោកមន ឲ្យជួយដោះស្រាយទៅលើការសាងសង់លានទិញដំឡូងរបស់ឈ្មោះ ចាន់ ជឿម។ អ្នកភូមិបញ្ជាក់ថា ជាយូរមកហើយ ពួកគេបានរស់នៅ និងប្រកបរបរចិញ្ចឹមជីវិតដោយសុវត្ថិភាព ប៉ុន្តែចាប់តាំងពីឈ្មោះ ចាន់ ជឿម សាងសង់ទីលានទិញដំឡូង គឺធ្វើឲ្យមានការប៉ះពាល់ដល់ការរស់នៅដូចជាមានសំឡេងម៉ាស៊ីនឮខ្លាំង បង្កឲ្យហុយម្សៅដំឡូងក្រៀម និងជះក្លិនស្អុយចេញពីម្សៅដំឡូងរលួយ ជាដើម។
ទោះជាយ៉ាងណា អាស៊ីសេរី មិនអាចស្វែងរកលេខទូរស័ព្ទរបស់ម្ចាស់ទីលានទទួលទិញដំឡូងមីក្រៀមនោះ ដើម្បីបំភ្លឺជុំវិញការចោទប្រកាន់នេះបានថាយ៉ាងណានៅឡើយ នៅថ្ងៃអាទិត្យ ទី៧ ខែឧសភា។
ចំណែកមេឃុំគោកមន លោក អួន វី មានប្រសាសន៍ថា លោកមិនមានសមត្ថភាពដោះស្រាយបណ្ដឹងដែលអ្នកភូមិសឹង្ហ បានប្ដឹងទៅលើម្ចាស់ស្តង់ទទួលទិញដំឡូងមីក្រៀមនោះយ៉ាងណាទេ ពីព្រោះតែលោកដឹងថា ម្ចាស់ស្តង់ដែលបើកទទួលទិញដំឡូងមីក្រៀមនោះ គឺសុទ្ធតែមានច្បាប់ធ្វើអាជីវកម្មពីថ្នាក់មន្ទីរត្រឹមត្រូវ។ លោក អួន វី បញ្ជាក់ទៀតថា តាមការពិនិត្យ គឺលោកមើលឃើញថា នៅក្នុងឃុំគោកមន ទាំងមូល គឺមានលានទទួលទិញដំឡូងទាំងអស់ចំនួនជាង ១០កន្លែងឯណោះ ហើយពេលខ្លះ ទីលានទទួលទិញដំឡូងមីទាំងនោះក៏បង្កការប៉ះពាល់ដូចគ្នា ប៉ុន្តែហេតុអ្វីបានជាប្រជាពលរដ្ឋនៅកន្លែងដទៃមិនប្ដឹង គឺប្ដឹងតែទីលានដំឡូងនៅភូមិសឹង្ហ តែមួយ?
លោកមេឃុំគោកមន យល់ថា បញ្ហាប្ដឹងប្រឆាំងនឹងទីលានទទួលទិញដំឡូងនៅភូមិសឹង្ហ នោះ តាមលោកសន្និដ្ឋានអាចជាទំនាស់ដែលបណ្ដាលមកពីការច្រណែននិន្ទាគ្នាផង៖ «ឃុំអស់លទ្ធភាពដោះស្រាយហើយ ដោយសារទី១ យោងទៅលើឯកសារថ្នាក់លើដែលអនុញ្ញាតឲ្យធ្វើអាជីវកម្ម ហើយទី២ គឺបានពិនិត្យទៅលើការប៉ះពាល់ជាក់ស្ដែងរួចហើយ»។
ពលរដ្ឋខ្លះអះអាងថា មន្ទីរបរិស្ថានខេត្តឧត្តរមានជ័យ បានចេញច្បាប់ឲ្យទីលានទទួលទិញដំឡូងមីទាំងនោះរួចហើយ បានជាមិនឃើញមានការដោះស្រាយ បើទោះបីជាម្ចាស់ទីលានដំឡូងមីក្រៀមទាំងនោះធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋដែលរស់នៅជិតខាង និងបរិស្ថានយ៉ាងណាក៏ដោយ។
ប្រធានមន្ទីរបរិស្ថានខេត្តឧត្តរមានជ័យ លោក ភួង លីណា បដិសេធថា មន្ទីររបស់លោកពុំដែលបានចេញលិខិតអនុញ្ញាតទៅឲ្យស្តង់ទទួលទិញដំឡូងមីណាមួយទេ។ លោកទទួលស្គាល់ថា កាលពីប្រធានមន្ទីរមុន គឺធ្លាប់បានចុះទៅធ្វើកិច្ចសន្យាជាមួយនឹងម្ចាស់ស្តង់ទទួលទិញដំឡូងមីខ្លះមែន ដូចជាឲ្យគោរពច្បាប់ស្ដីពីបរិស្ថាន និងជៀសវាងការប៉ះពាល់ដល់ធនធានធម្មជាតិនានា ជាដើម។
លោក ភួង លីណា បញ្ជាក់ថា ចំពោះបញ្ហាដែលអ្នកភូមិសឹង្ហ ប្ដឹងម្ចាស់ទីលានទទួលទិញដំឡូង ១កន្លែងនោះ គឺលោកទើបតែទទួលបាននៅចុងសប្ដាហ៍នេះ បានជាយឺតយ៉ាវក្នុងការចុះទៅពិនិត្យមើលការប៉ះពាល់នានា៖ «អ៊ីចឹងសប្ដាហ៍ក្រោយប្រហែលជាបានចុះទៅមើលហើយ។ បើម្ចាស់ស្តង់ដំឡូងហ្នឹងមិនគោរពតាមកិច្ចសន្យា គឺខាងខ្ញុំនឹងចុះទៅពិនិត្យមើល»។
មន្ត្រីមន្ទីរបរិស្ថានអះអាងថា កាលពីមុន ម្ចាស់ស្តង់ដំឡូងទាំងអស់មិនចាំបាច់សុំច្បាប់ធ្វើអាជីវកម្មទេ ប៉ុន្តែចាប់ពីពេលនេះតទៅ អាជ្ញាធរខេត្តឧត្តរមានជ័យ បានរឹតបន្តឹងស្ដីពីកិច្ចការពារបរិស្ថាន ហើយតម្រូវឲ្យម្ចាស់អាជីវកម្មស្តង់ដំឡូងទាំងអស់ ត្រូវតែសុំច្បាប់ធ្វើអាជីវកម្មឲ្យបានត្រឹមត្រូវ ព្រមទាំងភ្ជាប់ជាមួយនូវកិច្ចសន្យាមិនធ្វើឲ្យប៉ះពាល់ដល់បរិស្ថានជាចាំបាច់៕