លោក សម រង្ស៊ី និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្ញើសារឆ្លងឆ្លើយជូនពរគ្នា ខណៈដែលលោកនាយករដ្ឋមន្ត្រីកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យនៅប្រទេសសិង្ហបុរី។
លោក ហ៊ុន សែន បានអរគុណលោក សម រង្សី យ៉ាងជ្រាលជ្រៅក្រោយពេលលោក សម រង្ស៊ី ជូនពរឲ្យលោក ហ៊ុន សែន ឆាប់ជាពីជំងឺ។ ការអរគុណរបស់លោកនាយករដ្ឋមន្ត្រី ធ្វើឡើងតាមរយៈសារក្នុងហ្វេសប៊ុក (Facebook) សារព័ត៌មានហ្វ្រេសញូវ (Fresh News)។
លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី៥ ខែឧសភា បានផ្ញើសារជូនពរឲ្យលោកនាយករដ្ឋមន្ត្រីឆាប់ជាសះស្បើយពីជំងឺតាមរយៈបណ្ដាញសង្គមទ្វីតធឺរ (Twitter) របស់លោក។ លោក ហ៊ុន សែន កាលថ្ងៃទី៤ ខែឧសភា បានសរសេរនៅលើហ្វេសប៊ុក របស់លោកថា លោកធ្លាក់ខ្លួនមានជំងឺដែលចាំបាច់ត្រូវទៅពេទ្យបន្ទាន់ ដើម្បីពិនិត្យ និងព្យាបាល។ មូលហេតុដោយសារការហត់នឿយខ្លាំងពេក។
លោកស្ថិតក្នុងមន្ទីរពេទ្យនៅប្រទេសសិង្ហបុរី តាំងពីម៉ោង ២ល្ងាច ថ្ងៃទី៣ ខែឧសភា ហើយនឹងអាចវិលត្រឡប់មកកម្ពុជាវិញ នៅថ្ងៃអាទិត្យ ទី៧ ខែឧសភា ដើម្បីបន្តការងារជាធម្មតាវិញ៕