Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

អាដហុក​ព្រមាន​ប្ដឹង​សមត្ថកិច្ច​រឿង​ដកហូត​បដា​រូបថត​មន្ត្រី​សិទ្ធិមនុស្ស​និង​សកម្មជន​ជាប់​ឃុំ

$
0
0

សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) គ្រោង​ប្ដឹង​សមត្ថកិច្ច​ខេត្ត​កោះកុង ប្រសិនបើ​ក្រុម​សមត្ថកិច្ច​មិន​ប្រគល់​បដា​រូបថត​មន្ត្រី​សិទ្ធិមនុស្ស និង​សកម្មជន​ដីធ្លី​ជាប់​ឃុំ​ដែល​ក្រុម​សមត្ថកិច្ច​បាន​ដក​ហូត​កាល​ពី​ពេល​ថ្មីៗ​នេះ​ទេ។ ចំណែក​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ ព្រមាន​ថា បើ​អាដហុក នៅ​តែ​ធ្វើ​សកម្មភាព​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​សកម្មជន​អាដហុក ដែល​ជាប់​ឃុំ​ទាំង​នោះ គឺ​ហាក់​ជំរុញ​អោយ​ពួកគេ​ជាប់​គុក​កាន់តែ​យូរ​ជាង​នេះ​ទៀត។

ទន្ទឹម​នឹង​ការ​ព្រមាន​ប្ដឹង​នេះ សមាគម​អាដហុក នៅ​តែ​ប្រកាន់​ជំហរ​ជួប​ជជែក​ជាមួយ​សមត្ថកិច្ច​ខេត្ត​កោះកុង ដើម្បី​យក​បដា​រូបថត​មន្ត្រី​សិទ្ធិមនុស្ស​ និង​សកម្មជន​ដីធ្លី​ជាប់​ឃុំ មក​បិទ​នៅ​មុខ​ការិយាល័យ​អាដហុក បន្ត​ទៀត។ ប៉ុន្តែ​ក្នុង​ករណី​សមត្ថកិច្ច​មិន​ព្រម​ប្រគល់​បដា​នោះ​មក​វិញ​ទេ អាដហុក​នឹង​ពិនិត្យ​លទ្ធភាព​ផ្លូវ​ច្បាប់​ដើម្បី​ប្ដឹង​បក​ទៅ​សមត្ថកិច្ច​វិញ។

​អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក សំ ច័ន្ទគា ឲ្យ​អាស៊ីសេរី​ដឹង​ថា ក្រុម​អ្នក​ច្បាប់​នឹង​សិក្សា​ករណី​សមត្ថកិច្ច​ដក​បដា​រូបថត​មន្ត្រី​សិទ្ធិមនុស្ស និង​សកម្មជន​ដីធ្លី​ជាប់​ឃុំ លោក​នៅ​តែ​អះអាង​ថា ការ​ដាក់​តាំង​បដា​រូបថត​មន្ត្រី​សិទ្ធិមនុស្ស និង​សកម្មជន​ដីធ្លី​ជាប់​ឃុំ​នៅ​មុខ​ការិយាល័យ​អាដហុក មិន​ខុស​ច្បាប់​ទេ។ ជាង​នេះ​ទៅ​ទៀត លោក​ចោទ​សួរ​សមត្ថកិច្ច និង​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ ដែល​ចោទ​ការ​ដាក់​តាំង​បដា​រូបថត​នេះ​ថា​ខុស​ច្បាប់​អ្វី?៖ «»។

ទោះ​យ៉ាង​នេះ​ក្ដី អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក លោក សំ ច័ន្ទគា ថា គម្រោង​ប្ដឹង​នេះ មិន​ទាន់​ធ្វើ​ក្នុង​ពេល​នេះ​ទេ ដោយ​ត្រូវ​រង់ចាំ​មេធាវី​របស់​សមាគម​អាដហុក ទំនេរ​បន្តិច​សិន ព្រោះ​ពេល​នេះ​ពួកគេ​កំពុង​រវល់​ខ្លាំង​ក្នុង​សំណុំរឿង​មន្ត្រី​អាដហុក ដែល​កំពុង​ជាប់​ឃុំ។

កាល​ពី​ថ្ងៃ​ទី​២ ខែ​ឧសភា បដា​ដែល​ចង​នៅ​ខាង​មុខ​ទីស្នាក់ការ​សមាគម​អាដហុក អង្គការ​លីកាដូ (LICADHO) និង​អង្គការ​មាតា​ធម្មជាតិ ចំនួន ៣​ផ្ទាំង ក្នុង​សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ ខេត្ត​កោះកុង ត្រូវ​សមត្ថកិច្ច​ចុះ​ដក​ហូត​យក។ ក្រោយ​មួយ​ថ្ងៃ ក្រុម​សមត្ថកិច្ច​បាន​ចុះ​ទៅ​ដក​ហូត​បដា​នៅ​តាម​លំនៅឋាន​របស់​ប្រជា​សហគមន៍​មាន​ជម្លោះ​ដីធ្លី​ក្នុង​ឃុំ​ជីខក្រោម ស្រុក​ស្រែអំបិល។

អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ថ្លែង​ការពារ​ចំណាត់​ការ​របស់​មន្ត្រី​ថ្នាក់​ក្រោម​របស់​លោក​ថា សមត្ថកិច្ច​អនុវត្ត​ត្រឹមត្រូវ​តាម​ច្បាប់ ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​ពី​សកម្មភាព​ការ​ដាក់​តាំង​បដា​ទាំង​នោះ​ថា​ខុស​ទៅ​នឹង​ច្បាប់​មួយ​ណា​របស់​កម្ពុជា នោះ​ទេ។ លោក ខៀវ សុភ័គ គ្រាន់​តែ​ពន្យល់​ថា រូប​មន្ត្រី​សិទ្ធិ​មនុស្ស​ដែល​មាន​នៅ​ក្នុង​បដា​ទាំង​នោះ កំពុង​ស្ថិត​ក្នុង​ដៃ​តុលាការ៖ «»។

អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​​អាដហុក លោក សំ ច័ន្ទគា ឲ្យ​ដឹង​ថា គិត​មក​ដល់​ថ្ងៃ​ទី​៦ ខែ​ឧសភា បដា​រូបថត​មន្ត្រី​សិទ្ធិមនុស្ស និង​សកម្មជន​ដីធ្លី​ជាប់​ឃុំ​ចំនួន ៦​ផ្ទាំង នៅ​ខេត្ត​កោះកុង ត្រូវ​សមត្ថកិច្ច​រឹប​អូស​យក។ លោក​ឲ្យ​ដឹង​ថា កាល​ពី​ជាង ៣​ខែ​មុន មាន​អង្គការ​សង្គម​ស៊ីវិល​ចំនួន ៥​ស្ថាប័ន បាន​រួម​គ្នា​បោះពុម្ព​បដា​ជាង ១០០​ផ្ទាំង ចែក​ជូន​ពលរដ្ឋ និង​ដាក់​បិទ​នៅ​តាម​ទីស្នាក់ការ​អង្គការ​សង្គម​ស៊ីវិល​ដើម្បី​ទាមទារ​ឲ្យ​ដោះលែង​មន្ត្រី​អាដហុក ៤​រូប គឺ​អ្នកស្រី លឹម មុន្នី លោក យី សុខសាន្ត លោក នី សុខា លោក ណៃ វ៉ង់ដា អគ្គលេខាធិការ​រង គ.ជ.ប លោក នី ចរិយា សកម្មជន​ដីធ្លី​តំបន់​បឹងកក់ អ្នកស្រី ទេព វន្នី។

រីឯ​ប្រធាន​ផ្នែក​អង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ លោក អំ សំអាត មាន​ប្រសាសន៍​ថា អង្គការ​របស់​លោក​មិន​ទាន់​មាន​គម្រោង​ប្ដឹង​សមត្ថកិច្ច​ខេត្ត​កោះកុង ដែល​ចុះ​រឹបអូស​បដា​នោះ​ទេ ដោយ​លោក​ប្រាប់​ថា ពេល​នេះ​អង្គការ​លីកាដូ ចង់​ជួប​ជជែក​ជាមួយ​ក្រុម​សមត្ថកិច្ច​ជា​មុន​សិន៖ «»។

ទាក់ទង​រឿង​នេះ អាស៊ីសេរី​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ស្មាច់មានជ័យ លោក ហែម សុផា ដែល​ចុះ​ដក​ហូត​បដា​រូបថត​មន្ត្រី​សិទ្ធិមនុស្ស និង​សកម្មជន​ដីធ្លី​ជាប់​ឃុំ​បាន​ទេ នៅ​ថ្ងៃ​ទី​៦ ខែ​ឧសភា។ ក្នុង​បទសម្ភាសន៍​ជាមួយ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​២ ខែ​ឧសភា លោក ហែម សុផា បញ្ជាក់​ថា អ្វី​ដែល​លោក​ធ្វើ គឺ​អនុវត្ត​តាម​បញ្ជា​របស់​ចៅសង្កាត់ និង​លោក​អធិការ​ក្រុង​ខេមរភូមិន្ទ។

​ចំណែក​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ និយាយ​ថា ការ​ដែល​សមាគម​អាដហុក ព្រមាន​ប្តឹង​សមត្ថកិច្ច​គឺ​ជា​សិទ្ធិ​របស់​អាដហុក។ ប៉ុន្តែ​លោក​ព្រមាន​ថា សមាគម​អាដហុក ឬ​សង្គម​ស៊ីវិល កាន់​តែ​លើក​បដា ធ្វើ​ឲ្យ​មន្ត្រី​អាដហុក មន្ត្រី គ.ជ.ប និង​សកម្មជន​ដីធ្លី​ដែល​កំពុង​ជាប់​ឃុំ កាន់​តែ​ជាប់គុក​កាន់តែ​យូរ ព្រោះ​តែ​ធ្វើ​ឲ្យ​តុលាការ​រវល់​នឹង​ការ​ពិនិត្យ​នីតិវិធី​នៅ​ក្នុង​សំណុំ​រឿង​នេះ៖ «»។

​មន្ត្រី​ការពារ​សិទ្ធិមនុស្ស​ទាំង ៥​នាក់ ត្រូវ​បាន​ឃុំ​ខ្លួន​ចាប់​តាំង​ពី​ថ្ងៃ​ទី​២៨ ខែ​មេសា ឆ្នាំ​២០១៦ ក្នុង​សំណុំរឿង​ស្នេហា​ស្រីមុំ និង​លោក កឹម សុខា។ កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មេសា អ្នក​ទាំង​៥ ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឃុំ​ខ្លួន​បន្ថែម ៦​ខែ​ទៀត។ សកម្មជន​ដីធ្លី អ្នកស្រី ទេព វន្នី ត្រូវ​បាន​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​រយៈពេល ៦​ខែ ពី​បទ​ប្រមាថ និង​ប្រឆាំង​អ្នក​រាជការ​សាធារណៈ។

អ្នកស្រី ទេព វន្នី ក៏​រង​ការ​ចោទ​ក្នុង​សំណុំ​រឿង​ដាច់​ដោយ​ឡែក​មួយ​ដែល​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​ចំនួន ២​ឆ្នាំ​កន្លះ ក្រោម​បទ​ចោទ​ថា ប្រើ​ហិង្សា​លើ​សន្តិសុខ​សណ្ដាប់ធ្នាប់​សាលា​ខណ្ឌ​ដូនពេញ នៅ​ក្បែរ​ផ្ទះ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ខែ​មីនា ឆ្នាំ​២០១៣៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles