Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

សហគមន៍​ខេត្ត​ក្រចេះ​អំពាវនាវ​ឲ្យ​ទប់ស្កាត់​បទល្មើស​នេសាទ​នៅ​តំបន់​អភិរក្ស​ផ្សោត

$
0
0

សហគមន៍​រស់នៅ​ឃុំ​សំបុក ស្រុក​ចិត្របុរី ខែត្រ​ក្រចេះ អះអាង​ថា បទល្មើស​នេសាទ​នៅ​តំបន់​អភិរក្ស​ធម្មជាតិ​ព្រែក​កាំពី កំពុង​កើត​ឡើង​ពេញ​បន្ទុក ពុំ​សូវ​មាន​ការ​បង្ក្រាប។ សហគមន៍​ថា នៅ​គ្រា​ដែល​ពួក​គេ​ប្រទះ​ឃើញ​ជនជាតិ​វៀតណាម ប្រើ​ឧបករណ៍​អគ្គិសនី​ឆក់​ពេល​យប់ ហើយ​បាន​រាយការណ៍​ទៅ​ឆ្មាំ​អភិរក្ស​មូលដ្ឋាន​ឲ្យ​ចុះ​បង្ក្រាប តែ​ពុំ​ទទួល​បាន​លទ្ធផល។

សហគមន៍​ព្រែក​កាំពី នៅ​ថ្ងៃ​ទី​៤ ឧសភា អំពាវនាវ​ឲ្យ​ក្រសួង​កសិកម្ម និង​ស្ថាប័ន​ពាក់ព័ន្ធ អន្តរាគមន៍​ទប់ស្កាត់​បទល្មើស​នេសាទ​នៅ​តំបន់​អភិរក្ស​ផ្សោត​ទន្លេ​មេគង្គ ខែត្រ​ក្រចេះ និង​ជា​ជម្រក​ត្រី​មេ​ពូជ​ពង​កូន កំពុង​រង​ការ​គំរាម​កំហែង​ពី​ក្រុម​ជនល្មើស ប្រើប្រាស់​ឧបករណ៍​នេសាទ​ខុស​ច្បាប់​នៅ​តំបន់​នោះ។

សហគមន៍​រស់នៅ​ឃុំ​សំបុក ស្រុក​ចិត្របុរី ខែត្រ​ក្រចេះ ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ ឲ្យ​ដឹង​ថា ឧបករណ៍​ឆក់​ត្រជាក់​ដែល​ក្រុម​ជនល្មើស​ប្រើប្រាស់​នោះ នាំ​ចូល​ពី​ប្រទេស​វៀតណាម អាច​មាន​លទ្ធភាព​ចាប់​ត្រី​ម្តងៗ​ច្រើន​គីឡូក្រាម ហើយ​សកម្មភាព​ឆក់​នោះ ក៏​ឋិត​ក្នុង​អន្លង់​អភិរក្ស​ផ្សោត​ព្រែក​កាំពី អាច​យាយី​ការ​ចិញ្ចឹម​ជីវិត​របស់​ផ្សោត​តំបន់​នោះ។ លោកស្រី​បារម្ភ​ថា ជោគវាសនា​សត្វ​ផ្សោត និង​ត្រី​មេ​ពូជ នឹង​ប្រឈម​ហានិភ័យ​ខ្ពស់ ប្រសិន​បើ​ស្ថាប័ន​ពាក់ព័ន្ធ​មិន​រក​មធ្យោបាយ​ទប់ស្កាត់​ឲ្យ​ទាន់​ពេល​ទេ។

លោកស្រី​មើល​ឃើញ​ថា កិច្ច​សហការ​បង្ក្រាប​បទល្មើស​របស់​អាជ្ញាធរ​ជំនាញ និង​ពលរដ្ឋ​នៅ​មូលដ្ឋាន​ហាក់​ទន់​ជ្រាយ​នៅ​ឡើយ ពោល​បើ​ពលរដ្ឋ​ប្រទះ​ឃើញ​បទល្មើស​នេសាទ ហើយ​បាន​ជូន​ដំណឹង​ទៅ​មន្ត្រី​ជំនាញ​នៅ​មូលដ្ឋាន​ឲ្យ​ចុះ​បង្ក្រាប តែ​ពុំ​ទទួល​បាន​ជោគជ័យ​នោះ​ទេ«គេ​ចាប់​អ្នក​ឆក់​បាន​មួយ​សា​ហើយ គេ​ចាប់​អ្នក​ឆក់​ដាក់​គុក ដល់​ពេល​ចេញ​មក​នៅ​តែ​ឆក់​ដដែល មើល​ទៅ​អស់​ហើយ គេ​ឆក់​នៅ​តំបន់​ហ្នឹង​ដល់​ខាង​ស្រុក​សំបូរ ក៏​គេ​ឆក់​ដែរ។ អ្នក​ភូមិ​ខ្ញុំ​គេ​ឆក់​ច្រើន​ម្តង ហើយ​និយាយ​ទៅ​នគរបាល​ប៉ុស្តិ៍​ក៏​ពុំ​ដឹង​ធ្វើ​ម៉េច​ដែរ»

អន្លង់​អភិរក្ស​ព្រែក​កាំពី ឋិត​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួង​កសិកម្ម ដែល​មាន​រដ្ឋបាល​ជលផល​ជា​ស្ថាប័ន​ស្នូល មាន​កាតព្វកិច្ច​ធានា​កិច្ច​គាំពារ​បរិស្ថាន​អភិរក្ស​ជីវចម្រុះ និង​ទប់ស្កាត់​បទល្មើស​នេសាទ​គ្រប់​ប្រភេទ អនុលោម​តាម​អនុក្រឹត្យ​របស់​ប្រមុខ​រាជ​រដ្ឋាភិបាល​ចុះ​ថ្ងៃ​ទី​២២ ខែ​កញ្ញា ឆ្នាំ​២០១២។ ខ្លឹមសារ​អនុក្រឹត្យ​នោះ​បញ្ជាក់​ថា ទន្លេ​មេគង្គ​ខែត្រ​ក្រចេះ គិត​ត្រឹម​ក្បាល​កោះទ្រង់ រហូត​ដល់​ព្រំប្រទល់​ខែត្រ​ស្ទឹងត្រែង មាន​ប្រវែង ៨៥​គីឡូម៉ែត្រ ត្រូវ​ចាត់​ទុក​ជា​តំបន់​អភិរក្ស​ផ្សោត និង​ត្រី​មេ​ពូជ។

អនុប្រធាន​រដ្ឋបាល​ជលផល​ខែត្រ​ក្រចេះ និង​ជា​ឆ្មាំ​ទន្លេ លោក ម៉ុក ពន្លក មាន​ប្រសាសន៍​ថា នៅ​តំបន់​អភិរក្ស​ព្រែក​កាំពី មន្ត្រី​ជំនាញ​ជលផល​បាន​ចុះ​ទៅ​បង្ក្រាប​ជា​ហូរហែ និង​បាន​ចាប់​ជនល្មើស​បញ្ជូន​ទៅ​តុលាការ​ពីរ​ករណី កាល​ពី​ខែ​កុម្ភៈ និង​ខែ​មីនា ឆ្នាំ​២០១៧។ លោក​ថា នៅ​គ្រា​ដែល​មន្ត្រី​ជំនាញ​ចុះ​បង្ក្រាប ជនល្មើស​ហាក់​ដូចជា​មាន​បណ្ដាញ​ដឹង​មុន។ បញ្ហា​នេះ លោក​សង្ស័យ​ថា ក្នុង​ចំណោម​ឆ្មាំ​ទន្លេ​នៅ​តំបន់​នោះ អាច​មាន​សមាជិក​ឆ្មាំ​ទន្លេ​មួយ​ចំនួន​តូច ឃុបឃិត​ដើម្បី​ទទួល​ផល​ប្រយោជន៍​តិចតួច​ពី​បទល្មើស«មន្ត្រី​ឆ្មាំ​ទន្លេ​ក៏ដូចជា​មន្ត្រី​ជលផល​យើង​បាន​ចុះ​ទៅ​បង្ក្រាប​ជា​រឿយៗ​ដែរ ប៉ុន្តែ​រាល់​ពេល​ដែល​យើង​ចុះ​ធ្វើ​បង្ក្រាប គឺ​ជនល្មើស​ហាក់​ដូចជា​មាន​បណ្ដាញ ឬ​ហៅ​ថា​ផ្ទៃក្នុង​ពី​យើង។ បើ​យើង​ចុះ​ទៅ​ទ្រង់ទ្រាយ​ធំ គឺ​ចុះ​ពុំ​បាន​ទាល់​តែ​សោះ តែ​ចុះ​ទៅ​គេ​ដឹង គឺ​បទល្មើស​ស្ងាត់​ទន្លេ តែ​បើ​សិន​ដក​កម្លាំង​មក​វិញ គឺ​បទល្មើស​ចេញ​ឆ្វៀលឆ្វាត់»

មន្ត្រី​សម្របសម្រួល​បណ្ដាញ​ការពារ​ទន្លេ​បី លោក លាង ប៊ុនលាភ ចាត់​ទុក​តំបន់​នោះ​ជា​ជម្រក​ត្រី​ផ្សោត​រស់នៅ ដែល​ទាញ​ប្រយោជន៍​ពី​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​មក​ទស្សនា ហើយ​ក៏​ជា​ជម្រក​ត្រី​មេ​ពូជ​ពង​កូន ហេតុ​នេះ​ទាមទារ​ឲ្យ​ក្រសួង​កសិកម្ម និង​អាជ្ញាធរ​ខែត្រ ត្រូវ​ពង្រឹង​ប្រសិទ្ធភាព​កិច្ច​អភិរក្ស​ជីវចម្រុះ​ឲ្យ​មាន​ប្រសិទ្ធភាព មិន​ត្រូវ​បណ្តែតបណ្តោយ​ឲ្យ​បទល្មើស​កើត​ឡើង​បែប​អនាធិបតេយ្យ​នោះ​ទេ«យើង​ត្រូវ​ជំរុញ ត្រូវ​យក​ថវិកា​ពី​ជ្រុង​ខាង​ណាៗ ដើម្បី​ចាត់ចែង​រឿង​ហ្នឹង​ឲ្យ​បាន​ជាប់លាប់ បើ​មិន​ចឹង​ទេ វា​ត្រូវ​បាត់បង់​ហើយ ព្រោះ​ផ្ទៃ​ទឹក​ធំ​ហើយ ថវិកា​វា​អត់។ ចឹង​វា​ធ្វើ​មាន​ចន្លោះ​ប្រហោង​កន្លែង​ហ្នឹង»

ច្រើន​ឆ្នាំ​កន្លង​ទៅ សហគមន៍​រស់នៅ​ឃុំ​សំបុក បាន​នាំ​គ្នា​អភិវឌ្ឍ​តំបន់​នោះ​មួយ​ផ្នែក​ប្រែ​ក្លាយ​ជា​តំបន់​ទេសចរណ៍​ធម្មជាតិ​បៃតង បម្រើ​វិស័យ​ទេសចរណ៍ ក្នុង​ទិសដៅ​រួម​គ្នា​អភិរក្ស​ប្រព័ន្ធ​ជីវចម្រុះ និង​បង្កើន​ប្រាក់​ចំណូល​ដល់​សហគមន៍៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles