Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

អង្គការ​មាតា​ធម្មជាតិ​រក​ឃើញ​ថា​នៅ​តែ​មាន​ការ​នាំ​ខ្សាច់​ចេញ​ទៅ​ក្រៅ​ប្រទេស

$
0
0

បើ​ទោះ​ជា​រដ្ឋាភិបាល​កម្ពុជា បាន​ប្រកាស​ផ្អាក​ការ​បូម​ខ្សាច់ និង​ការ​នាំ​ចេញ​ខ្សាច់​ទៅ​ក្រៅ​ប្រទេស​ជា​បណ្ដោះអាសន្ន​ក្តី ក៏ប៉ុន្តែ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ផ្នែក​បរិស្ថាន រក​ឃើញ​ថា ខ្សាច់​របស់​កម្ពុជា នៅ​តែ​ត្រូវ​គេ​ដឹក​ចេញ​ពី​ដែន​ទឹក​កម្ពុជា ដដែល។

អង្គការ​មាតា​ធម្មជាតិ ប្រមូល​បាន​ព័ត៌មាន​បង្ហាញ​ពី​ការ​បន្ត​បូម​ខ្សាច់ និង​ការ​ដឹក​ខ្សាច់​ពី​ដែន​ទឹក​កម្ពុជា ដោយ​កប៉ាល់​ធំៗ​ទៅ​បរទេស​ចាប់​តាំង​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៦ មក។

អង្គការ​នេះ​ប៉ាន់ស្មាន​ថា ក្នុង​មួយ​ខែៗ ខ្សាច់​រាប់​ម៉ឺន​តោន​ត្រូវ​បាន​គេ​នាំ​ចេញ​ពី​ប្រទេស​កម្ពុជា។

អ្នក​សម្របសម្រួល​ផ្នែក​ស្ត្រី​ក្នុង​សហគមន៍ នៃ​អង្គការ​មាតា​ធម្មជាតិ កញ្ញា លឹម គឹមស័រ និង​ក្រុម​ការងារ​របស់​នាង បាន​ទទួល​ព័ត៌មាន​ពី​អ្នក​នេសាទ​នៅ​តាម​ទីតាំង ដែល​កញ្ញា​ថា​មាន​ការ​បូម​ខ្សាច់ និង​ដឹក​ខ្សាច់​ចេញ​ទៅ​ក្រៅ​ប្រទេស។ ក្រុម​ការងារ​នាង​បាន​ស៊ើប​អង្កេត​រឿង​នេះ។

ក្រុម​នាង​រក​ឃើញ​ថា ការ​បូម​ខ្សាច់​នៅ​បន្ត​កើត​ឡើង ហើយ​បាន​ប្រទះ​ឃើញ​កប៉ាល់​ដឹក​ខ្សាច់​ធំៗ​ជាច្រើន​គ្រឿង ត្រៀម​បើក​ចេញ​ពី​ដែន​ទឹក​កម្ពុជា«បើ​សិន​ជា​យើង​មើល Google Maps វា​កើត​ឡើង​នៅ​ឆក​សមុទ្រ​កំពង់សោម។ ទីតាំង​នេះ​វា​ស្ថិត​នៅ​ចន្លោះ​ស្រុក​ថ្មស ខេត្ត​កោះកុង មក​ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ»

អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន បញ្ជាក់​ថា មិន​មាន​ការ​បូម​ខ្សាច់ និង​កប៉ាល់​ដឹក​ខ្សាច់​ណា​មួយ ដឹក​ខ្សាច់​ចេញ​ពី​ទីតាំង​ខេត្ត​ព្រះសីហនុ នោះ​ទេ។

អ្នក​នាំ​ពាក្យ​ក្រសួង​រ៉ែ និង​ថាមពល លោក ឌិត ទីណា បញ្ជាក់​ថា ខ្សាច់​ដែល​ក្រសួង​ហាមឃាត់​មិន​ឲ្យ​នាំ​ចេញ​ជា​ប្រភេទ​ខ្សាច់​លុប និង​ខ្សាច់​សំណង់ ក៏ប៉ុន្តែ​ខ្សាច់​សម្រាប់​ធ្វើ​កែវ ក្រសួង​មិន​បាន​ផ្អាក​ការ​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស​នោះ​ទេ។ លោក​បន្ត​ទៀត​ថា ការ​រក​ឃើញ​របស់​អង្គការ​មាតា​ធម្មជាតិ មិន​បាន​បញ្ជាក់​ពី​ប្រភេទ​ខ្សាច់ ឈ្មោះ​កប៉ាល់​ដឹក​ខ្សាច់ និង​ទីកន្លែង​នោះ​ទេ។ លោក​ថា ក្រសួង​នឹង​ស៊ើប​អង្កេត​ករណី​នេះ។

តាម​រយៈ​រូបភាព​ដែល​អង្គការ​មាតា​ធម្មជាតិ ថត​បាន​កប៉ាល់​ធំ​ចំនួន​ពីរ ដែល​បាន​ដឹក​ខ្សាច់​ចេញ​ពី​កម្ពុជា នោះ​មាន​ឈ្មោះ Ocean Beauty និង Deryoung Sunflower

ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ លោក អាឡិកហាន់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន (Alejandro Gonzalez Davidson) ដែល​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​កម្ពុជា បន្ទាប់​ពី​ធ្វើ​យុទ្ធនាការ​ផ្អាក​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​នៅ​តំបន់​អារ៉ែង ក្នុង​ខេត្ត​កោះកុង បាន​ស្រាវជ្រាវ​ពី​ទិសដៅ​ចុង​ក្រោយ​នៃ​កប៉ាល់​ទាំង​ពីរ។ លោក​បញ្ជាក់​ថា ទិន្នន័យ​ពី​ផែនទី​របស់ Marine Traffic ដែល​ជា​ក្រុមហ៊ុន​តាមដាន​ការ​ចរាចរ​នាវា​សមុទ្រ​ជុំវិញ​ពិភពលោក ឲ្យ​ដឹង​ថា កប៉ាល់​ដឹក​ខ្សាច់ Ocean Beauty បាន​ចាកចេញ​ពី​ប្រទេស​កម្ពុជា កាល​ពី​ថ្ងៃ​ទី​៣០ មេសា។ កប៉ាល់​នេះ កំពុង​ធ្វើ​ដំណើរ​តម្រង់​ទៅ​កំពង់ផែ​តៃចាង (Taicang Port) នៅ​ប្រទេស​ចិន។

លោក អាឡិក ឲ្យ​ដឹង​ទៀត​ថា ចំណែក​កប៉ាល់​ដឹក​ខ្សាច់​មួយ​ទៀត​ឈ្មោះ Deryoung Sunflower បាន​បន្សល់​សញ្ញា​ចរាចរ​ចុង​ក្រោយ​ក្បែរ​ព្រំដែន​ទឹក​កម្ពុជា-វៀតណាម ហើយ​ទិសដៅ​ចុង​ក្រោយ​របស់​វា សំដៅ​ទៅ​កំពង់ផែ​តៃចុង (Taichung) នៅ​កោះ​តៃវ៉ាន់។

ប្រធាន​អង្គការ​មាតា​ធម្មជាតិ លោក អាឡិក យល់​ថា បម្រាម​របស់​រដ្ឋាភិបាល​គ្មាន​ប្រសិទ្ធភាព។ លោក​លើក​ឡើង​ថា រដ្ឋាភិបាល​កម្ពុជា ត្រូវ​ចាត់​វិធានការ​ឲ្យ​មាន​ប្រសិទ្ធភាព និង​ម៉ឺងម៉ាត់​ជាង​នេះ ប្រសិន​បើ​រដ្ឋាភិបាល​មាន​ឆន្ទៈ​ទប់ស្កាត់​ការ​បូម​ខ្សាច់ និង​នាំ​ចេញ​ខ្សាច់​ទៅ​ក្រៅ​ប្រទេស ដែល​លោក​ថា​កំពុង​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ប្រព័ន្ធ​ជីវចម្រុះ និង​ជីវិត​របស់​ប្រជា​សហគមន៍​ដែល​រស់នៅ​អាស្រ័យ​ធនធាន​សមុទ្រ។

ក្រសួង​រ៉ែ និង​ថាមពល កាល​ពី​ចុង​ឆ្នាំ​២០១៦ បាន​ចេញ​បម្រាម​ផ្អាក​ការ​បូម​ខ្សាច់​នៅ​ខេត្ត​កោះកុង និង​ការ​នាំ​ចេញ​ខ្សាច់​ទៅ​ក្រៅ​ប្រទេស​ទាំងអស់ ដោយ​គ្មាន​កំណត់​រយៈពេល។ បម្រាម​នេះ កើត​ឡើង​ក្រោយ​ពេល​បណ្ដា​អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ រក​ឃើញ​ខ្សាច់​ជាង ៦០​លាន​តោន បាន​បាត់​ពី​ប្រព័ន្ធ​ទិន្នន័យ​របស់​រដ្ឋាភិបាល​កម្ពុជា នៃ​ការ​នាំ​ចេញ​ខ្សាច់​ទៅ​ប្រទេស​សិង្ហបុរី ដែល​គេ​បាន​ប៉ាន់ស្មាន​ថា វា​នាំ​ឲ្យ​មាន​ការ​បាត់​ប្រាក់​រាប់​រយ​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។

ទាក់ទង​នឹង​រឿង​នេះ​ដែរ អ្នក​នាំ​ពាក្យ​ក្រសួង​រ៉ែ និង​ថាមពល លោក ឌិត ទីណា សម្ដែង​ការ​សោកស្ដាយ​ដែល​អង្គការ​មាតា​ធម្មជាតិ មិន​បាន​ផ្តល់​ព័ត៌មាន​ភ្លាមៗ​ឲ្យ​ក្រសួង​ដឹង​អំពី​ការ​នាំ​ខ្សាច់​ចេញ​ទៅ​ក្រៅ​ប្រទេស​នេះ ហើយ​លោក​ថា អង្គការ​នេះ​ព្យាយាម​បង្កើត​ព្រឹត្តិការណ៍ ជា​ជាង​ដោះស្រាយ​បញ្ហា។

ក៏ប៉ុន្តែ អង្គការ​មាតា​ធម្មជាតិ​ឆ្លើយតប​ថា ជា​រឿយៗ​ដែល​ខ្លួន​ផ្តល់​ព័ត៌មាន​ស្ដីពី​ការ​បូម​ខ្សាច់ ឬ​នាំ​ខ្សាច់​ចេញ ជូន​ដល់​ក្រសួង ក្រសួង​មិន​បាន​ចាត់​វិធានការ​នោះ​ទេ ហេតុ​ដូច្នេះ​ហើយ ទើប​អង្គការ​នេះ​សម្រេច​មិន​ផ្តល់​ព័ត៌មាន​ដល់​ក្រសួង​លើក​នេះ។

អង្គការ​នេះ​លែង​ទុក​ចិត្ត​ក្រសួង ហើយ​អះអាង​ថា នៅ​ពេល​សាធារណជន​ដឹង​អំពី​ព័ត៌មាន​ស្ដីពី​រឿង​ខ្សាច់​នេះ នោះ​រដ្ឋាភិបាល​នឹង​នាំ​គ្នា​ចាត់​វិធានការ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles