ពានរង្វាន់សម្រាប់អ្នកការពារសិទ្ធិមនុស្សពិភពលោកមួយឈ្មោះថា ពានរង្វាន់ម៉ាទីន អេណលស៍ (Martin Ennals) ដែលមានគណៈកម្មការផ្ដល់ពានរង្វាន់ជាអង្គការសិទ្ធិមនុស្សចំនួន១០ ក្នុងពិភពលោក បានជ្រើសយកមន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ៤រូប និងមន្ត្រី គ.ជ.ប មួយរូប ដែលកំពុងជាប់ឃុំក្នុងសំណុំរឿងអាស្រូវស្នេហារវាងនាង ខុម ចាន់តារាទី ហៅស្រីមុំ និងលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ធ្វើជាបេក្ខជនទទួលពានរង្វាន់ផ្នែកការពារសិទ្ធិមនុស្សប្រចាំឆ្នាំ២០១៧ នេះ។
អ្នកទាំងប្រាំរួមមាន អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក នី ចរិយា អ្នកស្រី លឹម មុន្នី លោក យី សុខសាន្ត លោក នី សុខា និងលោក ណៃ វ៉ង់ដា ដែលអ្នកទាំងបួនជាមន្ត្រីសិទ្ធិមនុស្សនៃសមាគមការពារសិទ្ធិមនុស្សអាដហុក។
សេចក្ដីប្រកាសព័ត៌មានរបស់គណៈកម្មការផ្ដល់ពានរង្វាន់នេះ ចេញផ្សាយថ្ងៃទី២៦ មេសា បញ្ជាក់ថា ពានរង្វាន់នេះផ្ដល់ជូនដល់អ្នកការពារសិទ្ធិមនុស្សក្នុងពិភពលោក ដែលបានបង្ហាញពីការប្ដេជ្ញាចិត្តយ៉ាងជ្រាលជ្រៅ និងភាពក្លាហានក្នុងការប្រឈមមុខនឹងហានិភ័យផ្ទាល់ខ្លួន។
សេចក្ដីប្រកាសព័ត៌មានដដែលឲ្យដឹងថា ក្រៅពីអ្នកទាំងប្រាំដែលជាបេក្ខជនជាជនជាតិខ្មែរ ពានរង្វាន់ម៉ាទីន អេណលស៍ (Martin Ennals) ក៏បានជ្រើសយកបេក្ខជនពីររូបទៀតមកពីប្រទេសអែលសាល់វ៉ាឌ័រ (El Salvador) និងប្រទេសអេហ្ស៊ីប (Egypt)។
ពិធីប្រគល់ពានរង្វាន់នេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ ខាងមុខ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស៕