Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

មន្ត្រី​បក្ស​ប្រឆាំង​ថា​ពលរដ្ឋ​អាច​ច្រឡំ​លើ​នីតិវិធី​គ.ជ.ប​ដែល​ឲ្យ​ស៊ីញ៉េ​លើ​សន្លឹក​ឆ្នោត

$
0
0

សមាជិក​ក្រុមប្រឹក្សា​ខេត្ត​កំពង់​ឆ្នាំង និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ បារម្ភ​ថា​អ្នក​បោះ​ឆ្នោត​អាច​ច្រឡំ​ចុះ​ហត្ថលេខា​ ឬ​ស៊ីញ៉េ​លើ​សន្លឹក​ឆ្នោត ដែល​នឹង​ធ្វើ​ឲ្យ​សន្លឹក​ឆ្នោត​ខូច ឬ​សន្លឹក​ឆ្នោត​មិន​បាន​ការ។ តាម​នីតិវិធី គ..ប តម្រូវ​ឲ្យ​អ្នក​បោះឆ្នោត​ស៊ីញ៉េ​លើ​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ពេល​បោះឆ្នោត។ សង្គម​ស៊ីវិល យល់​ស្រប​ចំពោះ​ការ​បារម្ភ​នេះ ហើយ​ថា គ..ប មិន​គួរ​ប្រើ​នីតិ​វិធី​ស្មុគស្មាញ​ពេក​ទេ។

មួយថ្ងៃ​​បន្ទាប់​ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ឬ គ..ប ចាប់ផ្ដើម​បើក​វគ្គ​បណ្ដុះ​បណ្ដាល​រយៈពេល ៣​ថ្ងៃ ដល់​មន្ត្រី និង​គ្រូ​បង្គោល​របស់​ខ្លួន អំពី​នីតិវិធី បទ​បញ្ជា និង​គោលការណ៍​ច្បាប់​បោះ​ឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ថ្មី នៅ​ថ្ងៃទី២១ ខែ​មេសា មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ បារម្ភ​ថា​អ្នក​បោះ​ឆ្នោត​អាច​ច្រឡំ​ទៅ​ស៊ីញ៉េ​សន្លឹក​ឆ្នោត​ នៅ​ពេល​ដែល គ ជ ប ណែនាំ​អោយ​ស៊ីញ៉េ​លើ​បញ្ជី​ឈ្មោះ​បោះឆ្នោត។

អនុ​ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​កំពង់​ឆ្នាំង លោក ដួង ចន្ដ្រា ថ្លែង​ថា សន្លឹក​ឆ្នោត​ដ៏​មាន​តម្លៃ​របស់​ពលរដ្ឋ អាច​នឹង​មិន​យក​ជា​ការ​បាន​បើ​ពួកគេ​ច្រឡំ​ស៊ីញ៉េ ឬ​ធ្វើ​ឲ្យ​មាន​ស្នាម​ប្រឡាក់​នៅ​លើ​សន្លឹក​ឆ្នោត​នោះ។ លោក​ស្នើ​ឲ្យ គ..ប កែប្រែ​នីតិវិធី​ត្រង់​ចំណុច​នេះ ដោយ​គ្រាន់​តែ​ឲ្យ​មន្ត្រី​តាម​ការិយាល័យ​យក​ប៉ិច​គូស​លើ​ឈ្មោះ ដែល​បាន​បោះ​ហើយ​ជា​ការ​ស្រេច៖ «បើ​គាត់​ស៊ីញ៉េ​បែប​នេះ​មែន វា​នឹង​ប៉ះពាល់​ទៅ​ដល់​លទ្ធផល​នៃ​ការ​បោះឆ្នោត ព្រោះ​កន្លង​ទៅ​សន្លឹក​ឆ្នោត​ដែល​មាន​ចុះហត្ថលេខា​ក្ដី ផ្ដិតមេដៃ​ក្ដី ឬ​សរសេរ​ជា​គំនូស​អក្សរ​ក្ដី គឺ​គេ​មិន​អាច​ទទួល​យក​ទេ ទុក​សន្លឹក​ឆ្នោត​នោះ​ជា​មោឃៈ។ អីចឹង​ធ្វើ​ឲ្យ​មាន​ការ​ភ័ន្ដ​ច្រឡំ​ដល់​ពលរដ្ឋ​យើង​មួយ​ចំនួន​ដែល​ចំណេះដឹង​របស់​គាត់​នៅ​មាន​កម្រិត ធ្វើ​ឲ្យ​គាត់​ច្រឡំ​ថា​ការ​បោះ​ឆ្នោត​ថ្មី​នៅ​ពេល​ខាង​មុខ​នេះ នឹង​ឲ្យ​ចុះ​ហត្ថលេខា​លើ​សន្លឹក​ឆ្នោត»

អាស៊ី​សេរី​មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត លោក ហង្ស ពុទ្ធា ដើម្បី​ឆ្លើយតប​នឹង​ក្ដី​បារម្ភ​នេះ​បាន​ទេ​នៅ​ថ្ងៃទី២១ ខែ​មេសា។ ប៉ុន្តែ​អគ្គលេខាធិការ​រង គ..ប លោក សោម សូរីដា បញ្ជាក់​ថា នីតិវិធី​ស្ដីពី​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៤ នេះ មាន​ចំណុច​ពិសេស​ខុស​ពី​អាណត្តិ​មុន ដែល​បញ្ជី​ឈ្មោះ​មាន​រូបថត និង​មាន​ចន្លោះ​សម្រាប់​ឲ្យ​អ្នក​បោះឆ្នោត​ចុះ​ហត្ថលេខា ដើម្បី​បង្ការ​ការ​បោះឆ្នោត​ស្ទួន៖ «ដើម្បី​បោះឆ្នោត​បាន ប្រជាពលរដ្ឋ​ត្រូវ​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត និង​មាន​អត្តសញ្ញាណ​សញ្ជាតិ​ខ្មែរ។ អ៊ីចឹង​យើង​ថា​ឯកសារ​មាន​តែ​មួយ​គត់ ដែល​កំណត់​នៅ​ក្នុង​មាត្រា​៤៦ នេះ។ ប៉ុន្តែ​នៅ​ក្នុង​ជំពូក​អន្តរ​បញ្ញត្តិ​មាត្រា​១៦៩ ចែង​ថា ប្រជាពលរដ្ឋ​ដែល​អត់​មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ គាត់​អាច​បោះឆ្នោត​បាន​ដោយ​ប្រើប្រាស់​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​បម្រើ​ឲ្យ​ការ​បោះឆ្នោត សម្រាប់​ការ​បោះឆ្នោត​ពីរ គឺ​ទី​មួយ ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ ឆ្នាំ​២០១៧ និង​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​ឆ្នាំ​២០១៨។ មាន​ន័យ​ថា ផុត ២​ឆ្នាំ​ហ្នឹង​ទៅ គឺ​ឆ្នាំ​២០១៧ និង ២០១៨ សម្រាប់​ការ​បោះឆ្នោត​លើក​ក្រោយ​ទៀត មាន​តែ​ឯកសារ​តែ​មួយ​គត់​សម្រាប់​ការ​បោះឆ្នោត គឺ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ>>

មន្ត្រី​ផ្នែក​អង្កេត​ជាន់​ខ្ពស់​របស់​អង្គការ​ខុមហ្វ្រែល (Comfrel) លោក កន សាវាង្ស យល់​ថា ឲ្យ​តែ​មាន​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ត្រឹមត្រូវ ចំពោះ​នីតិវិធី​នៅ​ដំណាក់​កាល​បោះ​ឆ្នោត មាន​តែ​ទឹក​ខ្មៅ​ជ្រលក់​ម្រាម​ដៃ និង​ការ​ផ្ទៀងផ្ទាត់​រូប​ថត ជា​មួយ​បុគ្គល​ដែល​ត្រូវ​បោះឆ្នោត​នោះ​ជា​ការ​ស្រេច។ លោក​ថា គ..ប មិន​គួរ​បង្កើត​នីតិ​វិធី​ស្មុគស្មាញ​ពេក​ដែល​ធ្វើ​អ្នក​បោះ​ឆ្នោត​លំបាក ឬ​ភ័ន្តច្រឡំ​នោះ​ទេ៖ «វា​ជា​ការ​ប្រសើរ​មួយ​ហើយ បើ​សិន​ជា​អាច​ធ្វើ​បាន ប៉ុន្តែ​វា​បង្កើត​ភាព​ស្មុគស្មាញ​សម្រាប់​ប្រជា​ពលរដ្ឋ​វិញ​ទេ ព្រោះ​អ្នក​ខ្លះ​អត់​ចេះ​ស៊ីញ៉េ​ហើយ​គាត់​ស៊ីញ៉េ​គាត់​ធ្វើ​ង៉េមង៉ាម​ៗ ហើយ​ដូច​ខ្ញុំ​ជម្រាប​ពី​ខាង​ដើម​ថា វា​មិនមែន​ទាល់​តែ​ស៊ីញ៉េ​បាន​អាច​លប់​បំបាត់​ការ​បោះឆ្នោត​ស្ទួន​វា​មិនមែន​ទេ ព្រោះ​បោះ​ឆ្នោត​ពីរ​ទាល់​តែ​មាន​ឈ្មោះ​ហ្នឹង​ពីរ​ដង ព្រោះ​ស៊ីញ៉េ​ជំនួស​ជំនួស​បាន​ដែរ»

ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី៤ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី៤ ខែ​មិថុនា ខាង​មុខ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles