អង្គការសង្គមស៊ីវិលជាង ៥០ បានបើកយុទ្ធនាការប្រមូលរូបថតចំនួន ៣៦៥សន្លឹក ដែលមានឈ្មោះថា ខ្ញុំជាអ្នកទាំង៥ ដើម្បីចូលរួមរំលឹករយៈពេលគម្រប់ ១ឆ្នាំនៃការឃុំខ្លួនបណ្ដោះអាសន្ននូវអ្នកការពារសិទ្ធិមនុស្ស ៤រូប និងមន្ត្រី គ.ជ.ប មួយរូប។ យុទ្ធនាការនេះបន្ទាប់ពីតុលាការបានឃុំខ្លួនបណ្ដោះអាសន្នលើអ្នកទាំង៥ ពីបទសូកប៉ាន់សាក្សី និងសមគំនិតសូកប៉ាន់សាក្សីទាក់ទងនឹងរឿងអាស្រូវស្នេហារវាងលោក កឹម សុខា និងអ្នកនាង ខុម ចាន់តារាទី ហៅស្រីមុំ។
យុទ្ធនាការដែលមានឈ្មោះថា I AM THE FIVE ឬហៅថា ខ្ញុំជាអ្នកទាំង៥ បានផ្ដោតសំខាន់ទៅលើការទាមទារឲ្យរដ្ឋាភិបាល និងស្ថាប័នតុលាការពិចារណាដោះលែងសកម្មជនសិទ្ធិមនុស្ស ៥រូប ដែលកំពុងឋិតក្រោមការឃុំខ្លួនបណ្ដោះអាសន្នដោយពុំមានចំណាត់ការកាត់សេចក្ដីរយៈពេល ១ឆ្នាំមកហើយ។
មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់ផ្នែកសិទ្ធិមនុស្សអាដហុក (ADHOC) លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា អង្គការជាតិ អន្តរជាតិជាង ៥០ បានចូលរួមជាសមាជិកក្នុងយុទ្ធនាការប្រមូលរូបថតដាក់បញ្ចូលក្នុងគេហទំព័រ Freethe5KH នេះ មានបំណងសំខាន់គឺស្នើឲ្យរដ្ឋាភិបាល និងស្ថាប័នតុលាការដែលមានសិទ្ធិ និងមានតួនាទីក្នុងការធ្វើសេចក្ដីសម្រេចចិត្តដ៏ត្រឹមត្រូវមួយក្នុងការដោះលែងអ្នកទាំង ៥ ដែលរងភាពអយុត្តិធម៌នៅក្នុងការឃុំខ្លួនដែលឥតទោសកំហុស៖ «អ្វីដែលយើងធ្វើគឺខ្ញុំយល់ថា មានប្រសិទ្ធភាព ពីព្រោះសាធារណជនជាច្រើនមានការគាំទ្រគាត់មិនអោបដៃឈរមើលយុទ្ធនាការនេះទេ ព្រោះគាត់យល់ថា ជារឿងអយុត្តិធម៌សម្រាប់សកម្មជនសិទ្ធិមនុស្សដែលធ្វើការមនុស្សធម៌»។
គិតទៅដល់ថ្ងៃទី២៨ ខែមេសា អ្នកទាំង ៥រូប គឺមន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុក គឺលោក នី សុខា លោក ណៃ វ៉ង់ដា លោក យី សុខសាន្ត និងអ្នកស្រី លឹម មុន្នី រួមនឹងអគ្គលេខាធិការរង គ.ជ.ប លោក នី ចរិយា ត្រូវតុលាការឃុំខ្លួនរយៈពេល ១ឆ្នាំគត់។ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦ ពួកគេត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយកោះហៅ និងឃាត់ខ្លួនសាកសួរ។ នៅថ្ងៃទី២៨ ខែមេសា តុលាការបានចោទប្រកាន់ពួកគេពីបទសូកប៉ាន់សាក្សីពាក់ព័ន្ធនឹងសំណុំរឿងអាស្រូវស្នេហារវាងប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា និងនាង ខុម ចាន់តារាទី។
ការប្រមូលរូបថតរបស់អ្នកដើម្បីចូលរួមក្នុងយុទ្ធនាការ "ខ្ញុំជាអ្នកទាំង៥" នេះ ធ្វើឡើងរំលឹកពីការឃុំខ្លួនបណ្ដោះអាសន្នរបស់អ្នកការពារសិទ្ធិមនុស្ស និងអំពាវនាវរហូតដល់មានការដោះលែងអ្នកការពារសិទ្ធិមនុស្សទាំង៥។ ក្រុមការងារនេះអះអាងថា ពួកគេប្រមូលរូបថតពីពលរដ្ឋនៅតាមសហគមន៍ និងសង្គមស៊ីវិល បានលើសពី ៣៦៥សន្លឹកដែលសំដៅតំណាងរយៈពេលគម្រប់មួយឆ្នាំនៃការឃុំខ្លួន។ នៅពេលរៀបចំរួចរាល់នៅថ្ងៃទី២៨ ខែមេសា ពួកគេអាចនឹងបន្តធ្វើយុទ្ធនាការថ្មីទៀតដែលនឹងជូនដំណឹងនៅពេលក្រោយ។
ឆ្លើយតបបញ្ហានេះ អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ថ្លែងថា ចំពោះការឃុំខ្លួននេះគឺស្របតាមគោលការណ៍ច្បាប់ត្រឹមត្រូវ ដែលស្ថិតក្នុងដំណើរការនីតិវិធីរបស់តុលាការ។ រីឯការបើកសវនាការនៅពេលណានោះ គឺអាស្រ័យទៅលើកាលវិភាគរបស់តុលាការ៖ «ការសម្របសម្រួលណាផ្សេងពីនេះ ដែលរំលោភទៅលើដំណើរការនីតិវិធីគឺមិនអាចទៅរួចទេ»។
កាលពីពេលថ្មីៗនេះ ក្រុមការងារនៃអង្គការសហប្រជាជាតិទទួលបន្ទុកតាមដានបញ្ហានៃការឃុំខ្លួនតាមទំនើងចិត្ត បានចាត់ទុកថា ការឃុំខ្លួននោះ គឺជាការឃុំខ្លួនតាមទំនើងចិត្ត និងបំពានលើសិទ្ធិសេរីភាពខាងសមាគម។
ជុំវិញការងារទាមទារដោះលែងអ្នកទាំង ៥រូបនេះ សង្គមស៊ីវិលនិងសហគមន៍ដីធ្លីបានធ្វើយុទ្ធនាការមួយចំនួនដូចជា ការធ្វើយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ (Black Monday) ការធ្វើបដារាប់ថ្ងៃអ្នកជាប់ឃុំ និងតាមប្រព័ន្ធផ្សព្វផ្សាយជាដើម ដើម្បីតស៊ូមតិទាមទារដោះលែង៕