Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

ពលរដ្ឋ​ក្រុង​ស្ទឹងត្រែង​ត្អូញត្អែរ​ពី​បញ្ហា​ក្លិន​ស្អុយ​ភាយ​ចេញ​ពី​គំនរ​សំរាម​តាម​ដង​ផ្លូវ

$
0
0

ពលរដ្ឋ​រស់នៅ​ក្រុង​ស្ទឹងត្រែង ខែត្រ​ស្ទឹងត្រែង ត្អូញត្អែរ​ពី​គំនរ​សំរាម​ពាសពេញ​ផ្លូវ ដែល​គេ​យក​មក​បោះ​ចោល​ក្រៅ​ធុង​សំរាម​ច្រើន​ថ្ងៃ​ហើយ។ ពលរដ្ឋ​ខ្លះ​បោះ​ចោល​សំរាម​ចូល​ក្នុង​ទឹក​ទន្លេ។ ពលរដ្ឋ​ដែល​មាន​លំនៅឋាន​នៅ​ក្បែរៗ​នឹង​គំនរ​សំរាម​ទាំងនោះ បារម្ភ​ពី​ផល​ប៉ះពាល់​សុខភាព​ដែល​អាច​បង្ក​ដោយ​គំនរ​សំរាម​ទាំងនោះ។

ពលរដ្ឋ​សង្កាត់​ស្ទឹងត្រែង ក្រុង​ស្ទឹងត្រែង អំពាវនាវ​នៅ​ថ្ងៃ​ទី​២០ មេសា ឲ្យ​អាជ្ញាធរ​ក្រុង​អន្តរាគមន៍​បន្ទាន់ ដើម្បី​ប្រមូល​សំរាម​ដែល​គេ​គរ​ចោល​ក្រៅ​ធុង​សំរាម​ច្រើន​ស្អេកស្កះ និង​លើ​ផ្លូវ​សាធារណៈ។ គំនរ​សំរាម​ដែល​ទាមទារ​ឲ្យ​មាន​វិធានការ​បន្ទាន់​នោះ គឺ​នៅ​ពីរ​ទីតាំង​ផ្សេង​គ្នា​ក្នុង​ក្រុង​ស្ទឹងត្រែង គឺ​នៅ​ក្បែរ​មន្ទីរពេទ្យ​បង្អែក​ខែត្រ​ស្ទឹងត្រែង និង​ក្បែរ​ព្រះរាជ​ដំណាក់​ស្ដេច។

ពលរដ្ឋ​រស់នៅ​ភូមិ​ព្រែក សង្កាត់​ស្ទឹងត្រែង លោក ទេព ភារម្យ ឲ្យ​ដឹង​ថា នៅ​ក្បែរ​លំនៅឋាន​របស់​ពួក​គេ​មាន​ធុង​សំរាម​មួយ​កន្លែង ដែល​អាជ្ញាធរ​កសាង ក៏ប៉ុន្តែ​ធុង​សំរាម​ទាំងនោះ​ពុំ​អាច​បំពេញ​តម្រូវការ​គ្រប់គ្រាន់ ខណៈ​ពលរដ្ឋ​ខ្លះ​បោះ​ចោល​សំរាម​លើ​ផ្លូវ​សាធារណៈ។ លោក​បន្ត​ថា រថយន្ត​ប្រមូល​សំរាម​ច្រើន​ថ្ងៃ​ទើប​មក​ប្រមូល​ម្តង នាំ​ឲ្យ​សំរាម​គរ​កាន់​តែ​ច្រើន​ឡើង ជះ​ក្លិន​មិន​ល្អ​ដល់​អ្នក​ដំណើរ និង​ពលរដ្ឋ។

លោក​បន្ត​ថា នៅ​ពេល​ពួក​គាត់​បរិភោគ​អាហារ​ម្តងៗ ក្លិន​ស្អុយ​ភាយ​តាម​ខ្យល់​ចេញ​ពី​គំនរ​សំរាម បណ្ដាល​ឲ្យ​ក្អួត​ចង្អោរ។ លោក​បារម្ភ​ប៉ះពាល់​សុខភាព​កូនៗ និង​ក្មួយ​របស់​លោក​ដែល​រស់នៅ​ក្បែរ​នោះ៖ «នេះ​ក្លិន​ស្អុយ​មែនទែន​កៀន​ផ្ទះ ប្រាប់​គេ​ដែរ ប៉ុន្តែ​គេ​មិន​មក​យក​ផង។ ប្រាប់​អ្នក​មក​យក​សំរាម ៤ ទៅ ៥​ថ្ងៃ​មក​យក​ម្តង​ទៅ នេះ​យូរៗ​មក​ម្តង ស្អុយ​ជះ​ក្លិន​ពេញ​ផ្ទះ​អស់​អា​លីង។ ក្មួយ​ខ្ញុំ​ក៏​នៅ​ហ្នឹង កូន​ខ្ញុំ​ក៏​នៅ​ហ្នឹង ម៉ាក់​ខ្ញុំ​ក៏​នៅ​ហ្នឹង​ដូច​គ្នា»

កន្លង​ទៅ អាជ្ញាធរ​ខែត្រ​ស្ទឹងត្រែង មាន​ផែនការ​បណ្តុះបណ្តាល​អប់រំ​ពលរដ្ឋ​ពី​ការ​ទុក​ដាក់​សំរាម និង​បង្កើត​យុទ្ធនាការ​ដើរ​រើស​សំរាម​មួយ​ខែ​ម្តង ដើម្បី​លើក​ទឹក​ចិត្ត​ឲ្យ​ពលរដ្ឋ​ស្រឡាញ់​បរិស្ថាន តាម​រយៈ​វេច​ខ្ចប់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ។ ទន្ទឹម​នឹង​នេះ អាជ្ញាធរ​បាន​បង្កើត​ធុង​សំរាម​ធំៗ​ច្រើន​ទីតាំង និង​មាន​កម្មករ​ប្រមូល​សំរាម​ជា​ប្រចាំ​ផង។

ឆ្លើយតប​រឿង​នេះ អភិបាល​ក្រុង​ស្ទឹងត្រែង លោក ប៊ុន ណារី ថ្លែង​បញ្ជាក់​ថា អាជ្ញាធរ​ក្រុង​នឹង​មាន​វិធានការ​អន្តរាគមន៍​រឿង​នេះ ដោយ​ដក​ហូត​ធុង​សំរាម​ចេញ​ពី​ទីកន្លែង​នោះ និង​ជំរុញ​ឲ្យ​ពលរដ្ឋ​វេច​ខ្ចប់​សំរាម​តាម​ផ្ទះ​នីមួយៗ ដើម្បី​ឲ្យ​រថយន្ត​ប្រមូល​ជា​ប្រចាំ។ លោក​ព្រមាន​ថា នឹង​ផាក​ពិន័យ​ផ្អែក​តាម​អនុក្រឹត្យ​របស់​ប្រមុខ​រដ្ឋាភិបាល​នៅ​ពេល​ឆាប់ៗ​នេះ ប្រសិន​បើ​ពលរដ្ឋ​នៅ​តែ​បោះ​ចោល​សំរាម​ខ្វះ​សណ្ដាប់ធ្នាប់៖ «ពួក​គាត់​វេច​ខ្ចប់​ទុក​តាម​ផ្ទះ ដើម្បី​ឡាន​គេ​ដើរ​យក។ ខ្ញុំ​ដូរ​កម្មវិធី​ឈប់​ប្រើ​ធុង​សំរាម​ហើយ។ ខ្ញុំ​មាន​ផែនការ​អស់​ហើយ និង​រៀបចំ​អស់​ហើយ»

អាជ្ញាធរ​ខែត្រ​ស្ទឹងត្រែង ធ្លាប់​ជំរុញ​ឲ្យ​មន្ត្រី​រាជការ សាធារណជន និង​ពលរដ្ឋ​មូលដ្ឋាន​នេះ ឲ្យ​រួម​គ្នា​សម្អាត​បរិស្ថាន​តាម​លំនៅឋាន​រៀងៗ​ខ្លួន និង​ទុក​ដាក់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ ដោយ​មិន​ត្រូវ​បង្ហូរ​កាក​សំណល់ ឬ​លួច​បង្ហូរ​ទឹក​ស្អុយ​ចូល​ទន្លេ។

តួលេខ​របស់​អាជ្ញាធរ​ក្រុង​ស្ទឹងត្រែង បង្ហាញ​ថា ពលរដ្ឋ​រស់នៅ​ក្រុង​ស្ទឹងត្រែង បញ្ចេញ​កាក​សំណល់​មួយ​ថ្ងៃ​ចាប់​ពី ២៩​តោន ដល់ ៣១​តោន និង​ចាប់​ពី ៨៥០​តោន​ដល់ ៩០០​តោន​ក្នុង​មួយ​ខែ។

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ខែត្រ​ស្ទឹងត្រែង លោក ហូ សំអុល យល់​ថា ទម្លាប់​បោះ​ចោល​សំរាម​ពាសវាលពាសកាល​របស់​ពលរដ្ឋ និង​អាជីវករ​នៅ​ខែត្រ​ស្ទឹងត្រែង បាន​ក្លាយ​ជា​ការ​បារម្ភ​យ៉ាង​ខ្លាំង​ពី​ផល​ប៉ះពាល់​ចំពោះ​សុខភាព​សាធារណៈ និង​ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​សង្គម និង​បរិស្ថាន។ លោក​មើល​ឃើញ​ថា កន្លង​ទៅ អាជ្ញាធរ​ក្រុង​ស្ទឹងត្រែង បាន​យក​ចិត្ត​ទុក​ដាក់​បង្កើត​យុទ្ធនាការ​ដើរ​រើស​សំរាម​ជា​ប្រចាំ និង​បង្កើត​ធុង​ដាក់​សំរាម​ច្រើន​ទីតាំង ក៏ប៉ុន្តែ​អាជីវករ និង​ពលរដ្ឋ​មួយ​ចំនួន នៅ​តែ​បន្សល់​កាក​សំណល់​សំរាម​ពាសវាលពាសកាល និង​បោះ​ចោល​សំរាម​ក្រៅ​ធុង​សំរាម។ បញ្ហា​នេះ បង្ហាញ​ពី​ឥរិយាបថ​មិន​ល្អ​របស់​អាជីវករ និង​ពលរដ្ឋ ដែល​ទាមទារ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ រក​វិធានការ​អប់រំ និង​ឈាន​ដល់​ការ​ដាក់​ទណ្ឌកម្ម​តាម​ច្បាប់​ផង៖ «ពាក់ព័ន្ធ​រឿង​ហ្នឹង យើង​ឃើញ​ថា អាជ្ញាធរ​ក្រុង​ក៏​គាត់​ប្រឹងប្រែង​ដែរ​ក្នុង​ការ​រៀបចំ​សណ្ដាប់ធ្នាប់​ហ្នឹង។ យើង​ឃើញ​ជាក់ស្តែង ជា​រឿយៗ​គាត់​បាន​នាំ​កម្លាំង​ដូចជា​សិស្ស​សាលា និង​មន្ត្រី​រាជការ​មួយ​ចំនួន ដូចជា​ប៉ូលិស​ទាហាន និង​ខាង​អាវុធហត្ថ ឃើញ​ឧស្សាហ៍​ដើរ​សម្អាត​ណាស់ ហើយ​ទន្ទឹម យើង​ចង់​ឲ្យ​គាត់​ចាត់​វិធានការ​តឹងរ៉ឹង​បន្ថែម​ទៀត»

លោក ហូ សំអុល លើក​ឡើង​ថា ពលរដ្ឋ​ទាំងអស់​គ្នា​មាន​តួនាទី​សំខាន់​ចូលរួម​បំបាត់​កាក​សំណល់ និង​សំរាម​នៅ​គ្រប់​ទីកន្លែង។ លោក​ចង់​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​នាំ​គ្នា​កែប្រែ​ទម្លាប់​វេច​ខ្ចប់ ឬ​ដាក់​សំរាម​ក្នុង​ធុង ដើម្បី​ទីក្រុង​ស្អាត​មាន​អនាម័យ​ល្អ។ លោក​បន្ថែម​ថា ពលរដ្ឋ​មួយ​ចំនួន​រស់នៅ​មាត់​ទន្លេ​បាន​បោះ​ចោល​សំរាម​ចូល​តាម​ទឹក​ទន្លេ ជាពិសេស​គឺ​ថង់​ប្លាស្ទិក ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​បរិស្ថាន និង​គុណភាព​ទឹក។

អ្នក​ជំនាញ​ផ្នែក​បរិស្ថាន ពន្យល់​ថា សំរាម ឬ​ថង់​ប្លាស្ទិក​នៅ​ពេល​ចូល​ក្នុង​ទន្លេ វា​ប៉ះពាល់​ដល់​សុវត្ថិភាព​ជីវចម្រុះ សុខភាព​សាធារណៈ ការ​នេសាទ និង​ទេសចរណ៍។ នៅ​ពេល​ប្លាស្ទិក​សំយោគ​នឹង​ពន្លឺ​ព្រះអាទិត្យ វា​បំបែក​ខ្លួន​តូចៗ​ដែល​ផ្ទុក​សារធាតុ​ពុល។ ត្រី ឬ​បក្សី​ទឹក ស៊ី​ប្លាស្ទិក​ដែល​មាន​សារធាតុ​ពុល ហើយ​មនុស្ស​បរិភោគ​អាហារ​ទន្លេ។

អ្នក​ជំនាញ​បញ្ជាក់​ថា ប្លាស្ទិក​នេះ​ប៉ះពាល់​សុខភាព​មនុស្ស ដែល​អាច​ធ្វើ​ឲ្យ​មាន​ជំងឺ​មហារីក ជំងឺ​ទាក់ទង​នឹង​ប្រព័ន្ធ​ការពារ​ខ្លួន និង​ជំងឺ​ប៉ះពាល់​ដល់​ការ​អភិវឌ្ឍ​របស់​កុមារ​ផង។ ទន្ទឹម​នឹង​នេះ ក្លិន​ស្អុយ​បណ្ដាល​មក​ពី​គំនរ​សំរាម បណ្ដាល​ឲ្យ​កើត​ជំងឺ​រលាក​ផ្លូវ​ដង្ហើម រលាក​សួត និង​ជំងឺ​គ្រុន​ពោះវៀន ជាដើម។ ចំពោះ​អ្នក​ដែល​ប្រឈម​ខ្លាំង គឺ​កុមារ និង​អ្នក​ដែល​រស់នៅ​ក្បែរ​គំនរ​សំរាម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles