គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប ស្នើឲ្យប្រព័ន្ធផ្សព្វផ្សាយរួមមានទូរទស្សន៍ និងវិទ្យុ ដែលចង់លក់ ឬជួលម៉ោងឲ្យគណបក្សនយោបាយផ្សព្វផ្សាយពីគោលនយោបាយ និងកម្មវិធីនយោបាយអំឡុងពេលឃោសនាបោះឆ្នោត ត្រូវផ្សព្វផ្សាយជាសាធារណៈ។
ការលក់ ឬជួលម៉ោងផ្សាយនេះ គឺត្រូវគោរពតាមគោលការណ៍ស្មើភាពគ្នា។
គ.ជ.ប តម្រូវឲ្យម្ចាស់ស្ថានីយទាំងអស់ ត្រូវផ្តល់ព័ត៌មានពីចំនួនម៉ោងមានសម្រាប់លក់ ឬជួលក្នុងរយៈពេល ១ថ្ងៃ ឬ ១៤ថ្ងៃ ក្នុងអំឡុងពេលឃោសនាបោះឆ្នោត។ ការលក់ ឬជួលនេះ គឺមានរយៈពេល ២សប្ដាហ៍ គិតចាប់ពីថ្ងៃទី២០ ខែឧសភា រហូតដល់ថ្ងៃទី២ មិថុនា។ ប៉ុន្តែប្រសិនបើម្ចាស់ស្ថានីយប្រព័ន្ធផ្សព្វផ្សាយមិនព្រមលក់ម៉ោងផ្សាយ ឬក៏ជួលផ្តាច់មុខឲ្យគណបក្សណាមួយ គ.ជ.ប ក៏មិនអាចលូកដៃក្នុងកិច្ចការនោះបានដែរ ដោយសារនេះជាការងារអាជីវកម្មឯកជនប៉ុណ្ណោះ។
ស្ថានីយទាំងនេះក៏ត្រូវប្រកាសជាសាធារណៈអំពីតម្លៃលក់ ឬជួលម៉ោងផ្សាយដល់គ្រប់គណបក្សនយោបាយ ហើយត្រូវជូនដំណឹងអំពីការលក់ ឬជួលម៉ោងផ្សាយដល់គ្រប់គណបក្សនយោបាយទាំងអស់ដែលចូលរួមក្នុងការបោះឆ្នោតឃុំ-សង្កាត់ យ៉ាងតិច ១៥ថ្ងៃ មុនថ្ងៃចាប់ផ្ដើមឃោសនាបោះឆ្នោត។ ជាងនេះទៀត គ.ជ.ប តម្រូវម្ចាស់ស្ថានីយទូរទស្សន៍ និងវិទ្យុទាំងអស់ ត្រូវផ្តល់ព័ត៌មានជាលាយលក្ខណ៍អក្សរឲ្យ គ.ជ.ប អំពីការលក់ម៉ោង ឬជួលម៉ោងឲ្យគណបក្សនយោបាយ៕