មន្ត្រីគណបក្សសង្គ្រោះជាតិ នៅឃុំទឹកជ្រៅ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ លើកឡើងថា អាជ្ញាធរមូលដ្ឋានឃុំ បានធ្វើខុសទៅនឹងនីតិវិធីនៃការឃោសនាបោះឆ្នោត ពីព្រោះតែបានយកលេខរៀងគណបក្សប្រជាជនកម្ពុជា ទៅបិទផ្សាយនៅតាមផ្ទះប្រជាពលរដ្ឋ។ អាជ្ញាធរឃុំ ថាបញ្ហានេះនៅតាមភូមិជាច្រើន អាជ្ញាធរភូមិសម្រេចបកស្លាកលេខរៀងរបស់ខ្លួននោះចេញពីផ្ទះប្រជាពលរដ្ឋរួចទៅហើយ។
មន្ត្រីគណបក្សប្រឆាំងនៅស្រុកតំបែរ បញ្ជាក់ថា នឹងបញ្ជូនលិខិតប្ដឹងទៅគណៈកម្មការរៀបចំការបោះឆ្នោតថ្នាក់ខេត្ត ដើម្បីឲ្យជួយបញ្ឈប់សកម្មភាពរបស់អាជ្ញាធរមូលដ្ឋាននៅឃុំទឹកជ្រៅ ដែលមិនបានគោរពតាមនីតិវិធីនៃការបោះឆ្នោត។
សមាជិកគណៈកម្មការប្រតិបត្តិស្រុកតំបែរ លោក ម៉ៅ ម៉េន មានប្រសាសន៍ថា តាំងពីមុនថ្ងៃចូលឆ្នាំ លោកសង្កេតឃើញប្រជាការពារភូមិ នាំគ្នាយកលេខរៀងគណបក្សប្រជាជនកម្ពុជា គឺលេខរៀងទី១ ទៅបិទនៅតាមផ្ទះប្រជាពលរដ្ឋ។ ផ្ទះខ្លះបិទតែលេខ១ ហើយប្រជាការពារភូមិ ឬអាជ្ញាធរភូមិ ប្រាប់ប្រជាពលរដ្ឋថាជាលេខរៀងរបស់គណបក្សប្រជាជនកម្ពុជា ដែលត្រូវបោះឆ្នោតនៅពេលខាងមុខ ហើយផ្ទះខ្លះទៀត គឺបិទទាំងស្លាកសញ្ញាគណបក្សប្រជាជនកម្ពុជា ព្រមទាំងលេខរៀងតែម្តង។
លោកថា សកម្មភាពទាំងនេះគឺផ្ទុយទៅនឹងគោលការណ៍ឃោសនាបោះឆ្នោតរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលតម្រូវឲ្យឃោសនាទាំងគោលនយោបាយគណបក្ស និងប្រកាសលេខរៀងគណបក្សនយោបាយរបស់ខ្លួននៅថ្ងៃទី២០ ខែឧសភា៖ «យើងឃើញថា គណបក្សកាន់អំណាច គឺគណបក្សប្រជាជនហ្នឹង បានរំលោភច្បាប់ គ.ជ.ប ដែលបានផ្សព្វផ្សាយ និងបិទមុនអ៊ីចឹង»។
ឃុំទឹកជ្រៅ មាន ៤គណបក្ស ដែលបានចូលរួមប្រកួតប្រជែងនៅពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧។ គណបក្សទាំងនោះរួមមាន គណបក្សប្រជាជនកម្ពុជា លេខរៀងទី១ គណបក្សហ៊្វុនស៊ិនប៉ិច លេខរៀងទី២ គណបក្សយុវជនកម្ពុជា លេខរៀងទី៣ និងគណបក្សសង្គ្រោះជាតិ លេខរៀងទី៤។
ទាក់ទងបញ្ហានេះ មេឃុំទឹកជ្រៅ លោក ឈិត ឈុន មានប្រសាសន៍នៅថ្ងៃទី១៨ មេសា ថា លោកមិនសូវបានដឹងរឿងនេះទេ ព្រោះកន្លងទៅ លោកមានជំងឺ ហើយប្រគល់ការងារនេះទៅឲ្យសមាជិកក្រុមប្រឹក្សារបស់ខ្លួន ប៉ុន្តែលោកទទួលព័ត៌មានថា អាជ្ញាធរភូមិបានបកលេខរៀងនោះចេញវិញហើយ៖ «ឮសូរនិយាយហ្នឹង ពួកហ្នឹងគេដកវិញអស់ហើយ»។
ទោះជាយ៉ាងនេះក្តី លោក ម៉ៅ ម៉េន អះអាងថា មានភូមិខ្លះបកចេញមែន ប៉ុន្តែភូមិខ្លះទៀតមិនបានបកទេ បើទោះបីជាខាងលោកបានស្នើសុំទៅអាជ្ញាធរភូមិទាំងនោះក៏ដោយ។
មន្ត្រីតស៊ូមតិជាន់ខ្ពស់នៃអង្គការខុមហ្វ្រែល (COMFREL) លោក កន សាវាង្ស បញ្ជាក់ថា សកម្មភាពនេះជាការឃោសនាមុនពេលកំណត់ ប៉ុន្តែផ្លូវច្បាប់មិនបានចែងច្បាស់លាស់ថាមិនអនុញ្ញាតឲ្យឃោសនានោះទេ។ ចំណែកបញ្ហានេះ មិនមែនជាការទទួលខុសត្រូវរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតឡើយ ពីព្រោះ គ.ជ.ប ទទួលខុសត្រូវនៅក្នុងអំឡុងពេលឃោសនាបោះឆ្នោតប៉ុណ្ណោះ៖ «បាទ! គ្រាន់តែទទួលខុសត្រូវរបស់ គ.ជ.ប នៅក្នុងអំឡុងពេលឃោសនាហ្នឹង គឺមានដំណាក់កាលហ្នឹង គឺជាការទទួលខុសត្រូវរបស់ គ.ជ.ប»។
លោកបន្ថែមថា ប្រសិនបើមន្ត្រីគណបក្សប្រឆាំងយល់ថាមិនស្មើភាពគ្នា ពួកគេអាចធ្វើសកម្មភាពដូចគ្នានេះបាន ប៉ុន្តែបើគណបក្សប្រឆាំងធ្វើមិនបាន ដូចជាមានការរារាំងណាមួយ ឬមានការគំរាមកំហែងក្តី ទើបជាបញ្ហាដែលទាមទារឲ្យសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ត្រូវដោះស្រាយ៕