Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

អ្នក​ផលិត​អំបិល​ត្អូញត្អែរ​ពី​បញ្ហា​កង្វះ​ទីផ្សារ​និង​តម្លៃ​អំបិល​ទាប

$
0
0

ជាច្រើន​ឆ្នាំ​មក​ហើយ​ដែល​ផលិតផល​អំបិល​កម្ពុជា មិន​ទាន់​មាន​ទីផ្សារ​ទូលំទូលាយ​នៅ​ឡើយ ដែល​នេះ​បាន​បង្ក​ជា​ផលវិបាក​ជាច្រើន​ដល់​អ្នក​ផលិត រហូត​ដល់​មាន​អ្នក​ខ្លះ​បោះបង់​ចោល​មុខ​របរ​របស់​ខ្លួន និង​លក់​ស្រែ​អំបិល​អស់​ជា​បន្តបន្ទាប់។ អ្នក​ជំនួញ​អំបិល​យល់​ឃើញ​ថា ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​បាន គឺ​មាន​តែ​ការ​ចូល​អន្តរាគមន៍​ពី​រដ្ឋ​តែ​ប៉ុណ្ណោះ។

អ្នក​ផលិត​អំបិល​ត្អូញត្អែរ​អំពី​បញ្ហា​កង្វះ​ទីផ្សារ និង​តម្លៃ​ទាប​នៃ​ផលិតផល​អំបិល​ធម្មជាតិ ដែល​ពួក​គេ​ផលិត​បាន។ លើស​ពី​នេះ ស្ថានភាព​អាកាសធាតុ​នៅ​ឆ្នាំ​២០១៧ នេះ មិន​អំណោយ​ផល​សោះ​ឡើយ​សម្រាប់​ការ​ផលិត​អំបិល ដោយសារ​តែ​ចាប់​ពី​ដើម​រដូវ​មក គឺ​មាន​ភ្លៀង​ធ្លាក់​ជា​ហូរហែ។

លោក ពៅ សុន គឺ​ជា​ផលិតករ​អំបិល និង​ជា​សមាជិក​ក្រុមប្រឹក្សាភិបាល​នៃ​សហគមន៍​អ្នក​ផលិត​អំបិល​ខេត្ត​កំពត-កែប។ លោក​ថ្លែង​ប្រាប់​អាស៊ីសេរី នៅ​ថ្ងៃ​ទី​១៧ មេសា ថា បរិមាណ​អំបិល​នៅ​ឆ្នាំ​នេះ នឹង​មាន​ការ​ថយ​ចុះ​ជាង​ឆ្នាំ​មុន ដោយសារ​តែ​បញ្ហា​អាកាសធាតុ​មិន​អំណោយ​ផល ធ្វើ​ឲ្យ​ផលិតករ​ផលិត​បាន​តិច​ជាង​ការ​រំពឹង​ទុក ក៏ប៉ុន្តែ​ពួក​គេ​អាច​លក់​អំបិល​កាល​ពី​ឆ្នាំ​ចាស់​ជំនួស​បាន ដោយសារ​តែ​មាន​បរិមាណ​អំបិល​លើស​ជាច្រើន​ម៉ឺន​តោន។

លោក ពៅ សុន បញ្ជាក់​ថា អ្វី​ដែល​ជា​ការ​ព្រួយ​បារម្ភ​របស់​អ្នក​ផលិត​អំបិល គឺ​ជា​រឿង​តម្លៃ និង​ទីផ្សារ​ទៅ​វិញ​ទេ ព្រោះ​ជាច្រើន​ឆ្នាំ​មក​នេះ​អំបិល​កម្ពុជា មិន​សូវ​មាន​ទីផ្សារ និង​មាន​តម្លៃ​ទាប ធ្វើ​ឲ្យ​អ្នក​ផលិត​ជាច្រើន​បាន​បោះបង់​ចោល​មុខ​របរ​របស់​ខ្លួន៖ «យើង​អត់​បាន​នាំ​ចេញ ធ្វើ​ឲ្យ​អំបិល​មាន​ការ​កកស្ទះ ដល់​ពេល​វា​ចេញ​តាម​ជុំ​អ៊ីចឹង​ទៅ ជុំ​កាលណា​អតិថិជន​ត្រូវការ​អ៊ីចឹង​ទៅ យើង​បង្វិល​តាម​ជុំ​វា​ឆាប់ ឧទាហរណ៍​ថា​មួយ​ខែ​ត្រូវ​ចេញ​ម្តងៗ​អ៊ីចឹង​ទៅ។ ដល់​ពេល​ជុំ​ក្រោយ អតិថិជន​គេ​អត់​ត្រូវការ ដូច្នេះ​ហើយ​ធ្វើ​ឲ្យ​អំបិល​កកស្ទះ ហើយ​អំបិល​ធ្លាក់​ចុះ​ថោក»

លោក ពៅ សុន បញ្ជាក់​ថា ក្នុង​មួយ​ឆ្នាំៗ តម្រូវការ​អំបិល​នៅ​កម្ពុជា មាន​ប្រមាណ ១០​ម៉ឺន​តោន ក៏ប៉ុន្តែ​មក​ទល់​នឹង​ឆ្នាំ​២០១៦ អំបិល​ដែល​ផលិតករ​នៅ​ខេត្ត​កំពត និង​ខេត្ត​កែប ផលិត​បាន ហើយ​នៅ​សល់​ទុក​ក្នុង​ឃ្លាំង គឺ​មាន​ប្រមាណ​ជា ៣០​ម៉ឺន​តោន។ លោក​ថា អំបិល​កម្ពុជា ត្រូវ​ប្រឈម​មុខ​នឹង​ការ​ប្រកួត​ប្រជែង​ខ្លាំង​ពី​អំបិល​ថៃ ដែល​ជា​អំបិល​រ៉ែ និង​មាន​សម្បុរ​ស​ជាង។ អ្នក​ផលិត​អំបិល​រូប​នេះ ចង់​ឲ្យ​រដ្ឋាភិបាល​ស្វះ​ស្វែងរក​ទីផ្សារ​ជូន​ពួក​គាត់ និង​បង្កើត​កម្មវិធី​កម្ចី​ការប្រាក់​ទាប ដើម្បី​បើក​ឱកាស​ឲ្យ​ផលិតករ​អំបិល​អាច​មាន​លទ្ធភាព​ខ្ចី​ទុន​មក​ប្រកប​របរ​នេះ​តទៅទៀត៖ «សំណូមពរ​ថា​ឲ្យ​រដ្ឋ​ហ្នឹង​ជួយ​យើង​ផង ពីព្រោះ​នៅ​ប្រទេស​គេ ជួនកាល​គេ​អាច​ទិញ​អំបិល​ស្តុក​ទុក​មួយ​ចំនួន​ដែរ តែ​ខាង​យើង​នេះ​សុំ​ថា​បើ​មិន​បាន​ទិញ​ស្តុក​ទេ សូម​ជួយ​រក​ថវិកា ឬ​ជំនួយ​ពី​ណា​មក ដើម្បី​ជួយ​ដល់​អ្នក​ផលិត​អំបិល​ហ្នឹង​ផង។ យើង​សំណូមពរ​កន្លង​មក​នេះ អត់​ដែល​ឃើញ​មាន​ហេតុការណ៍​អ្វី​ទេ តែ​គាត់​សំណូមពរ​យើង​វិញ ថា​ឲ្យ​យើង​ធ្វើ​ម៉េច​ឲ្យ​បាន​គុណភាព​ល្អ»

ឆ្លើយតប​រឿង​នេះ អ្នក​នាំ​ពាក្យ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម លោក អ៊ុំ សុថា ថ្លែង​ថា ក្រសួង​មិន​មាន​ថវិកា​ដើម្បី​ឲ្យ​ផលិតករ​ខ្ចី​នោះ​ទេ តែ​ក្រសួង​ដើរ​តួ​ជា​អ្នក​សម្របសម្រួល​រវាង​ផលិតករ និង​ធនាគារ ឬ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​វិញ ដើម្បី​ធានា​ថា​ផលិតករ​ទទួល​បាន​កម្ចី​ឥណទាន​មាន​ការប្រាក់​ទាប។ លោក អ៊ុំ សុថា បញ្ជាក់​ទៀត​ថា ក្រសួង​មិន​ទាន់​ដាក់​ផែនការ​នាំ​អំបិល​ចេញ​ទៅ​ក្រៅ​ប្រទេស​នោះ​ទេ ដោយ​ក្រសួង​ផ្ដោត​អាទិភាព​ទៅ​លើ​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​ក្នុង​ដំណើរការ​ផលិតកម្ម​អំបិល​ជា​មុន​សិន៖ «បើ​សិន​ជា​យើង​ពង្រឹង​ថែម​ទៀត​ចំពោះ​គុណភាព​អំបិល​របស់​យើង យើង​អាច​នឹង​ឆ្លើយតប អាច​កាត់​បន្ថយ​ការ​ចាល់​អំបិល។ យើង​មិន​ទាន់​អាច​មាន​វិធានការ​ទប់ស្កាត់​អំបិល​នាំ​ចូល​ពី​ក្រៅ​បាន​ទេ ព្រោះ​នេះ​ជា​សេដ្ឋកិច្ច​ទីផ្សារ​សេរី។ អ៊ីចឹង​បាន​ជា​យើង​ត្រូវ​កែប្រែ​វិធានការ​ពង្រឹង​ខ្លួន​យើង។ បើ​សិន​ជា​យើង​ប្រើ​វិធានការ​ថា ដើម្បី​លើក​ការពារ​ផលិតផល​របស់​យើង យើង​ត្រូវ​ទប់ស្កាត់​ផលិតផល​របស់​គេ នោះ​ខុស​នឹង​ចរន្ត​សេដ្ឋកិច្ច​ទីផ្សារ​សេរី»

ស្រប​ពេល​ដែល​រដ្ឋ​មិន​ទាន់​មាន​ផែនការ​នាំ​ចេញ​នេះ ក្រុមហ៊ុន​ឯកជន​មួយ​ឈ្មោះ ខុនហ្វីរ៉ែល (Confirel) បាន​នាំ​ចេញ​ផលិតផល​អំបិល​ចំនួន ២០​តោន​ហើយ ទៅ​កាន់​ទីផ្សារ​នៅ​ប្រទេស​បារាំង កាល​ពី​ប៉ុន្មាន​សប្ដាហ៍​មុន​នេះ។

អគ្គនាយក​ក្រុមហ៊ុន ខុនហ្វីរ៉ែល (Confirel) វេជ្ជបណ្ឌិត ហៃ លីអៀង បញ្ជាក់​ថា ការ​នាំ​ចេញ​នេះ គឺ​ជា​ជំហាន​ដំបូង​ដែល​ធ្វើ​ឲ្យ​អំបិល​កម្ពុជា មាន​ឈ្មោះ​នៅ​លើ​ទីផ្សារ​អន្តរជាតិ ហើយ​វា​ក៏​ជា​ការ​ស្វែងរក​ទីផ្សារ​សម្រាប់​ផលិតករ​អំបិល​កម្ពុជា ដែរ។ លោក​ថា ការ​កសាង និង​ពង្រីក​បណ្ដាញ​នាំ​ចេញ បូក​រួម​នឹង​ការ​កសាង​គុណភាព​អំបិល​ដែល​គួរ​ឲ្យ​ទុក​ចិត្ត​បាន គឺ​ជា​រឿង​ចាំបាច់ ដើម្បី​រុញ​ផលិតផល​អំបិល​នេះ​ឲ្យ​មាន​ទីផ្សារ ហើយ​ចាំបាច់​ជាង​នេះ​ទៅ​ទៀត​នោះ គឺ​ការ​អន្តរាគមន៍​ពី​រដ្ឋ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ៖ «ទីផ្សារ​ហ្នឹង​ទាល់​តែ​យើង​បង្កើត​ជា​បណ្ដាញ ហើយ​បណ្ដាញ​ហ្នឹង​មិន​មែន​អ្នក​ភូមិ​ម្នាក់ៗ​អាច​ធ្វើ​ទៅ​បាន​នោះ​ទេ គឺ​វា​ទាល់​តែ​រាជ​រដ្ឋាភិបាល​គាត់​លូក​ដៃ​ចូល​ក្នុង​ហ្នឹង​បង្កើត​ជា​បណ្ដាញ​មួយ ដើម្បី​ឲ្យ​វា​រឹងមាំ ព្រោះ​ជាង ២០​ឆ្នាំ​ហ្នឹង យើង​ឆ្លើយតប​តែ​ទីផ្សារ ហើយ​យើង​អត់​ដាក់​ធាតុ​ផ្សំ​ក្នុង​ការ​អភិវឌ្ឍ​ទីផ្សារ​ហ្នឹង​ឲ្យ​បាន​វែង​ឆ្ងាយ​ទេ»

ការ​ផលិត​អំបិល​នៅ​កម្ពុជា កើត​មាន​តាំង​ពី​យូរយារ​ណាស់​មក​ហើយ ហើយ​មាន​តែ​នៅ​ក្នុង​ខេត្ត​ពីរ​ប៉ុណ្ណោះ គឺ​ខេត្ត​កំពត និង​ខេត្ត​កែប។ សព្វថ្ងៃ​នេះ កម្ពុជា មាន​មណ្ឌល​ផលិត​អំបិល​ចំនួន ៧ នៅ​ក្នុង​ខេត្ត​កំពត និង​ខេត្ត​កែប ដែល​មាន​ក្រុម​ផលិតករ​ជិត ២០០​ក្រុម។

អំបិល​ចែក​ចេញ​ជា​បី​ប្រភេទ គឺ​អំបិល​លេខ​១ មាន​សម្បុរ​សក្បុស លេខ​២ ស​កម្រិត​មធ្យម និង​លេខ​៣ រាង​ក្រមៅ និង​មាន​ជាប់​ដី​ខ្លះ។ នៅ​ឆ្នាំ​នេះ អំបិល​ប្រភេទ​លេខ​១ មាន​តម្លៃ ១៣.៦០០​រៀល លេខ​២ មាន​តម្លៃ ១១.៦០០​រៀល និង​លេខ​៣ មាន​តម្លៃ ៩.៦០០​រៀល​ក្នុង​មួយ​បាវ ដែល​ទម្ងន់ ៥០​គីឡូក្រាម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles