Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ថា​ការ​រំឭក​ថ្ងៃ​ទី​១៧​មេសា​គឺ​ដើម្បី​កុំ​ឲ្យ​របប​នេះ​កើត​ឡើង​វិញ

$
0
0

នៅ​ថ្ងៃ​ទី​១៧ មេសា ជា​ថ្ងៃ​គម្រប់​ខួប ៤២​ឆ្នាំ ពេល​ដែល​ពួក​ខ្មែរ​ក្រហម​ឡើង​គ្រប់គ្រង​អំណាច ហើយ​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ស្លាប់​ជិត ២​លាន​នាក់។ គណបក្ស​សង្គ្រោះ​ជាតិ រំឭក​ថ្ងៃ​នេះ​ដើម្បី​បង្ការ​កុំ​ឲ្យ​មាន​របប​នេះ​ទៀត។

មន្ត្រី​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ជន​រងគ្រោះ​ជាង ១០០​នាក់ រួម​ទាំង​ព្រះសង្ឃ​ផង នៅ​ព្រឹក​ថ្ងៃ​ទី​១៧ មេសា រៀបចំ​ពិធី​បង្សុកូល​នៅ​វាល​ពិឃាដ​ជើង​ឯក ដើម្បី​ឧទ្ទិស​បុណ្យ​កុសល​ដល់​វិញ្ញាណក្ខន្ធ​ជន​រងគ្រោះ​ដែល​បាន​ស្លាប់​នៅ​ក្នុង​របប​ខ្មែរ​ក្រហម ចន្លោះ​ពី​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​១៩៧៥ ដល់​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​១៩៧៩។

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក ប៉ុល ហំម ថ្លែង​ថា ការ​រំឭក​អំពី​ព្រឹត្តិការណ៍​ថ្ងៃ​ទី​១៧ មេសា ឡើង​វិញ​នេះ គឺ​ជា​ការ​ចងចាំ​តាម​បែប​សាសនា​ផង និង​នយោបាយ​ផង ដែល​គណបក្ស​លោក​ត្រូវ​ធ្វើ ដើម្បី​កុំ​ឲ្យ​សោកនាដកម្ម​បែប​នេះ​កើត​ឡើង​ម្ដង​ទៀត៖ «ទី​មួយ ធ្វើ​យ៉ាង​ម៉េច​កុំ​ឲ្យ​អំពើ​ប្រល័យ​ពូជ​សាសន៍​ហ្នឹង​វិល​មក​វិញ​បាន។ ទី​ពីរ ការ​ប្រល័យ​ពូជ​សាសន៍ ការ​ធ្វើ​បាប​ប្រជាពលរដ្ឋ​នេះ មិន​មែន​តែ​រូបភាព​ខ្មែរ​ក្រហម​ទេ អ្នក​ដឹកនាំ​ណា​ដែល​មិន​គោរព​ឆន្ទៈ​ប្រជាពលរដ្ឋ ពេល​ខ្លួន​មាន​អំណាច ខ្លួន​ធ្វើ​អី​បាន​សព្វ​បែប​យ៉ាង នេះ​ជា​ចំណុច​មួយ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ មិន​ចង់​បាន​ទេ ហើយ​តែងតែ​ព្យាយាម​ណែនាំ​ដល់​សកម្មជន​យើង ថ្នាក់​ដឹកនាំ​យើង​គ្រប់​លំដាប់​ថ្នាក់ គឺ​ធ្វើ​ម៉េច​យើង​ចៀសវាង​រឿង​ហ្នឹង​ឲ្យ​បាន។ ទោះ​នៅ​ពេល​ក្ដី នៅ​ពេល​យើង​កាន់​អំណាច​ក្ដី ក៏​យើង​ត្រូវ​ធ្វើ​ម៉េច​ជួយ​ការពារ​កុំ​ឲ្យ​មាន​បុគ្គល​ណា​មួយ កុំ​ឲ្យ​អង្គការ​ស្ថាប័ន​ណា​មួយ ប្រព្រឹត្ត​អំពើ​ដូច​ដែល​ពួក​ខ្មែរ​ក្រហម​បាន​ធ្វើ​ហ្នឹង ឬ​ក៏​ទម្រង់​ណា​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ការ​ស្អប់​ខ្ពើម រង្កៀស​ចិត្ត ទម្រង់​ណា​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រង​ទុក្ខ​វេទនា»

លោក​មាន​ប្រសាសន៍​បន្ត​ថា ការ​រឭក​ការ​ចងចាំ​ថ្ងៃ​ទី​១៧ មេសា ជា​ករណីយកិច្ច​របស់​គណបក្ស​សង្គ្រោះ​ជាតិ ព្រោះ​ក្នុង​រយៈពេល ៤២​ឆ្នាំ​មក​នេះ ពលរដ្ឋ​នៅ​តែ​ឈឺ​ចាប់។ លោក​បន្ត​ថា មិន​មែន​តែ​បង្ការ​ទម្រង់​សោកនាដកម្ម​ក្នុង​របប​ខ្មែរ​ក្រហម​ទេ គឺ​កុំ​ឲ្យ​មាន​ទម្រង់​ជិះជាន់ គាប​សង្កត់ និង​ការ​រំលោភ​សិទ្ធិ​មនុស្ស។

ជន​រងគ្រោះ​ពី​របប​ខ្មែរ​ក្រហម​មួយ​រូប លោកស្រី ចាន់ គឹមសួន ថ្លែង​ថា លោកស្រី​នៅ​តែ​ឈឺ​ចាប់​ពី​របប​នោះ ដែល​ប្ដី​របស់​លោកស្រី និង​សាច់ញាតិ​មួយ​ចំនួន​ទៀត ត្រូវ​ពួក​ខ្មែរ​ក្រហម​ចាប់​យក​ទៅ​សម្លាប់​នៅ​ខេត្ត​កំពត ហើយ​លោកស្រី​ចង់​បាន​យុត្តិធម៌៖ «»

នៅ​ពេល​នេះ មាន​តែ​គណបក្ស​ប្រឆាំង​ទេ​ដែល​រំឭក​ថ្ងៃ​ទី​១៧ មេសា។ រីឯ​គណបក្ស​ប្រជាជន​កម្ពុជា យក​ថ្ងៃ​ទី​២០ ខែ​ឧសភា ជា​ថ្ងៃ​រំឭក​វិញ្ញាណក្ខន្ធ ដែល​ពី​មុន​ហៅ​ថា​ទិវា​ចង​កំហឹង។

មន្ត្រី​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ធ្លាប់​បញ្ជាក់​ថា ថ្ងៃ​ទី​១៧ មេសា ជា​មេរៀន​នៃ​ភាព​ខ្លោចផ្សា​របស់​គ្រួសារ និង​ជា​ការ​បែកបាក់​ជាតិ​ដោយសារ​ភាព​ជ្រុល​និយម​នៃ​អ្នក​នយោបាយ​ខ្មែរ៖ «»

ដូច​គ្នា​នេះ ឧត្ដម​ទីប្រឹក្សា​គណបក្ស​សង្គ្រោះ​ជាតិ លោក គង់ គាំ អំពាវនាវ​ដល់​ភាគី​នយោបាយ​កម្ពុជា បើក​ចិត្ត​ឲ្យ​មាន​វប្បធម៌​សន្ទនា​គ្នា និង​អត់ឱន​ឲ្យ​គ្នា ដើម្បី​ឲ្យ​ខ្មែរ​សាមគ្គី​គ្នា៖ «»

នៅ​ថ្ងៃ​ដដែល អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក (facebook) ថា របប​ខ្មែរ​ក្រហម​ដឹកនាំ​ដោយ ប៉ុល ពត ដែល​ជា​ក្រុម​កុម្មុយនិស្ត​ចំណុះ​ចិន និង​របប​ថ្មី​ដឹកនាំ​ដោយ​លោក ហេង សំរិន ជា​កុម្មុយនិស្ត​ចំណុះ​វៀតណាម ក្រោយ​ឆ្នាំ​១៩៧៩ ជា​របប​កុម្មុយនិស្ត​កើត​ចេញ​ពី​ប្រភព​កុម្មុយនិស្ត​តែ​មួយ​ក្នុង​ឆ្នាំ​១៩៥១។

ថ្ងៃ​ទី​១៧ មេសា កាល​ពី​ឆ្នាំ​១៩៧៥ ជា​ថ្ងៃ​ដែល​ពួក​ខ្មែរ​ក្រហម​ឡើង​កាន់​អំណាច​គ្រប់គ្រង​ប្រទេស ធ្វើ​បាប​កាប់​សម្លាប់​ពលរដ្ឋ​ខ្មែរ​ជិត ៤​ឆ្នាំ រហូត​ដល់​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​១៩៧៩ ពេល​ដែល​ពួក​ខ្មែរ​ក្រហម​ត្រូវ​បាន​ផ្ដួល​រំលំ​ដោយ​កងទ័ព​គណបក្ស​ប្រជាជន​កម្ពុជា គាំទ្រ​ដោយ​កងទ័ព​វៀតណាម ជាង ១​សែន​នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles