Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

អ្នក​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​នៅ​តែ​សង្ឃឹម​ក្នុង​ការ​ទាមទារ​សេរីភាព​ឲ្យ​អ្នក​ការពារ​សិទ្ធិ​មនុស្ស

$
0
0

យុទ្ធនាការ​ទាមទារ​ឲ្យ​ដោះលែង​មន្ត្រី​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ចំនួន ៤​នាក់ និង​អគ្គលេខាធិការ​រង គ..ប ម្នាក់ ដែល​កំពុង​ជាប់​ឃុំ ត្រូវ​គេ​ស្គាល់​ថា​ជា​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ។ បើ​ទោះ​បី​ជា​ដើម​កំណើត​នៃ​យុទ្ធនាការ​នេះ​មាន​បំណង​ទាមទារ​សេរីភាព​សម្រាប់​អ្នក​ទាំង ៥​នាក់​ក្ដី ក៏​យុទ្ធនាការ​នេះ ជា​រឿយៗ​ត្រូវ​ប្រមុខ​រដ្ឋាភិបាល និង​មន្ត្រី​រដ្ឋាភិបាល​ភ្ជាប់​ទៅ​នឹង​ដើម​កំណើត​នៃ​បដិវត្តន៍​ពណ៌។ ចំពោះ​អង្គការ​សង្គម​ស៊ីវិល​ដែល​បាន​រួម​គ្នា​ផ្ដួចផ្ដើម​យុទ្ធនាការ​នេះ នៅ​តែ​អះអាង​ថា ពួក​គេ​ពុំ​មាន​ចេតនា​ណា​ផ្សេង​ក្រៅ​ពី​ចង់​បាន​សេរីភាព​សម្រាប់​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ឡើយ។

ទាំង​អង្គការ​សង្គម​ស៊ីវិល ទាំង​អ្នក​សហគមន៍​ដែល​ចូលរួម​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ នឹង​មិន​បោះបង់​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​ឡើយ ដរាប​ណា​ពន្លឺ​សេរីភាព​នៅ​មិន​អាច​ទទួល​បាន​សម្រាប់​អ្នក​ការពារ​សិទ្ធិ​មនុស្ស។

នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) លោក ប៉ា ងួនទៀង មាន​ប្រសាសន៍​ថា បើ​ទោះ​បី​ជា​មាន​ការ​លើក​ឡើង​ដោយ​ភ្ជាប់​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌ខ្មៅ ទៅ​នឹង​បដិវត្តន៍​ពណ៌​ក៏​ពិត​មែន ក៏​មក​ដល់​ពេល​នេះ លោក​យល់​ថា​អាជ្ញាធរ​បាន​យល់​ពី​បំណង​នៃ​យុទ្ធនាការ​នេះ​ហើយ​ដែរ៖ «»

អ្នកស្រី ទេព វន្នី គឺ​ជា​ស្ត្រី​ដំបូង​ដែល​ត្រូវ​ចាប់​ខ្លួន​ក្នុង​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​កាល​ពី​ល្ងាច​ថ្ងៃ​ច័ន្ទ ទី​១៥ ខែ​សីហា ឆ្នាំ​២០១៦ ក្នុង​ពេល​ធ្វើ​យុទ្ធនាការ​នេះ​នៅ​ក្នុង​សហគមន៍​បឹងកក់។

លោក ប៉ា ងួនទៀង រំឭក​ថា គោល​គំនិត​ដំបូង​នៃ​ការ​បង្កើត​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ គឺ​ការ​ទាមទារ​ដោះលែង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក​ចំនួន ៤​នាក់ និង​អគ្គលេខាធិការ​រង គ..ប ម្នាក់ ដែល​ត្រូវ​ចាប់​ឃុំ​នៅ​ថ្ងៃ​ច័ន្ទ នា​ចុង​ខែ​មេសា ឆ្នាំ​២០១៦៖ «»

នៅ​ក្រោយ​ការ​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា និង​ការ​ចាប់​ខ្លួន​អ្នកស្រី ទេព វន្នី យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ បាន​បន្ថែម​គោល​បំណង​ក្នុង​ការ​ទាមទារ​របស់​ខ្លួន។ ក្នុង​នោះ ពេល​ខ្លះ​ក៏​បាន​ទាមទារ​ឲ្យ​អាជ្ញាធរ​ស្វែងរក​យុត្តិធម៌​ពិត​នៃ​ការ​ស្លាប់​របស់​លោក កែម ឡី និង​ទាមទារ​ឲ្យ​ដោះលែង​អ្នកស្រី ទេព វន្នី ផង។ លុះ​មាន​ការ​ចាប់​ខ្លួន​អ្នក​ឃ្លាំ​មើល​បញ្ហា​សង្គម និង​នយោបាយ លោក គឹម សុខ អ្នក​ធ្វើ​យុទ្ធនាការ​ក៏​បន្ថែម​ការ​ទាមទារ​ឲ្យ​ដោះលែង​លោក គឹម សុខ ដែរ។

យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​ដែល​ក្រុម​អង្គការ​សង្គម​ស៊ីវិល​សន្មត​ឡើង​នោះ គឺ​ជា​ការ​ពាក់​អាវ​ពណ៌​ខ្មៅ​ព្រមៗ​គ្នា​នៅ​រៀង​រាល់​ថ្ងៃ​ច័ន្ទ ដើម្បី​បង្ហាញ​ថា ពួក​គេ​ចាត់​ទុក​ការ​ចាប់​ឃុំ​ខ្លួន​មន្ត្រី​សិទ្ធិ​មនុស្ស និង​សកម្មជន​ការពារ​សិទ្ធិ​ដីធ្លី គឺ​ជា​អំពើ​អយុត្តិធម៌។ មក​ដល់​ពេល​នេះ យុទ្ធនាការ​នេះ​មាន​ដំណើរការ​រប៉េះរប៉ោះ ហើយ​ជា​ចុង​ក្រោយ​នេះ អ្នក​សហគមន៍​បឹងកក់​បាន​ប្រកាស​ផ្អាក​យុទ្ធនាការ​នេះ​មួយ​រយៈពេល ដោយ​រំពឹង​ថា​នឹង​មាន​ការ​ដោះលែង​អ្នក​ជាប់​ឃុំ​ឲ្យ​មាន​សេរីភាព​វិញ។

យ៉ាង​នេះ​ក្ដី ក៏​មាន​ក្រុម​សង្គម​ស៊ីវិល​ដែល​បន្ត​យុទ្ធនាការ​នេះ​នៅ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (facebook) នៅ​ឡើយ គឺ​ពួក​គេ​តែង​បង្ហោះ​រូបថត​ពាក់​អាវ​ខ្មៅ​នៅ​រៀង​រាល់​ថ្ងៃ​ច័ន្ទ​ម្ដងៗ។

អ្នក​បឹងកក់ លោកស្រី បូវ សោភា ក្រុម​សហគមន៍​បុរីកីឡា និង​សហគមន៍​បឹងកក់ អះអាង​ថា ពួក​គេ​សម្រេច​ផ្អាក​ការ​រៀបចំ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​មួយ​រយៈពេល ដើម្បី​ចូលរួម​អបអរ​សាទរ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ប៉ុន្តែ​នៅ​ក្រោយ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ចប់ ពួក​គេ​នឹង​បន្ត​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​ឡើង​វិញ ដើម្បី​ទាមទារ​រក​យុត្តិធម៌។

តំណាង​សហគមន៍​បុរីកីឡា លោកស្រី សរ ស៊ន និង​តំណាង​សហគមន៍​បឹងកក់ លោកស្រី បូវ សោភា ថ្លែង​ថា ពួក​គេ​ផ្អាក​ធ្វើ​យុទ្ធនាការ​នេះ​មួយ​រយៈពេល​នៅ​ក្នុង​ពេល​ដែល​ពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស​ប្រារព្ធ​ពិធី​អបអរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី។

លើស​ពី​នេះ ខាង​សហគមន៍​បឹងកក់​បញ្ជាក់​ថា ប្រសិន​បើ​អ្នកស្រី ទេព វន្នី មិន​ត្រូវ​បាន​រដ្ឋាភិបាល​ដោះលែង​ឲ្យ​បាន​មុន​បុណ្យ​ចូល​ឆ្នាំ​ថ្មី​នេះ​ទេ ពួក​គេ​នឹង​ធ្វើ​យុទ្ធនាការ​ជាច្រើន​ផ្សេង​ទៀត​នៅ​ក្រោយ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី រហូត​រដ្ឋាភិបាល​សម្រេច​ដោះលែង​តំណាង​របស់​ពួក​គេ​ឲ្យ​មាន​សេរីភាព​ឡើង​វិញ។

ករណី​នេះ​ដែរ លោក ប៉ា ងួនទៀង ពន្យល់​ថា ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​ពុំ​មែន​ជា​ចលនា​មាន​បំណង​អាក្រក់​ចំពោះ​ការ​គ្រប់គ្រង​របស់​របស់​រដ្ឋាភិបាល​ឡើយ ពោល​គឺ​ចង់​បាន​ត្រឹម​យុត្តិធម៌ និង​សេរីភាព​សម្រាប់​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ដែល​កំពុង​ជាប់​ឃុំ៖ «»

ថ្លែង​នៅ​ក្នុង​វេទិកា​អ្នក​ស្ដាប់​អាស៊ីសេរី លោកស្រី បូវ សោភា លើក​ឡើង​ថា អ្នក​ការពារ​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក មាន​គុណ​សម្បត្តិ​ក្នុង​ជំនួយ​ផ្លូវ​ច្បាប់​សម្រាប់​ពលរដ្ឋ​ដែល​ក្រីក្រ មិន​សូវ​មាន​ចំណេះ​ដឹង និង​ជា​អ្នក​រងគ្រោះ​ដោយ​ការ​រំលោភ​សិទ្ធិ​មនុស្ស។ លោកស្រី​ថា ដោយសារ​មូលហេតុ​នេះ​ហើយ​ដែល​សហគមន៍​លោកស្រី​ចាប់​ផ្ដើម​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ៖ «»

មន្ត្រី​សិទ្ធិ​មនុស្ស​អាដហុក​ចំនួន ៤​រូប មាន​លោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ង់ដា និង​អ្នកស្រី លឹម មុន្នី អគ្គលេខាធិការ​រង គ..ប ១​រូប គឺ​លោក នី ចរិយា ដែល​ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ជិត ១​ឆ្នាំ​ហើយ ពី​បទ​សម​គំនិត និង​សូកប៉ាន់​សាក្សី​ក្នុង​រឿង​អាស្រូវ​ស្នេហា​រវាង​លោក កឹម សុខា និង​នាង ខុម ចាន់តារាទី ហៅ​ស្រី​មុំ។ ចំណែក​អ្នកស្រី ទេព វន្នី ត្រូវ​បាន​តុលាការ​ឃុំ​ខ្លួន​ជាង ៧​ខែ​ហើយ ទាក់ទង​នឹង​ការ​ចោទ​ប្រកាន់​ដឹកនាំ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ និង​រឿងរ៉ាវ​ពីរ​ករណី​ទៀត​កើត​ឡើង​កាល​ពី​ជាង ៤​ឆ្នាំ​មុន ហើយ​ត្រូវ​តុលាការ​ក្រុង​ភ្នំពេញ​សើរើ​ឡើង​វិញ។

នៅ​ពេល​ដែល​ក្រុម​អង្គការ​សង្គម​ស៊ីវិល​អះអាង​ថា យុទ្ធនាការ​នេះ​មាន​ទិសដៅ​ត្រឹម​ស្វែងរក​យុត្តិធម៌​សម្រាប់​អ្នក​ទាំងនេះ ប្រមុខ​រដ្ឋាភិបាល និង​មន្ត្រី​រដ្ឋាភិបាល បាន​ចាត់​ទុក​យុទ្ធនាការ​នេះ​ថា​ប៉ុនប៉ង​បង្កើត​បដិវត្តន៍។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ព្រមាន​ឲ្យ​ត្រៀម​ក្ដារ​មឈូស បើ​ជន​ណា​ចង់​ធ្វើ​បដិវត្តន៍​ពណ៌។ លោក​ប្រកាស​ប្រឆាំង​ដាច់ខាត​ចំពោះ​ការ​ប៉ុនប៉ង​បំផ្លាញ​សន្តិភាព​នៅ​កម្ពុជា ទោះ​ក្នុង​តម្លៃ​ណា​ក៏ដោយ។ ទន្ទឹម​គ្នា​នេះ លោក​បញ្ជាក់​ថា មិន​ត្រូវ​យក​បញ្ហា​សិទ្ធិ​មនុស្ស​មក​បង្ក​ជា​បញ្ហា និង​អសន្តិសុខ​នៅ​កម្ពុជា នោះ​ឡើយ«ទោះ​ក្នុង​តម្លៃ​ណា​ក៏ដោយ ត្រូវ​រក្សា​សន្តិភាព​ឲ្យ​បាន។ រឿង​ស្អី​ផ្សេង​ទៀត គឺ​និយាយ​គ្នា​ក្រោយ តែ​អ្នក​ណា​បំផ្លាញ​សន្តិភាព​ហើយ អ្នក​ឯង​ត្រូវ​ទទួល​នូវ​ទណ្ឌកម្ម​ពិត​ប្រាកដ​មួយ មិន​អាច​មើល​រំលង​បញ្ហា​នេះ​បាន​ទេ។ អ្នក​ឯង​និយាយ​ពី​សិទ្ធិ​មនុស្ស​ហ្អេស៎! ដើម្បី​សិទ្ធិ​មនុស្ស​ពីរ​បី​នាក់ បំផ្លាញ​ប្រទេស​ជាតិ​ទាំងមូល អ្នក​ឯង​និយាយ​ពី​សិទ្ធិ​អី? សិទ្ធិ​ដែល​អ្នក​ឯង​សម្លាប់​ប្រជាជន​រាប់​ម៉ឺន​រាប់​លាន​នាក់។ តើ​អ្នក​ឯង​ស្គាល់​សិទ្ធិ​ទេ? កុំ​និយាយ​ពី​សិទ្ធិ សិទ្ធិ​ដូច​សព្វថ្ងៃ​នេះ សិទ្ធិ​រស់​រាន​មាន​ជីវិត សិទ្ធិ​មាន​អ្វីៗ​ដែល​កំពុង​ធ្វើ​រាល់​ថ្ងៃ​នេះ អា​ហ្នឹង​បាន​គេ​ហៅ​សិទ្ធិ។ សិទ្ធិ​ដោយ​អនាធិបតេយ្យ គឺ​ជា​សិទ្ធិ​បំផ្លាញ​ជាតិ​តែ​ប៉ុណ្ណោះ។ យើង​ទទួល​សិទ្ធិ ប៉ុន្តែ​មិន​មែន​សិទ្ធិ​អនាធិបតេយ្យ​ទេ គឺ​ជា​សិទ្ធិ​នៃ​នីតិរដ្ឋ ត្រូវ​យល់​គ្នា​ឲ្យ​ច្បាស់​លើ​រឿង​នេះ។ សង្ឃឹម​ថា​មិត្តភ័ក្ដិ​បរទេស​យល់​ច្បាស់​អំពី​រឿង​នេះ»

ឆ្លើយតប​នឹង​ករណី​នេះ លោក ប៉ា ងួនទៀង លើក​ឡើង​ថា ការ​ចោទ​ប្រកាន់​លាប​ពណ៌​មិន​មែន​ជា​តួនាទី​របស់​រដ្ឋាភិបាល​ល្អ​មួយ​នោះ​ទេ៖ «»

រហូត​មក​ដល់​ពេល​នេះ ទាំង​អង្គការ​សង្គម​ស៊ីវិល និង​សហគមន៍​លើក​ឡើង​ថា អ្នក​នយោបាយ​បាន​យក​ករណី​ជាប់​ឃុំ​នៃ​អ្នក​ការពារ​សិទ្ធិ​មនុស្ស និង​សកម្មជន​ដីធ្លី​នេះ​ជា​ចំណាប់​ខ្មាំង។

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ចុង​ឆ្នាំ​២០១៦ បាន​ប្រកាស​ចូលរួម​យុទ្ធនាការ​ដោយ​នាំ​គ្នា​ពាក់​អាវ​ខ្មៅ​ដែរ​នៅ​ថ្ងៃ​ច័ន្ទ ប៉ុន្តែ​គោល​បំណង​របស់​ពួក​គេ គឺ​បន្ថែម​ការ​ទាមទារ​ឲ្យ​ដោះលែង​សកម្មជន សមាជិក តំណាងរាស្ត្រ និង​សមាជិក​ព្រឹទ្ធសភា​គណបក្ស​នេះ​ដែល​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ។

ប៉ុន្តែ​គណបក្ស​នេះ​ក៏​អះអាង​ដែរ​ថា ពុំ​មាន​គោល​នយោបាយ​រៀបចំ​ឲ្យ​មាន​ការ​ធ្វើ​បដិវត្តន៍​ពណ៌​សម្រាប់​ការ​ផ្លាស់ប្ដូរ​មេ​ដឹកនាំ​ប្រទេស​នោះ​ទេ ហើយ​ការ​ផ្លាស់ប្ដូរ​ដែល​គណបក្ស​ជំទាស់​ចង់​បាន​នោះ គឺ​ការ​បោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌។

ចំណែក​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ក្នុង​កិច្ច​ប្រជុំ​ពេញ​អង្គ​នៃ​រដ្ឋសភា​កាល​ពី​ចុង​ខែ​មករា បាន​លើក​ឡើង​ថា ការ​ស្នើ​ឲ្យ​ដោះលែង​អ្នក​ការពារ​សិទ្ធិ​មនុស្ស និង​សកម្មជន​ដីធ្លី​បាន​ឋិត​ក្នុង​របៀបវារៈ​នៃ​សំណើ​សុំ​ជួប​ចរចា​គ្នា​រវាង​ក្រុម​តំណាងរាស្ត្រ​គណបក្ស​កាន់​អំណាច និង​គណបក្ស​ប្រឆាំង។ នៅ​ពេល​ដែល​ការ​ចរចា​មិន​ត្រូវរ៉ូវ​គ្នា លោក​នាយក​រដ្ឋមន្ត្រី​រុញ​ឲ្យ​អ្នក​ទាមទារ​ឲ្យ​ដោះលែង​អ្នក​ទាំងនេះ ទៅ​ទាមទារ​ពី​បក្ស​ប្រឆាំង​វិញ៖ «»

ពិត​មែន​ថា​មាន​ភាព​ចម្រូងចម្រាស​បែប​នេះ​ក្ដី ក៏​អង្គការ​សង្គម​ស៊ីវិល និង​សហគមន៍​ដែល​តែង​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ នៅ​តែ​មាន​ក្ដី​រំពឹង​ថា យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​ដែល​ពួក​គេ​នៅ​តែ​បន្ត​ធ្វើ​នេះ នឹង​នាំ​ឲ្យ​មតិ​សាធារណជន​ជាតិ និង​អន្តរជាតិ​បាន​ដឹង​បាន​ឮ​ពី​ភាព​អយុត្តិធម៌​នៃ​ការ​ឃុំ​ខ្លួន​អ្នក​ការពារ​សិទ្ធិ​មនុស្ស ដែល​ចាំបាច់​ត្រូវ​ដោះលែង​ពួក​គេ​ឲ្យ​មាន​សេរីភាព​ឡើង​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles