Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

ពលរដ្ឋ​នៅ​ខេត្ត​បន្ទាយមានជ័យ​នៅ​រក្សា​ប្រពៃណី​​យក​បាយ​សម្ល​ទៅ​វត្ត​ធ្វើ​បុណ្យ​ភ្ជុំ​បិណ្ឌ​យ៉ាង​ច្រើន​កុះករ

$
0
0

នៅ​​តាម​ទី​វត្ត​អារាម​ក្នុង​ខេត្ត​បន្ទាយមានជ័យ​ នៅ​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំ​នេះ​ គឺ​ប្រជាពលរដ្ឋ​ដែល​កាន់​ព្រះពុទ្ធសាសនា​ នៅ​តែ​រក្សា​ប្រពៃណី​​យក​បាយ​ម្ហូប​និង​នំចំណី​ទៅ​ប្រគេន​ព្រះសង្ឃ​នៅ​ទីវត្ត​យ៉ាង​ច្រើន​កុះករ។ ពួកគាត់​លើក​ឡើង​ថា ការ​ធ្វើ​បុណ្យ​នេះ​ ដោយសារ​ជា​ទំនៀមទម្លាប់​របស់​ខ្មែរ ដែល​ធ្វើ​តៗគ្នា​ជា​យូរលង់​ណាស់​មក​ហើយ និង​ដើម្បី​ឧទ្ទិស​កុសល​ផលបុណ្យ​ដល់​បុព្វការី​ជន ដែល​បាន​ចែក ឋាន​ទៅ​កាន់​លោក​ខាង​មុខ។

ប្រជាពលរដ្ឋ​មួយ​ចំនួន​ដែល​ទៅ​ទៅ​វត្ត​ថ្ងៃ​បុណ្យ​ភ្ជុំ​បិណ្ឌ​ លើក​ឡើង​ថា ​ក្នុង​មួយ​ឆ្នាំ​មាន​តែ​ម្ដង​ ដូច្នេះ​ថ្វី​បើ​ជីវភាព​ពួកគាត់​ក្រីក្រ​ តែ​ពួកគាត់​សប្បាយ​ចិត្ត​នៅ​ពេល​បាន​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ​នៅ​ទីវត្ត។

ពលរដ្ឋ​​រស់​នៅ​ឃុំ​ប្រាសាទ​ ស្រុក​ព្រះនេត្រព្រះ​ លោក ឡត​ កែវ​ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៩​តុលា​ថា ​បុណ្យ​ភ្ជុំ​បិណ្ឌ​ឆ្នាំ​នេះ​ លោក ​និង​ក្រុម​គ្រួសារ​ បាន​យក​បាយ​ម្ហូប​ និង​នំ​អន្សម​មួយ​ចំនួន​ទៅ​ប្រគេន​ព្រះសង្ឃ​នៅ​វត្ត​ទន្លាប់ ឃុំ​ប្រាសាទ ដើម្បី​ឧទ្ទិស​កុសលផល​បុណ្យ​ជូន​ដល់​ជីដូនជីតា​ដែល​បាន​ចែក​ឋាន​ទៅ​កាន់​លោក​ខាង​មុខ។ ពុទ្ធបរិស័ទ​រូប​នេះ​បន្ថែម​ទៀត​ថា បុណ្យ​ភ្ជុំ​ឆ្នាំ​នេះ​នៅ​ទីវត្ត​ដែល​លោក​ទៅ​ធ្វើ​បុណ្យ​ គឺ​មាន​ប្រជាពលរដ្ឋ​ប្រហែល​២ពាន់​នាក់ (.០០០) ហើយ​អ្នក​ដែល​ទៅ​វត្ត​មាន​បាយ​សម្ល​នំចំណី​សម្រាប់​ប្រគេន​ព្រះសង្ឃ​រៀងខ្លួន៖ «នៅ​វត្ត​ដែល​ខ្ញុំ​រស់​នៅ​ពលរដ្ឋ​ស្លៀកពាក់​សមរម្យ​បាន​ល្អ​ ដោយ​មាន​ស្លៀក​ពាក់​បូរាណ​ខ្លះ​និង​សម័យ​ថ្មី​ខ្លះ​ តែ​មិន​ឆើតឆាយ​ពេក​ទេ​ ហើយ​ខ្ញុំ​បាន​ឧទ្ទិស​ឲ្យ​ពុក​របស់​ខ្ញុំ និង​យាយតា​ខ្ញុំ​ទាំង​អស់​ សុំ​ឲ្យ​កុសល​ដែល​ខ្ញុំ​បាន​ធ្វើ​ឲ្យ​ទៅ​ពួកគាត់​ទាំង​អស់​គ្នា»

ចំណែក​ពលរដ្ឋ​ម្នាក់​ទៀត​នៅ​សង្កាត់​ផ្សារ​កណ្ដាល​ក្រុង​ប៉ោយប៉ែត​ឯ​ណោះ​វិញ គឺ​លោក វន វ័ន្ត​ អះអាង​ថា វត្ត​នៅ​ព្រំដែន​ជាប់​ប្រទេស​ថៃ​ដែល​លោក​ទៅ​ធ្វើ​បុណ្យ​ភ្ជុំ​ឆ្នាំ​នេះ​ គឺ​មាន​ប្រជា​ពលរដ្ឋ​យ៉ាង​ច្រើន​កុះករ ហើយ​ពិបាក​រក​កន្លែង​ចត​ឡាន់​និង​ម៉ូតូ​ស្ទើរ​តែ​មិន​បាន​ ព្រោះ​ជា​តំបន់​ទី​ប្រជុំ​ជន។ ពលរដ្ឋ​រូប​នេះ​បន្ថែម​ទៀត​ថា ការ​​ធ្វើ​បុណ្យ​នេះ​លោក​បាន​ឧទ្ទិស​កុសល​ផល​បុណ្យ​ជូន​ដល់​ដួង​វិញ្ញាណ​ក្ខន្ធ​​បុព្វការី​ជន​ផង​ និង​ឧទ្ទិស​ជូន​ដល់​អ្នក​ ដែល​ស្លាប់​ដោយសារ​ស្នេហា​ជាតិ​ ដូច​ជា លោក បណ្ឌិត កែម ឡី លោក ជា វិជ្ជា លោក ឈុត វុទ្ធី និង​មនុស្ស​ជា​ច្រើន​នាក់​ទៀត​ឲ្យ​ទៅ​កាន់​សុគតិភព៖ «ដើម្បី​ឲ្យ​ពួកគាត់​បាន​ហូប​ចុក​សប្បាយ​ដែរ​ ហើយ​ខ្ញុំ​បាន​ធ្វើ​ម្ហូប​ឆា​មី​ស៊ួ និង​ឆា​តាំង​ហ៊ុន​ជា​ដើម​ ហើយ​ក៏​មាន​នំអន្សម​ខ្លះ​ដែរ​។ចំពោះ​ខ្ញុំ​ពេល​ធ្វើ​បុណ្យ​នេះ​ខ្ញុំ​សប្បាយ​ចិត្ត​ តែ​ក្រោយ​ពី​រួច​បុណ្យ​ខ្ញុំ​នៅ​តែ​កើត​ទុក្ខ​ដដែល​ព្រោះ​ខ្ញុំ​ក្រីក្រ​ ហើយ​គ្មាន​របរ​ច្បាស់​សម្រាប់​រក​ចំណូល​ដោះស្រាយ​ជីវភាព​គ្រួសារ​ទេ»

ចំណែក​ព្រះ​អនុគណស្រុក​ស្វាយ​ចេក ព្រះ​តេជគុណ រៀម សុគន្ធ មាន​ថេរ​ដីកា​ថា​ ការ​ធ្វើ​បុណ្យ​ភ្ជុំ​ឆ្នាំ​នេះ​នៅ​វត្ត​ថ្មី​ឃុំ​ស្វាយចេក​ដែល​ព្រះ​អង្គ​គង់​នៅ គឺ​ពុទ្ធបរិស័ទ​នៅ​តែ​រក្សា​ប្រពៃណី​ការ​​យក​ចង្ហាន់​និង​ទ័យ​ទាន​ទៅ​ប្រគេន​ព្រះសង្ឃ​យ៉ាង​ច្រើន​កុះករ​មិន​ខុស​ពី​ឆ្នាំ​មុន​នោះ​ទេ។ ចំណែក​ឯ​ទិដ្ឋភាព​ជា​រួម​វិញ​ព្រះ​តេជ​គុណ​ មាន​ថេរ​ដីកា​​ថា បុណ្យ​ភ្ជុំ​បិណ្ឌ​​ឆ្នាំ​នេះ​នៅ​ស្រុក​ស្វាយ​ចេក​ ​ពុទ្ធបរិស័ទ​ទៅ​ធ្វើ​ច្រើន​ជាង​ឆ្នាំ​កន្លង​ទៅ ហើយ​ពួកគាត់​នៅ​រក្សា​ប្រពៃណី​ធ្វើ​បុណ្យ​ដាក់​បាត និង​អុជ​ធូប​ឧទ្ទិស​កុសល​បុណ្យ​តាម​ទំនៀមទម្លាប់​ខ្មែរ​បាន​យ៉ាង​ល្អ«ការ​ធ្វើ​បុណ្យ​នេះ​​មាន​កន្លែង​ខ្លះ​ បាន​បាត់បង់​ពុទ្ធបរិស័ទ​ខ្លះ​ដែរ​ ព្រោះ​មាន​សាសនា​​នានា​ហូរ​ចូល​មក​ច្រើន ធ្វើ​ឲ្យ​ពុទ្ធបរិស័ទ​បែកខ្ញែក​ខ្លះ​ទៅ​ តែ​មួយ​ចំនួន​ធំ​គាត់​នៅ​រក្សា​ប្រពៃណី​បាន​ល្អ​ ដោយ​មុន​ភ្ជុំ​ពួកគាត់​បាន​និមន្ត​ព្រះសង្ឃ​ទៅ​បង្សុកូល​តាម​ផ្ទះ​អី​ដែរ​ ហើយ​ដល់​ថ្ងៃ​ភ្ជុំ​ធំ​គាត់​ក៏​អញ្ជើញ​មក​វត្ត»

អ្នក​ជំនាញ​ខាង​ព្រះពុទ្ធសាសនា​ ព្រះ​គ្រូ​ចៅអធិការ​វត្ត​ប្រាសាទ​ស្រះ​កណ្ដាល​ខ្ចាស់ ​ស្រុក​ព្រះនេត្រព្រះ​​ ព្រះ​តេជគុណ ចាន់ សុជន មាន​ថេរ​ដីកា​ថា​ អ្នក​ដែល​ធ្វើ​បុណ្យ​នេះ​ទទួល​បាន​អានិសង្ស​ ២យ៉ាង ទី​មួយ​បាន​សាង​គុណធម៌​ផ្ទាល់​ខ្លួន​របស់​អ្នក​នៅ​រស់​ ដោយ​បាន​ជួប​ជុំ​ក្រុម​គ្រួសារ​នាំ​គ្នា​ធ្វើ​អំពើ​ល្អ​ក្នុង​ឱកាស​បុណ្យ​នេះ​ និង​មួយ​ទៀត​គឺ​ជា​រឿង​ត​ពី​ដូនតា​មក ដើម្បី​ជា​ការ​ធ្វើ​បុណ្យ​​រំលឹក​ដល់​វិញ្ញាណ​ក្ខន្ធ​ជីដូន​តា​ដែល​បាន​ចែកឋាន​ហើយ​ ដើម្បី​ឲ្យ​ពួកគាត់​បាន​ទៅ​កាន់​ទី​ដ៏​ខ្ពង់ខ្ពស់«នេះ​ជា​រឿង​សំខាន់​ហើយ​អាត្មា​គិត​ថា​ផលានិសង្ស ដែល​ប្រជាពលរដ្ឋ​បាន​ធ្វើ​នឹង​ គឺ​តែង​នាំ​មក​នូវ​សេចក្ដី​សុខ​សេចក្ដី​ចំរើន ហើយ​ជាង​នេះ​ទៀត​គឺ​បាន​ចំណែក​ទៅ​ដល់​អ្នក​ដែល​ស្លាប់»

ក្រោយ​ពី​ធ្វើ​បុណ្យ​នៅទី​វត្តពេល​ព្រឹក​ហើយ​​ពេល​រសៀល​ពលរដ្ឋ​ខ្លះ​បាន​ជួប​ជុំ​ក្រុម​គ្រួសារ​ និង​​ខ្លះ​បាន​នាំ​គ្នា​ទៅ​លេង​កម្សាន្ត​នៅ​តាម​រមណីយដ្ឋាន​នានា​ក្នុង​ខេត្ត​បន្ទាយមានជ័យ​ដូច នៅ​អាង​ត្រពាំង​ថ្ម ក្នុង​ស្រុក​ស្វាយ​ចេក​ ប្រាសាទ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ជា​ដើម​ ចំណែក​ពលករ​ខ្មែរ ដែល​បាន​មក​ពី​ប្រទេស​ថៃ ក៏​ចាប់​ផ្ដើម​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ​វិញ​បណ្ដើរ​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles