Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

សហគម​ដីធ្លី និង​អ្នក​រើស​សំរាម​ខ្លះ សុំ​ទាន​តាម​វត្ត​ក្នុង​ពេល​ភ្ជុំបិណ្ឌ ព្រោះ​គ្មាន​លុយ​ទៅ​លេង​ស្រុក​កំណើត

$
0
0

ពលរដ្ឋក្រីក្ររស់នៅ តាម​សហគមន៍​មាន​ជម្លោះ​ដីធ្លី​មួយ​ចំនួន នៅ​រាជធានី​ភ្នំពេញ និង​ក្រុម​អ្នក​រើស​សំរាម​មួយ​ចំនួន នាំ​គ្រួសារ​ទៅ​សុំ​ទាន នៅ​តាម​វត្ត ក្នុងឱកាសភ្ជុំបិណ្ឌ ព្រោះ​មិន​មាន​លុយ​ទៅ​លេងស្រុក​កំណើត។ ពលរដ្ឋ​ក្រីក្រ​ទាំង​នោះ ចង់​ឲ្យ​របប​ក្រុង​ភ្នំពេញ គិត​គួរ​ផ្ដល់​ប្រាក់​ឲ្យ​ពួក​គាត់​បន្ដិចបន្ដួច ក្នុង​ឱកាស​បុណ្យ​ទាន ដូច​មន្ត្រី​រាជការ​ដែរ។

ខណៈពលរដ្ឋ​ជា​ច្រើន​នាំ​គ្នា​បាន​ចាក​ចេញ​ពី​ភ្នំពេញ ទៅ​លេង​ស្រុក​កំណើត​រៀងៗ ខ្លួន ពលរដ្ឋ​រស់​នៅ​តាម​សហគមន៍​ក្រីក្រ ដូចជា អ្នក​មាន​ជម្លោះ​ដីធ្លី អ្នក​រើស​អេតចាយ និង​ក្រុម​អ្នក​រើស​សំរាម ប្រាប់​ថា ពួក​គាត់​មិន​មាន​លទ្ធភាព​ទៅ​លេង​ស្រុក​កំណើត​ទេ។ ពួក​គាត់​ត្រូវ​នាំ​កូន និង​គ្រួសារ ទៅ​សុំ​ទាន​នៅ​តាម​វត្ត​អារាម សុំ​យាម​ស្បែក​ជើង​ឲ្យ​អ្នក​ទៅ​ធ្វើ​បុណ្យ និង​សុំម្ហូប​អាហារ ពី​ព្រះសង្ឃ មក​បរិភោគ។

ស្ត្រីមានមុខរបរ​ជា​អ្នក​រើស​អេតចាយ​ម្នាក់ រស់នៅ​ក្នុង​ខ្ទម​មួយ ក្នុង​សហគមន៍​ជម្លោះ​ដី​ធ្លី​បុរី​កីឡា អ្នកស្រី ស៊ឹម រី រៀបរាប់​ថា អ្នកស្រី និង​គ្រួសារ​គ្មាន​លទ្ធភាព​ទៅ​លេង​ស្រុក​កំណើត​នៅខេត្ត​ស្វាយរៀង នៅ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​ដូច​គេ​ទេ ហើយ​មិន​មែន​តែ​សម្រាប់​ភ្ជុំ​បិណ្ឌ​ឆ្នាំ​នេះ​ទេ គឺ​រាល់​ឆ្នាំ​នៅ​ពេល​​ដែល​មាន​ពិធី​បុណ្យ​ធំៗ អ្នកស្រី និង​ប្ដី​ពិការ​ជើង តែង​នាំ​គ្នា ទៅ​សុំ​ទាន និង​យាម​ស្បែក​ជើង នៅ​វត្ត​ព្រះពុទ្ធ​មាន​បុណ្យ ដើម្បី​សន្សំ​ប្រាក់​ទុក​ទិញ​ថ្នាំ​ឲ្យ​ប្ដី៖ «មួយ​ព្រឹក​បាន​មួយ​ម៉ឺន​ជាង​ជួន​បាន​ពីរ​ម៉ឺន​ជួន​ថ្ងៃ​ខ្លះ​បាន​ច្រើន ជួន​កាល​ថ្ងៃ​ខ្លះ​អត់​ក៏​មាន​ដែរ​បាន​បាយ​ពី​វត្ត​ហូប។ យាម​ពីរ​នាក់​ប្តី ប្តី​ខ្ញុំ​ពិការ​ជើង​ហើយ​ខ្ញុំ​យាម​ពីរ​នាក់​ប្តី​ប្រពន្ធ យាម​តាំង​ពី​បិណ្ឌ​មួយ​មិន​ទៅ​ណា​ឆ្ងាយ​ទេ បាន​តែ​នៅ​វត្ត​ជិតៗ ហ្នឹង ព្រោះ​អត់​មាន​លុយ បាន​លុយ​ទិញ​ថ្នាំ។ លាង​ចាន​លាង​អី​ឲ្យ​គេ​ទៅ ជួន​ក៏​បោក​ខោអាវ​ឲ្យ​គេ​ទៅ​បាន បួន​ប្រាំ​ពាន់ ដែរ​គ្រាន់​បាន​ទិញ​ថ្នាំ​ឲ្យ​ប្តី។ ប្តី​ខ្ញុំ​គាត់​កើត​ទាច​ទឹក។ រាល់​ព្រឹក​ពីរ​នាក់​ប្តី​ប្រពន្ធ​ត្រូវ​ក្រោក​ទៅ​វត្តពី​ព្រឹក ដើម្បី​អង្គុយ​យាម​ស្បែក​ជើង​ឲ្យ​គេ។ ជួន​ពេល​ខ្លះ​លើក​ដៃ​សុំ​លុយ​គេ​ទៅ អ្នក​ខ្លះ​ឲ្យ​មួយ​ពាន់ ពីរ​ពាន់ បួន​ប្រាំ​រយ គ្រាន់​បាន​លុយ​ដែរ»

ស្វាមីរបស់អ្នកស្រី ស៊ឹម រី គឺ លោក ប៉ែន មុនីរ័ត្ន អាយុ ៥៥ឆ្នាំ ជា​អតីត​ទាហាន ហើយ​បច្ចុប្បន្ន​ពិការ​ជើង​ខាង​ស្ដាំ និង​មាន​ជំងឺ​ប្រចាំ​កាយ។ អតីត​យុទ្ធជន​ពិការ​ជើង​រូប​នេះ រៀបរាប់​ថា ចាប់​ពី​បិណ្ឌ​ទី១ មក ពួក​គាត់​តែង​នាំ​គ្នា​ក្រោក​ពី​ព្រឹក​ទៅ​វត្ត​សំពៅ​មាស ដើម្បី​សុំ​យាម​ស្បែក​ជើង​ជូន​អ្នក​មក​ធ្វើ​បុណ្យ និង​ឆ្លៀត​សុំទាន​ខ្លះ។ ចំណែក​ម្ហូប​អាហារ​ប្រចាំ​ថ្ងៃ គឺ​ប្ដី​ប្រពន្ធ​ជន​ពិការ​ជើង​រូប​នេះ ក៏​ដូច​អ្នក​សុំទាន​ឯទៀត​​ដែរ គឺ នាំគ្នា​សុំម្ហូបអាហារ សល់ពីព្រះសង្ឃ នៅវត្តព្រះពុទ្ធមានបុណ្យ៖ «យាម​ក៏​ដូច​តែ​សូម​គេ​ដែរ ម៉ោង​ដប់​មួយ​ជាង​អី​លោក​ឆាន់​ហើយ បាន​បាយ​សម្ល​តិច​តួច គេ​ចាប់​ផ្តើម​ចាត់​ចែង​បាយ​សម្ល ចែក​ឲ្យ​បាន​បាយ​ហូប​ដែរ ម៉ា​ភ្ជុំ​ហ្នឹង»

តំណាងពលរដ្ឋជម្លោះដីធ្លី នៅ​សហគម​បុរី​កីឡា អ្នកស្រី ភោគ សុភីន ឲ្យ​ដឹង​ថា នៅ​ក្នុង​សហគម​ជម្លោះ​ដីធ្លី​មួយ​នេះ មិនមែនមានតែក្រុមគ្រួសារ​របស់​ជនពិការ​លោក ប៉ែន មុនីរ័ត្ន ទេ ដែល​ត្រូវ​ចេញ​ទៅ​សុំ​ទាន នៅ​ពេល​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​នោះ គឺ​មាន​អ្នក​សុំ​ទាន អ្នក​រើស​អេតចាយ និង​អ្នក​រស់​នៅ​តាម​​សំយាប​ផ្ទះ​គេ​ជា​ច្រើន​ទៀត តែង​ទៅ​សុំ​ទាន​រាល់​ថ្ងៃ នៅ​វត្ត​សំពៅ​មាស និង​វត្ត​ព្រះពុទ្ធ​មាន​បុណ្យ ដែល​នៅ​ក្បែរ​នោះ៖ «អ្នក​ខ្លះ​ទៅ​គាត់​ទៅ​យាម​ស្បែក​ជើង​ឲ្យ​គេ​តាម​វត្ត ឬ​សុំ​ទាន​អី ទៅ​នៅ​វត្ត​ព្រះពុទ្ធ​គាត់​អត់ៗ មែន​ទែន​ណា ពេល​ណា​ថ្ងៃ​ធម្មតា​គាត់​ដើរ​រើស​អេតចាយ​អី ក៏​មាន​ដែរ​ភាគ​ច្រើន​ពួក​គាត់​ជា​អ្នក​អតីត​បុរី​កីឡា ពួក​គាត់​អត់​ផ្ទះ​នៅ​អត់ គឺ​អត់​យក​តែ​មែន​ទែន​ណា​អូន»

អ្នក​សម្របសម្រួល​គម្រោង​ធុរកិច្ច និង​សិទ្ធិមនុស្ស​ នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោក វណ្ណ សូផាត ឲ្យ​ដឹង​ថា ក្រៅ​ពី​ពលរដ្ឋ​រស់​នៅ​ក្នុង​សហគមន៍​ជម្លោះ​ដីធ្លី​បុរី​កីឡា ក៏​មាន​អតីត​អ្នក​បុរី​កីឡា ដែល​កំពុង​រស់នៅ​តំបន់​ភ្នំ​បាត ខេត្ត​កណ្ដាល ជិត​ភ្នំ​អដ្ឋរស្ស ក៏​កំពុង​មាន​សភាព​បែប​នេះ​ដែរ។ សង្គម​ស៊ីវិល​រូប​នេះ រំលឹក​ថា វា​ជា​រឿង​គួរ​ឲ្យ​អណោច​អធម ដែល​ចុះ​ទៅ​ឃើញ​សកម្មភាព​អតីត​អ្នក​បុរី​កីឡា​​រស់​នៅ​តំបន់​ភ្នំ​បាត ដើរ​សុំ​ទាន និង​ដណ្ដើម​ម្ហូប​អាហារ​គ្នា នៅ​តាម​វត្ត ពេល​មាន​ពិធីបុណ្យ​ម្ដងៗ៖ «ជាក់​ស្តែង​បើ​ពួក​គាត់​អត់​មែន​អ៊ីចឹង​គាត់​ត្រូវ​ទៅ​វត្ត។ វត្ត​គេ​មាន​បាយ​សម្ល​នំ​ចំណី​អី​ពេល​ដែល​គាត់​ចូល​វត្ត វត្តមាន​មនុស្ស​ច្រើន​ពេល​ធ្វើ​បុណ្យ​អ៊ីចឹង គេ​នឹង​ធ្វើ​ទាន។ បើ​គាត់​អត់​ហ្នឹង​មាន​អ្នក​ជួយ​មែន ពលរដ្ឋ​ក្រីក្រ​ឥឡូវ​គាត់​មាន​ជីវភាព​ខ្វះ​ខាត​មែនទែន»

សព្វថ្ងៃ ក្រុម​ពលរដ្ឋ ១៥៤គ្រួសារ ដែល​មាន​ជម្លោះ​នៅ​បុរី​កីឡា នៅ​សេសសល់​មិន​ទាន់​ដោះ​ស្រាយ​មាន​ចំនួន​ជិត ១០គ្រួសារ។ ក្រៅ​ពី​នេះ មាន​ក្រុម​ផ្សេង​ទៀត កំពុង​មាន​ជម្លោះ​នៅ​ឡើយ និង​មាន​ក្រុម​ខ្លះ​ជា​អតីត​អ្នក​បុរី​កីឡា នាំ​គ្នា​ត្រឡប់​មក​ទាមទារ​វិញ ដោយ​អះអាង​ថា ពួក​គេ​ត្រូវ​បាន​បណ្ដេញ​ចេញ​ទាំង​បង្ខំ និង​ទទួល​បាន​សំណង​មិន​សមរម្យ។ ចំណែក​ពលរដ្ឋ ដែល​ត្រូវ​អាជ្ញាធរ​ជម្លៀស​ទៅ​រស់​នៅ​ភ្នំ​បាត ទាំង​មុន និង​ក្រោយ មាន​ជាង ១៤០​គ្រួសារ ក្នុង​នោះ​មាន​ពលរដ្ឋ​ខ្លះ បាន​ត្រលប់​មក​រក​ប្រាក់​នៅ​​ភ្នំពេញ​វិញ ដោយ​ប្រកប​របរ​រត់​ម៉ូតូ​ឌុប ឬ​ដើរ​លាង​ចាន សុំ​ទាន បោក​ខោអាវ​ឲ្យ​គេ​ជា​ដើម។ ប៉ុន្ដែ​អ្នក​​ផ្សេង​ទៀត ទ្រាំ​រស់​នៅ​ភ្នំ​បាត ទាំង​គ្មាន​មុខ​របរ​ចិញ្ចឹម​ជិវិត។

ក្រុម​អ្នក​យក​ព័ត៌មាន​អាស៊ីសេរី ធ្លាប់​ទៅ​ផ្ទះ​របស់​ពួក​គេ ​នៅ​តំបន់​ភ្នំ​បាត ក្នុង​ឃុំ​ផ្សារ​ដែក ស្រុក​ពញាឮ ខេត្ត​កណ្ដាល។ ទីតាំង​ដែល​ជម្លៀស​ពលរដ្ឋ​ទៅ​រស់​នៅ​ទី​នោះ មាន​ចម្ងាយ​ជាង ៥០​គីឡូ​ម៉ែត្រ ពី​រាជធានី​ភ្នំពេញ ដែល​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ភ្នំ​ព្រះរាជ​ទ្រព្យ ដែល​ជា​តំបន់​ទេសចរណ៍។ ផ្ទះ​របស់​ពលរដ្ឋ​សង់​ពី​ឈើ ជញ្ជាំង​ធ្លុះធ្លាយ ដំបូល​ប្រក់​​ស័ង្កសី ក្បាល ៤​ម៉ែត្រ​កន្លះ បណ្ដោយ ១២​ម៉ែត្រ។ ទី​នេះ​មិន​ទាន់​មាន​ទឹក​ភ្លើង​របស់​រដ្ឋ​នៅ​ឡើយ ផ្ទះ​ខ្លះ​មាន​អណ្ដូង​ទឹក​នៅ​មុខ​ផ្ទះ និង​មាន​ដើម​ស្វាយ​ខ្លះ​ដែរ។ ឆ្លៀត​ពី​រៀន​សូត្រ ក្មេងៗ នៅ​តំបន់​ភ្នំ​បាត បាន​នាំ​គ្នា​ទៅ​សុំ​ទាន​នៅ​ភ្នំ​ព្រះរាជ​ទ្រព្យ ឬ​ហៅ​ថា ភ្នំ​អដ្ឋរស្ស។ ឯ​ស្ត្រី​វ័យ​ចំណាស់​ខ្លះ បាន​កាត់​សក់​ខ្លួន​ឯង ដើម្បី​លក់​យក​ប្រាក់។

ចំណែក​ក្រុម​អ្នក​រើស​សំរាម​ខ្លះ​វិញ នៅ​តំបន់​បឹង​ជើង​ឯក សង្កាត់​ដង្កោ ជាយ​រាជធានី​ភ្នំពេញ ក៏​អះអាង​ថា ពួក​គាត់​មិន​មាន​លទ្ធភាព​ទៅ​លេង​ស្រុក​កំណើត ហើយ​ត្រូវ​នាំ​គ្នា​ទៅ​សុំ​ទាន នៅ​តាម​វត្ត​ដែរ។ ស្ត្រី​អ្នក​រើស​សំរាម​ម្នាក់ នៅ​តំបន់​បឹង​ជើង​ឯក ឈ្មោះ ម៉ិល សារី ឲ្យ​ដឹង​ថា ក្នុង​សហគម​រើស​សំរាម​​របស់​អ្នក​ស្រី ក៏​មាន​អ្នក​រើស​សំរាម​ខ្លះ ទៅ​សុំ​ទាន​នៅ​តាម​វត្ត​ដែរ ក្នុង​ឱកាស​ភ្ជុំ​បិណ្ឌ​នេះ ដូច​ជា ស្ត្រី​មាន​ផ្ទៃ​ពោះ​ជាដើម៖ «អ្នក​ខ្លះ​ពោះ​ធំ​គាត់​មិន​អាច​ទៅ​រើស​សំរាម​បាន អ៊ីចឹង​អ្នក​ខ្លះ​គាត់​ទៅ​រើស​មិន​បាន អត់​លុយ​ទៅ​ស្រុក​គាត់​ក៏​ទៅ​វត្ត​យាម​ស្បែក​ជើង​អ៊ីចឹង​ទៅ​ពូ»

ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក វន់ ពៅ ដែល​បាន​ចងក្រង​ក្រុម​អ្នក​រើស​សំរាម នៅ​រាជធានី​ភ្នំពេញ និង​នៅ​ទីលាន​ចាក់​សំរាម មាន​ប្រសាសន៍​ថា ដើម្បី​ដោះ​ស្រាយ​ជួយ​ឲ្យ​ក្រុម​អ្នក​រើស​សំរាម របប​ក្រុង​ភ្នំពេញ គួរ​បង្កើត​ឲ្យ​មាន​កញ្ចប់​ថវិកា​សម្រាប់​ជួយ​ជន​ក្រីក្រ​ទាំង​នោះ នៅ​ពេល​មាន​ពិធី​បុណ្យ​ទាន​ម្ដងៗ ពិសេស អ្នក​រើស​សំរាម និង​អ្នក​រើស​អេតចាយ ដើម្បី​ឲ្យ​ពួក​គាត់ មាន​លទ្ធភាព​ទៅ​លេង​ស្រុក​កំណើត។ លោក វន់ ពៅ យល់​ថា ជា​ការ​ល្អ ប្រសិន​បើ​របប​ក្រុង​ភ្នំពេញ ផ្ដល់​ប្រាក់​ឲ្យ​អ្នក​រើស​សំរាម និង​អ្នក​រើស​អេតចាយ​ក្នុង​ឱកាស​បុណ្យ​ជាតិ​ធំៗ ដូច​ជា​ផ្ដល់​ឲ្យ​មន្ត្រី​រាជការ​ដែរ៖ «រដ្ឋាភិបាល​គួរ​តែ​ផ្តល់​ថវិកា​មួយ​ចំនួន និង​បង្កើត​បន្ទប់ ឬ​បន្ទប់​ស្នាក់​នៅ ហើយ​រដ្ឋភិបាល​គួរ​តែ​មាន​កញ្ចប់​ថវិកា​ខ្លះ​ផ្តល់​ឲ្យ​ពួក​គាត់​ក្នុង​ឱកាស​បុណ្យ​ធំៗ អ៊ីចឹង​យក​ឡាន​ទៅ​ដឹក​គាត់​នៅ​កន្លែង​រើស​អេតចាយ​ទៅ​ស្រុក​កំណើត​អី​ទៅ។ រដ្ឋាភិបាល​ស្រង់​ស្ថិតិ​អ្នក​រើស​អេតចាយ​ទាំង​អស់ និង​ផ្តល់​រថយន្ត (ហ្វី្រ) Free ពី​កន្លែង​ស្នាក់​នៅ​ដល់​ស្រុក​កំណើត ពី​ស្រុក​កំណើត​ពី​ភ្នំពេញ»

ច្បាប់​រដ្ឋធម្មនុញ្ញ មាត្រា៣៦ ចែង​ថា ប្រជាព​លរដ្ឋ​ខ្មែរ​ទាំងពីរ​ភេទ​ មាន​សិទ្ធិ​ទទួល​ការ​ធានា​រ៉ាប់រង​សង្គម​ និង​អត្ថប្រយោជន៍​ខាង​សង្គម​កិច្ច​ ដែល​មាន​ចែង​ក្នុង​ច្បាប់។ អាស៊ី​សេរី មិន​ទាន់​អាច​រក​ប្រភព​សុំ​ការ​បញ្ជាក់​ពី​រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច និង​អតីត​យុទ្ធជន លោក វង សូត បាន​ទេ នៅ​ថ្ងៃ​ទី៨ តុលា ជុំ​វិញ​សំណើសុំ​ឲ្យ​មាន​គោលនយោបាយ សង្គមកិច្ច ផ្តោត​លើ​កញ្ចប់​ថវិកា​ជាតិ សម្រាប់​ក្រុម​ពលរដ្ឋ​ក្រីក្រ ក្នុង​ឱកាស​ពិធី​បុណ្យ​ជាតិ​ធំៗ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles