Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

លោក ហ៊ុន សែន ថា កងទ័ព​មាន​តួនាទី​ការពារ​រដ្ឋាភិបាល​ស្រប​ច្បាប់​តែ​មួយ​គត់

$
0
0

មេដឹកនាំ​របប​ក្រុងភ្នំពេញ លោក ហ៊ុន សែន ថ្លែង​ថា កងកម្លាំងប្រដាប់អាវុធ​ទាំងអស់​មាន​តួនាទី​តែមួយ​ក្នុង​រក្សា​ការពារ​រដ្ឋាភិបាល​មួយ ដែល​កើត​ចេញ​ពី​ការបោះឆ្នោត​តែប៉ុណ្ណោះ មិន​អាច​អព្យាក្រឹត្យ​រវាង​បក្ស​នយោបាយ​និង​រដ្ឋាភិបាល​បាន​ឡើយ។

លោក ហ៊ុន សែន លើកឡើង​ថា ដោយសារតែ​ដាក់​កងទ័ព​ឲ្យ​កាន់​យក​អព្យាក្រឹត្យ ទើប​នាំ​ឲ្យ​មាន​បដិវត្តន៍​ពណ៌​តាម​ប្រទេស​មួយ​ចំនួន។ ការ​ប្រកាស​របស់​លោក ហ៊ុន សែន ចំពោះ​មុខ​និស្សិត​ខ្មែរ​ជាង​២០០​នាក់​នៅ​ទីក្រុង​តូក្យូ នៃ​ប្រទេស​ជប៉ុន នៅ​ថ្ងៃ​ទី​៧ ខែ​តុលា ទំនងជា​ការ​ឆ្លើយ​តប​ទៅ​នឹង​សារ​របស់​អតីត​មេ​បក្ស​ប្រឆាំង លោក សម រង្ស៊ី ដែល​បាន​អំពាវនាវ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក ឲ្យ​កងកម្លាំង​កម្លាំង​ប្រដាប់​អាវុធ ដក​លោក ហ៊ុន សែន ពី​អំណាច ជាបន្ទាន់​ដើម្បី​កុំ​ឲ្យ​ប្រទេសជាតិ​រង​ការ​ដាក់​ទណ្ឌកម្ម​ពី​អន្តរជាតិ៖ «កងទ័ព​គេ​បង្កើត​ឡើង​ដើម្បី​ការពារ​រដ្ឋ គ្មាន​រឿង​អព្យាក្រឹត្យ​ទេ។ អព្យាក្រឹត្យ​ចំពោះ​មុខ​គណបក្ស​នយោបាយ ការពារ​ឲ្យ​ដូចៗ​គ្នា តែ​រវាង​រដ្ឋ​និង​បក្ស​នយោបាយ​គឺ​អត់​បាន​ដាច់ខាត។ គេ​ឲ្យ​អ្នកឯង​មក​ការពារ​រដ្ឋ មិនមែន​ឲ្យ​អ្នកឯង​អព្យាក្រឹត្យ​រវាង​បក្ស​នយោបាយ​ដែល​មក​ផ្ដួល​រំលំ​រដ្ឋ​នោះ​ទេ។ សូម​កុំ​ភាន់ច្រឡំ។ ចំណុច​ហ្នឹង​ដែល​ពួកវា​ខឹង​ខ្ញុំ​ណាស់ ព្រោះ​ធ្វើ​បដិវត្តន៍​ស្រុក​ខ្មែរ​កាលពី​ឆ្នាំ​២០១៣ ធ្វើ​អត់​បាន។ ដល់​ធ្វើ​អត់​បាន​តាម​រករឿង ហ៊ុន សែន រហូត តាម​អី​តាម​ទៅ ប្រទេស​នេះ​នៅ​ជា​ប្រទេស​របស់​ប្រជាជន​ខ្មែរ»

នៅ​ក្នុង​សារ​លើ​ទំព័រ​ហ្វសប៊ុក​របស់​អតីត​មេ​បក្ស​ប្រឆាំង​នៅ​កម្ពុជា កាលពី​ថ្ងៃទី៦ តុលា លោក សម រង្ស៊ី ថា​លោក ហ៊ុន សែន​ជា​មនុស្ស​កំសាក និង​ថោកទាប​ជាទីបំផុត ពីព្រោះ​គាត់​ប្រើ​អំណាច​ផ្ដាច់ការ ដើម្បី​ចាប់​ប្រជារាស្ត្រ ធ្វើជា​ចំណាប់ខ្មាំង ហើយ​បង្ខំ​ឲ្យ​ពលរដ្ឋ ទទួល​ទណ្ឌកម្ម​អន្តរជាតិ​ជំនួស​លោក​ហ៊ុន សែន។ ក្នុង​សារ​នោះ លោក សម រង្ស៊ី លើកឡើង​ថា ដើម្បី​ឲ្យ​កម្ពុជា រួច​ផុត​ពី​ទុក្ខសោក​គ្រប់​បែប​យ៉ាង ប្រជារាស្ត្រ​ខ្មែរ​ទាំងមូល មាន​ទាំង​កម្លាំង​ប្រដាប់​អាវុធ​ផង ត្រូវតែ​ដក​លោក ហ៊ុន សែន ជា​បន្ទាន់ បើសិនជា​ជា​ចង់​ឲ្យ​ប្រទេស​មានជីវិត​រុងរឿង​ទៅមុខ។

ការ​អំពាវនាវ លោក សម រង្ស៊ី ធ្វើ​ឡើង​ក្រោយ​ពេល​ដែល​សហភាព​អឺរ៉ុប​ចាប់ផ្ដើម​រៀបចំ​ដាក់​ទណ្ឌកម្ម​ពាណិជកម្ម លើ​របប​ក្រុងភ្នំពេញ បន្ទាប់ពី​របប​ក្រុងភ្នំពេញ​មិន​ធ្វើតាម​សំណើ​របស់​សហគមន៍​អន្តរជាតិ​អោយ​ស្តារ​ឡើងវិញ​នូវ​ការ​គោរព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles