Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

អាជ្ញាធរ​ខ្មែរ-ថៃ​បើក​ច្រក​ព្រំដែន​ឱ្យ​ពលរដ្ឋ​ទាំង​សង​ខាង​ចេញ​ចូល​លេង​នៅ​អំឡុង​បុណ្យ​ចូល​ឆ្នាំ

$
0
0

អាជ្ញាធរ​ខ្មែរ​ខេត្ត​ឧត្តរមានជ័យ ព្រម​ទាំង​អាជ្ញាធរ​ថៃ ខេត្ត​សុរិន្ទ ខេត្ត​ស៊ីសាកេត (Sisaket) និង​ខេត្ត​បុរីរ៉ាំ (Buriram) បាន​ព្រមព្រៀងគ្នា​បើក​ចំហ​ឱ្យ​ពលរដ្ឋ​ខ្មែរ-​ថៃ ដែល​រស់​នៅ​ក្នុង​ស្រុក​ជាប់ ព្រំដែន​គ្នា អាច​ចេញចូល​ទៅ​ធ្វើ​បុណ្យទាន​នៅ​តាម​ទី​វត្ត​នានា ក្នុង​ទឹក​ដី​ថៃ ក៏​បាន និង​ទឹក​ដី​ខ្មែរ​ក៏​បាន។

ការ​បើក​ចំហ​ឱ្យ​ពលរដ្ឋ​ទាំង​សង​ខាង​អាច​ចេញ​ចូល​លេង​កម្សាន្ត​នៅ​រដូវ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​នេះ គឺ​ក្នុង​បំណង​ធ្វើ​ឱ្យ​តំបន់​ខ្លះ​នៃ​ព្រំដែន​ដែល​ធ្លាប់​តែ​មាន​ជម្លោះ​តានតឹង បាន​ប្រែ​ក្លាយ​ទៅ​ជា​ការ​ផ្សះផ្សា ព្រម​ទាំង​បង្កើត​ចំណង​មិត្តភាព សន្តិភាព​រវាង​គ្នា​ឡើង​វិញ​ឱ្យ​កាន់​តែ​ប្រសើរ។

​អាជ្ញាធរ​ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ និង​អាជ្ញាធរ​ស្រុក​ភូស៊ីង (Phu Sing) ខេត្ត​ស៊ីសាកេត របស់​ថៃ ជាមួយ​នឹង​កម្លាំង​ការពារ​ព្រំដែន​ជា​ច្រើន​ផ្នែក​ទាំង​សង​ខាង បាន​រួម​គ្នា​ធ្វើ​ពិធីបុណ្យ​បួងសួង​ដោយ​រាប់បាត្រ ព្រះសង្ឃ​ចំនួន ១៦៥​អង្គ ដើម្បី​សុំ​សេចក្ដី​សុខ​សន្តិភាព​នៅ​តាម​ព្រំដែន សម្រាប់​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ដែល​ជិត​ចូល​មក​ដល់​នេះ។

​អភិបាល​ស្រុក​អន្លង់វែង គឺ​លោក ហោ ជិនវិរៈយុទ្ធ។ លោក​បាន​ប្រសាសន៍​នៅ​រសៀល​ថ្ងៃ​អង្គារ ទី​១១ ខែ​មេសា ថា កាល​ពី​ព្រឹក​ថ្ងៃ​ដដែល​នេះ អាជ្ញាធរ​ស្រុក​អន្លង់វែង និង​អាជ្ញាធរ​ស្រុក​ភូស៊ីង ខេត្ត​ស៊ីសាកេត របស់​ថៃ ព្រម​ទាំង​កងកម្លាំង​ការពារ​ព្រំដែន បាន​ធ្វើ​ពិធី​បួងសួង​ជាមួយ​គ្នា​នៅ​ចន្លោះ​ព្រំដែន នៃ​ស្រុក​ទាំង​ពីរ​ដើម្បី​អបអរ​ឆ្នាំ​ថ្មី​ដែល​នឹង​ចូល​មក​ដល់។

ការ​ធ្វើ​បុណ្យ​រាប់​បាត្រ​ព្រះសង្ឃ​រួម​គ្នា​នេះ អាជ្ញាធរ​ស្រុក និង​កង​ការពារ​ព្រំដែន​ខ្មែរ-​ថៃ បាន​ព្រមព្រៀង​គ្នា​បើក​ចំហ​ច្រក​ព្រំដែន​ឱ្យ​ប្រជាពលរដ្ឋ​ទាំង​សង​ខាង​អាច​ចេញ​ចូល​រក​គ្នា ឬ​ក៏​ទៅ​ធ្វើ​បុណ្យ​ទាន​ដោយ​មិន​ចាំបាច់​ប្រើ​លិខិត​បើក​ផ្លូវ (Border Pass) ឬ​ក៏​លិខិត​ឆ្លង​ដែន​ទេ នៅ​ក្នុង​អំឡុង​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី៖ «ទៅ​មក​គឺ​ធម្មតា ហើយ​ដល់​ពេល​ចូល​ឆ្នាំ គឺ​យើង​តែង​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​ខ្មែរ-​ថៃ អាច​​ទៅ​ធ្វើ​បុណ្យ​រួម​គ្នា​ឱ្យ​ចេញចូល​ត្រឹម​ស្រុក និង​ស្រុក​បាន»

មិន​មែន​តែ​ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ ជាមួយ​នឹង​ស្រុក​ភូស៊ីង ខេត្ត​ស៊ីសាកេត របស់​ថៃ តែមួយ​ប៉ុណ្ណោះ​ទេ ដែល​បាន​សហការ​ធ្វើ​បុណ្យ​ចូល​ឆ្នាំ​រួម​គ្នា​នេះ អាជ្ញាធរ​ស្រុក​បាងក្រួត (Ban Kruat) ខេត្ត​បុរីរ៉ាំ របស់​ថៃ ក៏​បាន​អញ្ជើញ​អាជ្ញាធរ​ស្រុក​បន្ទាយអំពិល ទៅ​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ជាមួយ​គ្នា​ដែរ។

អភិបាល​ខេត្ត​ឧត្តរមានជ័យ លោក ស ថាវី មាន​ប្រសាសន៍​ថា នៅ​រដូវ​ចូល​ឆ្នាំ​ថ្មី​នេះ គឺ​អាជ្ញាធរ​ខេត្ត​ឧត្តរមានជ័យ បាន​សហការ​ជាមួយ​អាជ្ញាធរ​ថៃ ខេត្ត​បុរីរ៉ាំ ខេត្ត​សុរិន្ទ និង​ខេត្ត​ស៊ីសាកេត ឱ្យ​កងកម្លាំង​ការពារ​ព្រំដែន​ទាំង​សង​ខាង​នៅ​តាម​ចំណុច​ខ្លះ អាច​ចូល​រួម​លេង​កម្សាន្ត​ជាមួយ​គ្នា ចំណែក​ប្រជាពលរដ្ឋ​ទាំង​សង​ខាង​ក៏​បើក​ឱ្យ​ចេញ​ចូល​ព្រំដែន​ដោយ​សេរី ដើម្បី​ធ្វើ​បុណ្យ​ទាន៖ «សម្រាប់​ប្រជាពលរដ្ឋ​ទាំង​សង​ខាង​ចូល​មក​រាំ​លេង​តាម​ធម្មតា។ គាត់​ចូល​មក​លេង​យើង​នៅ​រមណីយដ្ឋាន​មួយ​ណា​​ក៏បាន ឱ្យ​តែ​នៅ​ក្នុង​ខេត្ត​ឧត្តរមានជ័យ»

អាជ្ញាធរ​ខេត្ត​ឧត្តរមានជ័យ អះអាង​ថា រយៈពេល ២-​៣​ឆ្នាំ​មក​នេះ អាជ្ញាធរ​ខ្មែរ​ជាមួយ​នឹង​ខេត្ត​ស៊ីសាកេត ខេត្ត​សុរិន្ទ របស់​ថៃ តែង​តែ​ធ្វើ​ពិធី​បុណ្យ​រាប់បាត្រ​ព្រះសង្ឃ ព្រម​ទាំង​ធ្វើ​ពិធី​ស្រោច​ទឹក​ជាមួយ​គ្នា​នៅ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ដែល​ថៃ ហៅ​ថា វ៉ាន់ ស៊ុងក្រាន (Wan Songkran) នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles