
មេដឹកនាំរបបក្រុងភ្នំពេញ នៅថ្ងៃទី២២ មេសា នេះ បន្តអំពាវនាវដល់ពលរដ្ឋឱ្យបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាតទៅទៀត ខណៈក្រុមនិយមប្រជាធិបតេយ្យ ដែលរួមមានគណបក្សសង្គ្រោះជាតិ ក្រុមអង្គការសង្គមស៊ីវិល និងសារព័ត៌មានឯករាជ្យជាដើម បូករួមទាំងសហគមន៍អន្តរជាតិផងនោះ ទាមទារឱ្យរបបក្រុងភ្នំពេញស្តាស្ថានការណ៍នយោបាយ និងប្រជាធិបតេយ្យឡើងវិញ។ អ្នកវិភាគនយោបាយអះអាងថា មានតែការកែទម្រង់របៀបដឹកនាំ និងបញ្ឈប់ការធ្វើទុកបុកម្នេញលើក្រុមនិយមប្រជាធិបតេយ្យទេ ដែលអាចធ្វើឱ្យគណបក្សកាន់អំណាចអាចស្តាប្រជាប្រិយភាពរបស់ខ្លួនឡើងវិញបាន។
លោក ហ៊ុន សែន បានប្រកាសជាថ្មីទៀតថា លោកនឹងបន្តធ្វើជានាយករដ្ឋមន្ត្រី យ៉ាងហោចណាស់ពីរអាណត្តិថែមទៀត ដោយលើកហេតុផលថា ដើម្បី “រក្សាសន្តិភាព”។
ពេលជួបក្រុមកម្មករ និងពលរដ្ឋម្ចាស់ឆ្នោតម្តងៗ បុរសខ្លាំងរូបនេះ មិនដែលភ្លេចទេរឿង អំពាវនាវឱ្យពលរដ្ឋបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជារបស់លោកតទៅទៀត ដើម្បីឱ្យបក្សដែលមានឫសគល់ពីបក្សកុម្មុយនិស្តឥណ្ឌូចិនរបស់វៀតណាមនេះ មានឱកាសអភិវឌ្ឍប្រទេសកម្ពុជាឱ្យរីកចម្រើនថែមទៀត។
ក្នុងពិធីសំណេះសំណាលជាមួយក្រុមសហជីព ដែលជាសមាជិក-សមាជិកាបក្ស លោក ហ៊ុន សែន ថ្លែងដោយមោទនភាពថា ការរីកចម្រើន និងអភិវឌ្ឍន៍នៅកម្ពុជារយៈពេលជាង ២ទសវត្សចុងក្រោយនេះ គឺបានមកដោយសារការរក្សាបាននូវសន្តិភាព ស្ថិរភាពនយោបាយ និងវ័ណ្ឌកង់ស្នាប់សង្គម ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។
ការអំពាវនាវជាថ្មីរបស់មេដឹកនាំរបបក្រុងភ្នំពេញនេះ ធ្វើឡើងខណៈការបោះឆ្នោតកាន់តែខិតជិតមកដល់។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលមានថ្នាក់ដឹកនាំ និងសមាជិកភាគច្រើន គឺជាមន្ត្រីបក្សកាន់អំណាចនោះ បានកំណត់យកថ្ងៃទី២៩ កក្កដា ខាងមុខ ជាថ្ងៃបោះឆ្នោត ដោយគ្មានការកែប្រែ បើទោះបីជាខាងក្រុមនិយមប្រជាធិបតេយ្យ និងសហគមន៍អន្តរជាតិទាមទារឱ្យរបបក្រុងភ្នំពេញស្តាស្ថានការណ៍នយោបាយ និងប្រជាធិបតេយ្យជាមុន យ៉ាងណាក្តី។
ប្រធានក្រុមអ្នកវិភាគវ័យក្មេង លោក ហង្ស វិទូ កត់សម្គាល់ថា ថ្នាក់ដឹកនាំបក្សកាន់អំណាចតែងតែលើកយកចំណុច ៣យ៉ាង ដើម្បីទាក់ទាញការគាំទ្រពីម្ចាស់ឆ្នោត។ ចំណុចទីមួយ គឺការលើកឡើងអំពីគុណបំណាច់ថ្ងៃ ៧ មករា ដែលក្រោមការទំនុកបម្រុងពីវៀតណាម ថ្នាក់ដឹកនាំបក្សប្រជាជនកម្ពុជាបានវាយផ្ដួលរំលំរបបខ្មែរក្រហម។ ចំណុចទីពីរ គឺការព្រមានអំពីសង្គ្រាម ប្រសិនបើគណបក្សប្រជាជនកម្ពុជាចាញ់ការបោះឆ្នោត និងចំណុចទីបី គឺការលើកឡើងអំពីសន្តិភាព អធិបតេយ្យភាព និងបូរណភាពទឹកដី ដែលមេដឹកនាំរបបក្រុងភ្នំពេញជឿជាក់ថា គ្មាននរណាអាចធ្វើបានដូចខ្លួនឡើយ។
លោកយល់ឃើញថា ការបន្តប្រើប្រាស់យុទ្ធសាស្ត្រដដែលៗនេះ នឹងមិនអាចធ្វើឱ្យគណបក្សប្រជាជនកម្ពុជាអាចស្តាប្រជាប្រិយភាពរបស់ខ្លួនបានឡើយ ក្រោយពេលថ្នាក់ដឹកនាំបក្សនេះបានរំលាយបក្សប្រឆាំង និងបន្តធ្វើទុកបុកម្នេញសំឡេងឯករាជ្យ ដែលសហគមន៍ជាតិ និងអន្តរជាតិវាយតម្លៃថា ជាការរំលោភសិទ្ធិមនុស្ស និងប្រជាធិបតេយ្យធ្ងន់ធ្ងរ៖ «នៅពេលសង្គមមួយគ្មានយុត្តិធម៌សង្គម និងតម្លាភាព ទាំងសន្តិភាពក៏ដោយ និងការអភិវឌ្ឍក៏ដោយ វាបានតែបុគ្គលមួយក្ដាប់ប៉ុណ្ណោះ ជាពិសេសបុគ្គលដែលមានអំណាចបុណ្យសក្ដិ ឬមួយក៏សែស្រឡាយគ្នីគ្នាគេហ្នឹង ដូចយើងឃើញស្រាប់ហើយថា ការអភិវឌ្ឍសព្វថ្ងៃនេះវាផ្អៀង វាបានផលប្រយោជន៍ទៅខាងបក្ខពួកគណបក្សកាន់អំណាច គឺថាគេបានទទួលផលប្រយោជន៍កប់ក្ដោងតែម្ដង។ ចំណែកឯ ប្រជាពលរដ្ឋដែលនៅកណ្ដាល ឬមាននិន្នាការទៅរកបក្សប្រឆាំង ឬពលរដ្ឋទូទៅវិញ ពួកគាត់ដូចជាមិនឃើញបានអ្វីទេ។ អ្នកក្រក៏ចេះតែក្រទៅ ហើយតួលេខ និងទិន្នន័យសេដ្ឋកិច្ច ក៏ចេះតែល្អកើនឡើងរាល់ឆ្នាំ ប៉ុន្តែជីវភាពពលរដ្ឋនៅតែលំបាកវេទនា រហូតដល់បង្ខំចិត្តត្រូវធ្វើជាពលករគេសឹងតែគ្រប់ប្រទេស»។
កាលពីយុទ្ធនាការឃោសនាបោះឆ្នោតជាតិឆ្នាំ ២០១៣ កន្លងទៅ លោក ហ៊ុន សែន បានថ្លែងសារនយោបាយបែបអង្វរករថា “បើស្រឡាញ់ បើអាណិត បើជឿជាក់ ហ៊ុន សែន សូមបោះឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជា” ដើម្បីអន្ទងចិត្តពលរដ្ឋឱ្យបោះឆ្នោតគាំទ្ររូបលោក បន្តកាន់អំណាចតទៅទៀត ក៏ប៉ុន្តែសារអង្វរករនេះ មិនបានបន្ទន់ចិត្តពលរដ្ឋម្ចាស់ឆ្នោតដែលបានរងគ្រោះដោយសារការដឹកនាំរបស់លោកឡើយ។ ផ្ទុយទៅវិញ ពលរដ្ឋជិតកន្លះនគរបានបោះឆ្នោតដកសេចក្ដីទុកចិត្តពីលោកវិញ ដោយគណបក្សប្រជាជនកម្ពុជាបានរបូតអាសនៈសភាជាង ២០អាសនៈ ទៅខាងបក្សសង្គ្រោះជាតិ ហើយនិងបន្តរបូតអាសនៈក្រុមប្រឹក្សាឃុំសង្កាត់ជាង ៤ ពាន់អាសនៈបន្ថែមទៀត ទៅខាងបក្សប្រឆាំងដដែល នៅក្នុងការបោះឆ្នោតឃុំសង្កាត់កាលពីឆ្នាំ ២០១៧ កន្លងទៅ។
មិនទាន់មានការសិក្សាស្រាវជ្រាវណាដែលបង្ហាញអំពីការកើនឡើង ឬធ្លាក់ចុះប្រជាប្រិយភាពរបស់បក្សកាន់អំណាចនៅឡើយទេ ក្រោយពេលដែលបក្សដឹកនាំប្រទេសជិត ៤០ ឆ្នាំនេះ បានបើកយុទ្ធនាការរំលាយបក្សប្រឆាំង ធ្វើទុកបុកម្នេញសំឡេងឯករាជ្យ និងបោះជំហានទៅរកការដឹកនាំបែបឯកបក្សដែលផ្ទុយនឹងរដ្ឋធម្មនុញ្ញនោះ។
អ្នកវិភាគនយោបាយវ័យក្មេង លោក ហង្ស វិទូ យល់ឃើញថា មានមធ្យោបាយពីរយ៉ាងដែលគណបក្សប្រជាជនកម្ពុជាអាចស្តាប្រជាប្រិយភាពរបស់ខ្លួនឡើងវិញបាន។ នោះគឺការបើកឱ្យមានការបោះឆ្នោតដោយសេរី និងយុត្តិធម៌ ដោយមានការចូលរួមពីបក្សសង្គ្រោះជាតិ និងការធ្វើកំណែទម្រង់លើរបៀបដឹកនាំរបស់ខ្លួន។ លោកបន្ថែមថា បើគ្មានការកែប្រែលើរបៀបដឹកនាំទេនោះ ទោះបីជាគណបក្សកាន់អំណាចបន្តឈ្នះឆ្នោតទៀតក៏ដោយ ក៏កម្ពុជានឹងគ្មានការផ្លាស់ប្ដូរអ្វីជាដុំកំភួនឡើយ ដ្បិតការដឹកនាំរបស់របបក្រុងភ្នំពេញសព្វថ្ងៃបានបង្កើតបញ្ហាអយុត្តិធម៌សង្គមយ៉ាងច្រើនសម្បើម៖ «គណបក្សប្រជាជនកម្ពុជាត្រូវធ្វើយ៉ាងម៉េចបង្ហាញថា ខ្លួនឯងជាកីឡាករពិតប្រាកដ មានន័យថា ត្រូវតែបើកឱ្យមានការប្រកួតប្រជែងពីគណបក្សដែលមានឥទ្ធិពល និងប្រជាប្រិយភាព គឺគណបក្សសង្គ្រោះជាតិ។ ទាំងមតិជាតិ និងអន្តរជាតិ គឺសុទ្ធតែចង់ឱ្យគណបក្សប្រជាជនបើកឱ្យមានការប្រកួតប្រជែងដោយស្មើភាព។ ទីពីរគណបក្សប្រជាជនក៏ត្រូវតែធ្វើកំណែទម្រង់យ៉ាងស៊ីជម្រៅ មានន័យថា ហ៊ានថា ហ៊ានធ្វើ និងឱ្យមានប្រសិទ្ធភាពពិតប្រាកដ កុំឱ្យមានរឿងអី្វ ចាំតែអនុសាសន៍សម្ដេច និងថ្នាក់ដឹកនាំកំពូល។ បើទោះជាជាប់គណបក្សប្រជាជនមួយអាណត្តិទៀត ក៏ខ្ញុំយល់ថា កម្ពុជានឹងគ្មានអ្វីកែប្រែពីភាពអវិជ្ជមានមកជាវិជ្ជមានវិញនោះទេ ប្រសិនបើនៅតែប្រើនយោបាយដដែល យុទ្ធសាស្ត្រដដែល និងគោលនយោបាយដដែលនោះ»។
នៅចុងអាណត្តិទី៥ នេះ របបក្រុងភ្នំពេញបានបង្កើនការវាយប្រហារកាន់តែខ្លាំងទៅលើគណបក្សប្រឆាំង និងសំឡេងឯករាជ្យ ហើយហាក់ដូចជាបានបំភ្លេចចោលនូវកាតព្វកិច្ចសំខាន់ៗដូចដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ។ យន្តការនានាដើម្បីដោះស្រាយបញ្ហាជាតិ ភាគច្រើនមិនសូវមានដំណើរការ។ ទំនាស់ដីធ្លី បទល្មើសព្រៃឈើ និងធនធានធម្មជាតិ បញ្ហាគ្រឿងញៀន ល្បែងស៊ីសង អំពើពុករលួយ និងរឿងអយុត្តិធម៌សង្គមជាដើម បានកក្រើកឡើងពេញផ្ទៃប្រទេស ដោយមិនមានការដោះស្រាយឱ្យមានប្រសិទ្ធភាពឡើយ។ ចំណុចទាំងនេះហើយដែលអ្នកវិភាគយល់ឃើញថា នឹងអាចនាំទៅរកបដិវត្តន៍ពណ៌នៅកម្ពុជា មិនមែនដូចការលាបពណ៌របស់ពួកមេដឹកនាំរបបក្រុងភ្នំពេញថា ក្រុមអ្នកនយោបាយបក្សប្រឆាំងជាអ្នកបង្កើតបដិវត្តន៍ពណ៌នោះឡើយ៕