Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

សង្គ​មស៊ីវិល​ស្នើសុំ​ឱ្យ​លោក​ ហ៊ុន សែន វះកាត់​មន្ត្រី​ថ្នាក់​លើ​ ដែល​មិន​បម្រើពលរដ្ឋ​ ដើម្បី​ផ្តល់​ជា​គម្រូ​ដល់​មន្ត្រី​ថ្នាក់​ក្រោម

$
0
0

មេដឹក​នាំ​របបក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ទី​២០ មេសា ព្រមាន​ដកមន្ត្រី​ថ្នាក់​ក្រោម​របស់​លោក ប្រសិន​បើ​ពួក​​គេ​មិន​បម្រើពលរដ្ឋ។ អង្គការ​សង្គម​ស៊ីវិល​លើក​ឡើង​ថា ការ​ព្រមាន​​នេះ​នឹង​មិន​អាច​មាន​ប្រសិទ្ធភាព​ឡើយ​ ប្រសិន​បើ​គ្មាន​ការ​អនុវត្ត​ជាក់​ស្តែង​ទេ​នោះ។

ថ្លែង​នៅ​ចំពោះ​មុខ​មន្ត្រី​ក្រោម​ឱវាទ ក្នុង​ពិធីប្រជុំ​ត្រួត​ពិនិត្យ​ប្រចាំ​ឆ្នាំ និង​វាយ​តម្លៃ​សមិទ្ធិផល ៥​ឆ្នាំ​នៃ​ការ​អនុវត្ត​កំណែទម្រង់​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ បុរស​ខ្លាំង​នៅ​កម្ពុជា គឺ​លោក ហ៊ុន សែន ដាស់​តឿន​សា​ជា​ថ្មី ដល់​មន្ត្រីរាជការ​​ទាំងអស់​​​ឱ្យ​ខិត​ខំបំពេញ​ការងារ និង​បម្រើ​ផល​ប្រយោជន៍​ជូន​ពលរដ្ឋ​​ឱ្យ​បានត្រឹម​ត្រូវ។ លោក​ព្រមាន​ថា ប្រសិន​បើ​មន្ត្រី​ណា​មិន​បម្រើ​ពលរដ្ឋ​ទេ​នោះ ពួក​គេ​នឹង​ត្រូវ​ដក​ចេញ​ពី​តួនាទី។ លោក​អះអាង​ថា ការ​ធ្វើ​បែប​នេះ គឹ​ដើម្បី​កុំ​ឱ្យ​ភាព​អសកម្ម​របស់​មន្ត្រី​ទាំង​នោះ​ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ប្រជា​ប្រិយ​ភាពនៃ​របបគ្រប់​គ្រង​របស់​លោក៖ «នេះ​ជា​ចំណុច​ដែល​សូម​រំលឹក​ដាស់​តឿន​សា​ជា​ថ្មី​ម្តង​ទៀត ​ក្នុង​ចំណោម​មន្ត្រី​របស់​យើង គឺ​ចាំបាច់​ណាស់​​ការ​​វះកាត់ មិន​អាច​ទុក​ឱ្យ​ជំងឺ​រ៉ាំរ៉ៃ​នេះ​បន្ត​ជា​ជំងឺ​មហារីក​បណ្តាល​ឱ្យ​ងាប់​ខ្លួននោះ​ទេ»

ការ​ដាស់តឿន​ជា​ថ្មី​ម្តង​ទៀត​របស់​មេដឹក​នាំ​របបក្រុង​ភ្នំពេញ​នេះ ធ្វើ​ឡើង​ខណៈ​ការ​បោះ​ឆ្នោត​កាន់​តែ​ខិត​ជិត​មក​ដល់ គឺ​នៅ​ថ្ងៃ​ទី​២៩ ខែ​កក្កដា​ខាង​មុខ ហើយ​នេះ​ក៏​ហាក់​បង្ហាញ​ថា លោក​ ហ៊ុន សែន កំពុង​បារម្ភ​ពី​ប្រជា​ប្រិយ​​ភាព​នៃ​គណបក្ស​របស់​លោក​ផង​ដែរ​​ បន្ទាប់​ពី​លទ្ធផល​បោះ​ឆ្នោត​ឃុំ​សង្កាត់​ កាល​ពី​ឆ្នាំ​២០១៧ កន្លង​ទៅ​នោះ​ គណបក្ស​ប្រជាជន​​កម្ពុជា បាន​បាត់​តំណែង​មេ​ឃុំ​ចៅ​សង្កាត់​អស់​ជិត ៥០០​តំណែង និង​អាសនៈ​ក្រុម​ប្រឹក្សា​ជាង ៤​ពាន់​​អាសនៈ។ ចំនួន​អាសនៈ​បាត់​បង់​នេះ ភាគ​ច្រើន​បំផុត​បាន​ទៅ​លើ​គណបក្ស​សង្គ្រោះ​​ជាតិ ដែល​លោក​ទើប​នឹង​បាន​រំលាយ​ចោល​នោះ។

ទោះ​ជា​យ៉ាង​ណា​ក្ដី លោក​មិន​បាន​បញ្ជាក់​ទេ​ថា ចំណាត់​ការ​លើ​មន្ត្រី​អសកម្ម​ដែល​មិន​បម្រើ​ពលរដ្ឋ​​​នោះ គឺ​ជា​អ្វី​ឱ្យ​ពិត​ប្រាកដ​ ហើយ​ថា ​តើ​នឹង​មាន​យន្តការ​អ្វី​ខ្លះ​ដើម្បី​ធានា​ថា ការ​ប្រកាស​របស់​លោក​នៅ​ពេល​នេះ​ នឹង​មាន​ប្រសិទ្ធភាព​​នោះ។

ម​ន្ត្រី​អង្គការ​សង្គម​ស៊ីវិល​យល់​ឃើញ​ថា សារ​របស់​មេដឹក​នាំ​របប​ក្រុង​ភ្នំពេញ​នេះ​​ គឺ​ជា​ការ​​ទាក់ទាញ​សន្លឹក​ឆ្នោត​ច្រើន​ជាង ហើយ​វា​នឹង​គ្មាន​ប្រសិទ្ធភាព​នោះ​ទេ បើ​គ្មាន​​យន្តការ​អនុវត្ត​ឱ្យ​បាន​ច្បាស់​លាស់​នោះ។

ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ យល់​ឃើញ​ថា បញ្ហា​មន្ត្រី​មិន​បម្រើ​ពលរដ្ឋ​នេះ ភាគ​ច្រើន​បង្ក​ឡើង​ដោយ​រឿង​ទំនាស់​ផល​ប្រយោជន៍។ លោក​ថា មាន​មន្ត្រី​មួយ​ចំនួន​បាន​យក​អំណាច​ដែល​រាស្ត្រ​ផ្តល់​ឱ្យ ទៅ​ធ្វើ​បាប​រាស្ត្រ តាម​រយៈ​វប្បធម៌​ខ្នង​បង្អែក ដែល​នាំ​ទៅ​រក​ការ​អនុវត្ត​ច្បាប់​មាន​ស្តង់ដារ​ពីរ គឺ​បក្ខ​ពួក​ខ្លួន​ត្រូវ​រួច​ផុត​ពី​សំណាញ់​ច្បាប់ ចំណែក​អ្នក​មិន​មែន​បក្ខពួក​ខ្លួន​ត្រូវ​ជាប់​ទោស៖ «ក្រុម​អ្នកមានអំ​ណាច​ ខ្សែ​ស្រ​ឡាយ​​​របស់​ពួក​គេ ក្នុង​នោះ​មាន​ជា​សាច់​ញាតិ ​បក្ខ​ពួក​​របស់​ពួក​គេ និង​​​​អ្នក​រក​ស៊ី​សុទ្ធ​តែមាន​ខ្នង​​បង្អែក​​ជា​មន្ត្រី ឬ​ក៏​អ្នក​ដែល​មាន​ការ​សម្រេចចិត្ត​ធំៗ។ ដូច្នេះ​​ហើយ​នៅ​ពេល​ដែល​មាន​ជំ​ងឺ​ខ្នង​បង្អែក ធ្វើ​ឱ្យ​ការ​សម្រេច​ចិត្ត​ ការ​ចាត់​វិធានការ​ ការ​អនុវត្ត​ច្បាប់​នៅ​កម្ពុជា​​មាន​ស្ដង់​ដា​ពីរ។ បាន​ន័យ​ថា បើ​អនុវត្ត​ទៅ ​ប៉ះ​​គ្នា​ឯង គឺ​នៅ​ស្ងៀម។ ប៉ុន្តែ​បើ​អនុវត្ត​ទៅ ប៉ះ​គ្នា​គេ គឺ​អូខេ។ អ៊ីចឹង​ការ​អនុវត្ត​ច្បាប់​​មាន​ស្ដង់​ដារ​​ពីរ​នេះ គឺ​ជា​​ជំងឺ​ដែល​កើត​ឡើង​​នៅ​ក្នុង​សង្គម​មួយ​ពោរ​ពេញ​ទៅ​ដោយ​ទំ​នាស់​ផល​ប្រ​យោជន៍ ចំពោះ​អ្នក​អនុវត្ត​កិច្ចការ​សាធារណៈ ជា​ពិសេស​អ្នកមាន​សិទ្ធិ​សម្រេច​ចិត្ត​ធំៗ»

អ្នកឃ្លាំមើល​សង្គម​រូប​នេះ អះអាង​ថា ជំហាន​ដំបូង​ដែល​របប​ក្រុង​ភ្នំពេញ​ត្រូវ​ធ្វើ​នោះ គឺ​ត្រូវ​ចាប់​អនុវត្ត​ពីមន្ត្រី​ថ្នាក់​លើ​មុន ជាពិសេស​មន្ត្រី​ដែល​មាន​សិទ្ធិ​សម្រេច​ចិត្ត​ ដើម្បី​បង្កើត​ភាព​ជា​គម្រូ​ដល់​មន្ត្រី​ថ្នាក់​ក្រោម។ លើស​ពី​នេះ លោក​ស្នើ​ឱ្យ​របប​ក្រុង​ភ្នំពេញ​បង្កើត​ច្បាប់​ស្តី​ពី​ទំនាស់​ផល​ប្រយោជន៍​ និង​អនុវត្ត​ច្បាប់​នេះ​ឱ្យ​បាន​តឹង​រ៉ឹង​​ដើម្បី​លុប​បំបាត់​ភាព​អសកម្ម​របស់​មន្ត្រី​ទាំង​នោះ៖ «ប្រ​សិន​បើ​​មិន​មាន​ការ​ចាត់​វិធាន​ការ​ទៅ​លើ​អ្នក​សម្រេច​ចិត្ត​នៅខាងលើ ​​ជា​ពិសេស​​​រឿង​ធំៗ ដូច​ជា ការ​គ្រប់គ្រង​ធនធាន​ធម្មជាតិ​ រឿង​បទ​ល្មើស​ព្រៃ​ឈើ​ហ្នឹង​​ឱ្យ​បាន​ចេញ​ជា​លទ្ធផល​ជា​ផ្លែផ្កា​អ្វី​នោះ​ទេ ខ្ញុំ​គិត​ថា វិធានការ​នេះនឹង​​នៅតែ​ជា​រឿង​ព្រេង​និទាន​នៅក្នុង​សង្គម​កម្ពុជា»

អ្នក​នាំពាក្យ​សមាគម ​អាដហុក​ លោក សឺង សែន ករុណា យល់​ស្រប​ថា ការ​ដាក់​ចេញ​នូវ​វិធានការ​របស់​លោក​ ហ៊ុន សែន ទៅ​លើ​មន្ត្រី​អសកម្ម​ដែល​មិន​បម្រើ​ពលរដ្ឋ​នោះ ហាក់​មិន​ទាន់​បាន​អនុវត្ត​ឱ្យ​មាន​ប្រសិទ្ធ​ភាព និង​​ក្លាយ​ជា​ស្តង់​ដារតែ​មួយ​នៅ​ឡើយ​ទេ។ លោក​បន្ត​ថា ការ​និយាយ​តែ​មួយ​មុខ គឺ​មិន​អាច​ដោះ​ស្រាយ​បញ្ហា​នេះ​បាន​ទេ គឺ​ចាំបាច់​ត្រូវ​មាន​ការ​អនុវត្ត​ឱ្យ​បាន​ម៉ឺងម៉ាត់ ជាពិសេស មន្ត្រី​ដែល​មាន​តួនាទី​ធំៗ ដែល​មិន​បាន​បម្រើ​ពលរដ្ឋ​​ពិត​ប្រាកដ ឬ​ប្រើ​អំណាច​របស់​ខ្លួន​ធ្វើ​បាប​ពលរដ្ឋ៖ «ជា​រឿង​មួយ ដែល​ល្អ​ប្រសើរ ប្រសិនបើ​ជាការ​លើក​ឡើង​នៅ​ក្នុង​បទ​បញ្ជា​​ត្រូវ​បាន​អនុវត្ត ហើយ​មន្ត្រី​របស់​គាត់​មាន​ការ​ភ្ញាក់​រំឭក ឬ​ក៏​គោរព​តាម។ ប៉ុន្តែ​កន្លង​មក យើង​ឃើញ​​មាន​ការ​ប្រើ​វិធានការ​​​ច្រើន​ដែរ តែ​ការ​អនុវត្ត​ដូច​ជា​មិន​ទាន់​មាន​ការ​ប្រែប្រួល ឬ​ក៏​មាន​លក្ខណៈ​ល្អ​ប្រសើ​រនៅ​ឡើយ​ទេ។ វា​ហាក់​បី​ដូច​ជា​ល្អ ដាច់​​ដោយ​ឡែក​តាម​ផ្នែក មិន​មែន​លក្ខណៈ​ជា​ប្រព័ន្ធ​ការងារ​មួយ​ ដែល​ត្រូវ​បាន​គោរ​ព​តាម​ទាំង​អស់​គ្នា​នៅ​ក្នុង​ប្រព័ន្ធ​ដឹក​នាំ ​ដែល​មាន​ការ​ទទួល​ខុស​ត្រូវ​ច្បាស់​លាស់»

កាល​ពី​ប៉ុន្មានខែ​មុន​នេះ​ លោក ហ៊ុន សែន ក៏​ធ្លាប់​បាន​ក្រើន​រំឭក​មន្ត្រី​ក្រោម​ឱវាទ​របស់​លោក​ ឱ្យ​យក​ចិត្ត​ទុក​ដាក់​បម្រើ​ពលរដ្ឋ​ផង​ដែរ ដោយ​លោក​បាន​ហៅ​ប្រជា​ពលរដ្ឋ​ថា​​ ជា​ចៅហ្វាយ​នាយ។ ​លោក​បាន​ស្ដី​បន្ទោស​ ​និង​ផ្តល់​ដំបូន្មាន​ជា​ច្រើន​ដល់​មន្ត្រី​រាជការ ឲ្យ​កែប្រែ​ឥរិយាបថ​​របស់​ខ្លួន​ពី​ចៅហ្វាយ​នាយ មក​ជា​អ្នក​បម្រើ​ប្រជា​ពលរដ្ឋ​ឲ្យ​បាន​ល្អវិញ។ ទោះ​បី​ជា​យ៉ាង​ណា​ក្ដី នៅ​ចុង​អាណត្តិ​នៃ​របប​គ្រប់គ្រង​បច្ចុប្បន្ន លោក​ ហ៊ុន សែន និង​មន្ត្រី​ក្រោម​ឱវាទ​មួយ​ចំនួន បែរ​ជា​ព្រមាន​ថា នឹង​វាយ​បង្ក្រាប​ពលរដ្ឋ​ខ្លួន​ឯង​ទៅ​វិញ ប្រសិន​បើ​ពួក​គេ​តវ៉ា​លទ្ធផល​បោះ​ឆ្នោត ហើយ​លោក​ខ្លួន​ឯង​ផ្ទាល់​បាន​ប្រកាស​ជា​សាធារណៈ​ថា លោក​ស្តាយ​ដែល​មិន​បាន​​សម្លាប់​ពលរដ្ឋ​ខ្លួន​ឯង ដែល​បាន​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី​ទាមទារ​លទ្ធផល​បោះ​ឆ្នោត កាល​ពី​ឆ្នាំ​២០១៣ នោះ»

ក្រៅ​ពី​នេះ បញ្ហា​ដីធ្លី​ដ៏​រ៉ាំរ៉ៃ ដែល​អូស​បន្លាយ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​នៅ​តាម​ខេត្ត​ខណ្ឌ​ទូទាំង​ប្រទេស​នោះ​ បាន​កម្រើក​ឡើង​វិញគ្រប់​ទីកន្លែង​ ខណៈ​បទល្មើស​ព្រៃ​ឈើ និង​ធនធាន​ធម្មជាតិ​បន្ត​​កើត​ឡើង​ពេញ​ផ្ទៃ​ប្រទេស ​ហើយ​ពលរដ្ឋ​គ្រប់​ច្រកល្ហក​លែង​មាន​ជំនឿ​លើ​ការ​ដោះ​ស្រាយ​របស់​អាជ្ញាធរ​ជំនាញ។ ពួក​គាត់​សុខ​ចិត្ត​លើក​គ្នាមក​តវ៉ា​ដល់​ក្រុង​ភ្នំពេញ​ឱ្យ​លោក​ ហ៊ុន សែន​ ជួយ​ដោះ​ស្រាយ​ ដែល​ចំណុច​​នេះ ត្រូវ​បាន​​អ្នក​ជំនាញ​​ខាង​វិទ្យាសាស្ត្រ​នយោបាយ វាយ​តម្លៃ​ថា ជា​ភាព​បរាជ័យ​នៃ​ប្រព័ន្ធ​ដឹក​នាំ​រដ្ឋ​របស់​របប​ក្រុង​ភ្នំពេញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles