Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

ពលរដ្ឋ​នៅ​ខេត្ត​បន្ទាយមានជ័យបី​នាក់​​រក​អន្តរាគមន៍​ពី​សមាគម​ អាដហុក ​ឲ្យ​ជួយ​ករណី​​ប៉ូលិស​វាយ​ធ្វើ​ទារុណកម្ម

$
0
0

ប្រជាពលរដ្ឋ​នៅ​ស្រុក​ថ្ម​ពួក​ប្រមាណ ​៣នាក់ ​នាំ​គ្នា​ទៅ​សុំ​អន្តរាគមន៍​ពី​សមាគម​ការពារ​សិទ្ធិមនុស្ស​ អាដហុក ​(Adhoc) ខេត្ត​បន្ទាយមានជ័យ​ ដើម្បី​ឲ្យ​ជួយ​ផ្លូវ​ច្បាប់ ករណី​ប៉ូលិស​នៅ​អធិការ​នគរបាល​ស្រុក​នេះ​​មួយ​ក្រុម ​បាន​ព្រួត​វាយ​​​ធ្វើ​ទារុណកម្ម​មក​លើ​ខ្លួន​​ បណ្ដាល​ឲ្យ​រង​របួស​ជា​ច្រើន​កន្លែង ​កាល​ពី​យប់​ថ្ងៃ​ទី​៩​មេសា។ មន្ត្រី​ប៉ូលិស​ស្រុក​ថ្មពួក អះអាង​ថា​ប៉ូលិស​មិន​បាន​ព្រួត​វាយ​ដូច​ការ​ចោទ​ប្រកាន់​ទេ តែ​ជា​ការ​ការពារ​ខ្លួន​ក្នុង​ពេល​អនុវត្ត​ការងារ​ប៉ុណ្ណោះ។

​​​ពលរដ្ឋ​ស្រុក​ថ្មពួក​ដែល​អះអាង​ថា​ខ្លួន​ជា​ជនរងគ្រោះ​នោះ​ ​ចាត់​ទុក​ទង្វើ​របស់​មន្ត្រី​ប៉ូលិស​ស្រុក​នេះ​ថា​ជា​អំពើ​សាហាវ​ព្រៃផ្សៃ​វាយ​ធ្វើ​បាប​ប្រជា​ពលរដ្ឋ​ស្លូតត្រង់។

ជនរងគ្រោះ​រស់​នៅ​ភូមិ​ផ្សារ​ថ្មី​ ឃុំ​គំរូ ស្រុក​ថ្មពួក លោក ស្មន់ សុជឿត ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២១ មេសា​ថា​ កាល​ពី​យប់​ថ្ងៃ​ទី​៩ មេសា មានមន្ត្រី​ប៉ូលិស​នៃ​អធិការ​នគរបាល​ស្រុក​ថ្មពួក​ប្រហែល ​៥នាក់​បាន​ចាប់​រូប​គេ​វាយ​ខ្នោះ ​រួច​យក​ជើង​សង្កាត់​ផ្ដួល​ទៅ​នឹង​ដី ហើយ​​យក​ស្រោម​កាំភ្លើង​ខ្លី​វាយ​ទៅលើ​ផ្ទៃ​មុខ​ និង​ទាត់​ធាក់​ជា​ច្រើន​ជើង​ បណ្ដាល​ឲ្យ​ខ្លួន​​បែក​មាត់​ និង​ឈឺ​ចុក​ចាប់​ពេញ​ខ្លួន។ បុរស​វ័យ ​២៨​ឆ្នាំ​រូប​នេះ អះអាង​ទៀត​ថា ប៉ូលិស​វាយ​មក​លើ​ខ្លួន នៅ​ពេល​​ដែល​លោក​ចូល​ទៅ​សួរ​រក​បងប្រុស​ម្នាក់​ ដែល​ប៉ូលិស​ចាប់​ទៅ​វាយ​បែក​ក្បាល​នៅ​ក្នុង​អធិការ​នគរបាល​ស្រុក​នេះ​ ហើយ​ប៉ូលិស​ក៏​បាន​ព្រួត​គ្នា​មក​វាយ​លើ​រូប​គេ​តែម្ដង៖ «មុន​ដំបូង​ខ្ញុំ​បាត់​បង​ខ្ញុំ​ ហើយ​ចូល​ទៅ​សួរ​ប៉ូលិស​ ព្រោះ​គាត់​អត់​មាន​រឿង​អី​ទេ​ថា​ហេតុ​អី​បាន​ជា​ប៉ូលិស​ត្រូ​វាយ​គាត់​? ប៉ូលិស​ជា​អ្នក​ច្បាប់​ផង? ស្រាប់​តែ​គេ​ស្រែ​ថា​អញ​កំពុង​តែ​រក​មុខ​អា​អ្ហែង​​ផង​ ចាប់​វា​ដាក់ខ្នោះ​ ខ្ញុំ​ថា​ខ្ញុំ​មាន​ខុស​អី​ទេ​កុំ​ចាប់​ខ្ញុំ? ប៉ូលិស​មិន​ស្ដាប់​ខ្ញុំ​ទេ ហើយ​យក​កាំភ្លើង​ភ្ជង់​ខ្ញុំ​តែម្ដង​ តែ​ខ្ញុំ​មិន​រត់​ទៅ​ណា​ទេ​ គាត់​ថា​អញ​គុំ​អ្ហែង​យូរ​ណាស់​ហើយ​អ្ហែង លឺ​ថា​ខ្លាំង​ណាស់​នៅ​ថៃ​។គាត់​វាយ​បោច​សក់​ខ្ញុំ​ហើយ​ថត​វីដេអូ​សើច​ចំអក​ខ្ញុំ​ទៀត»

ជន​រង​គ្រោះ​រូប​នេះ​បាន​ទៅ​សុំ​ប្រឹក្សា​ផ្លូវ​ច្បាប់​ពី​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) ខេត្ត​បន្ទាយមានជ័យ ដើម្បី​ដាក់ពាក្យ​ប្ដឹង​ទៅ​តុលាការ​ឲ្យ​ចាត់វិធានការ​​​លើ​ជន​ប្រព្រឹត្ត​​តាម​ផ្លូវ​ច្បាប់។

ឆ្លើយ​តប​នឹង​បញ្ហា​នេះ​សេនាធិការ​នគរបាល​ស្រុក​ថ្មពួក​ លោក ឈួត ថា អះអាង​ថា មន្ត្រី​ប៉ូលិស​មិន​បាន​ព្រួត​គ្នា​វាយ​ធ្វើ​បាប​ពលរដ្ឋ​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ ប៉ុន្តែ​អះអាង​ថា អំពើ​ហិង្សា​ក្នុង​ការ​ប៉ះ​ទង្គិច​គ្នា​នោះ ដោយសារ​ពលរដ្ឋ​ទាំង​នោះ​ជា​ជន​បង្ក​អុកឡុក​នៅ​ហាង​ខារ៉ាអូខេ​មួយ​កន្លែង នៅ​ស្រុក​ថ្មពួក ហើយ​លោក​ក៏​បាន​នាំ​មន្ត្រី​សមត្ថកិច្ច​ចុះ​ទៅ​បង្ក្រាប​តាម​ពាក្យ​បណ្ដឹង​របស់​ម្ចាស់​ហាង៖ «មាន​ពី​ណា​ទៅ​វាយ​មនុស្ស​អត់​កំហុស​នោះ? យើង​ដឹង​ច្បាប់​ហើយ​តើ​បើ​យើង​ទៅ​វាយ​មនុស្ស​អត់​មាន​មូលហេតុ​ គេ​នឹង​ប្ដឹង​យើង​វិញ​បាន​តើ។ តែ​វា​មាន​រឿង គឺ​ម៉ូតូ​វា ៣ គ្នា ៦​នាក់​ ហើយ​សមត្ថកិច្ច​មាន​គ្នា​តែ ៤​នាក់​ទេ ហើយ​ចុះ​ចាប់​ជិត​ម៉ោង ១២​យប់​ណោះ ដែល​ខ្ញុំ​តាម​ប្រមាញ់ ហើយ​ឪពុក​ម្ដាយ​គាត់​អត់​យល់ គាត់​ថា ខ្ញុំ​ទៅ​វាយ​មនុស្ស​អត់​កំហុស»

ប៉ុន្តែ​ជនរងគ្រោះ​លោក ស្មន់ សុជឿត អះអាង​ថា សមត្ថកិច្ច​ចាប់​មនុស្ស​ច្រឡំ​ ដែល​គេ​បាន​រត់​គេច​ខ្លួន​បាត់​អស់​ទៅ​ហើយ​ ចំណែក​រូប​លោក​នឹង​បងប្រុស​មិន​បាន​ធ្វើ​ខុស​ដូច​ការ​អះអាង​របស់​ប៉ូលិស​នោះ​ឡើយ។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស អាដហុក (Adhoc) ខេត្ត​បន្ទាយមានជ័យ​លោក ស៊ុំ ច័ន្ទគារ មាន​ប្រសាសន៍​ថា​ លោក​បាន​ទទួល​ពាក្យ​បណ្ដឹង​ពី​ជនរងគ្រោះ​ហើយ ប៉ុន្តែ​លោក​ថា ​មិន​ទាន់​បាន​សាកសួរ​ទៅ​ខាង​សមត្ថកិច្ច​នៅ​ឡើយ​ទេ។ ទោះ​ជា​យ៉ាង​ណា​លោក ​ស៊ុំ ច័ន្ទគា អះអាង​​ថា រឿង​នេះ​​ជនរងគ្រោះ​ទំនង​ត្រូវ​បាន​​​សមត្ថកិច្ច​​ប្រើ​អំពើ​ហិង្សា​ធ្វើ​ទារុណកម្ម​ជា​ជាង​ការ​អនុវត្ត​ច្បាប់​ដើម្បី​ការពារ​ខ្លួន៖ «ព្រោះ​ដោយសារ​សមត្ថកិច្ច​ពួកគាត់​ជា​អ្នក​អនុវត្ត​ច្បាប់​ ហើយ​នីតិវិធី​គ្រប់​គ្រាន់​រាល់​បទ​ល្មើស​អត់​អោយ​កើត​ឡើង ដែល​ជន​ត្រូវ​ចាប់​ត្រូវ​ចង ត្រូវ​ឃាត់​ខ្លួន​ផង ដូច្នេះ​បែរ​ថា មក​តដៃ​អីចឹង​ថា​តើ​ភាគី ដែល​សមត្ថកិច្ច​ចាប់​នោះ​គាត់​ប្រើប្រាស់​អាវុធ​របៀបណា? ហើយ​បើ​សិន​ជា​ដៃ​ដូច​គ្នា​សមត្ថកិច្ច​មាន​កាំភ្លើង ហើយ​ភ្ជង់​រួច​ទៅ​វាយ គឺ​ជា​ការ​តដៃ​ដែរ​ឬទេ

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​ កត់សំគាល់​ទៀត​ថា នេះ​ជា​លើក​ទី​២ ហើយ ដែល​ប៉ូលិស​ស្រុក​ថ្ម​ពួក​វាយ​ធ្វើ​បាប​ពលរដ្ឋ​ស្លូតត្រង់​នោះ។ កាល​ពី​ខែ​មករា លោក​អធិការ​នគរបាល​ស្រុក​មួយ​​នេះ បាន​វាយ​បុរស​ម្នាក់​នៅ​ស្រុក​ព្រះនេត្រព្រះ​ឲ្យ​របួស​ធ្ងន់​​ម្ដង​រួច​មក​ហើយ ប៉ុន្តែ​យុវជន​រូប​នោះ មិន​ហាន​ប្ដឹង​ព្រោះ​ខ្លាច​អំណាច ហើយ​បាន​ស្រុះស្រួល​គ្នា​បញ្ចប់​រឿង​ទៅ​វិញ។ លោក ស៊ុំ ច័ន្ទគារ បាន​បញ្ជូន​ពាក្យ​បណ្ដឹង​របស់​ជនរងគ្រោះ​ដាក់​ទៅ​សាលា​ដំបូង​ខេត្ត​បន្ទាយមានជ័យ​ហើយ កាល​ពី​ថ្ងៃ​ទី​១៩ មេសា។ចំណែក​ជនរងគ្រោះ​បាន​ទៅ​ជួប​លោក ស៊ុំ ច័ន្ទគា ដើម្បី​ផ្ដល់​ព័ត៌មាន​បន្ថែម​ដាក់​បន្ទុក​ទៅ​លើ​មន្ត្រី​ប៉ូលិស​ទាំង​អស់​នោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles