Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

ខុមហ្វ្រែល​ខេត្ត​ព្រះសីហនុ​បារម្ភ​ខ្វះ​អ្នក​ស្ម័គ្រ​ចិត្ត​សង្កេតការណ៍​បោះឆ្នោត​ឃុំ-​សង្កាត់

$
0
0

គណៈកម្មាធិការ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា ខុមហ្វ្រែល (COMFREL) ប្រចាំ​ខេត្ត​ព្រះសីហនុ ព្រួយ​បារម្ភ​មិន​មាន​អ្នក​សង្កេតការណ៍​ស្ម័គ្រចិត្ត ដាក់​ពង្រាយ​នៅ​តាម​ការិយាល័យ​បោះឆ្នោត​ឃុំ-​សង្កាត់ អាណត្តិ​ទី​៤ ឆ្នាំ​២០១៧ ឲ្យ​បាន​គ្រប់​ចំនួន ព្រោះ​គិត​ត្រឹម​ថ្ងៃ​ទី​៣០ ខែ​មីនា ទើប​ទទួល​បាន​អ្នកស្ម័គ្រចិត្ត​ត្រឹម ២០​ភាគរយ​ទេ។

អ្នក​សម្របសម្រួល​អង្គការ​ខុមហ្វ្រែល ប្រចាំ​ខេត្ត​ព្រះសីហនុ អ្នកស្រី ជៀប សុធារី ផ្តល់​សម្ភាស​ថា ក្នុង​ចំណោម​ការិយាល័យ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ អាណត្តិ​ទី​៤ ឆ្នាំ​២០១៧ នា​មូលដ្ឋាន​នេះ សរុប​មាន​ចំនួន ២៨០​ការិយាល័យ គឺ​អង្គការ​នេះ ទើប​ទទួល​បាន​យុវជន​ស្ម័គ្រចិត្ត​ដាក់​ពាក្យ​ធ្វើ​ជា​ភ្នាក់ងារ​សង្កេតការណ៍​បោះឆ្នោត​នេះ​ត្រឹម ២០​ភាគរយ​ទេ។

​អ្នកស្រី សុធារី ដែល​មាន​តួនាទី​ជា​អ្នក​សម្របសម្រួល​សមាគម​អាដហុក (Adhoc) ប្រចាំ​ខេត្ត​ព្រះសីហនុ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ពិសេស​ក្រុម​យុវជន​គ្រប់​អាយុ​បោះ​ឆ្នោត​ដែល​មាន​ទូរស័ព្ទ​ស្មាតហ្វូន (Smart Phone) និង​ចេះ​សរសេរ​ផ្ញើ​សារ​តាម​ទូរស័ព្ទ​ដៃ​ទំនើប ហើយ​ចាប់​អារម្មណ៍​ស្ម័គ្រចិត្ត​ធ្វើ​ជា​ភ្នាក់ងារ​សង្កេតការណ៍​បោះឆ្នោត​ឃុំ-​សង្កាត់​អាណត្តិ​ទី​៤ នៅ​តាម​មូលដ្ឋាន​រៀងៗ​ខ្លួន​ស្នើ​ឲ្យ​ទាក់ទង​មក​កាន់​ការិយាល័យ​អង្គការ​ខុមហ្វ្រែល ប្រចាំ​ខេត្ត​ព្រះសីហនុ ដើម្បី​ផ្តល់​វគ្គ​បណ្តុះបណ្តាល​តួនាទី​ជា​ភ្នាក់ងារ​សង្កេតការណ៍​បោះឆ្នោត​ឲ្យ​បាន​ទាន់​ពេល៖ «ដើម្បី​ឲ្យ​ការ​បោះឆ្នោត​មួយ​អាច​ប្រព្រឹត្ត​ទៅ​ដោយ​សេរី យុត្តិធម៌ និង​ត្រឹមត្រូវ ហើយ​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​ដោយ​គ្មាន​ការ​ភ័យ​ខ្លាច ឬ​គ្មាន​ការ​ព្រួយ​បារម្ភ គឺ​ទាមទារ​ឲ្យ​មាន​ការ​ចូលរួម​ពី​ប្រជាពលរដ្ឋ​ទាំង​អស់។ យើង​ត្រូវ​ចំណាយ​ពេល​វេលា​មួយ​ថ្ងៃ​ដើម្បី​អនាគត​ខ្លួន​យើង និង​សង្គម​ជាតិ​យើង​ទាំង​មូល»

បណ្ដុំ​អង្គការ​សង្គម​ស៊ីវិល​ជិត ៤០​ស្ថាប័ន មាន​ដូចជា អង្គការ​សង់ត្រាល់ (CENTRAL) អង្គការ​លីកាដូ (LICADHO) អង្គការ​សីលការ អង្គការ វ៉ាយ.អ.ឌី.ភី (YRDP) និង​អង្គការ​ខុមហ្វ្រែល ជាដើម បាន​បង្កើត​បន្ទប់​ស្ថានការណ៍ (Electoral Reform Association) សម្រាប់​សង្កេតការណ៍​ទៅ​លើ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់​អាណត្តិ​ទី​៤ ឆ្នាំ​២០១៧។

បន្ទប់​ស្ថានការណ៍​ស្ដីពី​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់​ឆ្នាំ​២០១៧ មាន​គម្រោង​ជ្រើសរើស​ក្រុម​អ្នក​សង្កេតការណ៍​ស្ម័គ្រចិត្ត​ជាង ២​ម៉ឺន​២​ពាន់​នាក់ (២២.១៤៨) ដើម្បី​ដាក់​ពង្រាយ​ឲ្យ​បាន​ម្នាក់​ក្នុង​មួយ​ការិយាល័យ​បោះឆ្នោត​នៅ​ទូទាំង​ប្រទេស​កម្ពុជា។

ប្រធាន​លេខាធិការដ្ឋាន​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​ព្រះសីហនុ លោក ហួត ផុន បាន​ស្នើ​ឲ្យ​ផ្នែក​ពាក់ព័ន្ធ​ទាំង​គណបក្ស​នយោបាយ ទាំង​អង្គការ​សង្គម​ស៊ីវិល ជាពិសេស​មន្ត្រី​ទទួល​ការងារ​រៀបចំ​បោះឆ្នោត​នៅ​តាម​ឃុំ-​សង្កាត់​នានា ទូទាំង​ខេត្ត​ព្រះសីហនុ ត្រូវ​រួមគ្នា​អនុវត្ត​ច្បាប់​បោះ​ឆ្នោត​ដែល គ.ជ.ប បាន​កំណត់​ឲ្យ​បាន​ត្រឹមត្រូវ។ លោក​ថា នៅ​ថ្ងៃ​ទី​១ ខែ​មេសា ខាង​មុខ ស្ថាប័ន​នេះ​នឹង​អញ្ជើញ​តំណាង​គណបក្ស​នយោបាយ​មន្ត្រី​សង្គម​ស៊ីវិល និង​មន្ត្រី​នៅ​តាម​ស្ថាប័ន​ពាក់ព័ន្ធ​ក្រោម​ឱវាទ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ដទៃ​ទៀត​មក​ប្រជុំ​ពិភាក្សា​ដើម្បី​រួម​សហការ​គ្នា ជំរុញ​ឲ្យ​ការងារ​រៀបចំ​បោះឆ្នោត​ឃុំ-​សង្កាត់​អាណត្តិ​ទី​៤ នៅ​ដើម​ខែ​មិថុនា ខាង​មុខ​បាន​រលូន។

លោក ហួត ផុន ឲ្យ​ដឹង​ថា ខេត្ត​ជាប់​ឆ្នេរ​សមុទ្រ​មួយ​នេះ អ្នក​មាន​សិទ្ធិ​បោះឆ្នោត ឬ​គ្រប់​អាយុ​ចុះ​ឈ្មោះ​បោះឆ្នោត​ប្រមាណ ១៣​ម៉ឺន​នាក់ និង​បាន​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​មាន​ជិត ១២​ម៉ឺន​នាក់៖ «ទិសដៅ​ខាង​មុខ​យើង​នឹង​កោះ​ប្រជុំ​ជាមួយ​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​ទាំង​អស់ ទាំង​គណបក្ស​នយោបាយ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ទាំង​អស់ ដើម្បី​បង្ហាញ​ឲ្យ​ដឹង​អំពី​ទិសដៅ​ដែល​ស្ថាប័ន​នេះ​ត្រូវ​អនុវត្ត​នៅ​ពេល​ខាង​មុខ ឈាន​ដល់​អនុវត្ត​តាម​ច្បាប់​បោះ​ឆ្នោត​ដែល គ.ជ.ប បាន​កំណត់​ឲ្យ​បាន​រលូន និង​មាន​លទ្ធផល​ល្អ»

អ្នក​សម្របសម្រួល​អង្គការ​ខុមហ្វ្រែល ខេត្ត​ព្រះសីហនុ អ្នកស្រី សុធារី មាន​ជំនឿ​ថា បើ​អាច​ជ្រើសរើស​បាន​អ្នក​សង្កេតការណ៍​បោះឆ្នោត​ឯករាជ្យ​ដាក់​ពង្រាយ​គ្រប់​ចំនួន​ការិយាល័យ​បោះឆ្នោត​ទូទាំង​ប្រទេស គឺ​អាច​ជួយ​ឲ្យ​ដំណើរ​ការ​បោះឆ្នោត​ឃុំ-​សង្កាត់​អាណត្តិ​ទី​៤ ធ្វើ​ឡើង​មាន​លក្ខណៈ​សេរី យុត្តិធម៌ និង​ត្រឹមត្រូវ។ ជាង​នេះ​ទៀត នឹង​អាច​ជួយ​ទប់ស្កាត់​គណបក្ស​នយោបាយ​ចូលរួម​ប្រកួត​ប្រជែង​ការ​បោះ​ឆ្នោត​នីមួយៗ កុំ​ឲ្យ​ឈ្លោះ​ប្រកែក​គ្នា​ទៅ​លើ​លទ្ធផល​ឆ្នោត​ក្រោយ​ការ​ប្រកាស​លទ្ធផល​នៃ​ការ​រាប់​សន្លឹក​ឆ្នោត។

ការ​ជ្រើសរើស​អ្នក​ស្ម័គ្រចិត្ត​សង្កេតការណ៍​បោះ​ឆ្នោត គឺ​ទទួល​យក​បេក្ខភាព​ទាំង​ប្រុស​ស្រី ហើយ​តម្រូវ​ឲ្យ​មាន​គ្រប់​អាយុ​អាច​បោះឆ្នោត​បាន។ ការ​ជ្រើសរើស​នេះ នឹង​ផុត​កំណត់​នៅ​អំឡុង​ខែ​ឧសភា ព្រោះ​ជា​ពេល​ដែល គ.ជ.ប នឹង​ចុះ​បញ្ជី​ឈ្មោះ​អ្នក​សង្កេតការណ៍។ ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់​អាណត្តិ​ទី​៤ នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​២០១៧៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles