
អភិបាលរដ្ឋកាលីហ្វ័រញ៉ា (California) លោក ជេរី ប្រោន Jerry Brown បានលើកលែងទោសឲ្យអតីតទណ្ឌិត៥ ក្នុងនោះពីរនាក់ជាជនជាតិខ្មែរ ដែលកំពុងប្រឈមមុខនឹងការចាប់បញ្ជូនទៅកម្ពុជាវិញ។ ទោះបីការលើកលែងទោសនេះ នឹងមិនអាចបញ្ឈប់ការចាប់បង្ខំបញ្ជូនទៅកម្ពុជាវិញក៏ដោយ ប៉ុន្តែវាអាចលុបបំបាត់ប្រវត្តិមានទោសនៅក្នុងរដ្ឋ ដែលអាជ្ញាធរសហព័ន្ធប្រើប្រាស់ក្នុងបែបបទដើម្បីចាប់បញ្ជូនអតីតទណ្ឌិតទៅប្រទេសកំណើតនោះ។
ជនជាតិខ្មែរទាំងពីរនាក់ត្រូវបានចាប់ខ្លួនកាលពីឆ្នាំ ២០០២ និង២០០៥ ពីបទឧក្រិដ្ឋ និងអំពើហិង្សាក្នុងគ្រួសារ។ អ្នកទាំងពីរ បានប្រើប្រាស់គ្រប់មធ្យោបាយអស់ហើយដើម្បីសុំកុំឲ្យអាមេរិកបញ្ជូនទៅកម្ពុជាវិញ ប៉ុន្តែមិនបានជោគជ័យ។ ការលើកលែងទោសនេះ ជាសេចក្តីសង្ឃឹមចុងក្រោយរបស់ពួកគេ។
កម្ពុជាបានប្រកាសសុខចិត្តទទួលជនជាតិខ្មែរដែលអាមេរិកគ្រោងនឹងបញ្ជូនកម្ពុជាវិញ ក្រោយពេលអាមេរិកដាក់ទណ្ឌកម្មមិនផ្ដល់ទិដ្ឋាការ ឲ្យមន្ត្រីជាន់ខ្ពស់ និងក្រុមគ្រួសាររបស់ក្រសួងការបរទេសមកជាន់ទឹកដីអាមេរិក។ យ៉ាងហោចណាស់ក៏មានពលរដ្ឋខ្មែរជាអតីតទណ្ឌិតប្រមាណ ១០០នាក់ ត្រូវបានឃុំខ្លួនដើម្បីរង់ចាំបញ្ជូនទៅកម្ពុជាវិញ៕