Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

ជនជាតិ​ដើម​ភាគ​តិច​ខែត្រ​ភាគ​ឦសាន​ថា អាជ្ញាធរ​គ្រប់គ្រង​ពលរដ្ឋ​បែប​ផ្តាច់កា និង​គំរាម​ដាក់​គុក

$
0
0

ជនជាតិដើមភាគតិចខែត្រភាគឦសាន​អះអាង​ថា ក្រោយ​ពី​របប​លោក ហ៊ុន សែន បាន​កម្ទេច​បក្ស​ប្រឆាំង ដើម្បី​ក្រាញ​អំណាច មាន​បញ្ហា​ប្រឈម​ជា​ច្រើន​បាន​ផុស​ឡើង រួមមាន ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​ជួប​ប្រជុំ ការ​គំរាម​ចាប់​ដាក់​គុក ការ​ប្តឹង​ពលរដ្ឋ​ទៅ​តុលាការ ការ​បង្ក្រាប​ដោយ​បង្ហូរ​ឈាម និង​ពង្រាយ​កម្លាំង​សមត្ថកិច្ច​ឃ្លាំមើល​ពលរដ្ឋ​ជា​ដើមពួក​គាត់​អង្កេត​ឃើញ​ថា អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ មិន​បាន​យក​ចិត្ត​ទុក​ដាក់​បម្រើ​ពលរដ្ឋ​ដូច​ការ​សន្យា​នៅ​ពេល​ឃោសនា​បោះឆ្នោត​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ បែរ​ជា​ប្រើ​ប្រព័ន្ធ​តុលាការ​គំរាម​កំហែង​ពលរដ្ឋ ដើម្បី​ដោះស្រាយ​បញ្ហា​ទៅ​វិញ

ជនជាតិ​ដើម​ភាគ​តិច​រស់​នៅ​ខែត្រ​ក្រចេះ ស្ទឹងត្រែង ព្រះវិហារ និង​ខែត្រ​មណ្ឌលគិរី សម្តែង​ក្តី​កង្វល់​ពី​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព និង​ការ​ចោទ​ប្រកាន់​ពលរដ្ឋ​តាម​អំណាច​តុលាការ នៅ​គ្រា​ដែល​ពួក​គាត់​តវ៉ា​ស្វែងរក​ដំណោះស្រាយ និង​ឃាត់​គ្រឿង​ចក្រ​របស់​ក្រុមហ៊ុន ដែល​ឈួស​ឆាយ​ប៉ះពាល់​ដី​អាស្រ័យ​ផល​របស់​ពួក​គាត់

ជនជាតិ​ដើម​ភាគ​តិច​រស់​នៅ​ខែត្រ​ព្រះវិហារ​ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៩ មីនា​ថា ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ចិន និង​ឈ្មួញ​មាន​អំណាច ឃុបឃិត​ជា​មួយ​អាជ្ញាធរ​ប្តឹង​ពលរដ្ឋ​ណា​ដែល​ចេញ​មុខ​ប្រឆាំង​ការ​ឈូស​ឆាយ​ព្រៃ​អាស្រ័យ​ផល​របស់​ពួក​គាត់ និង​ប្តឹង​ពលរដ្ឋ​មួយ​ចំនួន​ទៅ​តុលាការ ព្រោះ​បម្រើ​ប្រយោជន៍​ឲ្យ​ក្រុមហ៊ុន​ចិនលោក​ថា អាជ្ញាធរ​របប​លោក ហ៊ុន សែន មិន​អើពើ​ការ​លំបាក​វេទនា​ដោយសារ​បាត់បង់​ធនធាន​ធម្មជាតិ អូរ ស្ទឹង ជា​ប្រភព​ត្រី​សាច់ និង​ដើម​ឈើ​ផលិត​ជ័រ​ទឹក​ជា​ដើម​នោះ​ទេ បែរ​ជា​ធ្វើ​ទុក្ខ​បុក​ម្នេញ​ពលរដ្ឋ ដែល​ងើប​តវ៉ា និង​រឹត​ត្បិត​សិទ្ទិ​ពលរដ្ឋ​មិន​ឲ្យ​ជូប​ប្រជុំ​ជា​ដើម

ជនជាតិដើមភាគតិចរស់នៅ​ខែត្រ​ស្ទឹងត្រែង​ម្នាក់​ទៀត​ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ សង្កេត​ឃើញ​ថា ពលរដ្ឋ​ភាគ​ច្រើន​បាន​សម្ងំ​យក​សុខ​រៀងៗ ខ្លួន មិន​ហ៊ាន​ងើប​ទាមទារ​រក​យុត្តិធម៌​រឿង​បាត់បង់​ព្រៃ​ឈើ និង​ដី​សហគមន៍​នោះ​ទេ ព្រោះ​ខ្លាច​អាជ្ញាធរ​ប្តឹង​ពួក​គាត់​ទៅ​តុលាការ ឬ​ចោទ​ថា ជា​ក្រុម​បក្ស​ប្រឆាំងលោក​កត់​សម្គាល់​ថា ព្រៃ​សហគមន៍​ភួមិ​អន្លង់​ក្រមួន ដែល​ធ្លាប់​ជា​ប្រភព​ធនធាន​ធម្មជាតិ និង​ដើម​ឈើ​ផលិត​ជ័រ​ទឹក តែ​នៅ​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ព្រៃ​នៅ​តំបន់​នោះ ត្រូវ​គេ​កាប់​ឈើ​អស់​ទាំង​ស្រុង បង្ក​ឲ្យ​អ្នក​ភូមិ​បាត់បង់​កន្លែង​អាស្រ័យ​ផល និង​ប្រពៃណី

ពលរដ្ឋ​រស់នៅ​ខែត្រ​ក្រចេះ ដែល​គេច​ផុត​ពី​គ្រាប់​កាំភ្លើង​របស់​អាជ្ញាធរ ឲ្យ​ដឹង​ថា របប​ក្រុង​ភ្នំពេញ បាន​ច្បាម​ដី​ព្រៃ​ស្រោង ដែល​ជា​ដែន​ជម្រក​សត្វ​ព្រៃ​រាប់​ម៉ឺន​ហិកតារ ដើម្បី​សម្បទាន​ឲ្យ​ក្រុម​គ្រួសារ​របស់​ខ្លូន​ដោយ​មិន​បាន​គិត​ពី​ផល​ប៉ះពាល់​ធនធាន​ធម្មជាតិ និង​ជីវភាព​ពលរដ្ឋលោក​កត់​សម្គាល់​ថា នៅ​គ្រា​ដែល​ពលរដ្ឋ​រង​ការ​បង្ក្រាប​ដោយ​បង្ហូរ​ឈាម កាល​ពី​ដើម​ខែ​មីនា​កន្លង​ទៅ គឺ​ជា​បន្ទុក​ដ៏​ធំ​មួយ​នាំ​ឲ្យ​ពលរដ្ឋ​ភ័យ​ព្រួយ​រឿង​បញ្ចេញ​មតិ និង​ទាមទារ​សិទ្ធិ​សេរីភាពខ្លាច​ក្រែង​អាជ្ញាធរ​ចាប់​ដាក់​គុក

កាល​ពី​ថ្ងៃ​ទី​០៨ មីនា ពលរដ្ឋជាង ២​រយ​នាក់ បាន​នាំ​គ្នា​តវ៉ា​បិទ​ផ្លូវ​ជាតិ​លេខ ៧៦ បំណង​ស្នើសុំ​ឲ្យ​អាជ្ញាធរ​បញ្ឈប់​ការ​ឈូស​ឆាយ​ផ្ទះ​សម្បែង និង​ផល​ដំណាំ តែ​ត្រូវ​អាជ្ញាធរ​ខែត្រ​ក្រចេះ ភាគ​ច្រើន​ជា​យោធា​រាប់​រយ​នាក់ ប្រដាប់​អាវុធ​គ្រប់​ដៃ​បាន​បាញ់​រះ​មក​លើ​ពលរដ្ឋ។ យ៉ាង​ហោច​ណាស់ ក៏​មាន​ពលរដ្ឋ​បី​នាក់​រង​របួស​ធ្ងន់ និង​ស្រាយ

ដោយឡែក​ជន​ជាតិ​ដើម​ភាគ​តិច​រស់​នៅ​ខែត្រ​មណ្ឌលគិរី ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ ង្កេត​ឃើញ​ថា មេឃុំ និង​អាជ្ញាធរ​មូលដ្ឋាន​មួយ​ចំនួន​ក៏​មាន​ឆន្ទៈ​ចង់​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ​ដោយ​យុត្តិធម៌​ដែរ តែ​ពួក​គេ​រង​សម្ភាធ​ពី​ថ្នាក់​លើ ព្រោះ​ទំនាស់​ភាគ​ច្រើន​សុទ្ធសឹង ពាក់ព័ន្ធ​មន្ត្រី​រាជការ និង​អ្នក​មាន​អំណាចលោក​ថា បើ​ទោះ​បី​ជា​កម្ពុជា​មាន​រដ្ឋ​ធម្មនុញ្ញ​ ដែល​ជា​ច្បាប់​កំពូល​នៃ​ប្រទេស​ផ្ដល់​សេរីភាព​ដល់​ពលរដ្ឋ​អាច​ជួបជុំ និង​សម្ដែង​មតិ​ដោយ​សន្តិវិធី​ក្តី តែ​ធាតុពិត​អាជ្ញាធរ​រដ្ឋាភិបាល​មិន​បាន​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​ឡើយ។ ជាក់​ស្តែង​បើ​ពលរដ្ឋ​ឈឺឆ្អាលរឿងបទល្មើសព្រៃឈើ ​និង រិះគន់​អាជ្ញាធរ ដើម្បី​ឲ្យ​ទប់ស្កាត់ តែ​ត្រូវ​បាន​អាជ្ញាធរ​រក​លេស​ប្តឹង​ពួក​គាត់​ទៅ​តុលាការ ពី​បទ​ញុះញង់ និង​ផ្តល់​ព័ត៌មាន​មិន​ពិត​ជា​ដើម។ បញ្ហា​នេះ​ដែល​នាំ​ឲ្យ​ពលរដ្ឋ​លែង​ហ៊ាន​បញ្ចេញ​មតិ បើ​ទោះ​បី​ជា​ភាព​មិន​ប្រក្រតី​កើត​មាន​ឡើង​ធំធេង​យ៉ាង​ណា​ក្ដី

មេឃុំម្លូរព្រៃពីរ ស្រុក​ឆែប ខែត្រ​ព្រះវិហារ លោក កាន់ សុវណ្ណគា បដិសេធ​ថា អាជ្ញាធរ​ឃុំ​មិន​បាន​គំរាម​ពលរដ្ឋ​ចាប់​ដាក់​គុក​នោះ​ទេ គ្រាន់​តែ​ចុះ​សម្របសម្រួល​ជា​មួយ​ពលរដ្ឋ ព្រោះ​សិទ្ធិ​សម្រេច​ដោះស្រាយ​បញ្ហា​របស់​ពលរដ្ឋ​មួយ​ចំនួន គឺ​ហូស​ពី​សមត្ថភាព​អាជ្ញាធរ​ឃុំលោក​ថា ការ​សំណូមពរ​របស់​ពលរដ្ឋ​ក្នុង​ការ​ដោះស្រាយ​បញ្ហា គឺ​លោក​តែង​ជូន​ដំណឹង​ទៅ​ថ្នាក់​លើ​សម្រេច បើ​ថ្នាក់​លើ​មិន​អនុញ្ញាត​លោក​មិន​អាច​ជំទាស់​បទ​បញ្ជា​របស់​ថ្នាក់​លើ​បាន​ទេ

កាលពីថ្ងៃទី ២៨ មីនា  ជនជាតិ​ដើម​ភាគតិច​កួយ​ មួយ​ចំនួន​នៅ​ខែត្រព្រះវិហារ ត្រូវ​បាន​ក្រុមហ៊ុន​ចិន​ប្តឹង​ទៅ​តុលាការ នៅ​គ្រា​ដែល​ពូក​គាត់​ឃាត់​គ្រឿងចក្រ​របស់​ក្រុមហ៊ុន បំណង​ការពារ​ដីធ្លី​របស់​ខ្លូន ដែល​នៅ​សេសសល់​ចុង​ក្រោយ​ជាង ៣​រយ​ហិកតារ ដើម្បី​ឃ្វាល​គោ​ក្របី និង​រក​អនុផល​ព្រៃ​ឈើ​បែប​ប្រពៃណី​ជន​ជាតិ​ដើម​ភាគ​តិច ខណៈ​តំបន់​ពួក​គាត់​រស់នៅ ហ៊ុមព័ទ្ធ​ដោយ​ចម្ការ​អំពៅ​របស់​ក្រុមហ៊ុន​ចិន​ស្ទើរ​ទាំង​ស្រុង

រដ្ឋធម្មនុញ្ញ​មាត្រា​៣៥ ចែង​ថា ពលរដ្ឋ​ខ្មែរ​ទាំង​ពីរ​ភេទ​មាន​សិទ្ធិ​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ជីវភាព​នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌​របស់​ប្រទេស​ជាតិ។ សេចក្ដី​ស្នើ​ទាំង​ឡាយ​របស់​ពលរដ្ឋ​ត្រូវ​បាន​ទទួល​ការ​ពិនិត្យ និង​ដោះស្រាយ​យ៉ាង​ហ្មត់ចត់​ពី​អង្គការ​រដ្ឋ។

មាត្រា ៣១ នៃ​រដ្ឋធម្មនុញ្ញ​ចែងថា កម្ពុជា​ទទួល​ស្គាល់ និង​គោរព​សិទ្ធិមនុស្ស​ដូច​មាន​ចែង​ក្នុង​ធម្មនុញ្ញ​នៃ​អង្គការ​សហប្រជាជាតិ សេចក្ដី​ប្រកាស​ជា​សកល​ស្ដីពី​សិទ្ធិមនុស្ស និង​កតិកាសញ្ញា ព្រម​ទាំង​អនុសញ្ញា​ទាំង​ឡាយ​ណា​ទាក់ទិន​សិទ្ធិមនុស្ស សិទ្ធិ​នារី និង​សិទ្ធិ​កុមារ ដែល​កម្ពុជា ទទួលស្គាល់​ថា ជា​ច្បាប់​កម្ពុជា។

មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស​ខែត្រ​ព្រះវិហារ លោក ឡោ ចាន់ យល់​ថា ប្រទេស​អនុវត្ត​លទ្ធិ​ប្រជាធិបតេយ្យ ការ​តវ៉ា​ដោយ​សន្តិវិធី ការ​ជួប​ប្រជុំ និង​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ ត្រូវ​បាន​ធានា​ដោយ​ច្បាប់​ជាតិ និង​អន្តរជាតិ ដែល​រដ្ឋាភិបាល​ទទួល​ស្គាល់ តែ​ប្រសិន​បើ​មានការគំរាមកំហែង និង​រឹត​ត្បិត នឹង​ប៉ះពាល់​នីតិរដ្ឋ ជីវភាព​រស់​នៅ និង​សិទ្ធិ​ ​សេរីភាពពលរដ្ឋ។ លោក​ថា បើ​អាជ្ញាធរ​នៅ​តែ​ប្រើ​ប្រព័ន្ធ​តុលាការ​ដោះ​ស្រាយ​បញ្ហា ពុំ​មែន​ជា​គោលការណ៍​អនុវត្ត​លទ្ធិ​ប្រជាធិបតេយ្យ​ទេ ហើយ​ក៏​មិន​មែន​ជា​ដំណោះស្រាយ​សន្តិវិធី​នោះ​ដែរ

កំណត់ចំណាំ​ចំពោះអ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174