
សង្គមស៊ីវិល ដែលឃ្លាំមើលបញ្ហាព្រៃឈើនៅកម្ពុជា លើកឡើងថា ការព្រួយបារម្ភរបស់រដ្ឋមន្ត្រី បរិស្ថានជុំវិញការរត់ពន្ធឈើ និងសត្វព្រៃកម្រចេញទៅក្រៅប្រទេសខុសច្បាប់ គឺជារឿងយឺតពេល។ ការយឺតពេល ព្រោះករណីរត់ពន្ធឈើ និងសត្វព្រៃកើតឡើងជាច្រើនឆ្នាំណាស់មកហើយ ដោយគ្មានវិធានការទប់ស្កាត់ឱ្យមានប្រសិទ្ធភាព ហើយបទល្មើសនៅតែកើតមាន។ ចំណែកឈើប្រណិត និង សត្វព្រៃកម្រមួយចំនួនឈានទៅផុតពូជទៀតផង។
មន្រ្តីសង្គមស៊ីវិលអះអាងថា មានកត្តាជាច្រើនដែលធ្វើឱ្យឈើប្រណិត ឬឈើកម្រ និងពពួកសត្វព្រៃកម្រមួយចំនួនផុតពូជ និងខ្លះឈានទៅផុតពូជ គឺដោយសារការកាប់បំផ្លាញព្រៃឈើ ដើម្បីយកឈើធ្វើអាជីវកម្ម។ បញ្ហាទាំងនោះរួមមាន ការផ្តល់ដីសម្បទានសេដ្ឋកិច្ចដល់ក្រុមហ៊ុនឯកជន និងការផ្តល់ដីសម្បទានសង្គមកិច្ចដល់ពលរដ្ឋ ដោយមិនបានសិក្សាពីផលប៉ះពាល់។
ការឈូសឆាយដីព្រៃធ្វើចម្ការ និងការកាប់ឈើធ្វើអាជីវកម្ម ដែលធ្វើឱ្យសត្វព្រៃបាត់បង់ជម្រក។ បន្ថែមពីនេះ ការបាញ់សត្វព្រៃធ្វើអាជីវកម្ម គួបផ្សំការអនុវត្តច្បាប់របស់របបក្រុងភ្នំពេញគ្មានប្រសិទ្ធភាព អនុវត្តច្បាប់ មានការរើសអើង បក្ខពួកនិយម និងមានអំពើពុករលួយផង ដែលធ្វើឱ្យឈើប្រណិត និងសត្វព្រៃកម្រមួយចំនួនប្រឈមក្តីវិនាស។
មន្ត្រីជាន់ខ្ពស់ផ្នែកពង្រឹងសិទ្ធិអំណាចសហគមន៍នៃសមាគម អាដហុក (ADHOC) លោក ប៉ែន ប៊ុណ្ណារ៍ មានប្រសាសន៍ថា បញ្ហាទាំងនេះ គឺកើតមានជាយូរណាស់មកហើយ។ ចំណែកបទល្មើសរត់ពន្ធឈើចេញទៅក្រៅប្រទេសនៅតែកើតឡើងឥតឈប់ឈរ ហើយប្រភេទឈើប្រណិតមួយចំនួនស្ទើរតែលែងមានទៀតផង៖ «ឈើល្អៗ ដែលមាននៅក្នុងព្រៃធម្មជាតិប្រទេសយើង គឺថា អាឈើប្រណិតៗ និងឈើបន្ទាប់មក ដូចជាធ្នង់អីហ្នឹង គឺកាន់តែអស់ហើយ»។
គេហទំព័រហ្វេសប៊ុកផ្លូវការ (Facebook) របស់ក្រសួងបរិស្ថានឱ្យដឹងថា ក្រសួងបានរៀបចំសិក្ខាសាលាមួយ ដោយសហការជាមួយនគរបាលអន្តរជាតិ ឬហៅថាប៉ូលិស អាំងទែរប៉ូល (INTERPOL) កាលពីថ្ងៃទី២៧ និង ២៨ មីនា នៅរាជធានីភ្នំពេញ ក្រោមប្រធានបទសន្តិសុខបរិស្ថានជាតិ ដោយផ្តោតលើបទល្មើសព្រៃឈើ និងសត្វព្រៃ។
ក្នុងឱកាសនោះ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លើកឡើងពេលបើកវេទិកាថា នេះជាលើកទីមួយសម្រាប់ក្រសួងក្នុងការធ្វើកំណែទម្រង់នៅលើវិស័យមួយនេះឲ្យកាន់តែប្រសើរឡើង តាមរយៈការពង្រឹងសមត្ថភាពមន្ត្រីក្រសួងរបស់ខ្លួន។
លើសពីនេះ រៀបចំឱ្យមានទំនាក់ទំនងរវាងស្ថាប័នរដ្ឋដ៏ទៃទៀត ក្នុងការចូលរួមទប់ស្កាត់បទល្មើសឆ្លងដែនជុំវិញបទល្មើសព្រៃឈើ នឹងសត្វព្រៃ ព្រមទាំងរុក្ខជាតិកម្រជិតផុតពូជ។
លោក បញ្ជាក់ថា ក្រសួងបរិស្ថាន និងនគរបាលអន្តរជាតិ រួមជាមួយស្ថាប័នពាក់ព័ន្ធ អាចចែករំលែកព័ត៌មាន និងពង្រឹងសមត្ថភាពក្រុមការងារជំនាញ ស្របតាមក្របខ័ណ្ឌគោលនយោបាយ និងច្បាប់ ដើម្បីប្រឆាំងបទល្មើសសត្វព្រៃ និងព្រៃឈើ។ មិនតែប៉ុណ្ណោះ លោកបង្ហាញក្តីបារម្ភចំពោះវាសនា ព្រៃឈើ និងសត្វព្រៃ កម្រទាំងនោះទៀតផង ប្រសិនបើទប់ស្កាត់មិនបាន លោកថា នឹងក្លាយជាបញ្ហាធំសម្រាប់ប្រទេសកម្ពុជា ទៅថ្ងៃអនាគត។
លោក សាយ សំអាល់ អះអាងថា ករណីរត់ពន្ធ ថនិកសត្វ និងប្រភេទឈើកម្រ គឺជាបញ្ហាប្រឈមនាពេលបច្ចុប្បន្ន ដែលទាមទារឱ្យនាំគ្នាចូលរួមទប់ស្កាត់។
ការបង្ហាញក្តីបារម្ភពេលនេះ លោក ប៉ែន ប៊ុណ្ណារ៍ មើលឃើញថា ជារឿងយឺតពេល ព្រោះមិនត្រឹមតែប្រភេទឈើកម្រខ្លះស្ទើរតែលែងមានប៉ុណ្ណោះទេ ប៉ុន្តែប្រភេទសត្វព្រៃកម្រមួយចំនួនបានផុតពូជ និងខ្លះប្រឈមការផុតពូជទៀតផង។
លោកថា វិនាសកម្មព្រៃឈើ និងសត្វព្រៃ កើតឡើងជាហូរហែ ប៉ុន្តែជនល្មើស ពិសេសឧក្រិដ្ឋជនធំៗ មិនត្រូវបានចាប់ខ្លួនយកទៅផ្តន្ទាទោសតាមច្បាប់ទេ៖ «ត្រូវពឹងលើអាំងទ័រប៉ូលអីចឹង ហាក់ដូចជាមិនមានប្រសិទ្ធភាពប៉ុន្មានទេ។ បាទច្បាប់ក្នុងស្រុកយើងមាន មានន័យថា រាល់ថ្ងៃហ្នឹង គឺដោយសារនិទ្ទណ្ឌភាពហ្នឹងហើយ»។
កាលពីខែមករា ឆ្នាំ២០១៦របបលោក ហ៊ុន សែន បានសម្រេចបង្កើតគណៈកម្មាធិការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើឡើង គឺដើម្បីទប់ស្កាត់ និងបង្ក្រាបសកម្មភាពកាប់ឈើ ការនាំឈើចេញទៅក្រៅប្រទេសដោយខុសច្បាប់ និងបទល្មើសព្រៃឈើផ្សេងទៀតនៅភូមិភាគឦសាន ប៉ុន្តែក្រោយមកបានពង្រីកវិសាលភាពការងាររបស់ខ្លួននៅទូទាំងប្រទេស។
កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៦ គណៈកម្មាធិការជាតិមួយនេះបានបញ្ជូនរបាយការណ៍របស់ខ្លួនទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយបញ្ជាក់ថា ចាប់បានឈើខុសច្បាប់ជាង ៧ម៉ឺនម៉ែត្រគូប និងប្ដឹងឈ្មួញរកស៊ីឈើចំនួន ៥៧ករណីទៅតុលាការ។
មុនពេលបង្កើតគណៈកម្មាធិការជាតិមួយនេះ លោក ហ៊ុន សែន បានលើកចំឈ្មោះឧកញ៉ាពីរនាក់ ដែលគេដឹងថា សកម្មក្នុងមុខរបរជួញដូរឈើប្រណិតនៅទឹកដៃភូមិភាគឦសានចេញទៅប្រទេសវៀតណាម គឺឧកញ៉ា លឹម ប៊ុណ្ណា ហៅ ខ្នា នឹងឧកញ៉ា សឹង សំអុល។
មិនតែប៉ុណ្ណោះ ក៏អាចមានឧកញ៉ា និងមន្ត្រីនគរបាលយុត្តិធម៌ជាច្រើនផ្សេងទៀតដែលមានឈ្មោះក្នុងពាក្យបណ្ដឹងរបស់គណៈកម្មាធិការជាតិមួយនេះ ព្រោះពេលចុះប្រតិបត្តិការកម្លាំងសមត្ថកិច្ចពេលនោះ បានរកឃើញទីតាំងស្តុកទុកឈើជាច្រើនកន្លែង និងនៅក្នុងដីសម្បទានសេដ្ឋកិច្ចមួយចំនួនផង ដូចជាក្រុមហ៊ុនឧកញ៉ា ទ្រី ភាព ក្រុមហ៊ុនឧកញ៉ា អាន ម៉ារ៉ាឌី។
ក្រៅពីនេះ មានក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចរបស់ចិន ឈ្មោះ ឆាយណា ដាយណាម៉ិច (China Dynamic) នៅខេត្តក្រចេះ និងក្រុមហ៊ុនរបស់វៀតណាមនៅខេត្តមណ្ឌលគិរី ខេត្តរតនៈគិរីជាដើម។
ជាងនេះទៀត មានករណីដុតបំផ្លាញគំនរឈើរាប់រយម៉ែត្រគូប ដើម្បីបំផ្លាញភស្តុតាងនៅបរិវេណដីសម្បទានក្រុមហ៊ុន ប៊ិញ ភឿក រ៉ាប់ប៊ើវ័ន (Binh Phuoc Rubber 1) ក្រុមហ៊ុនខ្មែរអង្គរ (Khmer Angkor) និងក្រុមហ៊ុនដាយណាម (Dai Nam) មានទីតាំងនៅស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ ការជីកដីកប់ឈើប្រណិត និងយកឈើប្រណិតទៅបោះចោល នៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដែលគេដឹងថា ជាឈើរបស់ឧកញ៉ា ថៃ។
ទោះបីជាយ៉ាងនេះក្តី ជាង ២ឆ្នាំមកហើយ សំណុំរឿងក្តីទាំងនោះស្ងាត់សូន្យ រីឯបទល្មើសរត់ពន្ធឈើចេញទៅក្រៅប្រទេសកាន់តែកើនឡើងឥតឈប់ឈរ។
កាលពីខែឧសភា ឆ្នាំ២០១៧ អង្គការទីភ្នាក់ងារស៊ើបអង្កេតបរិស្ថានអន្តរជាតិ ហៅកាត់ថា អ៊ី.អាយ.អេ (EIA) បានចេញរបាយការណ៍របស់ខ្លួនបង្ហាញថា បើទោះបីជាស្ថិតនៅអំឡុងពេលយុទ្ធនាការបង្ក្រាប និងបិទការនាំឈើចេញទៅក្រៅប្រទេស ពីសំណាក់គណៈកម្មាធិការជាតិ ដឹកនាំដោយលោក សៅ សុខា ក្តី ប៉ុន្តែទំហំនាំឈើខុសច្បាប់ចេញពីប្រទេសកម្ពុជា ទៅកាន់ប្រទេសវៀតណាម ចន្លោះខែមករា ឆ្នាំ២០១៦ ដល់ខែមីនា ឆ្នាំ២០១៧ គិតជាទឹកប្រាក់មានចំនួនជិត ៣រយលានដុល្លារសហរដ្ឋអាមេរិក។
ដោយឡែក គ្រាន់តែចន្លោះពីខែវិច្ឆិកា ឆ្នាំ២០១៦ ដល់ខែមីនា ឆ្នាំ២០១៧ ទំហំឈើនាំចេញពីប្រទេសកម្ពុជាទៅកាន់ប្រទេសវៀតណាម មានចំនួនជាង ៣០ម៉ឺនម៉ែត្រគូប។ មិនតែប៉ុណ្ណោះ ក៏មានរបាយការណ៍មួយចំនួនទៀតបង្ហាញថា ការនាំឈើខុសច្បាប់ចេញពីកម្ពុជាទៅកាន់ប្រទេសវៀតណាម ក្នុងឆ្នាំ២០១៧ គឺកើនឡើងបន្ថែមទៀត បើប្រៀបធៀបទៅនឹងឆ្នាំ២០១៦។
រីឯជំនួញសត្វព្រៃវិញ កន្លងមកនៅលើអត្ថបទកាសែតក្នុងស្រុក ឱ្យដឹងថា មន្ត្រីជំនាញ និងសមត្ថកិច្ចតែងបង្ក្រាបបានជាហូរហែ ប៉ុន្តែមានករណីខ្លះទៀតអាជ្ញាធរមិនបានបង្ក្រាបទេ។
ជាមួយគ្នានេះ នៅតាមភោជនីយដ្ឋាន និងនៅតាមតំបន់កម្សាន្តមួយចំនួន ក្នុងខេត្តភាគឦសាន និងខេត្ត ដែលមានព្រៃឈើច្រើន ដូចជាខេត្តក្រចេះ ស្ទឹងត្រែង រតនៈគិរី មណ្ឌលគិរី កំពង់ធំ ធំ ព្រះវិហារជាដើម សកម្មភាពជួញដូរសត្វព្រៃនៅតែកើតមានឡើងដដែល គ្រាន់តែកន្លែងខ្លះ លក់ដោយលួចលាក់ និងខ្លះលក់ដោយបើកចំហប៉ុណ្ណោះ។
អ្នកសម្របសម្រួលលេខាធិការដ្ឋានបណ្តាញការពារព្រៃឡង់ លោក សេង សុខហេង យល់ថាការព្រួយបារម្ភរបស់រដ្ឋមន្ត្រីក្រសួងបរិស្ថាន គឺឆ្លុះបញ្ចាំងពីស្ថានភាពពេលបច្ចុប្បន្ន។ ប៉ុន្តែលោកថា វាជារាងយឺតពេល។
លោកបន្តថា ការស្នើសុំសហការជាមួយប៉ូលិសអន្តរជាតិឱ្យជួយទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ និងសត្វព្រៃនោះ គឺប្រហែលមិនអាចទៅរួចទេ។ លោកថា អ្វីដែលអាជ្ញាធរត្រូវធ្វើ គឺអនុវត្តច្បាប់ឱ្យបានច្បាស់លាស់ជាមុនសិន៖ «ខ្ញុំមិនដឹងថា ប៉ូលិសអាំងទ័រប៉ូល មានតួនាទីបង្ក្រាបបទល្មើសព្រៃឈើក្នុងប្រទេសកម្ពុជាដែរ ឬអត់ខ្ញុំមិនដឹងទេ? ប៉ុន្តែមកដល់ពេលនេះ ខ្ញុំគិតថា រដ្ឋាភិបាលខ្លួនឯងហ្នឹង គួរតែពង្រឹងការអនុវត្តច្បាប់»។
លោកមើលឃើញថាឧក្រិដ្ឋកម្មព្រៃឈើ និងសត្វព្រៃ ដែលពិបាកទប់ស្កាត់បំផុត គឺសំណុំរឿងដែលជាប់ពាក់ព័ន្ធមន្ត្រីមានអំណាច ឧកញ៉ា និងអាជ្ញាធរមួយចំនួនក្នុងជួររដ្ឋាភិបាលតែម្តង៖ «ហើយយើងឃើញថា ក្រុមឧកញ៉ា ក្រុមអីដែលរកស៊ីឈើ ឬក្រុមមន្ត្រីយោធារកស៊ីឈើហ្នឹង បើទោះបីជាគេដឹង គេមានសាក្សី ភស្តុតាងយ៉ាងណាក្តី ក៏មិនឃើញមានការអនុវត្តច្បាប់ត្រឹមត្រូវតាមច្បាប់ផងដែរ»។
លោក សេង សុខហេង យល់ថា សកម្មភាពទាំងនេះ បង្ហាញពីចំណុចខ្សោយក្នុងការអនុវត្តច្បាប់ របស់អាជ្ញាធរ។ អំពើពុករលួយ ការនិយមបក្ខពួក គឺជាមូលហេតុមិនអាចបញ្ឈប់ឧក្រដ្ឋកម្មព្រៃឈើ និងសត្វព្រៃនៅប្រទេសកម្ពុជាបាន។
លោកបន្ថែមថា ប្រសិនបើរបបក្រុងភ្នំពេញមានឆន្ទៈទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ រួមនឹងសត្វព្រៃពិតប្រាកដ អាជ្ញាធរគប្បីអនុវត្តច្បាប់ឱ្យបានម៉ឹងមាត់ដោយចាប់ផ្តើមចាត់វិធានការលើបណ្តឹងឧក្រិដ្ឋជនធំៗ ក្នុងសំណុំរឿងដែលគណៈកម្មាធិការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើបានបញ្ជូនទៅតុលាការ។
ជាងនេះទៀត របបលោក ហ៊ុន សែន ត្រូវផ្តល់សិទ្ធិអំណាច និងសហការឱ្យបានទូលាយជាមួយប្រជាសហគមន៍មូលដ្ឋាន និងអង្គការសង្គមស៊ីវិល ចំពោះសកម្មភាពទប់ស្កាត់ និងបង្ក្រាបបទល្មើស ដោយគ្មានការរារាំង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។