
ភរិយាលោកបណ្ឌិត កែម ឡី អ្នកស្រី ប៊ូ រចនា បដិសេធមិនចូលខ្លួនតាមដីកាកោះរបស់សាលាឧទ្ធរណ៍ នៅថ្ងៃទី៣ ខែមេសា ខាងមុខនេះ ព្រោះអ្នកស្រីគ្មានជំនឿលើប្រព័ន្ធយុត្តិធម៌។ សាលាឧទ្ធរណ៍ចេញដីកាកោះហៅអ្នកស្រីដើម្បីចូលខ្លួនបំភ្លឺ ករណីឃាតកម្មរបស់លោកបណ្ឌិត កែម ឡី។
ភរិយា លោកបណ្ឌិត កែម ឡី អ្នកស្រី ប៊ូ រចនា បានសរសេរបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់អ្នកស្រីដោយភ្ជាប់ជាមួយដីកាកោះ និងរូបថតជុំគ្រួសារថា អ្នកស្រី បានឃើញដីកាកោះហៅឲ្យចូលខ្លួន ថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៨ ខាងមុខនេះហើយ។ ប៉ុន្តែលោកស្រីបញ្ជាក់ថា តាំងពីបណ្ឌិតកែម ឡី ត្រូវបានឃាតកបាញ់សម្លាប់ រហូតមកដល់ពេលនេះ មានរយៈពេលជិត ២ឆ្នាំហើយ អ្នកស្រី មិនដែលគិតថា ទៅប្ដឹងសមត្ថកិច្ចទេដោយសារ លោកស្រី ដឹងច្បាស់ហើយថា តុលាការនៅរបបទីក្រុងភ្នំពេញ គ្មានសមត្ថភាពចាប់ឃាតកពិត និងរកយុត្តិធម៌ឲ្យបានឡើយ។
នៅក្នុងដីកាកោះចុះថ្ងៃទី១៤ ខែមីនា ព្រះរាជអាជ្ញានៃមហាអយ្យការសាលាឧទ្ធរណ៍ លោក ហ៊ឹង ប៊ុនជា បង្គាប់ឲ្យអ្នកស្រី ប៊ូ រចនា ចូលខ្លួនមកសាលាឧទ្ធរណ៍ នៅថ្ងៃទី៣ ខែមេសា វេលាម៉ោង២រសៀល ជាកំណត់ ដើម្បីជំនុំជម្រះលើជនជាប់ចោទឈ្មោះ ជួប សម្លាប់។
ប្រធានគ្រប់គ្រងផ្នែកស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត មាន ប្រសាសន៍ថា ដីកាកោះហៅនេះ ហាក់ដូចជាយឺតពេលដោយសារតែភរិយាលោកកែម ឡី បានទៅរស់នៅប្រទេសអូស្ត្រាលី ចំណែកឯការស្រាវជ្រាវស៊ើបអង្កេតគ្មានតម្រុយណាមួយថ្មី ក្រៅពីការ ចាប់ខ្លួនជួប សម្លាប់។ លោកបន្តថាមូលហេតុនេះ ទើបធ្វើឲ្យអ្នកស្រី ប៊ូ រចនា គ្មានសង្ឃឹមថា នឹងបានយុត្តិធម៌ និងមិនចង់ចូលរួមជាមួយតុលាការ។ លោកបន្ថែមថា ក្នុងនាមជាដើមបណ្ដឹង អ្នកស្រី មានសិទ្ធិចូល ឬមិនចូលតាមដីកាកោះ ហើយអ្នកស្រី ក៏អាចផ្ទេរសិទ្ធិឲ្យមេធាវីតំណាងបានដែរ។ «»
លោក អំ សំអាត ឲ្យដឹងដែរថា ករណីឃាតកម្មលើលោកបណ្ឌិតកែម ឡី គឺជាសំណុំរឿងក្តៅគគុក ដូច្នេះប្រសិនបើរដ្ឋាភិបាល មិនស្វះស្វែងរកយុត្តិធម៌ឲ្យលោកបណ្ឌិត កែម ឡីទេ គឺការរិះគន់ និងការ ចោទប្រកាន់ពីសាធារណៈទៅលើរដ្ឋាភិបាល នៅតែកើតមានដដែល។ «»
លោកស្រី ប៊ូ រចនា បានទៅដល់ប្រទេសអូស្ត្រាលី កាលពីថ្ងៃទី១៧ ខែកុម្ភៈ ក្រោយពីសម្ងំលាក់ខ្លួនដើម្បីសុវត្ថិភាពនៅប្រទេសថៃ ជិត ២ឆ្នាំ បន្ទាប់ពីលោក កែម ឡី ត្រូវបានបាញ់សម្លាប់ កាលពីថ្ងៃទី១០ ខែកក្កដា ២០១៦ នៅក្នុងហាងលក់ទំនិញស្តារម៉ាត នៃស្ថានីយចាក់ប្រេងឥន្ទនៈកាល់តិច ស្ថិតនៅស្ដុបបូកគោ។។ តុលាការធ្លាប់កោះហៅអ្នកស្រីពីរលើកដែរកន្លងមក ប៉ុន្តែអ្នកស្រី តែងតែបដិសេធ។
មានតែពិរុទ្ធជនម្នាក់គត់ដែលត្រូវបានសមត្ថកិច្ច និងតុលាការនាំខ្លួនមកកាត់ទោស គឺជួប សម្លាប់ ដែលមានឈ្មោះពិតថា អឿត អាង។ ការស៊ើបអង្កេតរបស់អ្នកសាព័ត៌មានជាតិ និងអន្តរជាតិ កន្លងមក បង្ហាញថា មានប្រភព និងសាក្សីជាច្រើន បញ្ជាក់ថា ជួប សម្លាប់ បានជួបជាមួយអាជ្ញាធរ និងមន្ត្រីយោធាជាន់ខ្ពស់របស់របបលោក ហ៊ុន សែន នៅមុនពេលលោកកែម ឡី ត្រូវបានបាញ់សម្លាប់។
លោកបណ្ឌិត កែម ឡី គឺជាសកម្មជនសង្គមមួយរូបក្នុងចំណោមសកម្មជនសង្គម និងសកម្មជននយោបាយជាង ១០០នាក់ផ្សេងទៀត ដែលត្រូវបានគេធ្វើឃាតចាប់ពីឆ្នាំ១៩៩៣ មកទល់នឹងសព្វថ្ងៃនេះ។ សំណុំរឿងទាំងជាង ១០០ករណីនេះ គ្មានសំណុំរឿងណាដែលជនរងគ្រោះទទួលបានយុត្តិធម៌នៅឡើយទេ៕