សហគមន៍ដីធ្លីនៅស្រុកអូរជ្រៅ ដែលស្នាក់នៅតវ៉ាមុខសាលាដំបូងខេត្តបន្ទាយមានជ័យអស់មួយយប់នោះ បាននាំគ្នាត្រឡប់ទៅផ្ទះវិញហើយ កាលពីរសៀលថ្ងៃទី២៨ មីនា គឺដោយសារមានតំរុយពីមន្ត្រីតុលាការ ដែលថា នឹងដោះលែងអ្នកស្រី ឡុង សុគន្ធី នៅសប្ដាហ៍ក្រោយ។ ការសន្យាយល់ព្រមនេះ បន្ទាប់ពីក្រុមអ្នកតវ៉ាបានបន្ថែមកម្លាំងកាន់តែច្រើនឡើងតវ៉ានៅមុខតុលាការ ដើម្បីទាមទារឲ្យតុលាការដោះលែងអ្នកស្រី ឡុង សុគន្ធី ឲ្យមានសេរីភាពឡើងវិញ។
ការតវ៉ានេះជាថ្ងៃទី២ហើយ ដែលសហគមន៍ដីធ្លីស្រុកអូរជ្រៅនាំគ្នាតវ៉ាអោយតុលាការដោះលែងតំណាងរបស់ខ្លួននោះ។ ការតវ៉ានៅថ្ងៃទី២ នេះ គឺបន្ទាប់ពីការតវ៉ារបស់ពលរដ្ឋនៅថ្ងៃដំបូងមិនមានដំណោះស្រាយ ហើយក៏បាននាំគ្នាស្នាក់នៅមុខសាលាដំបូងខេត្តបន្ទាយមានជ័យអស់មួយយប់ហើយដែរ។
តំណាងអ្នកតវ៉ា អ្នកស្រី ឡាយ ស្រីមុំ ឲ្យដឹងនៅថ្ងៃទី២៨ មីនាថា ពួកគាត់បាននំាគ្នាក្រាលកន្ទេលសម្រាន្តនៅមុខសាលាដំបូងខេត្តបន្ទាយមានជ័យ ដោយអ្នកខ្លះសម្រាន្តនៅលើកម្រាលថ្ម និងខ្លះទៀតសម្រាន្តនៅលើគោយន្ត។ អ្នកស្រីបន្ថែមទៀតថា បើទោះបីជាមានការលំបាកយ៉ាងនេះក្ដី គឺពួកគាត់ក៏ត្រឡប់ទៅផ្ទះវិញឡើយ ប្រសិនបើតុលាការមិនដោះលែងអ្នកស្រី ឡុង សុគន្ធី មានសេរីភាពវិញនោះ៖«យើងមានការលំបាកដូចជាមូសខាំគ្មានកន្ទេលមុង ភួយ ហើយបន្ទប់ក៏អត់មានដែរ គឺ បងប្អូនយើងទាំងអស់គ្នាសុខចិត្តតវ៉ាស៊ូនៅសម្រាកនៅទីលំបាកនឹង។ក្នុងមានអង្គការមួយចំនួនជួយទឹកសុទ្ធជួយបាយនឹងម្ហូបអីខ្លះដែរ»។
អាស៊ីសេរីពុំអាចទាក់ទងអ្នកនាំពាក្យសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីសុំអត្ថាធិប្បាយបន្ថែមជុំវិញបញ្ហានេះបានទេនៅថ្ងៃទី២៨ មីនា។
មេដឹកនាំសហគមន៍ដីធ្លីនៅភូមិថ្នល់បត់ ឃុំអូរបីជាន់ស្រុកអូរជ្រៅ អ្នកស្រី ឡុង សុគន្ធី ត្រូវបានចៅក្រមជំនុំជម្រះនៃសាលាដំបូងខេត្តបន្ទាយមានជ័យ បញ្ជាឲ្យសមត្ថកិច្ចចាប់ខ្លួនបញ្ជូនទៅឃុំនៅពន្ធនាគារ កាលពីថ្ងៃទី២៦ មីនា ដោយចោទប្រកាន់ពីបទប៉ះពាល់លើកម្មសិទ្ធិឯកជន និងបទធ្វើឲ្យខូចខាតដោយចេតនា ប្រព្រឹត្តទៅនៅភូមិបឹងស្នោ ឃុំស្លាក្រាម ស្រុកស្វាយចេក។
តំណាងសហគមន៍ដីធ្លីនៅស្រុកអូរជ្រៅម្នាក់ទៀត លោក អ៊ុន ឡៃ អះអាងថា ការតវ៉ានៅថ្ងៃទី២នេះមានគ្នាជាង១០០នាក់ តំណាងឲ្យពលរដ្ឋចំនួនជាង២០០គ្រួសារនៅក្នុងសហគមន៍ដីធ្លីនៅឃុំអូរបីជាន់។លោកបន្ថែមទៀតថា មូលហេតុដែលពួកគាត់លើកគ្នាមកតវ៉ាកាន់តែច្រើននេះ ដោយយល់ឃើញថាតុលាការចាប់មេដឹកនាំសហគមន៍របស់ពួកគាត់ទាំងអយុត្តិធម៌ និងដោយគ្មានកំហុស៖ «ឥឡូវនេះពួកយើងខ្ញុំទាំងអស់គ្នាកំពុងប្រឹងប្រែងរកមេធាវីជួយការពារក្ដី ហើយលោកមេធាវីគាត់បានមកដល់ហើយ នឹងបានទៅសួរសុខទុក្ខអ្នកស្រី ឡុង សុគន្ធី ដល់មន្ទីរឃុំឃាំង ហើយលោកមេធាវីក៏បានឲ្យពួកខ្ញុំធ្វើបញ្ជីវត្តមានមានពលរដ្ឋ ដែលបានមកចូលរួមតវ៉ានៅមុខសាលាដំបូងខេត្តបន្ទាយមានជ័យ ចំនួន ២ថ្ងៃ គឺនៅថ្ងៃទី២៧ និងថ្ងៃទី២៨ មីនា»។
មន្ត្រីសម្របសម្រួលផ្នែកសិទ្ធិមនុស្សអង្គការ លីកាដូ (Licadho) ប្រចាំខេត្តបន្ទាយមានជ័យលោក អ៊ិន គង់ជិត មានប្រសាសន៍ថា អ្នកស្រី ឡុង សុគន្ធី គឺជាមេដឹកនាំដ៏ឆ្នើមរបស់សហគមន៍ដីធ្លីឃុំអូរបីជាន់ ដែលអ្នកស្រីតែងចេញមុខតវ៉ាប្រឆាំងនឹងក្រុមអ្នកមានលុយមានអំណាច ដែលបានរំលោភលើដីរបស់ពួកគាត់។ លោក អ៊ិន គង់ជិត អះអាងទៀតថា ទំនងដោយសារបញ្ហានេះហើយ ដែលសហគមន៍ដីធ្លីនៅជាប់ព្រំដែនថៃមួយនេះ នាំគ្នាតវ៉ាដាច់បាយក្រហាយទឹកនៅសាលាដំបូងខេត្តបន្ទាយមានជ័យនោះ៖ «ក្នុងសង្គមស៊ីវិលយើងអំពាវនាវសុំតុលាការខេត្តបន្ទាយមានជ័យពិចារណាឡើងវិញ ប្រកបដោយសុភវិនិច្ឆ័យ និងយុត្តិធម៌ ដើម្បីពិចារណាសុំឲ្យដោះលែងលោកស្រី ឡុង សុគន្ធី ឲ្យគាត់មានសេរីភាពវិញ ដើម្បីឲ្យគាត់បន្តកិច្ចការស្វែងរកដំណោះស្រាយដីធ្លីសម្រាប់សហគមន៍របស់ពួកគាត់ ព្រោះកន្លងមកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ថា លោកមិនចង់ឲ្យមានអ្នកជាប់គុកដោយសាររឿងទំនាស់ដីធ្លីទេ»។
ក្រុមប្រជាពលរដ្ឋនាំគ្នាត្រឡប់ទៅផ្ទះវិញ នៅរសៀលថ្ងៃទី២៨ មីនា គឺបន្ទាប់ពីមេធាវីបានដាក់ពាក្យបណ្ដឹងឧទ្ធរណ៍ ហើយប្រធានតុលាការខេត្តបន្ទាយមានជ័យលោក ជី សុខ បានសន្យាជាមួយពួកគាត់ថា នឹងបញ្ជូនពាក្យបណ្ដឹងលើសាលក្រមរបស់អ្នកស្រី ឡុង សុគន្ធី ទៅសាលាឧទ្ធរណ៍ឱ្យបានឆាប់ ហើយអាចនឹងមានការដោះលែងអ្នកស្រី នៅសប្ដាហ៍ក្រោយ។ ពលរដ្ឋអះអាងថា ពួកគាត់នឹងរង់ចាំមើលចំណាត់ការរបស់តុលាការមួយសប្ដាហ៍ទៀត ហើយប្រសិនបើតុលាការមិនបានដោះលែងអ្នកស្រី ឡុង សុគន្ធី ដូចការសន្យាទេ គឺពួកគាត់នឹងនាំគ្នាតវ៉ានៅមុខតុលាការបន្តទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។