
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តាមរករឿងសកម្មជនគណបក្សប្រឆាំង ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារ ដោយសារតែលោកអះអាងថា លោកបានលួចស្ដាប់ការសន្ទនាគ្នា តាមទូរស័ព្ទរបស់សកម្មជនបក្សប្រឆាំង ដែលបានរឿងជជែកគ្នា ពីការចរចារកដំណោះស្រាយនយោបាយ។
លោក ហ៊ុន សែន ខឹងសម្បានឹងលោក មាជ សុវណ្ណារ៉ា មន្ត្រីបក្សប្រឆាំង ដែលហ៊ានលួចប្រើប្រាស់ទូរស័ព្ទក្នុងពន្ធនាគារ ហើយនិយាយដើមរូបលោក។ លោកក៏ភ្ជាប់រឿង លោក មាជ សុវណ្ណារ៉ាទៅនឹងអ្នកតវ៉ា ដែលដុតរូបទីងមោងរបស់លោក។ ថ្លែងដោយកំហឹងក្រេវក្រោធ នៅសុទ្ធតែភាសាអាមឹង នៅចំពោះមុខនិស្សិតរាប់ពាន់នាក់ ក្នុងពិធីចែកសញ្ញាប័ត្រ ដល់និស្សិតសាកលវិទ្យាល័យអាស៊ី-អឺរ៉ុប នៅវិទ្យាស្ថានជាតិអប់រំ ក្នុងក្រុងភ្នំពេញ កាលពីព្រឹកថ្ងៃទី២៧ ខែ មីនានេះ លោក ហ៊ុន សែន ព្រមានលោក មាជ សុវណ្ណារ៉ា ថា កុំសង្ឃឹមថា នឹងបានរួចពីគុក ព្រោះលោកកំពុងតែខឹងលោក សម រង្ស៊ី៖ «ហើយអា មាជ សុវណ្ណារ៉ា ប្រហែលកំពុងស្ដាប់អាហ្នឹង ព្រោះវាដោនឡូតក្នុងអាហ្នឹង មានអ៊ីនធឺណិតទៀត។ ប្រាប់លោកឯងទៅ ជាប់អត់ថ្ងៃចេញទេ អញប្រាប់ឲ្យហើយ មេលោកឯងព្រហើន!»។
លោក ហ៊ុន សែន ធ្លាប់បញ្ជាក់ថា លោកមានអារម្មណ៍ ត្រជាក់ស្រួលក្រោយអ្នកតវ៉ាដុតរូបទីងមោងរបស់លោក និងថែមទាំងលើកទឹកចិត្តឲ្យដុតបន្ថែម និងថែមទាំងឌឺដង ឲ្យវាយកម្ទេចរូបនាគរាជ នៅតាមទីអារាមថែមទៀតផង ដើម្បីឲ្យមានប្រសិទ្ធភាពជាងនេះ៖ «ដុតទៅ! ទំនាយរបស់ខ្ញុំករុណា ដួងព្រលឹងរបស់ខ្ញុំ នៅនឹងនាគរាជដែលនៅជាប់វត្ត នៅវិហារហ្នឹងឯង។ ទាល់តែអ្នកឯងដើរវ៉ៃទាំងអស់ នូវនាគរាជតាមវិហារទាំងអស់ អាហ្នឹងបានខ្ញុំអស់ជីវិត»។
ប៉ុន្តែ តាំងពីក្រោយការតវ៉ាទ្រង់ទ្រាយធំ រហូតមានដុតរូបទីងមោងរបស់លោក នៅឯប្រទេសអូស្ត្រាលី និងនៅសហរដ្ឋអាមេរិក ស្រាប់តែលោក ហ៊ុន សែន សម្ដែងការខឹងសម្បារាល់ថ្ងៃ និង រហូតយកការដុតរូបទីងមោងនេះ ជាចំណាប់ខ្មាំងក្នុងការចរចា រកដំណោះស្រាយវិបត្តិនយោបាយខ្មែរ។ មិនតែប៉ុណ្ណោះ ដោយសារតែក្តៅក្រហាយខ្លាំងរឿងដុតទីងមោង និងការតវ៉ារកយុត្តិធម៌ចំពោះការរម្លាយគណបក្សសង្គ្រោះជាតិ លោក ហ៊ុន សែន បានថ្លែងសារនយោបាយ ម្ដងហើយម្ដងទៀត ដោយគំរាមអ្នកទោសនយោបាយបក្សប្រឆាំងទាំងអស់ ថាគ្មានផ្លូវបានទទួលការលើកលែងទោសពីលោកនោះឡើយ។
ដូចគ្នានេះផងដែរ ក្នុងករណីលោក មាជ សុវណ្ណារ៉ា លោក ហ៊ុន សែន មិនត្រឹមតែព្រមានថា គ្មានផ្លូវរួចពីគុកប៉ុណ្ណោះទេ លោកថែមទាំងបញ្ជាឲ្យមន្ត្រីពន្ធនាគារ ដកទូរស័ព្ទដៃ ពីលោក មាជ សុវណ្ណារ៉ា ជាបន្ទាន់ ព្រោះលោកអះអាងថា លោកមិនពេញចិត្តនឹង លោក មាជ សុវណ្ណារ៉ា ដែលនិយាយទូរស័ព្ទជាមួយអ្នកដទៃ រឿងជំហរចរចា ជាមួយបក្សប្រឆាំង៖ «ទៅដក ដកពីអា មាជ សុវណ្ណារ៉ា មួយម៉ោងទៀតដកឲ្យបាន។ ឥឡូវនាយករដ្ឋមន្ត្រីបញ្ជាឲ្យដកភ្លាម។ អានោះធ្វើនយោបាយរហូត! មើលក្នុងសារវាហ្នឹងឃើញហើយ។ ទុកឲ្យអាហ្នឹងវាស្ដាប់យូរម្ល៉េះ វានិយាយយូរម្ល៉េះ វានិយាយរាប់ខែហើយអានេះ។ ឥឡូវចូលនយោបាយ វាទៅជាអ្នកនយោបាយបញ្ជាចេញពីគុក។ អានេះចេះធ្វើនយោបាយ ចលនាទៅអ្នកនេះអ្នកនោះ ថាលោក ហ៊ុន សែន និយាយអ៊ីចឹង ដាច់ខាតអ៊ីចឹង ដើម្បីគាត់កុំឲ្យបាក់មុខបាក់មាត់ពេក។ នែ៎! វាទៅជាអ៊ីចេះ!»។
ទោះបីជាលោក ហ៊ុន សែន ព្រមានខ្លាំងៗ រហូតដល់ថា នឹងដកប្រធានពន្ធនាគារចេញផង ប្រសិនបើចាត់ការរឿងនេះមិនបាន ប៉ុន្តែ លោកបែរជាថា ការណ៍ដែលអនុញ្ញាតឲ្យអ្នកទោសប្រើប្រាស់ទូរស័ព្ទទាក់ទងគ្នាបែបនេះ ជាអន្ទាក់ដើម្បីចាប់មនុស្សបន្ថែមទៅវិញ៖ «គេធ្វើដល់នាយករដ្ឋមន្ត្រី គេមិនដឹងអ្ហ៊ៃរឿងអស់អ៊ីចឹងៗ? ជួនកាលគេបន្លាយខ្សែឲ្យវែង ដើម្បីចាប់ត្រីធំ។ មើលបានបញ្ជាហើយឬនៅ? បញ្ជាហើយអ្ហ៊ៃ? មើលអាមេគុកហ្នឹង បើមេគុកគ្រប់គ្រងមិនបាន ដូរអាមេគុកហ្នឹងចោលតែម្ដងទៅ។ ម៉េចបានអាមេគុកហ្នឹងបណ្ដោយឲ្យអា មាជ សុវណ្ណារ៉ា និយាយទូរស័ព្ទបានរាល់ថ្ងៃ? ឥឡូវតែហ៊ាននិយាយទៀត អញដកមេប៉ូលិស ដកឲ្យអស់»។
អស់ពីបញ្ជាឲ្យគេដកទូរស័ព្ទពីលោក មាជ សុវណ្ណារ៉ា លោក ហ៊ុន សែន បានព្រមានថា នឹងតាមរកអ្នកទាំងឡាយណា ដែលជាប់ពាក់ព័ន្ធនៅក្នុងសារសន្ទនាគ្នាតាមទូរស័ព្ទនោះថែមទៀតផង៖ «ដកហើយយកអាណុង យកមកសិក្សា និងមើលថាតើវាទាក់ទងទៅអ្នកណាខ្លះ ហើយរាយការណ៍ឲ្យខ្ញុំ។ សរុបយកសម្ដីអា មាជ សុវណ្ណារ៉ា ទាំងប៉ុន្មានឡើងវិញ ដើម្បីខ្ញុំបាញ់ទៅឲ្យថ្នាក់ដឹកនាំរបស់យើង ដើម្បីមើលថាវាទាក់ទងគ្នាអីយ៉ាងម៉េច»។
រហូតមកដល់ថ្ងៃទី២៧ ខែមីនា នេះ លោក មាជ សុវណ្ណារ៉ា ជាប់ពន្ធនាគារអស់រយៈពេល ១.១២២ ថ្ងៃ ឬជាងបីឆ្នាំហើយ។ លោកត្រូវបានតុលាការក្រុងភ្នំពេញ កាត់ទោសជាប់ពន្ធនាគារចំនួន ២០ឆ្នាំ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ ២០១៥ ពីបទចូលរួម និងដឹកនាំចលនាកុប្បកម្ម ដែលបានប្រព្រឹត្តនៅទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤។
ទោះបីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា លោក មាជ សុវណ្ណារ៉ា អាចប្រើប្រាស់ទូរស័ព្ទដៃ និងអ៊ីនធឺណិតក្នុងពន្ធនាគាររាប់ខែ មកហើយយ៉ាងណាក្តី ក៏ចំណាត់ការរបស់លោក ទើបតែធ្វើឡើងនៅពេលនេះ គឺស្របពេលដែលមន្ត្រីគណបក្សប្រឆាំង កំពុងស្វះស្វែងរកការចរចានយោបាយមួយជាមួយបក្សកាន់អំណាច ដើម្បីបន្ធូរបន្ថយស្ថានការណ៍នយោបាយ៕