Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

សមាជិក​សភា​អូស្ត្រាលី​ស្នើ​ឲ្យ​រដ្ឋាភិបាល​ខ្លួន​ដាក់ទណ្ឌកម្ម​របប​លោក ហ៊ុន សែន

$
0
0

សមាជិកសភា​អូស្ត្រាលី ស្នើ​ឲ្យ​រដ្ឋាភិបាល​អូស្ត្រាលី រក​វិធានការ​ដាក់ទណ្ឌកម្ម​លើ​របប​លោក ហ៊ុន សែន ឲ្យ​ដូច​អ្វី​ដែល​សហគមន៍​អន្តរជាតិ​កំពុង​ធ្វើ​ដែរ ដើម្បី​ទប់ស្កាត់ ស្ថានភាព​រំលោភ​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ដែល​កាន់តែ​រីក​រាលដាល និង​ប្រឆាំង​ការដឹកនាំ​របស់​លោក ហ៊ុន សែន បែប​ផ្ដាច់ការ ដែល​ផ្ទុយ​ទាំងស្រុង ទៅ​នឹង​ស្មារតី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព ទីក្រុង​ប៉ារីស។

តំណាងរាស្ត្រ​អូស្ត្រាលី ពី​ខាង​គណបក្ស​ពលករ គឺ​លោក ម៉ាក បាត់លើរ (Mark Butler) ថ្លែង​នៅ​ថ្ងៃទី ២៦ ខែ​មីនា​នេះ ថា​រដ្ឋាភិបាល​អូស្ត្រាលី មិន​ត្រូវ​អនុញ្ញាត​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន រួចខ្លួន​ពី​ការទទួលខុសត្រូវ ចំពោះ​ការរំលោភ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា នោះ​ឡើយ។ លោក ម៉ាក បាត់លើរ សង្កត់ធ្ងន់​លើ​ការដែល​មិន​អាច​អត់ឱន​ឲ្យ​បាន ទៅលើ​សារ​គំរាមកំហែង​របស់​លោក ហ៊ុន សែន គំរាម​បិទ​ផ្លូវ​ចរចា ដោយសារ​ពលរដ្ឋ​បញ្ចេញមតិ​តវ៉ា តាមរយៈ​ការ​ដុត​ទីងមោង​រូបលោក​នោះ៖ «អ្នកទោស​នយោបាយ​ទាំងអស់ ដែល​កំពុង​ជាប់ឃុំ មិនមែន​តែ​រូបលោក កឹម សុខា ប៉ុណ្ណោះ​ទេ គឺ​ក្នុង​នោះ​ក៏​មាន​អ្នក​ផលិត​ខ្សែភាពយន្ត​ជា​ជន​អូស្ត្រាលី​ម្នាក់​ផង​ដរ គឺ​លោក ជេមស៍ រីកខិតសិន (James Ricketson)។ ចំពោះ​ពួកគាត់ សារ​គំរាមកំហែង​របស់​លោក ហ៊ុន សែន បែបនេះ គឺ​គ្រោះថ្នាក់​ខ្លាំង​ណាស់។ ក្នុង​ស្ថានភាព​បែបនេះ ប្រទេស​អូស្ត្រាលី ត្រូវតែ​ក្រោក​ឈរ​ឡើង ដើម្បី​បង្ហាញ​អំពី​ភាព នៅតែ​ជា​អ្នក​យកចិត្តទុកដាក់​ខ្លាំង ទៅលើ​ស្មារតី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។ យើង​ត្រូវតែ​ហ៊ាន​តតាំង​នឹង​របប​លោក ហ៊ុន សែន ដើម្បី​គាំទ្រ​ពលរដ្ឋ​ខ្មែរ។ ម្យ៉ាងទៀត គេ​ត្រូវតែ​ដោះលែង​លោក កឹម សុខា និង ជេមស៍ រីកខិតសិន។ យើង​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​លោក ហ៊ុន សែន រួចខ្លួន​ពី​ការ​ទទួលខុសត្រូវ ចំពោះ​ការរំលោភ​ស្មារតី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដូច​សព្វ​ថ្ងៃនេះ​បាន​នោះ​ឡើយ។ សហគមន៍​អន្តរជាតិ រួមមាន​សហរដ្ឋអាមេរិក និង សហភាព​អឺរ៉ុប បាន​ចាត់ការ​ដាក់ទណ្ឌកម្ម​ជា​បណ្តើរៗ​ហើយ។ ដូច្នេះ ខ្ញុំ​សង្ឃឹមថា រដ្ឋាភិបាល​អូស្ត្រាលី នឹង​ធ្វើ​តាម​ដែរ»

មុន​ទៅ​អូស្ត្រាលី​លោក ហ៊ុន សែន គំរាម​តាម​វាយ​អ្នក​តវ៉ា ដល់​ផ្ទះ ឲ្យ​តែ​អ្នកណា​ហ៊ាន​ធ្វើ និង​ដុត​រូប​ទីងមោង​របស់​គាត់។ ប៉ុន្តែ ពលរដ្ឋ​ខ្មែរ​អូស្ត្រាលី នៅតែ​តវ៉ា​ដុត​រូបលោក​ដដែល។ ទោះ​មិនបាន​វាយ​ពលរដ្ឋ​ខ្មែរ​ណា​ម្នាក់​ដល់​ផ្ទះ ដូច​អ្វី​ដែល​លោក​បាន​គំរាម បើ​ទោះជា​ពួកគាត់​នាំគ្នា​ដុត​រូប​ទីងមោង​របស់​លោក​ក៏ដោយ ប៉ុន្តែ ពេល​ត្រឡប់​មកដល់​ស្រុក​ខ្មែរ​វិញ លោក ហ៊ុន សែន បាន​ខឹងសម្បា​យ៉ាង​ខ្លាំង និង​គំរាម​បន្ថែម​ទៀត។ ម្តងនេះ លោក​គំរាម​ក្នុង​រូបភាព​ផ្សេង៖ «ហ៊ុន សែន អត់​ត្រូវ​ការចរចា​ជាមួយ​នរណា​ទេ។ ចរចា​ជាមួយ​អា​អ្នក​ជាប់គុក មិន​ចរចា​ទេ​ជាមួយ​អា​ក្រុម​ជាប់គុក ដែល​ត្រូវ​គេ​រំលាយ​ហើយ គឺ​គ្មាន​ការចរចា អ្នកណា​ចង់​ធ្វើ​អី​ធ្វើ​ទៅ។ ដឹង​ថា គន្លឹះ​នៅ​លើ​ដៃ ហ៊ុន សែន ហើយ​ទៅ​ដុត​រូប ហ៊ុន សែន វា​មិន​ចប់។ មិនមែន ហ៊ុន សែន ដាក់​អន្ទាក់​ទេ ក៏​ប៉ុន្ដែ​អ្នកឯង​ទៅ​ផុត​គំនូស​ក្រហម​ទៅ​ហើយ»

ការ​អំពាវនាវ​របស់​តំណាងរាស្ត្រ​អូស្ត្រាលី ដែល​ស្នើ​ឲ្យ​រដ្ឋាភិបាល​អូស្ត្រាលី ដាក់ទណ្ឌកម្ម​របប​លោក ហ៊ុន សែន នេះ គឺ​ធ្វើ​ឡើង​ក្រោយពី​លោក ហ៊ុន សែន គំរាម​បិទ​ផ្លូវ​ចរចា ជាមួយ​មន្ត្រី​បក្ស​ប្រឆាំង ដោយសារតែ​លោក​ខឹងសម្បារ​ទៅ​នឹង​ក្រុម​អ្នក​តវ៉ា​ដុត​រូប​ទីងមោង​របស់​លោក ទាំង​នៅ​ប្រទេស​អូស្ត្រាលី និង​សហរដ្ឋអាមេរិក ដែល​លោក​ចោទ​ថា ជា​មនុស្ស​របស់​បក្ស​ប្រឆាំង។

ទោះជា​យ៉ាង​នេះ​ក្តី ប្រធាន​ចលនា​សង្គ្រោះជាតិ លោក សម រង្ស៊ី អះអាង​ថា ការ​ធ្វើ​បាតុកម្ម​តវ៉ា ដុត​រូប​ទីងមោង​លោក ហ៊ុន សែន គឺជា​សិទ្ធិ​បញ្ចេញមតិ​របស់​ពលរដ្ឋ​ខ្មែរ ដែល​មិន​ពេញចិត្ត​ទៅ​នឹង​ការដឹកនាំ​របស់​លោក ហ៊ុន សែន​ប៉ុណ្ណោះ។ លោក សម រង្ស៊ី មិន​ភ្ញាក់ផ្អើល​ទេ ដែល​លោក ហ៊ុន សែន តែងតែ​ចោទ ថា​គណបក្សប្រឆាំង នៅ​ពីក្រោយ​ការ​តវ៉ា​ប្រឆាំង​របប​ក្រុងភ្នំពេញ​នោះ។

ប្រទេស​អូស្ត្រាលី កាលពី​ថ្ងៃ​ទី​២១ ខែ​មីនា កន្លង​ទៅ​នេះ បាន​បញ្ជាក់​ជំហរ​ថ្កោលទោស​របប​ក្រុងភ្នំពេញ តាមរយៈ​សេចក្ដីថ្លែងការណ៍​រួមគ្នា​មួយ​របស់​ប្រទេស​ទាំង​៤៥ ដែល​ជា​សមាជិក​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ។ បើទោះបី រដ្ឋាភិបាល​អូស្ត្រាលី នៅ​មិនទាន់​ចាត់វិធានការ​ក្ដៅ​ណាមួយ ក្នុង​ការ​ដាក់ទណ្ឌកម្ម​លើ​របប​លោក ហ៊ុន សែន ឲ្យ​ដូច​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប នៅឡើយ​ក៏ដោយ ក៏​រដ្ឋាភិបាល​អូស្ត្រាលី ដែល​ជា​ហត្ថលេខី​មួយ នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​នេះ បាន​បញ្ជាក់​ជំហរ​ព្រួយបារម្ភ​របស់​ខ្លួន ចំពោះ​ស្ថានការណ៍​រំលោភ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា និង​បាន​ថ្កោលទោស​របប​លោក ហ៊ុន សែន ជា​ចំហ​រួច​ហើយ។

តំណាងរាស្ត្រ​អូស្ត្រាលី ពី​ខាង​គណបក្ស​ប្រឆាំង​ជាច្រើន​រូប សុទ្ធតែ​បាន​សម្ដែង​ការ​តវ៉ា ចំពោះ​ការដឹកនាំ​បែប​ផ្ដាច់ការ​របស់​លោក ហ៊ុន សែន ជាពិសេស​នៅមុន​ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន សែន ទៅកាន់​ប្រទេស​អូស្ត្រាលី ដើម្បី​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​អូស្ត្រាលី កាលពី​ពាក់​កណ្ដាល​ខែ​មីនា កន្លង​ទៅ​នេះ។ សារ​អំពាវ​របស់​តំណាងរាស្ត្រ​អូស្ត្រាលី ដែល​ស្នើ​ឲ្យ​រដ្ឋាភិបាល​អូស្ត្រាលី ដាក់ទណ្ឌកម្ម​លើ​របប​លោក ហ៊ុន សែន នេះ គឺ​ស្រប​ពេល​ដែល​សហរដ្ឋអាមេរិក និង សហភាព​អឺរ៉ុប កំពុង​ពិចារណា​វិធានការ​ទណ្ឌកម្ម​បន្ថែម ប្រសិនបើ​ស្ថានការណ៍​នយោបាយ​អាក្រក់​បច្ចុប្បន្ន​នៅ​កម្ពុជា មិន​វិវត្ត​ទៅ​រក​ភាព​ល្អ​ប្រសើរ​ឡើងវិញ​ឆាប់ៗ​ទេ​នោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174