Clik here to view.

ប្រជាពលរដ្ឋនៅតំបន់អារ៉ែង ស្ថិតក្នុងស្រុកថ្មបាំងខេត្តកោះកុង បានបញ្ឈប់ការតស៊ូមតិប្រឆាំងនឹងគម្រោងសាងសង់ទំនប់វារីអគ្គិសនីរបស់ក្រុមហ៊ុនចិន ក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសឱ្យផ្អាកគម្រោងនេះ កាលពីដើមឆ្នាំ២០១៥ កន្លងទៅ។ ប្រជាពលរដ្ឋនៅទីនោះរីករាយនឹងទទួលបានផ្លូវថ្នល់ថ្មី សាលារៀន និងមណ្ឌលសុខភាពជាដើម ហើយភ្ញៀវទេសចរក៏បានចូលទៅកម្សាន្តនៅតំបន់អារ៉ែង ជាហូរហែផងដែរ ក៏ប៉ុន្តែទន្ទឹមនឹងក្តីរីករាយនេះ ពួកគាត់ក៏ព្រួយបារម្ភអំពីការបាត់បង់វប្បធម៌ និងប្រពៃណីដើមរបស់ពួកគាត់ដែរ ដោយសារតែពួកគាត់មិនទាន់បានចុះបញ្ជីទទួលស្គាល់ជាសហគមន៍ជនជាតិដើមភាគតិចនៅឡើយ។
តំណាងសហគមន៍ជនជាតិដើមភាគតិចជង ឃុំជំនាប់ លោក ហ៊ឹង ពៅ អះអាងថា ពួកលោកបានដាក់សំណើសុំធ្វើស្វ័យអត្តសញ្ញាណអស់រយៈពេលជាង ១ ឆ្នាំទៅហើយ ក៏ប៉ុន្តែសំណើសុំនេះត្រូវជាប់គាំងនៅត្រឹមសាលាខេត្តកោះកុង មិនទាន់ចេញរួចនៅឡើយ។ លោកបញ្ជាក់ថា លោកបានទាក់ទងទៅមន្ត្រីសាលាខេត្តកោះកុងជាច្រើនដងដើម្បីសាកសួរអំពីរឿងនេះ ហើយខាងមន្ត្រីរដ្ឋបាលខេត្តប្រាប់លោកថា សំណើនេះត្រូវអនុវត្តតាមដំណាក់កាល។ លោកទទូចដល់សាលាខេត្តកោះកុង ឱ្យជួយពន្លឿននីតិវិធីនេះឱ្យបានឆាប់រហ័ស ដើម្បីពួកគាត់អាចបំពេញនីតិវិធីដទៃទៀត ឈានទៅដល់ការចុះបញ្ជីជានីតិបុគ្គល ដើម្បីមានសិទ្ធិសម្រេចជោគវាសនារបស់សហគមន៍ដោយផ្ទាល់៖ «ខ្ញុំព្យាយាមសួរទៅដែរ តែគាត់ (មន្ត្រីរដ្ឋបាលសាលាខេត្តកោះកុង) ថា គេធ្វើតាមជំហានរបស់គេ ក៏ប៉ុន្តែយើងមិនដឹងថា ជំហាននោះយ៉ាងម៉េច? ខ្ញុំក៏ឆ្ងល់ដែរ ព្រោះវាគ្រាន់តែជាឯកសារមួយសម្រាប់ពិនិត្យតើ ហេតុអ្វីក៏មិនអាចស៊ីញ៉េពន្លឿនផ្ញើទៅក្រសួងអភិវឌ្ឍន៍ជនបទសោះ ជាង ១ ឆ្នាំហើយនៅតែជាប់ត្រឹមខេត្តហ្នឹង ខ្ញុំមិនយល់»។
តំណាងសហគមន៍ជនជាតិដើមភាគតិចជងរូបនេះ អះអាងថា សព្វថ្ងៃនេះ មានអ្នកចំណូលថ្មីជាច្រើនបានទៅដល់ឃុំជំនាប់ ស្ថិតក្នុងតំបន់អារ៉ែង ដែលជាតំបន់អេកូទេសចរណ៍ដ៏ទាក់ទាញ និងបានទិញដីតំបន់នោះជាកម្មសិទ្ធិផ្ទាល់ខ្លួនអស់ជាច្រើនកន្លែង។ កត្តានេះហើយដែលធ្វើឱ្យពលរដ្ឋជនជាតិដើមភាគតិចជងជាង ១ រយគ្រួសារនៅឃុំជំនាប់ នាំគ្នាព្រួយបារម្ភអំពីអនាគតរបស់ពួកគាត់ទាក់ទងនឹងការបាត់បង់វប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់ដើម។ លោកអះអាងថា ពលរដ្ឋនៅទីនោះមិនប្រឆាំងនឹងការអភិវឌ្ឍន៍នៅក្នុងតំបន់អារ៉ែងនោះទេ ប៉ុន្តែគ្រាន់តែចង់បានកិច្ចការពារផ្លូវច្បាប់ទៅលើដីធ្លី ព្រៃឈើ និងធនធានធម្មជាតិក្នុងតំបន់របស់ពួកគាត់តែប៉ុណ្ណោះ៖ «ពួកយើងជាជនជាតិដើមភាគតិចមែន ប៉ុន្តែប្រសិនបើយើងទទួលស្គាល់តែមាត់ អត់មានច្បាប់ការពារពួកយើងទេ នោះថ្ងៃអនាគតវាអាចនឹងនាំឱ្យបាត់បង់លំនៅឋាន កន្លែងកប់សព វប្បធម៌នៃការធ្វើចម្ការវិលជុំ នេសាទត្រីជាលក្ខណៈសហគមន៍ និងអ្វីៗផ្សេងទៀត។ ដូច្នេះបើយើងធ្វើស្វ័យអត្តសញ្ញាណរបស់យើងបាន និងទទួលស្គាល់ជាផ្លូវការ និងផ្លូវច្បាប់រួចហើយ នោះវានឹងដូចជារបងមួយដើម្បីបិទបាំងភូមិរបស់យើងអញ្ចឹង។ នេះគឺជារឿងមួយសំខាន់បំផុត»។
ការចុះបញ្ជីសហគមន៍ជនជាតិដើមភាគតិចមានដំណាក់កាលច្រើន និងត្រូវបំពេញឯកសារជាច្រើន។ សហគមន៍ជនជាតិដើមភាគតិចតម្រូវឱ្យធ្វើស្វ័យអត្តសញ្ញាណខ្លួនឯងថា ជាក្រុមជនជាតិដើមភាគតិចណាមួយ មុននឹងបំពេញនីតិវិធីជាបន្តបន្ទាប់ទៀតដើម្បីក្លាយជានីតិបុគ្គល អាចចុះបញ្ជីដីសហគមន៍ជាកម្មសិទ្ធិសមូហភាពបាន។
ការធ្វើស្វ័យអត្តសញ្ញាណខ្លួនឯងត្រូវមានឯកសារចាំបាច់មួយចំនួន រួមមាន (១) កំណត់ហេតុប្រជុំនៅកន្លែងដែលសហគមន៍បានរៀបចំឡើង ដោយមានភ្ជាប់វត្តមានអ្នកចូលរួម (២) សេចក្ដីប្រកាសរបស់សហគមន៍ (៣) ពាក្យស្នើសុំចូលជាសមាជិកសហគមន៍របស់តំណាងគ្រួសារនីមួយៗដោយមានភ្ជាប់សមាជិកគ្រួសារ (៤) តារាងបញ្ជីឈ្មោះសមាជិកសហគមន៍ទាំងអស់ និងអាជ្ញាធរប្រពៃណី ឬដែលគេហៅថា តំណាងសហគមន៍ ឬគណៈកម្មាធិការសហគមន៍ និង (៥) ពាក្យស្នើសុំរបស់សហគមន៍ទៅក្រសួងអភិវឌ្ឍន៍ជនបទសម្រាប់ការទទួលស្គាល់សហគមន៍។
ទោះជាបែបនេះក្តី លោក ហ៊ឹង ពៅ អះអាងថា ពួកលោកបានដាក់ឯកសារទាំងនេះរួចរាល់អស់ហើយ គឺរង់ចាំតែអាជ្ញាធរខេត្តបញ្ជូនទៅស្ថាប័នពាក់ព័ន្ធតែប៉ុណ្ណោះ ក៏ប៉ុន្តែជាច្រើនខែកន្លងទៅនេះ ខាងសាលាខេត្តមិនដែលប្រាប់មកសហគមន៍វិញ ថាខ្វះខាតឯកសារអ្វីនោះទេ។
អាស៊ីសេរីមិនទាន់អាចទាក់ទងមន្ត្រីរដ្ឋបាលសាលាខេត្តកោះកុង ដើម្បីសាកសួរអំពីរឿងនេះបានទេ នៅថ្ងៃទី២៤ មីនា។
អ្នកសម្របសម្រួលផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ លោក អ៊ិន គង់ជិត ថ្លែងថា អស់រយៈពេល ២ ឆ្នាំមកហើយ ដែលពលរដ្ឋជនជាតិដើមភាគតិចជងនៅឃុំជំនាប់នៃតំបន់អារ៉ែង បានប្រឹងប្រែងចុះបញ្ជីទទួលស្គាល់ជាសហគមន៍ជនជាតិដើមភាគតិច ក៏ប៉ុន្តែការព្យាយាមរបស់ពួកគាត់នេះ ជួបប្រទះឧបសគ្គជាច្រើន។ លោកបន្តថា ឧបសគ្គធំជាងគេនោះ គឺការយឺតយ៉ាវរបស់អាជ្ញាធរ ចាប់តាំងពីថ្នាក់ឃុំ ស្រុក រហូតដល់ខេត្តតែម្ដង គឺមិនបានខ្នះខ្នែងជួយពន្លឿនសំណើរបស់ក្រុមពលរដ្ឋនោះទេ៖ «ការបញ្ជាក់ទៅលើការធ្វើអាជីវកម្មផ្សេងៗ គឺអាជ្ញាធរខេត្តធ្វើលឿនណាស់។ ដោយឡែកចំពោះជនជាតិដើមភាគតិច (ជង) ដែលគាត់ស្នើសុំបំពេញបែបបទរដ្ឋបាល និងផ្លូវច្បាប់នេះ យើងឃើញថា អូសបន្លាយពេលយូរ។ យើងមិនដឹងថា តើវាមានឧបសគ្គដោយសាររឿងអ្វី គឺតែងតែកប់នៅត្រឹមរដ្ឋបាលខេត្តកោះកុងអញ្ចឹងតែម្ដង។ នេះជាឧបសគ្គមួយសម្រាប់ជនជាតិដើមភាគតិចដែលរង់ចាំនីតិវិធីបញ្ជាក់នេះដើម្បីគាត់ដាក់ជូនទៅក្រសួងមហាផ្ទៃសុំចុះបញ្ជីសហគមន៍មួយទៀត»។
មន្ត្រីអង្គការសង្គមស៊ីវិលរូបនេះ បន្តថា ការពន្លឿនការធ្វើស្វ័យអត្តសញ្ញាណ គឺជារឿងដ៏សំខាន់ដើម្បីជួយដល់ជនជាតិដើមភាគតិចជងនៅតំបន់អារ៉ែង ឱ្យបំពេញនីតិវិធីផ្សេងទៀតដើម្បីឱ្យពួកគាត់ក្លាយជានីតិបុគ្គល មានសិទ្ធិចុះបញ្ជីកម្មសិទ្ធិដីធ្លីសមូហភាព ដែលជាការផ្ដល់លទ្ធភាពឱ្យពួកគាត់អាចថែរក្សាវប្បធម៌ និងប្រពៃណីដើម ព្រមទាំងការពារធនធានធម្មជាតិក្នុងតំបន់អារ៉ែងស្របតាមច្បាប់៖ «ក្នុងនាមអង្គការសង្គមស៊ីវិល យើងស្នើដល់អាជ្ញាធរខេត្តកោះកុងត្រូវពិនិត្យករណីស្នើសុំរបស់ពួកគាត់ និងពន្លឿនឆាប់ចេញការបញ្ជាក់អត្តសញ្ញាណកម្មដល់ពួកគាត់ ដើម្បីឱ្យពួកគាត់បានយកឯកសារទាំងអស់នោះទៅបង្ហាញនៅស្ថាប័នពាក់ព័ន្ធដទៃទៀត ដើម្បីទទួលបានការចុះបញ្ជីដីកម្មសិទិ្ធសមូហភាព និងការពារផលប្រយោជន៍ផ្សេងទៀតរបស់សហគមន៍ពួកគាត់»។
តំណាងសហគមន៍ជនជាតិដើមភាគតិចជងនៃឃុំជំនាប់ លោក ហ៊ឹង ពៅ អះអាងថា ពួកលោកគ្រោងដាក់លិខិតទៅអ្នកស្រី មិថុនា ភូថង នៅពេលឆាប់ៗខាងមុខ ដើម្បីស្នើឱ្យអភិបាលខេត្តរូបនេះ ជួយពន្លឿនសំណើសុំធ្វើស្វ័យអត្តសញ្ញាណរបស់ពួកគាត់។ លោកអះអាងថា បើការស្នើសុំទៅអភិបាលខេត្តមិនមានលទ្ធផលទេនោះ ក្រុមជនជាតិដើមភាគតិចជងនៅឃុំជំនាប់នឹងលើកគ្នាទៅដាក់ញត្តិដល់ស្ថាប័នពាក់ព័ន្ធថ្នាក់ជាតិនៅទីក្រុងភ្នំពេញទៀត ដើម្បីស្នើសុំអន្តរាគមន៍ទៅស្ថាប័នជំនាញថ្នាក់ក្រោមឱ្យជួយពន្លឿនករណីនេះ៕