
កិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី បានបិទបញ្ចប់ហើយកាលពីចុងសប្ដាហ៍មុន នេះ ខណៈក្រុមមេដឹកនាំប្រទេសអាស៊ានទាំង១០ និងអូស្ត្រាលី ប្ដេជ្ញាបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ និងពាណិជ្ជកម្មសេរីក្នុងតំបន់ តាមរយៈការចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍រួមមួយ ហៅថា សេចក្ដីថ្លែងការណ៍ស៊ីដនី។ កិច្ចប្រជុំដដែលនោះ ក៏បានញាំញីដោយបាតុកម្មប្រឆាំង និងបាតុកម្មគាំទ្រ ក្រុមមេដឹកនាំផ្ដាច់ការមកពីអាស៊ាន ពិសេសកម្ពុជា និងមីយ៉ាន់ម៉ានេះ។ របបលោក ហ៊ុន សែន ចាត់ទុកថា កិច្ចប្រជុំកំពូលនេះ បានផ្ដល់នូវលទ្ធផលវិជ្ជមានជាច្រើន។
ទោះបីជាមានសង្គ្រាមពាក្យសម្តីធ្ងន់ៗ ឆ្លងឆ្លើយគ្នានៅមុនកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលីនេះយ៉ាងណាក៏ដោយ ប៉ុន្តែទីបំផុតទៅ ពុំមានឡើយការតាមវាយពលរដ្ឋខ្មែរ-អូស្ត្រាលីដល់ផ្ទះ ដូចតាមសារគំរាមរបស់លោក ហ៊ុន សែន នៅមុនពេលទៅចូលរួមកិច្ចប្រជុំកំពូលនេះ បើទោះបីជាបាតុកម្មប្រឆាំងនឹងវត្តមានលោក និងការដុតទីមោងរូបលោក ហ៊ុន សែន បានប្រព្រឹត្តិទៅយ៉ាងផុលផុសដូចតាមការគ្រោងទុក ពីសំណាក់ពលរដ្ឋខ្មែរអូស្ត្រាលីជាច្រើនរយនាក់ ដែលទទួលបានចំណាប់អារម្មណ៍យ៉ាងខ្លាំងពីបណ្ដាញព័ត៌មានជាតិអូស្ត្រាលី និងបណ្ដាញព័ត៌មានអន្តរជាតិ។ ក៏ពុំមានឡើយដែរ ការរាំងខ្ទប់មិនឲ្យកិច្ចប្រជុំកំពូលនេះចេញសេចក្ដីថ្លែងការណ៍រួមណាមួយរវាងអាស៊ាន និងអូស្ត្រាលី ដូចតាមការគំរាមរបស់លោក ហ៊ុន សែន ដែលថាលោកនឹងធ្វើឲ្យអូស្ត្រាលីខ្មាសគេ ប្រសិនបើហ៊ានលើកយកបញ្ហាផ្ទៃក្នុងកម្ពុជា មកនិយាយនៅក្នុងកិច្ចប្រជុំកំពូលនេះ និងដូចអ្វីដែលលោក ហ៊ុន សែន ធ្លាប់បានធ្វើកាលពីក្នុងកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០១២ និង២០១៦ ដើម្បីការពារមុខមាត់មហាអំណាចចិន។ ប៉ុន្តែ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ ទំនងជាមានការណ៍ដែលលោក ហ៊ុន សែន និងក្រុមមន្ត្រីប្រតិភូហែហមរបស់លោក បានបាក់មុខមាត់មាត់មិនតិចឡើយ នៅក្នុងកិច្ចប្រជុំកម្រិតអន្តរជាតិនេះ ដោយសារតែមានពលរដ្ឋខ្មែរអូស្ត្រាលី ជាច្រើនរយនាក់ បានរួមដៃគ្នាធ្វើបាតុកម្មប្រឆាំងនឹងវត្តមានរបស់លោក និងបានធ្វើយុទ្ធនាការដុតទីងមោងរូបលោកជាបន្តបន្ទាប់ ទាំងនៅមុន និងអំឡុងពេលកិច្ចប្រជុំនេះ។
បើទោះបីជាកិច្ចប្រជុំកំពូលនេះ ដិតដាមដោយរឿងអាស្រូវនៃសារគំរាមតាមវាយដល់ផ្ទះរបស់លោក ហ៊ុន សែន និងការធ្វើបាតុកម្មដុតទីមោងរូបលោក ហ៊ុន សែន ប្រឆាំងនឹងវត្តមានរបស់លោកនៅទីនោះក៏ដោយ នៅពេលវិលត្រលប់មកកម្ពុជាវិញ ក្រោយការបិទបញ្ចប់ទៅនៃកិច្ចប្រជុំកំពូលនេះ កាលពីយប់ថ្ងៃទី១៨ មីនា លោក ហ៊ុន សែន បានអួតអាងអំពីមោទនភាព ចំពោះលទ្ធផលវិជ្ជមានជាច្រើនអំពីកិច្ចប្រជុំកំពូលពិសេសនេះ។
ក្រៅពីបានផុសរូបភាពបង្អួតពីការជួបជុំរវាងលោក នឹងក្រុមពលរដ្ឋខ្មែរអូស្ត្រាលី ដែលបានមកចាំទទួលស្វាគមន៍លោកនៅលើទំព័រហ្វេសប៊ុករបស់លោក លោក ហ៊ុន សែន ក៏បានបង្ហោះរូបថតដែលលោកទំនងជាបានព្យាយាមសុំថតសែលហ្វី (Selfie) ជាមួយមេដឹកនាំតំបន់អាស៊ាន និងអូស្ត្រាលីម្នាក់ម្តងៗ។ ដោយហាក់មិនចាប់អារម្មណ៍ទៅនឹងខ្លឹមសារ និងវត្ថុបំណងនៃកិច្ចប្រជុំនេះ លោក ហ៊ុន សែន ព្យាយាមចង់បង្អួតប្រាប់សាធារណជនក្នុងស្រុកថា លោកទទួលបាននូវការគាំទ្រពេញទំហឹងពីក្រុមមេដឹកនាំទាំងនេះ និងថាក៏មានផងដែរក្រុមពលរដ្ឋដែលមកទទួលស្វាគមន៍លោកយ៉ាងកក់ក្ដៅ។
លោក ហ៊ុន សែន បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកថា តាមរយៈកិច្ចប្រជុំកំពូលនេះ ក្រៅពីការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនក្នុងតំបន់ ពិសេសវិស័យវិនិយោគ ពាណិជ្ជកម្ម និងការទប់ស្កាត់អំពើភេរវកម្ម រដ្ឋាភិបាលអូស្ត្រាលី កាន់តែមានទំនាក់ទំនងល្អជិតស្និទជាមួយកម្ពុជា ដែលប្រទេសទាំងពីរបានជំរុញការអភិវឌ្ឍនៅក្នុងប្រទេស ក្នុងនោះរួមទាំងការផ្ដល់ជំនួយអភិវឌ្ឍន៍ជាង ៨៧លានដុល្លារអូស្ត្រាលីដល់កម្ពុជា។
យ៉ាងណាក៏ដោយលោក ហ៊ុន សែន មិនបានប្រាប់ឲ្យដឹងឡើយថា តើភាគីអូស្ត្រាលី បានលើកឡើងអំពីកង្វល់នានាជុំវិញករណីរំលោភសិទ្ធិមនុស្ស និងវិបត្តិប្រជាធិបតេយ្យនៅកម្ពុជា នៅជំនួបទ្វេភាគីរវាងលោក និងសមភាគីអូស្ត្រាលីរបស់លោក គឺលោកនាយករដ្ឋមន្ត្រី ម៉ាល់ខុម ធឺនប៊ុល (Malcolm Turnbull) កាលពីថ្ងៃទី១៦ មីនា។ ប៉ុន្តែ សារព័ត៌មានអូស្ត្រាលីរាយការណ៍ឲ្យដឹងថា នៅក្នុងជំនួបនោះ នាយករដ្ឋមន្ត្រីអូស្ត្រាលី បានសម្ដែងក្ដីបារម្ភប្រាប់ទៅលោក ហ៊ុន សែន ជុំវិញបញ្ហាធ្លាក់ចុះនៃលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា។ លោក ម៉ាល់ខុម ធឺនប៊ុល ប្រាប់ទៅក្រុមអ្នកកាសែតក្រោយជំនួបនោះថា អូស្ត្រាលី មានវិធីដោះស្រាយបញ្ហាជាមួយបណ្ដាប្រទេសក្នុងតំបន់អាស៊ានដោយការគោរពគ្នាទៅវិញទៅមក ហើយថា អូស្ត្រាលី គោរពនូវគំរូនៃការសម្រេចចិត្តផ្អែកលើការព្រមព្រៀងជាលក្ខណៈឯកច្ឆន្ទដែលសមាគមអាស៊ានកំពុងអនុវត្ត។
ថ្លែងក្នុងពេលបិទបញ្ចប់កិច្ចប្រជុំកំពូលនេះ នាយករដ្ឋមន្ត្រី អូស្ត្រាលី លោក ម៉ាល់ខុម ធឺនប៊ុល បានហៅកិច្ចប្រជុំនេះថា ទទួលបានលទ្ធផលផ្លែផ្កាគួរជាទីពេញចិត្ត ដោយលោកថា ក្នុងរយៈពេល ៥០ ឆ្នាំកន្លងទៅនេះ អាស៊ានបានប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនដើម្បីគាំទ្រ និងថែរក្សានីតិរដ្ឋ ហើយថាកិច្ចប្រជុំកំពូលពិសេសនេះ បានបង្ហាញឲ្យឃើញថា អូស្ត្រាលីមានការប្ដេជ្ញាចិត្តខ្ពស់ក្នុងការផ្ដល់ការគាំទ្រដល់អាស៊ាននៅក្នុងការបំពេញនូវតួនាទីនេះ។
កិច្ចប្រជុំកំពូលនេះ បានបិទបញ្ចប់ទៅដោយបណ្ដាក្រុមមេដឹកនាំក្នុងតំបន់អាស៊ាន និងអូស្ត្រាលី បានចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍រួមមួយ ដែលដាក់ឈ្មោះថា សេចក្ដីថ្លែងការណ៍ស៊ីដនី ដែលបានដាក់ចេញនូវការប្តេជ្ញាចិត្តរបស់ក្រុមមេដឹកនាំទាំងនេះ ក្នុងការបង្កើននូវកិច្ចសហប្រតិបត្តិការលើច្រើនវិស័យ។ ក្នុងសេចក្ដីប្រកាសព័ត៌មានចេញផ្សាយដោយនាយករដ្ឋមន្ត្រី អូស្ត្រាលី លោក ម៉ាល់ខុម ធឺនប៊ុល កាលពីថ្ងៃទី១៨ មីនា លោកថា សេចក្ដីថ្លែងការណ៍ស៊ីដនី នេះ ដាក់ចេញនូវចក្ខុវិស័យច្បាស់លាស់សម្រាប់អនាគតនៃភាពជាដៃគូអាស៊ាន-អូស្ត្រាលី និងការប្ដេជ្ញាចិត្តរួមរបស់ក្រុមមេដឹកនាំក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងតំបន់។ លោកថា យើងក៏បានប្ដេជ្ញាចិត្តបង្កើនការឆ្លើយតបទៅនឹងបញ្ហាប្រឈមនានាក្នុងតំបន់ និងជាសាកល ដូចជាបញ្ហានៅកូរ៉េខាងជើង បញ្ហាភេរវកម្ម និងអំពើជ្រុលនិយមប្រកបដោយភាពហិង្សា ព្រមទាំងបានព្រមព្រៀងក្នុងការធ្វើឲ្យប្រសើរឡើងចំពោះកិច្ចសហប្រតិបត្តិការលើវិស័យប្រយុទ្ធប្រឆាំង នឹងអំពើឧក្រិដ្ឋកម្មឆ្លងដែន គំនិតផ្ដួចផ្ដើមការកសាងសមត្ថភាពកិច្ចសហប្រតិបត្តិការវិស័យនាវាចរណ៍ ទំនាក់ទំនងប្រព័ន្ធអ៊ីនធឺណិត ការទប់ស្កាត់អំពើជួញដូរមនុស្ស និងដោះស្រាយបញ្ហាការគំរាមកំហែងផ្នែកសុខភាពដែលទើបនឹងលេចចេញនៅក្នុងតំបន់ ជាដើម។
ក្រុមមេដឹកនាំក៏បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងអាស៊ាន និងអូស្ត្រាលី ស្ដីពីកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងភេរវកម្មអន្តរជាតិ ដែលស្ដែងឲ្យឃើញពីការបង្កើនការផ្សារភ្ជាប់របស់អូស្ត្រាលី ជាមួយបណ្ដាប្រទេសក្នុងតំបន់អាស៊ាន ចំពោះកិច្ចប្រឹងប្រែងរួមក្នុងការទប់ស្កាត់នឹងអំពើភេរវកម្ម។ កិច្ចព្រមព្រៀងនេះ នឹងពង្រឹងការចែករំលែក ព័ត៌មានរវាងរដ្ឋាភិបាល និងរដ្ឋាភិបាល និងបង្កើនកិច្ចសន្ទនារវាងស្ថាប័នពាក់ព័ន្ធនឹងវិស័យសន្តិសុខ និងការអនុវត្តច្បាប់។
ដោយឡែកសម្រាប់វិស័យពាណិជ្ជកម្មវិញ ក្រុមមេដឹកនាំនៃបណ្ដាប្រទេសក្នុងតំបន់អាស៊ាន និងអូស្ត្រាលី ប្ដេជ្ញាក្នុងការសម្រេចឲ្យបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមួយ ក្រោមឈ្មោះថា «ភាពជាដៃគូវិស័យសេដ្ឋកិច្ចទូលំទូលាយប្រចាំតំបន់» ហៅថា Regional Comprehensive Economic Partnership (RCEP) ឲ្យបាននូវមុនដំណាច់ឆ្នាំ២០១៨នេះ។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ មានប្រទេសជាដៃគូចរចាចំនួន ១៦ប្រទេស ក្នុងនោះរួមមានប្រទេសអាស៊ានទាំង១០ អូស្ត្រាលី ចិន នូវែលហ្សេឡង់ ឥណ្ឌា ជប៉ុន និងកូរ៉េខាងត្បូង៕