Clik here to view.

សកម្មជនបរិស្ថាន និងអង្គការសង្គមស៊ីវិល សម្ដែងការខកចិត្តជាខ្លាំងចំពោះអាជ្ញាធរខេត្តកោះកុង ដែលអនុវត្តស្តង់ដារពីរចំពោះកិច្ចការពារធនធានធម្មជាតិ។ ស្តង់ដារពីរនោះ គឺសកម្មជនបរិស្ថាន និងពលរដ្ឋណាដែលហ៊ានចេញមុខក្នុងរឿងការពារធនធានធម្មជាតិ ត្រូវប្រឈមនឹងការការចាប់ខ្លួន ចោទប្រកាន់ និងការផ្ដន្ទាទោស ក៏ប៉ុន្តែនៅពេលដែលបុគ្គលមានលុយមានអំណាចមួយចំនួនប្រព្រឹត្តបទល្មើសបំផ្លាញធនធានធម្មជាតិ ពួកគេបែរជាត្រូវរួចខ្លួនពីសំណាញ់ច្បាប់ទៅវិញ។
អតីតសកម្មជនបរិស្ថាននៃអង្គការមាតាធម្មជាតិ លោក ហ៊ុន វណ្ណៈ ដែលត្រូវបានតុលាការខេត្តកោះកុងដោះលែងឱ្យនៅក្រៅឃុំ ក្នុងសំណុំរឿងជិះទូកថតកប៉ាល់ដឹកខ្សាច់ក្នុងលំហសមុទ្រ កាលពីខែមុននោះ សម្ដែងការមិនពេញចិត្តចំពោះក្រុមអាជ្ញាធរខេត្តកោះកុង និងអាជ្ញាធរថ្នាក់ជាតិដែលមិនបានចាត់វិធានការតាមផ្លូវច្បាប់ ចំពោះបុគ្គលដែលបានកាន់កាប់ដីរដ្ឋដោយខុសច្បាប់ និងបុគ្គលដែលបានបូមខ្សាច់លុបព្រៃកោងកាងអស់ជាង ៣ហិកតារ ក្នុងតំបន់ដែនជម្រកសត្វព្រៃ ពាមក្រសោប ស្ថិតក្នុងភូមិសាស្ត្រសង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ។
លោកយល់ឃើញថា ការធ្វើបែបនេះ បង្ហាញថា អាជ្ញាធរខេត្តកំពុងតែគាំទ្រជនល្មើស ព្រោះបទល្មើសនៅតំបន់នោះ អាចមើលឃើញជាក់ស្ដែង គឺដីរដ្ឋជាង ១៣ហិកតារ ត្រូវបានកាន់កាប់ដោយខុសច្បាប់ និងជាង ៣ហិកតារ ត្រូវបានគេបូមខ្សាច់លុបដោយគ្មានការអនុញ្ញាត ហើយជនប្រព្រឹត្តទៀតសោតក៏ត្រូវបានស្គាល់អត្តសញ្ញាណផងដែរ ក៏ប៉ុន្តែក្រុមអាជ្ញាធរបែរជាដោះស្រាយត្រឹមការដកហូតដីនោះយកមកវិញប៉ុណ្ណោះ គ្មានការនាំខ្លួនពួកគេទៅតុលាការដើម្បីកាត់ទោសតាមផ្លូវច្បាប់នោះឡើយ។ លោកប្រៀបធៀបថា ចំពោះពលរដ្ឋ និងសកម្មជនបរិស្ថាន ដូចជារូបលោកជាដើម បែរជាត្រូវក្រុមអាជ្ញាធរចាប់ខ្លួន ចោទប្រកាន់ និងកាត់ទោស ដោយសារតែសកម្មភាពការពារបរិស្ថាន និងធនធានធម្មជាតិទៅវិញ៖ «និយាយឱ្យចំទៅរដ្ឋាភិបាលមានតែឈ្មោះទេ ប៉ុន្តែជាក់ស្ដែងដូចជាមិនមែនជារដ្ឋាភិបាលទេ គឺដូចជាបក្ខពួកជាមួយក្រុមជនអន្ធពាល ក្រុមអ្នកលេង ក្រុមជើងកាង ដែលយកឱកាស និងតួនាទីរបស់ខ្លួន ទៅបម្រើបក្ខពួកខ្លួនទៅវិញ។ រដ្ឋាភិបាលពេលនេះហាក់ដូចជាមិនមែនជាអ្នកជួយគ្រប់គ្រង សម្របសម្រួល និងឈឺឆ្អាលរឿងផលប្រយោជន៍ពលរដ្ឋទេ គឺហាក់ដូចជាក្រុមបក្ខពួកមួយចំនួនដែលបំផ្លាញរបស់រួមរបស់ជាតិដើម្បីប្រយោជន៍ផ្ទាល់ខ្លួនវិញ សូម្បីតែស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ គឺសុទ្ធតែធ្វើការរួមគ្នាដើម្បីផលប្រយោជន៍គ្នាឯងហ្នឹង»។
កាលពីពេលថ្មីៗនេះ ទីស្ដីការគណៈរដ្ឋមន្ត្រីបានសម្រេចដកហូតដីទំហំជាង ១៣ហិកតារ ក្នុងតំបន់ដែនជម្រកសត្វព្រៃពាមក្រសោប ដែលត្រូវបានគេបូមខ្សាច់ចាក់បំពេញដោយខុសច្បាប់អស់ជាង ៣ ហិកតារនោះ យកមកដាក់ជាទ្រព្យសម្បត្តិរបស់រដ្ឋវិញ និងតម្រូវឱ្យឈ្មោះ សុខ គឹមហុង និងមាស ស៊ីវជូ អនុវត្តតាមនីតិវិធីទៅក្រសួងបរិស្ថាន ដើម្បីស្នើសុំប្រើប្រាស់ដីដែលមិននៅក្នុងតំបន់អភិរក្ស។
ទោះបីជាយ៉ាងណា ទីស្ដីការគណៈរដ្ឋមន្ត្រីមិនបាននិយាយដល់ចំណាត់ការផ្លូវច្បាប់ទៅលើបុគ្គលដែលបានកាន់កាប់ និងទិញលក់ដីរដ្ឋដោយខុសច្បាប់នៅទីតាំងនោះទេ។ ជាពិសេស ស្ថាប័នកំពូលផ្នែកនីតិប្រតិបត្តិមួយនេះមិនបាននិយាយអំពីបុគ្គលម្នាក់ ដែលមានឈ្មោះថា ជា លាងហុង ដែលជាអ្នកបូមខ្សាច់លុបព្រៃកោងកាងអស់ជាង ៣ ហិកតារនោះឡើយ គឺមាននិយាយតែឈ្មោះ សុខ គឹមហុង និងមាស ស៊ីវជូ តែប៉ុណ្ណោះ ដែលតាមលិខិតទិញលក់ដីធ្លី បុគ្គលទាំងពីរនាក់នេះ បានព្រមព្រៀងលក់ដីនោះឱ្យលោក ជា លាងហុង តាំងតែពីដើមខែមីនា ឆ្នាំ ២០១៧ មកម្ល៉េះ ដោយមានការចុះហត្ថលេខាទទួលស្គាល់ពីអាជ្ញាធរមូលដ្ឋាន។
មន្ត្រីខុទ្ទកាល័យក្រសួងបរិស្ថាន លោក ស្រ៊ុន ដារិទ្ធិ បានប្រាប់កាសែតភ្នំពេញប៉ុស្តិ៍ថា ការចាក់លុបព្រៃកោងកាងក្នុងតំបន់ដែនជម្រកសត្វព្រៃពាមក្រសោបនោះ មិនទាន់បង្កផលប៉ះពាល់អ្វីធ្ងន់ធ្ងរឡើយ ដូច្នេះនឹងមិនមានការបញ្ជូនសំណុំរឿងនេះទៅតុលាការនោះទេ។ លោកបន្តថា ការអនុវត្តច្បាប់មិនមែនមានន័យថា លុះត្រាតែចាប់មនុស្សដាក់គុកនោះទេ តែក៏មានវិធីអប់រំណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់ដែរ។
សកម្មជនបរិស្ថាន លោក ហ៊ុន វណ្ណៈ ថ្លែងថា ការលើកឡើងរបស់មន្ត្រីបរិស្ថានរូបនេះ បង្ហាញឱ្យឃើញកាន់តែច្បាស់អំពីការអនុវត្តច្បាប់ស្របទៅតាមការចង់បានរបស់មន្ត្រីទាំងនោះ មិនមែនជាការធ្វើតាមច្បាប់ពិតប្រាកដនោះទេ។ សកម្មជនរូបនេះអះអាងថា បទល្មើសធនធានធម្មជាតិកើតមានជាច្រើនករណីនៅក្នុងខេត្តកោះកុង ក៏ប៉ុន្តែទាំងមន្ត្រីថ្នាក់ខេត្ត និងថ្នាក់ជាតិ ដែលមានភារកិច្ចដោះស្រាយរឿងនោះ បែរជាបានឃុបឃិតគ្នា និងកាងផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមកទៅវិញ៖ «ការឆ្លើយតបនេះបង្ហាញថា គាត់ជាអ្នកអនុវត្តច្បាប់ តែគាត់មិនយកច្បាប់រដ្ឋធម្មនុញ្ញ និងក្រមព្រហ្មទណ្ឌមកអនុវត្តទេ។ គាត់អនុវត្តតាមតែចិត្ត គំនិត និងមាត់របស់គាត់ប៉ុណ្ណោះ។ តាំងពីដើមមកមិនដែលឃើញមានឧកញ៉ាមានតួនាទីធំណា មានទោសទណ្ឌដូចសកម្មជនទេ។ ភាគច្រើនអ្នកដែលមានទោស គឺជាអ្នកការពារបរិស្ថានទៅវិញទេ តែចំពោះឧកញ៉ាដែលមានឈ្មោះក្នុងបញ្ជីខ្មៅ គឺអត់មានចាត់វិធានការអ្វីទាំងអស់ គឺសុទ្ធតែរួចខ្លួនទាំងអស់»។
ក្រៅពីសកម្មជនបរិស្ថាន មន្ត្រីអង្គការសង្គមស៊ីវិលក៏សម្ដែងការមិនពេញចិត្តដែរ ចំពោះក្រុមអាជ្ញាធរដែលមិនចាត់វិធានការតាមផ្លូវច្បាប់ លើជនល្មើសដែលបានបំផ្លិចបំផ្លាញដែនជម្រកសត្វព្រៃពាមក្រសោប ក្នុងភូមិសាស្ត្រសង្កាត់ស្ទឹងវែងនោះ។
អ្នកសម្របសម្រួលផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ (Licadho) លោក អ៊ិន គង់ជិត កត់សម្គាល់ថា នៅពេលដែលប្រជាពលរដ្ឋក្រីក្រទៅកាប់រានដីតំបន់ការពារដើម្បីយកដីដាំដុះចិញ្ចឹមជីវិត អាជ្ញាធរបានអនុវត្តច្បាប់យ៉ាងតឹងរ៉ឹងចំពោះពួកគាត់ ប៉ុន្តែពេលបុគ្គលមានលុយមានអំណាចទៅរំលោភយកដីតំបន់ការពារអស់ជាច្រើនហិកតារនោះ អាជ្ញាធរបែរជាគ្មានចំណាត់ការលើជននោះទៅវិញ។ ម្យ៉ាងវិញទៀត អាជ្ញាធរក៏បានចាត់ការយ៉ាងលឿនរហ័សលើបណ្ដឹងរបស់ក្រុមហ៊ុនឯកជន ដែលប្ដឹងសកម្មជនបរិស្ថានរឿងតាមដានសកម្មភាពជំនួញរបស់ពួកគេដែរ ដែលនេះបង្ហាញថា ជាការអនុវត្តច្បាប់ទៅតាមស្តង់ដារដែលគេចង់បាន៖ «មន្ទីរបរិស្ថានខេត្តអត់បានចាត់វិធានការទៅលើជនប្រព្រឹត្ត ឬមួយក៏ប្ដឹងចោទប្រកាន់តាមផ្លូវតុលាការ ដើម្បីមានវិធានការទៅលើជនប្រព្រឹត្តដែលមានធនធាននោះទេ ដូច្នេះយើងមើលឃើញថា ការអនុវត្តនេះ គឺមានភាពរើសអើង មានការអនុវត្តស្តង់ដារតាមប្រភេទ ហាក់ដូចជា មិនមានប្រសិទ្ធភាពទៅលើអ្នកដែលមានធនធាន ដែលនេះប៉ះពាល់ដល់ការអនុវត្តច្បាប់របស់រដ្ឋាភិបាល»។
មន្ត្រីសង្គមស៊ីវិលរូបនេះ ទាមទារឱ្យអាជ្ញាធរពាក់ព័ន្ធក្នុងខេត្តកោះកុង កាយដីដែលគេចាក់លុបព្រៃកោងកាងក្នុងតំបន់ដែនជម្រកសត្វព្រៃពាមក្រសោបនោះចេញវិញ ព្រមទាំងដាំដុះដើមកោងកាងជាថ្មី ដើម្បីធ្វើឱ្យតំបន់នោះ វិលមករកសភាពដើមវិញ។
ចំណែកស្ថាបនិកអង្គការមាតាធម្មជាតិ លោក អាឡិចហាន់ដ្រូ ហ្គាន់ហ្សាឡេស ដេវិតសឹន (Alexandro Gonzales Davidson) វិញ អះអាងថា លោកនឹងរៀបចំយុទ្ធនាការមួយដើម្បីឱ្យមានការកាយខ្សាច់ដែលបានចាក់លុបនោះចេញវិញ និងនាំយុវជនទៅដាំដើមកោងកាងនៅទីតាំងនោះ។ លោកអះអាងថា លោកអស់ជំនឿនឹងអាជ្ញាធរនៃរបបលោក ហ៊ុន សែន រឿងការពារធនធានធម្មជាតិនេះហើយ ដូច្នេះលោកជំរុញឱ្យប្រជាពលរដ្ឋ និងសកម្មជនប្រឹងប្រែងធ្វើកិច្ចការនេះដោយខ្លួនឯងវិញ៖ «យើងនឹងរៀបចំកម្មវិធីឆាប់ៗ ប្រហែលជាជិតចូលឆ្នាំខ្មែរ យើងនឹងនាំយុវជនទៅដើម្បីស្តារតំបន់នោះ តាមលទ្ធភាពដែលអាចធ្វើបាន ហើយចាំមើលសិនថាតើ រដ្ឋាភិបាលនឹងចូលរួមជាមួយយើង ឬក៏ទៅរករឿងតាមផ្លូវច្បាប់ជាមួយនឹងយុវជន ដែលទៅស្តារព្រៃកោងកាងទាំងនោះវិញ»។
មួយរយៈពេលចុងក្រោយនេះ អាជ្ញាធរនៃរបបក្រុងភ្នំពេញ បានរងនូវការរិះគន់ជាបន្តបន្ទាប់ទាក់ទងនឹងរឿងអសមត្ថភាពក្នុងការគ្រប់គ្រង និងការពារធនធានធម្មជាតិ។ រឿងទីមួយ គឺអាជ្ញាធរឱ្យជនល្មើសដែលកាន់កាប់ដីរដ្ឋដោយខុសច្បាប់ និងបូមខ្សាច់លុបព្រៃកោងកាងជាង ៣ហិកតារក្នុងតំបន់ដែនជម្រកសត្វព្រៃពាមក្រសោបរួចខ្លួន និងរឿងទីពីរ គឺការរំសាយដែនជម្រកសត្វព្រៃស្នួល ក្នុងខេត្តក្រចេះ និងដែនជម្រកសត្វព្រៃរនាមដូនសំ ក្នុងខេត្តបាត់ដំបង ទំហំជាង ១១ ម៉ឺនហិកតារ ដោយលើកហេតុផលថា តំបន់ទាំងពីរនេះបាត់បង់មុខងារ និងសក្ដានុពលជាព្រៃអភិរក្ស អស់ទៅហើយ។ ក្រុមអង្គការសង្គមស៊ីវិល និងសកម្មជនបរិស្ថាន ព្រួយបារម្ភថា បើអាជ្ញាធរជំនាញនៅតែធ្វើរបៀបនេះតទៅទៀតនៅថ្ងៃមុខ ធនធានធម្មជាតិ និងព្រៃឈើរបស់កម្ពុជា នឹងវិនាសហិនហោចអស់ជាក់ជាមិនខាន៕