Clik here to view.

ក្រុមមេដឹកនាំមកពីបណ្តាប្រទេសអាស៊ានទាំង១០ កំពុងនាំគ្នាចូលរួមបើកកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី ធ្វើឡើងជាលើកដំបូងនៅលើទឹកដីអូស្ត្រាលី ពីថ្ងៃទី១៧-១៨ មីនា ចុងសប្ដាហ៍នេះ។ វត្តមានរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងប្រែក្លាយបរិយាកាសកិច្ចប្រជុំនៅទីនោះ ទៅជាល្អក់កករ និងកើនឡើងកម្ដៅ ដោយសារតែមានក្រុមបាតុករខ្មែរអូស្ត្រាលីជាច្រើនរយនាក់ កំពុងត្រៀមខ្លួនរួចជាស្រេចចាំស្វាគមន៍លោក តាមរយៈការធ្វើបាតុកម្មតវ៉ាដុតទីងមោងរូបលោក។ អ្នកជំនាញព្រមានថា វត្តមានដ៏ចម្រូងចម្រាស់របស់លោក ហ៊ុន សែន នេះ អាចនឹងធ្វើឲ្យប្រទេសម្ចាស់ផ្ទះ និងសមាគមអាស៊ានទាំងមូល ខូចកិត្តិយស និងបាក់មុខមាត់នៅលើឆាកអន្តរជាតិ។
នេះជាលើកទីមួយហើយដែលលោក ហ៊ុន សែន ធ្វើដំណើរទៅចូលរួមកិច្ចប្រជុំកំពូលនៅក្នុងប្រទេសលោកសេរី ក្រោយពេលដែលលោកបានសម្រេចដោយជោគជ័យរំលាយគណបក្សសង្គ្រោះជាតិ បិទអង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ។ ដំណើរទស្សនកិច្ចនេះ ក៏ជាលើកទីមួយផងដែរ ក្រោយពេលដែលលោក ហ៊ុន សែន ត្រូវបានសហព័ន្ធភ្នាក់ងារចារកិច្ចអាមេរិកាំង ដែលជាបណ្ដុំភ្នាក់ងារចារកិច្ចចំនួន ១៧ ស្ថាប័ន ក្នុងនោះរួមមានទាំងភ្នាក់ងារ សេ.អ៊ី.អា (CIA) ផង បានដាក់លោក ហ៊ុន សែន ចូលក្នុងបញ្ជីខ្មៅនៃឈ្មោះក្រុមមេដឹកនាំ «បង្កការគំរាមកំហែងប្រចាំតំបន់អាស៊ីអាគ្នេយ៍»។
បន្ថែមលើរងើកភ្លើងនៃក្តីឈឺចាប់ និងភាពអយុត្តិធម៌សង្គមដែលកំពុងតែរោលរាលស្រាប់ដោយសារការរម្លាយ និងប្លន់សំឡេងឆន្ទៈស្របច្បាប់របស់ពលរដ្ឋខ្មែរជាងកន្លះនគរពីសំណាក់របបលោក ហ៊ុន សែននោះ វត្តមានរបស់លោកក្នុងប្រទេសអូស្ត្រាលីនាពេលនេះ បានដុតបញ្ឆេះសង្គ្រាមពាក្យសម្ដី និងកំហឹងក្ដៅក្រហាយក្នុងចំណោមសហគមន៍ខ្មែរប្រចាំប្រទេសអូស្ត្រាលី និងនៅទូទាំងពិភពលោកឲ្យឆាបឆេះកាន់តែខ្លាំងក្លាច្រើនជាងពេលណាៗទាំងអស់ ដោយសារតែការគំរាមប្រើហិង្សាវាយពលរដ្ឋខ្មែរ-អូស្ត្រាលីដល់ផ្ទះ ប្រសិនបើហ៊ានដុតរូបទីងមោងលោក។
«ធ្វើទៅ ស្រែកទៅ! ប៉ុន្តែ សូមផ្តាំណា... កុំដុតរូបឲ្យសោះណា! ដុតរូប អញតាមដល់ផ្ទះ អញប្រាប់ឲ្យហើយ។ បើហ៊ានតែធ្វើរូប ហើយដុតរូប ច្បាស់ជាមានរឿង។... ហើយខ្ញុំប្តូរផ្ដាច់ពេលហ្នឹង បើហ៊ានតែធ្វើរូបទីងមោងរូបខ្ញុំ យកទៅដុត អញតាមវាយដល់ផ្ទះ ប្រាប់ឲ្យហើយ។ អ្នកឯងផ្ដើមដោយហិង្សាលើរូបកាយគេហើយ... អ្នកឯងចាត់ទុកថាអាហ្នឹងរូប ហ៊ុន សែន ហើយយកទៅដុត... តាមដល់ផ្ទះ។ អត់ទេ ក្របួចយកតែម្តង។ ហើយអាចលនាសង្គ្រោះជាតិស្អីគេនុះ ឃើញមួយវាយមួយ ឃើញពីរវាយពីរ។ ប្រាប់ឲ្យហើយទៅ កុំចេញមុខឲ្យសោះ! ចេញម៉ោ ត្រូវហើយ ឃើញមួយវាយមួយ ឃើញពីរវាយពីរ»។
នៅបីថ្ងៃមុនកិច្ចប្រជុំកំពូលនេះ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) បានចេញផ្សាយរបាយការណ៍សង្ខេប សម្រាប់កិច្ចប្រជុំកំពូលពិសេសអាស៊ានអូស្ត្រាលី អំពីអំពើរំលោភសិទ្ធិមនុស្សក្នុងបណ្ដាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍។ អង្គការនេះ ស្នើនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក ម៉ាល់ខុម ធឺនប៊ុល (Malcolm Turnbull) ឲ្យផ្តោតលើបញ្ហាសិទ្ធិមនុស្សជាចម្បងនៅក្នុងកិច្ចប្រជុំកំពូលពិសេសជាមួយក្រុមមេដឹកនាំមកពីប្រទេសក្នុងតំបន់អាស៊ាន។
នាយិកាអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិប្រចាំប្រទេសអូស្ត្រាលី អ្នកស្រី អេលែន ផៀរសិន (Elaine Pearson) ព្រមានថា ការបរាជ័យរបស់ប្រទេសអូស្ត្រាលីក្នុងការលើកយកបញ្ហាកង្វល់នានានៃការរំលោភសិទ្ធិមនុស្សក្នុងបណ្ដាប្រទេសអាស៊ាន មកពិភាក្សាជាសាធារណៈនៅឯកិច្ចប្រជុំកំពូលនេះ នឹងក្លាយជាជោគជ័យមួយសម្រាប់ក្រុមមេដឹកនាំអាស៊ាន ដែលបានរំលោភសិទ្ធិមនុស្ស ក្នុងការបន្តបោកបញ្ចោតមតិសាធារណៈ ហើយរឹតតែធ្វើឲ្យក្រុមមេដឹកនាំក្នុងតំបន់នេះ បង្កើនការបង្ក្រាបមកលើអ្នកនយោបាយ ចាប់អ្នកសារព័ត៌មានដាក់ពន្ធនាគារ ឬបំផ្លាញស្ថាប័នប្រជាធិបតេយ្យនៅក្នុងប្រទេសរបស់ខ្លួន។ អ្នកស្រីបញ្ជាក់ថា ការលើកយកបញ្ហាអភិបាលកិច្ចល្អ លទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស មកជជែកពិភាក្សាដោយផុលផុស មិនមែនមានន័យថា ជាការផ្តល់មេរៀនដល់ក្រុមមេដឹកនាំអាស៊ានទាំងនោះទេ ប៉ុន្តែគឺជាការពិភាក្សាយ៉ាងហ្មត់ចត់អំពីបញ្ហារំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរ ដែលផ្ដល់សារសំខាន់សម្រាប់រដ្ឋាភិបាល និងប្រជាពលរដ្ឋអាស៊ានទាំងមូល។
របាយការណ៍សង្ខេបអំពីការរំលោភសិទ្ធិមនុស្សនៅអាស៊ីអាគ្នេយ៍ កម្រាស់៧០ទំព័រ សម្រាប់ធ្វើជាឯកសារ ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលីនេះ ដាក់ចេញនូវកង្វល់អំពីអំពើរំលោភសិទ្ធិមនុស្សចម្បងៗ ដោយផ្ដោតលើតួនាទីរបស់អូស្ត្រាលី ក្នុងការលើកកម្ពស់ការគោរពសិទ្ធិមនុស្សក្នុងតំបន់អាស៊ាននេះ។ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ ជំរុញឲ្យរដ្ឋាភិបាលអូស្ត្រាលី លើកយកបញ្ហាកង្វល់អំពីសិទ្ធិមនុស្សជាក់លាក់មកពិភាក្សាជាសាធារណៈនៅក្នុងកិច្ចប្រជុំកំពូលនេះ ដែលរួមមានដូចជា បញ្ហាការបង្ក្រាបលើក្រុមអ្នកនយោបាយប្រឆាំង ប្រព័ន្ធផ្សព្វផ្សាយ និងសង្គមស៊ីវិល និងការបំផ្លាញប្រជាធិបតេយ្យនៅកម្ពុជា បញ្ហាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិមកលើជនជាតិរ៉ូហ៊ីងយ៉ា នៅប្រទេសមីយ៉ាន់ម៉ា ឬភូមា និងអំពើសម្លាប់មនុស្សក្រៅប្រព័ន្ធតុលាការនៅប្រទេសហ្វីលីពីន ការរឹតត្បិតសិទ្ធិសេរីភាពនៃការបញ្ចេញមតិនៅប្រទេសថៃ វៀតណាម ម៉ាឡេស៊ី និងសិង្ហបុរី។
អ្នកស្រី អេលែន ផៀរសិន បញ្ជាក់បន្ថែមថា អូស្ត្រាលីនឹងប្រព្រឹត្តិកំហុសឆ្គងដ៏ធ្ងន់ធ្ងរមួយក្នុងការមិនផ្ដោតលើសារសំខាន់នៃការគោរពបញ្ហាសិទ្ធិមនុស្ស ដោយសារតែភ័យខ្លាចថា ខ្លួននឹងរុញច្រានឲ្យក្រុមមេដឹកនាំនៃបណ្ដាប្រទេសអាស៊ានទាំងនោះ ងាកទៅរកប្រទេសចិនកាន់តែខ្លាំងជាងមុន។ អ្នកស្រីថា ការប្រកួតប្រជែងជាមួយចិន នឹងក្លាយជាលទ្ធផលអាក្រក់បំផុត មិនមែនសម្រាប់តែប្រជាពលរដ្ឋអាស៊ានប៉ុណ្ណោះទេ តែសម្រាប់ប្រទេសអូស្ត្រាលីផងដែរ។
អ្នកស្រី អេលែន ផៀរសិន គូសបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី មិនគួរតែជាឱកាសមួយក្នុងការជួបជុំជាមួយក្រុមមេដឹកនាំផ្ដាច់ការទាំងនោះទេ ក៏ប៉ុន្តែគួរតែជាឱកាសមួយ ក្នុងការគាបសង្កត់ក្រុមមេដឹកនាំទាំងនោះ អំពីអំពើរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនៅក្នុងប្រទេសរបស់ពួកគេ។
បន្ថែមពីលើនេះ អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) កាលពីថ្ងៃទី១៤ មីនា បានចេញផ្សាយសេចក្ដីថ្លែងការណ៍ជំរុញឲ្យរដ្ឋាភិបាលនៃក្រុមប្រទេសរដ្ឋសមាជិកអាស៊ាន ត្រូវផ្ដល់អាទិភាពដោះស្រាយបញ្ហាប្រឈមដែលកំពុងតែកើនឡើង មកលើក្រុមអ្នកការពារសិទ្ធិមនុស្សនៅទូទាំងតំបន់អាស៊ានទាំងមូល។ ក្នុងរយៈពេល១២ ខែខាងមុខនេះ ប្រទេសចំនួនបី ក្នុងតំបន់អាស៊ាន នឹងរៀបចំការបោះឆ្នោតជាតិមួយ ក្នុងនោះមានប្រទេស ម៉ាឡេស៊ី កម្ពុជា និងថៃ។ អង្គការនេះថា មានសញ្ញាណដ៏គួរឲ្យបារម្ភរួចជាស្រេចទៅហើយ ដែលថា អាជ្ញាធរក្នុងប្រទេសទាំងនេះ នឹងប្រើប្រាស់ការបោះឆ្នោតខាងមុខនេះ ដើម្បីរឹតបន្តឹងលំហសិទ្ធិសេរីភាពបញ្ចេញមតិ និងការប្រមូលផ្តុំកាន់តែខ្លាំងបន្ថែមទៀត។
បើទោះបីជាមានការជំរុញម្ដងហើយម្ដងទៀតពីក្រុមអង្គការសិទ្ធិមនុស្សអន្តរជាតិ ឲ្យរដ្ឋាភិបាលអូស្ត្រាលីរបស់លោកនាយករដ្ឋមន្ត្រី ម៉ាល់ខុម ធឺនប៊ុល ឲ្យលើកយកបញ្ហារំលោភបំពានសិទ្ធិមនុស្សក្នុងក្រុមប្រទេសអាស៊ានទាំងនេះក៏ដោយ លោក អៀ សុផល មិនមានជំនឿទាល់តែសោះថា រដ្ឋាភិបាលអូស្ត្រាលី នឹងហ៊ានលើកយកបញ្ហាសិទ្ធិមនុស្សនេះមកនិយាយជាមួយមេដឹកនាំទាំងនេះជាសាធារណៈក្នុងកិច្ចប្រជុំកំពូលនេះឡើយ។ លោកថា រដ្ឋាភិបាលអូស្ត្រាលីកំពុងមានការចាប់អារម្មណ៍នឹងរឿងជំនួញពាណិជ្ជកម្ម មិនមែនបញ្ហាសិទ្ធិមនុស្សនោះទេ។លោកបញ្ជាក់ថា នេះគឺជាពេលវេលាដ៏ល្អមួយសម្រាប់ប្រទេសអូស្ត្រាលីក្នុងការព្យាយាមបង្កើនអាជីវកម្មជាមួយអាស៊ាន ក្នុងគោលដៅដើម្បីឲ្យក្រុមប្រទេសក្នុងប្លុកនេះ ទិញផលិតផលនាំចេញរបស់អូស្ត្រាលី និងផ្សព្វផ្សាយអំពីផលិតផលអូស្ត្រាលី ហើយថា ព្រឹត្តិការណ៍នេះក៏គឺជារឿងកិត្យានុភាពជាតិមួយរបស់ប្រទេសអូស្ត្រាលីផងដែរ។ ម្យ៉ាងវិញទៀត លោកថា ប្រទេសអូស្ត្រាលីខ្លួនឯងដែលជាម្ចាស់ផ្ទះ ក៏មានកេរ្តិ៍ឈ្មោះ មិនសូវល្អ ពាក់ព័ន្ធនឹងការរំលោភបំពានសិទ្ធិជនភៀសខ្លួន ដោយប្រទេសនេះបានចុះកិច្ចព្រមព្រៀងបញ្ជូនជនភៀសខ្លួនដ៏ចម្រូងចម្រាសមួយ ជាមួយកម្ពុជាកាលពីឆ្នាំ២០១៤ ជាថ្នូរនឹងការផ្តល់ទឹកប្រាក់ជាង ៤០លានដុល្លារអាមេរិក ដល់កម្ពុជា ដែលកិច្ចព្រមព្រៀងនេះទទួលរងនូវការរិះគន់ និងថ្កោលទោសពីអន្តរជាតិ។
យ៉ាងណាក៏ដោយ កាសែត South China Morning Post របស់ចិន ក្នុងអត្ថបទចុះផ្សាយថ្ងៃទី១៥ មីនា បានស្រង់ប្រសាសន៍អ្នកស្រី ជូលី ប៊ីស៊ីព (Julie Bishop) រដ្ឋមន្ត្រីការបរទេសអូស្ត្រាលីដែលអ្នកស្រីបានបញ្ជាក់ថា របបក្រុងកង់បេរ៉ា (Canberra) មានបំណងនឹងដោះស្រាយបញ្ហាស្មុគស្មាញអស់ទាំងនេះ។ អ្នកស្រីថា នេះគឺជាឱកាសមួយសម្រាប់អូស្ត្រាលី ក្នុងការលើកយកបញ្ហាកង្វល់នានាមកពិភាក្សាដោយផ្ទាល់មុខ ជាមួយក្រុមមេដឹកនាំអាស៊ាន ពាក់ព័ន្ធនឹងគុណតម្លៃដែលអូស្ត្រាលីបានផ្សារភ្ជាប់ដើម្បីការពារ និងលើកកម្ពស់សិទ្ធិមនុស្ស។ កាសែតដដែលនេះ ក៏បានស្រង់ប្រសាសន៍លោក ចន ផ្លាកស៍ឡែន(John Blaxland) នាយកវិទ្យាស្ថានអាស៊ីអាគ្នេយ៍នៃសាកលវិទ្យាល័យជាតិអូស្ត្រាលី (Australian National University) ដែលលោកថា លោកមិនរំពឹងទាល់តែសោះថា នឹងមានលទ្ធផលគួរឲ្យភ្ញាក់ផ្អើលណាមួយនោះទេពីកិច្ចប្រជុំកំពូលនេះ តែលោកថា កិច្ចប្រជុំកំពូលនេះ ស្តែងឲ្យឃើញការផ្លាស់ប្តូរដ៏សំខាន់ក្នុងការផ្សាភ្ជាប់របស់អូស្ត្រាលីជាមួយក្រុមប្រទេសក្នុងតំបន់អាស៊ាន។
យ៉ាងណាក៏ដោយ ដោយមើលឃើញពីសន្ទុះពុះកញ្ជ្រោលនៃទឹកចិត្ត និងជំហរដ៏មោះមុត មិនរួញរារបស់ពលរដ្ឋខ្មែរអូស្ត្រាលី ក្នុងការចូលរួមធ្វើបាតុកម្មប្រឆាំងនឹងវត្តមានលោក ផ្តើមចេញពីសារហិង្សាដ៏ចម្រូងចម្រាស់នេះ លោក ហ៊ុន សែន ថែមទាំងបានព្រមានផ្ទួនៗជាបន្តបន្ទាប់អំពីលទ្ធភាពដែលលោកនឹងធ្វើឲ្យប្រទេសម្ចាស់ផ្ទះអូស្ត្រាលីអាម៉ាស់មុខ តាមរយៈការធ្វើពហិការមិនទៅចូលរួមកិច្ចប្រជុំកំពូលនេះ ឬការរាំងខ្ទប់មិនឲ្យអាស៊ានអាចចេញសេចក្ដីថ្លែងការណ៍រួមណាមួយបានជាមួយប្រទេសអូស្ត្រាលី ដោយសារតែហេតុផលថា រាល់ការសម្រេចរបស់អាស៊ានត្រូវធ្វើឡើងតាមគោលការណ៍ជាឯកច្ឆ័ន្ធ ដែលនេះទំនងជាលក្ខខណ្ឌមួយដែលលោកចង់ប្រាប់ទៅអូស្ត្រាលីថា មិនត្រូវលើកយកបញ្ហាផ្ទៃក្នុងនៅកម្ពុជា មកគាបសង្កត់លោកនៅក្នុងពេលជំនួបទ្វេភាគី ឬក្នុងកិច្ចប្រជុំជាលក្ខណៈពហុភាគីនោះឡើយ។ លោក ហ៊ុន សែន ក៏ធ្លាប់បានថ្លែងដោយមោទនភាពថា វត្តមានរបស់លោកនៅក្នុងកិច្ចប្រជុំកំពូលនេះ គឺជាកិត្តិយសធំមួយសម្រាប់រដ្ឋាភិបាលអូស្ត្រាលី ដែលរដ្ឋាភិបាលអូស្ត្រាលី គួរតែអរគុណលោកទៅវិញទេ ហេតុដូច្នេះហើយលោកថា រដ្ឋាភិបាលអូស្ត្រាលី ត្រូវតែទទួលខុសត្រូវពីវត្តមានរបស់លោកនៅអូស្ត្រាលីនេះ។
«ប៉ុន្តែខ្ញុំព្រះករុណាខ្ញុំ ទៅប្រទេសអូស្ត្រាលី។ រដ្ឋាភិបាលអូស្ត្រាលីក៏ត្រូវមានការទទួលខុសត្រូវ មិនមែនខ្ញុំព្រះករុណាខ្ញុំ ត្រូវទៅជិះតាក់ស៊ីទេ។ ជិះឡានដាក់ទង់ជ័យ... បើប្រទេសណាជិះឡានដាក់ស្អី គឺដាក់ដូចគ្នា ក្នុងឋានៈជានាយករដ្ឋមន្ត្រីនៃប្រទេសឯករាជ្យ អធិបតេយ្យមួយ ហើយក៏ជាសមាជិកអាស៊ាន។ បើអាស៊ានមានតែ ៩ គឺមិនហៅថាអាស៊ានទេ។ ហើយបើសិនជាអាស៊ាន កម្ពុជាប្រឆាំងជំទាស់នឹងការចេញសេចក្ដីថ្លែងការណ៍ណាមួយ ក៏វាទៅមិនរួចដែរ។ ... ហើយពេលហ្នឹងអូស្ត្រាលី គួរតែអរគុណ ហ៊ុន សែន ទៅវិញទេដែលគាំទ្រ...»។
អ្នកវិភាគគោលនយោបាយការបរទេស និងជាអ្នកនិពន្ធសៀវភៅ «ការពឹងផ្អែកលើជំនួយនៅក្នុងប្រទេសកម្ពុជា៖ វិធីដែលជំនួយបរទេសធ្វើឲ្យលទ្ធិប្រជាធិបតេយ្យទន់ខ្សោយ» (Aid Dependence in Cambodia: How Foreign Assistance Undermines Democracy) លោកសាស្ត្រាចារ្យបណ្ឌិត អៀ សុផល ប្រាប់អាស៊ីសេរីតាមសារអេឡិចត្រូនិក ថា ប្រសិនបើលោក ហ៊ុន សែន ហ៊ានរាំងខ្ទប់មិនឲ្យអាស៊ានចេញសេចក្ដីថ្លែងការណ៍រួមណាមួយជាមួយអូស្ត្រាលី ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី ពោលគឺដូចអ្វីដែលលោក ហ៊ុន សែន ធ្លាប់ធ្វើកាលពីឆ្នាំ២០១២ និង២០១៦ ក្នុងកិច្ចប្រជុំកំពូលអាស៊ានកន្លងទៅ ដើម្បីផ្តល់ប្រយោជន៍ដល់ចិន ពាក់ព័ន្ធនឹងជម្លោះដណ្ដើមប្រជុំកោះដ៏រ៉ាំរ៉ៃនៅសមុទ្រចិនខាងត្បូង នោះលោក ហ៊ុន សែន នឹងបំផ្លាញកិត្តិយសរបស់អាស៊ានទាំងមូល ហើយពេលនោះ របបលោក ហ៊ុន សែន នឹងក្លាយជារបបដែលគ្មានប្រទេសណាមួយរាប់រកឡើយ។
ដោយឡែកសម្រាប់អ្នកសិក្សាស្រាវជ្រាវប្រចាំវិទ្យាស្ថានសិក្សាអំពីតំបន់អាស៊ីអាគ្នេយ៍របស់ សិង្ហបុរី (Singapore’s ISEAS-Yusof Ishak Institute) លោកបណ្ឌិត ឈាង វណ្ណរិទ្ធ វិញ លោកយល់ថា សេណារីយ៉ូ ដែលថាលោក ហ៊ុន សែន អាចនឹងរាំងខ្ទប់មិនឲ្យអាស៊ាន-អូស្ត្រាលីចេញសេចក្ដីថ្លែងការណ៍រួមណាមួយ ក្រោយកិច្ចប្រជុំកំពូលនេះ គឺនឹងមិនកើតមានឡើយ ព្រោះថា អូស្ត្រាលីទំនងជានឹងមិនយកបញ្ហាកម្ពុជាទៅនិយាយជាលក្ខណៈពហុភាគីនោះទេ។
«អញ្ចឹងទេ នឹងមិនមានប្រតិកម្មណាមួយពីកម្ពុជាក្នុងការវ៉េតូ ឬក៏ទប់មិនឲ្យចេញនូវសេចក្ដីថ្លែងការណ៍រួមណាមួយរវាងអូស្ត្រាលី និងអាស៊ានហ្នឹងទេ។ ហើយខ្ញុំគិតថា នៅក្នុងវិស័យការទូត និងការបរទេស យើងមិនត្រូវប្រើអារម្មណ៍ ដើម្បីនឹងឆ្លើយតបទៅលើអ្វីមួយបានទេ។ គឺយើងប្រើជាលក្ខណៈយុទ្ធសាស្ត្រ ដែលមានការគិតគូរជាយុទ្ធសាស្ត្រ ដោយគិតពីផលប្រយោជន៍ខ្លី មធ្យម និងយូរអង្វែង។ ហើយអ្វីទៅជាផលប្រយោជន៍ជាតិ អ្វីទៅជាផលប្រយោជន៍តំបន់ និងអ្វីទៅជាផលប្រយោជន៍អាស៊ាន... យើងត្រូវយកមកដាក់ថ្លឹងថ្លែងមើលដើម្បីកុំឲ្យប៉ះពាល់ទៅដល់ទាំងផលប្រយោជន៍ជាតិ និងផលប្រយោជន៍តំបន់»។
ក្រុមមេដឹកនាំនៃប្រទេសអាស៊ានទាំងអស់ លើកលែងតែប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូទឺតេ (Rodrigo Duterte) នឹងចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលីនេះ ដែលនឹងមានផងដែរ កិច្ចប្រជុំកំពូលវិស័យធុរកិច្ច និងការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម។ ក្រុមមេដឹកនាំអាស៊ានស្ទើរតែទាំងអស់ដែលត្រូវបានអញ្ជើញឲ្យចូលរួមកិច្ចប្រជុំកំពូលនេះ សុទ្ធតែជាមេដឹកនាំរដ្ឋាភិបាល និងរបបគ្រប់គ្រងប្រទេស ដែលមានការបដិសេធសិទ្ធិ និងសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋក្នុងប្រទេសរបស់ខ្លួន។
ក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយថ្ងៃទី១៤ មីនា នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក ម៉ាល់ខុម ធឺនប៊ុល ថ្លែងថាកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលីនេះ គឺជាឱកាសដើម្បីធ្វើឲ្យតំបន់ទាំងពីរមានសន្តិសុខ និងវិបុលភាពប្រសើរជាងមុន។ លោកថា អូស្ត្រាលី និងអាស៊ាន គឺជាដៃគូសេដ្ឋកិច្ច និងយុទ្ធសាស្ត្រដ៏ជិតដិត ហើយមេដឹកនាំអាស៊ាន និងរូបលោកផ្ទាល់ នឹងពិភាក្សាគ្នាអំពីមធ្យោបាយនានាក្នុងការបង្កើនការផ្សារភ្ជាប់លើវិស័យអប់រំ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម និងបញ្ហាប្រឈមផ្នែកសន្តិសុខដទៃទៀត នៅក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលីនេះ។
ក្រៅពីជំនួបរវាងក្រុមមេដឹកនាំកំពូលប្រចាំតំបន់អាស៊ាន និងអូស្ត្រាលីនៅក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលីនេះ ក៏នឹងមានកិច្ចប្រជុំសំខាន់ៗចំនួនពីរផ្សេងទៀតផងដែរ គឺកិច្ចប្រជុំវិស័យធុរកិច្ចអាស៊ាន-អូស្ត្រាលី ដើម្បីជំរុញឲ្យមានការបង្កើតការងារ ការវិនិយោគ និងពាណិជ្ជកម្មរវាងតំបន់អាស៊ាន និងអូស្ត្រាលី និងកិច្ចប្រជុំស្វែងរកយុទ្ធសាស្ត្រប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម។ អូស្ត្រាលីបានកំណត់បង្កើតសប្ដាហ៍ទិវាអាស៊ាន-អូស្ត្រាលី ពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ មីនា ដែលរួមមានព្រឹត្តិការណ៍អប់រំ កីឡា និងវប្បធម៌ ដើម្បីបង្ហាញអំពីការផ្សាភ្ជាប់រវាងអូស្ត្រាលី និងប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍។ សមាគមអាស៊ាន ដែលមានប្រជាជនសរុបជិត ៦៥០លាននាក់ គឺជាដៃគូពាណិជ្ជកម្មធំជាងគេបំផុតទីបី របស់ប្រទេសអូស្ត្រាលី ដែលមានទំហំពាណិជ្ជកម្មទ្វេភាគីរហូតដល់ទៅជាង ៧២,១១ ពាន់លានដុល្លារ៕