ជនជាតិដើមភាគតិចកួយ ១២គ្រួសាររស់នៅឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខែត្រស្ទឹងត្រែង រិះគន់អាជ្ញាធរខែត្រស្ទឹងត្រែង ថាពន្យារពេលដោះស្រាយជម្លោះដីធ្លី និងបណ្តោយឲ្យភាគីម្ខាងជាពលរដ្ឋចំណូលស្រុក កាប់ទន្ទ្រានព្រៃពង្រីកផ្ទៃដីធ្វើកសិកម្ម និងអាស្រ័យផលលើដីមានជម្លោះដោយល្មើសច្បាប់។
ជនជាតិដើមភាគតិចកួយ ១២គ្រួសារ នៅតែទន្ទឹងរង់ចាំពន្លឺយុត្តិធម៌ពីអភិបាលខែត្រស្ទឹងត្រែង លោក ម៉ុម សារឿន ដែលធ្លាប់សន្យាថា នឹងដោះស្រាយជម្លោះដីធ្លីរបស់ពួកគេដោយយុត្តិធម៌។
តំណាងជនជាតិដើមភាគតិច ១២គ្រួសារ លោកស្រី ចាន់ សុខា ឲ្យដឹងនៅថ្ងៃទី២៨ មីនា ថា ដីព្រៃប្រមាណ ៣០ហិកតារ ឋិតនៅចំណុចអូរព្រាល ក្នុងឃុំសំអាង ជាប់ព្រំប្រទល់ឃុំអន្លង់ជ្រៃ ត្រូវបានក្រុមគ្រួសារលោក សន សូត្រ សម្រុកកាប់ទន្ទ្រានព្រៃយកដីធ្វើជាកម្មសិទ្ធិ បង្កការប៉ះពាល់ដល់ដើមឈើផលិតជ័រទឹករបស់ពួកគាត់ជាង ៣០០ដើម។ បញ្ហានេះ ពួកគាត់បានប្ដឹងទៅអាជ្ញាធរឃុំរហូតដល់អាជ្ញាធរខែត្រ តាំងពីឆ្នាំ២០១៣ ប៉ុន្តែរហូតមកទល់ពេលនេះ នៅតែពុំឃើញមានពន្លឺលទ្ធផលនៅឡើយទេ។
លោកស្រីថាជនជាតិដើមភាគតិច ១២គ្រួសារ សុទ្ធសឹងតែជាពលរដ្ឋក្រីក្ររស់នៅពឹងផ្អែកលើដើមឈើផលិតជ័រទឹកជាង ៣០០ដើម ជាច្រើនឆ្នាំមកហើយ ក៏ប៉ុន្តែចាប់តាំងពីមានវត្តមានជនចំណូលថ្មីមកពីខែត្រកំពង់ចាម មករស់នៅតំបន់នេះតាំងពីឆ្នាំ២០១២ ដើមឈើផលិតជ័រទឹករបស់ពួកគេកំពុងគំរាមកំហែងធ្ងន់ធ្ងរ ក្រោមរូបភាពកាប់ទន្ទ្រានដីព្រៃសាធារណៈរបស់រដ្ឋធ្វើជាសម្បត្តិឯកជន៖ «សុំឲ្យដោះស្រាយឲ្យរហ័ស កុំឲ្យលំបាកដូចរាល់ថ្ងៃ ស៊ីអត់ស៊ីឃ្លាន ដើរតែស៊ីឈ្នួលគេ មួយថ្ងៃបានមួយថ្ងៃ ហើយអាគេធ្វើបាន ភាគីម្ខាងទៀតគេនៅតែដាំបាន គេនៅតែកាប់ទន្ទ្រានបាន។ ពួកខ្ញុំដូចថាវាអត់មានជឿជាក់ត្រង់ណាទៀត យុត្តិធម៌អត់ហ្នឹងប្រជាពលរដ្ឋ»។
ជនជាតិដើមភាគតិច ១២គ្រួសារ បានដាក់ពាក្យបណ្ដឹងទាមទារសំណងដើមឈើផលិតជ័រទឹកជាង ៣០០ដើម ក្នុងមួយដើម ១លានរៀល។ ម្យ៉ាងទៀត បើមិនបានសំណងជាប្រាក់ ពួកគេទាមទារដីនៅតំបន់ដើមច្បោះនោះសម្រាប់ធ្វើកសិកម្មទំហំ ១៥ហិកតារ ក្នុងចំណោមដីប្រមាណ ៣០ហិកតារ។
អាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យសាលាខែត្រស្ទឹងត្រែង លោក ម៉ែន គុង ដើម្បីសុំការបំភ្លឺជុំវិញការរិះគន់នេះបានទេ នៅថ្ងៃទី២៨ មីនា ព្រោះទូរស័ព្ទហៅចូលពុំមានអ្នកទទួល។
ទោះជាយ៉ាងណា លោក ម៉ែន គុង ធ្លាប់លើកឡើងថា កន្លងទៅ អាជ្ញាធរខែត្របានចាត់ឲ្យមន្ត្រីបច្ចេកទេសចុះស៊ើបអង្កេតតាមនីតិវិធី និងដោះស្រាយជម្លោះដីធ្លីប្រកាន់គោលជំហរត្រឹមត្រូវផ្អែកលើច្បាប់ជាមូលដ្ឋាន។ ទន្ទឹមនឹងនេះ អាជ្ញាធរខែត្រក៏បានចាត់មន្ត្រីជំនាញច្រើនក្រុម ចុះស៊ើបអង្កេតករណីវិវាទដីធ្លីច្រើនករណីនៅស្រុកថាឡាបរិវ៉ាត់ ក្នុងនោះក៏មានវិវាទជនជាតិដើមភាគតិច ១២គ្រួសារដែរ។
កាលពីខែមករា ឆ្នាំ២០១៥ មន្ត្រីរដ្ឋបាលព្រៃឈើ និងអាជ្ញាធរស្រុកថាឡាបរិវ៉ាត់ បានកោះប្រជុំភាគីទំនាស់ គឺពលរដ្ឋចំណាកស្រុក និងជនជាតិដើមភាគតិច ១២គ្រួសារ សម្របសម្រួលបញ្ចប់ជម្លោះដោយចែកដីទាំងនោះអាស្រ័យផល ក៏ប៉ុន្តែភាគីខាងពលរដ្ឋចំណាកស្រុក មិនយល់ព្រមឲ្យមានការសម្របសម្រួលនោះទេ។
មន្ត្រីសម្របសម្រួលសមាគមអាដហុក (ADHOC) ខែត្រស្ទឹងត្រែង លោក ហូ សំអុល ដែលចុះតាមដានរឿងនេះ ទទួលស្គាល់ថា អាជ្ញាធរខែត្រស្ទឹងត្រែង បានពន្យារពេលដោះស្រាយបញ្ហានេះ បង្កឲ្យភាគីម្ខាងដែលជាពលរដ្ឋចំណាកស្រុកមានប្រៀបជាងជនជាតិដើមភាគតិចកួយ ដែលជាពលរដ្ឋក្រីក្រ។ លោកថា ផ្អែកតាមច្បាប់ ដីកំពុងមានជម្លោះគួរតែរក្សាទុក មិនត្រូវបណ្តោយឲ្យបុគ្គលណាអាស្រ័យផលដោយមិនទាន់មានការដោះស្រាយនោះទេ៖ «សុំលោកអភិបាលកុំជឿតែរបាយការណ៍មន្ត្រីខិលខូចអស់ហ្នឹង ហើយចង់ឲ្យមានខាងឯករាជ្យណាមួយចុះទៅជាមួយយើង ឲ្យតែមន្ត្រីខិលខូចចុះទៅដដែលៗ វាធ្វើឲ្យរឿងហ្នឹងនៅតែដដែលៗចឹង។ លោកអភិបាលខែត្រគាត់បានបើកចិត្តទូលាយឲ្យជនរងគ្រោះខលទៅគាត់ផ្ទាល់។ ប៉ុន្តែដោយឡែកខលទៅរាល់ដង ពេលខ្លះអភិបាលខែត្រគាត់បានបញ្ជាឲ្យក្រុមការងារចុះទៅ ប៉ុន្តែដូចខ្ញុំនិយាយចឹង ក្រុមការងារចុះទៅលំៗ ទៅឃុបឃិតគ្នា មិនដឹងថារបាយការណ៍បានយ៉ាងម៉េច»។
លោក ហូ សំអុល បន្ថែមថា មកទល់ពេលនេះ សកម្មភាពកាប់ទន្ទ្រានដីព្រៃរាប់ពាន់ហិកតារនៅស្រុកថាឡាបរិវ៉ាត់ ពីក្រុមជនចំណូលថ្មី និងអ្នកមានឥទ្ធិពល កំពុងគំរាមកំហែងធ្ងន់ធ្ងរដល់ដើមឈើផលិតជ័រទឹករបស់ជនជាតិដើមភាគតិច ខណៈដើមឈើផលិតជ័រទឹកដែលពួកគេអាស្រ័យផលឋិតនៅតំបន់ព្រៃ ដែលឈ្មួញកាប់បំផ្លាញយកដីធ្វើអាជីវកម្ម និងកម្មសិទ្ធិ។
ប្រពៃណីជនជាតិដើមភាគតិចកួយ គឺរស់នៅដោយពឹងផ្អែកលើអនុផលព្រៃឈើ ដូចជាការរកវល្លិ ផ្ដៅ បន្លែ ផ្លែឈើព្រៃ ដងជ័រ និងរកឃ្មុំ ជាដើម៕