
អ្នកវិភាគ មើលឃើញផ្ទុយពីការអះអាងរបស់ក្រសួងការបរទេស ដែលថាពលរដ្ឋខ្មែរយល់ និង ទទួលយកចំណាត់ការរបស់របបលោក ហ៊ុន សែន ក្នុងការរម្លាយគណបក្សសង្គ្រោះជាតិ។ ពួកគាត់សង្កេតឃើញថា សន្ទុះនៃការមិនពេញចិត្ត ទៅលើចំណាត់ការធ្វើទុក្ខបុកម្នេញគណបក្សប្រឆាំង មិនថមថយនោះទេ គ្រាន់តែប្រជាពលរដ្ឋរងការគាបសង្កត់ ទើបពួកគាត់សុខចិត្តសម្ងំស្ងៀមសិន ប៉ុណ្ណោះ។
អ្នកវិភាគ និងជាអ្នកឃ្លាំមើលផ្នែកអភិវឌ្ឍន៍សង្គម លោកបណ្ឌិត មាស នី យល់ឃើញថា ភាពស្ងៀមស្ងាត់របស់ពលរដ្ឋខ្មែរ ជាពិសេសអ្នកបោះឆ្នោតឲ្យគណបក្សសង្គ្រោះជាតិ មិនមែនមានន័យថា ពួកគាត់យល់ និងទទួលយកនូវចំណាត់ការរបស់របបលោក ហ៊ុន សែន ដែលធ្វើទុក្ខបុកម្នេញមកលើសំឡេងប្រឆាំងនោះទេ។ ផ្ទុយទៅវិញ ការមិនតបតនៅពេលនេះ គឺដោយសារតែការគំរាមកំហែង ពីចំណាត់ការក្តៅ មកលើគណបក្សសង្គ្រោះជាតិ ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងអង្គការសង្គមស៊ីវិល។
លោកបណ្ឌិត មាស នី បន្តថា វិធានការក្តៅៗជាច្រើន ដែលបំភិតបំភ័យដល់ពលរដ្ឋខ្មែរ មានជាអាទិ៍ ការប្រកាសតាមដានរកក្រុមអ្នកធ្វើបដិវត្តន៍ពណ៌ ការបញ្ចេញសៀវភៅអំពីបដិវត្តន៍ពណ៌ និងការតាមឃ្លាំមើលសកម្មភាពពលរដ្ឋគ្រប់ច្រកល្ហក នៅតាមមូលដ្ឋាន តាំងពីតាមថ្នាក់ភូមិ ដើម្បីបង្ក្រាបការកកើតឡើងវិញ នៃចលនាសង្គ្រោះជាតិ ជាដើម។ លោកបណ្ឌិត មាស នី ប្រៀបប្រដូចស្ថានការណ៍មិនពុះកញ្ជ្រោល តវ៉ាបែបនេះ ទៅនឹងស្ថានភាពទឹក ដែលមានសភាពនឹងនៅផ្ទៃខាងលើ ប៉ុន្តែ កំពុងតែរលករញ្ជួយនៅផ្ទៃបាតខាងក្រោម៖ «គាត់សុខចិត្តស្ងាត់ស្ងៀម ក៏ប៉ុន្តែវានៅតែមានការខ្សឹបខ្សៀវគ្នាចុះឡើងជាធម្មតា។ បើយើងមើលពីការព្យាយាមស្ដាប់ប៉ុស្តិ៍វិទ្យផ្សេងៗ ដូចជាការទាក់ទងគ្នា ដើម្បីរកប៉ុស្តិ៍វិទ្យុណា គាត់ស្ដាប់បាន។ ឥឡូវនេះ គាត់រកស្ដាប់ប៉ុស្តិ៍ AM ឡើងវិញ។ សម្រាប់ពលរដ្ឋទូទៅ ខ្ញុំមើលទៅ សម្រាប់អ្នកគាំទ្រសង្គ្រោះជាតិ ការគាំទ្រនៅខាងក្រោយ នៅថ្នាក់មូលដ្ឋាន ដូចជាមិនទាន់ថមថយទៅណា ដូចជានៅមានការប្ដេជ្ញាចិត្ត នៅក្នុងការរង់ចាំមើល ថាតើស្ថានការណ៍នយោបាយ នឹងវិវត្តទៅជាយ៉ាងណា ហើយតើសង្គ្រោះជាតិនឹងអាចវិលមកវិញដោយរបៀបណា»។
ក្រសួងការបរទេសកម្ពុជា ចេញសេចក្ដីថ្លែងការណ៍មួយ នៅថ្ងៃទី១៥ ខែមីនានេះ ពោលគឺមួយថ្ងៃក្រោយជំនួបរវាងរដ្ឋមន្ត្រីការបរទេសលោក ប្រាក់ សុខុន ជួបពិភាក្សាជាមួយអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា អ្នកស្រី រ៉ូណា ស្មីត។ លោក ប្រាក់ សុខុន អះអាងថា សភាពការណ៍ស្ងប់ស្ងាត់ល្អនៅកម្ពុជា បន្ទាប់ពីរម្លាយគណបក្សសង្គ្រោះជាតិ បង្ហាញឲ្យឃើញច្បាស់ថា ប្រជាជនកម្ពុជាយល់ និងទទួលយកនូវចំណាត់ការរបស់រដ្ឋាភិបាលកន្លងមក។ ប្រព័ន្ធឃោសនារបស់លោក ហ៊ុន សែន បានបន្ថែមពណ៌ ទៅលើរបាយការណ៍របស់អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) ដោយអះអាងថា អ្នករាយការណ៍ពិសេសរូបនេះ បញ្ជាក់ថា កម្ពុជារីកចម្រើនជាច្រើនពាក់ព័ន្ធនឹងស្ថានភាពសិទ្ធិមនុស្ស។
ប៉ុន្តែ របាយការណ៍ និងជំហររបស់អ្នកស្រី រ៉ូណា ស្មីត ដែលបញ្ជាក់នៅក្នុងការធ្វើសន្និសីទសារព័ត៌មាននៅក្រោយការបិទបញ្ចប់ដំណើរទស្សនកិច្ចរយៈពេល ១០ថ្ងៃ របស់អ្នកស្រី អ្នកស្រីបាន រកឃើញនៅការរំលោភសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា កាន់តែរីករាលដាលខ្លាំងជាងមុន ជាពិសេសការរឹតត្បិតសិទ្ធិសេរីភាព ក្នុងការបញ្ចេញមតិ សិទ្ធិធ្វើបាតុកម្មតវ៉ាដោយសន្តិវិធី និង រឹតត្បិតសិទ្ធិចូលរួមក្នុងជីវភាពនយោបាយ និងសិទ្ធិសេរីភាពរបស់អង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យជាដើម។ អ្នកស្រី រ៉ូណា ស្មីត ថែមទាំងព្រមានរបបលោក ហ៊ុន សែន ថាឥឡូវនេះកម្ពុជាកំពុងដើរដល់ផ្លូវបំបែកដ៏សំខាន់មួយ ដែលគ្រោះថ្នាក់ និងទាមទារឲ្យកម្ពុជា ត្រូវតែងាកមករកគន្លង នៃមាគ៌ាត្រឹមត្រូវ នៃការគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើងវិញ ប្រសិនបើរបបលោក ហ៊ុន សែន អះអាងថា ពិតជាចង់ឲ្យមានសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព មែននោះ។
អ្នកស្រី រ៉ូណា ស្មីត ព្រមានថា ការរឹតត្បិតសិទ្ធិសេរីភាព ក្នុងការបញ្ចេញមតិ ដែលត្រូវបានធានានៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជាបែបនេះ ចៀសមិនផុត ពីគំរាមកំហែងដល់ស្ថិរភាពសង្គម ដែលរដ្ឋាភិបាល និង ពលរដ្ឋខ្មែរ ខិតខំពុះពារសាងវាយូរមកហើយ។ សន្តិភាព ត្រូវតែដើរទន្ទឹមគ្នានឹងការគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ឲ្យបានខ្ជាប់ខ្ជួន ហើយអ្នកនយោបាយខ្មែរ ត្រូវតែរិះរកវិធីដោះស្រាយបញ្ហាឡើងកម្ដៅ និងវិវាទនយោបាយសព្វថ្ងៃ ដោយសន្តិវិធី និងដោយមានការសន្ទនាគ្នា ដើម្បីបញ្ចប់ស្ថានភាពតានតឹងនេះ។
អ្នកវិភាគឯករាជ្យលោកបណ្ឌិត ឡៅ ម៉ុងហៃ ក៏យល់ស្របឲ្យមានដំណោះស្រាយ ឲ្យសមស្រប ដើម្បីឲ្យមានយុត្តិធម៌ និងស្ងប់ចិត្តទាំងសងខាងនេះដែរ។ លោកក៏ធ្លាប់ប្រាប់អាស៊ីសេរីដែរថា កំហឹងរបស់ពលរដ្ឋ ដែលមិនពេញចិត្តទៅនឹងការធ្វើទុក្ខបុកម្នេញរបស់របបក្រុងភ្នំពេញ មិនបញ្ចេញឲ្យឃើញនៅខាងលើមែន ប៉ុន្តែ កំពុងតែពុះកញ្ជ្រោលនៅខាងក្រោម ដែលជាការគ្រោះថ្នាក់ បើមិនរកដំណោះស្រាយឲ្យសមស្របទាន់ពេលវេលា៕