Clik here to view.

សមត្ថកិច្ចក្រុងភ្នំពេញបានចុះឃាត់ខ្លួនជនជាតិចិនចំនួន ១០០នាក់ ស្ថិតនៅផ្ទះលេខ ៩៧ ផ្លូវ ៣៣៦ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក នៅព្រឹកថ្ងៃទី១២ ខែមីនា នេះ។ ជនជាតិចិនទាំងនោះ ត្រូវបានឃាត់ខ្លួនពាក់ព័ន្ធនឹងការករណីធ្វើការងារខុសច្បាប់ គឺការចាប់ជំរិតតាមប្រព័ន្ធអ៊ីនធើណិត។ សមត្ថកិច្ចក្រុងភ្នំពេញ បានបញ្ជូនជនជាតិចិនទាំងនោះ ទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់។
ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ កត់សម្គាល់ថា ការប្រើប្រាស់ទឹកដីកម្ពុជាជាទីតាំងនៃការចាប់ជម្រិតតាមប្រព័ន្ធអ៊ីនធើណិត ពីសំណាក់ជនជាតិចិននេះ មិនមែនជាលើកទីមួយនោះទេ ពោលគឺជារឿងដែលកើតឡើងជាបន្តបន្ទាប់។ លោកបន្តថា វិធានការគ្រប់គ្រងជនជាតិចិនរបស់អាជ្ញាធរកម្ពុជា ហាក់ដូចជានៅឆ្ងាយពីកលល្បិចរបស់ជនជាតិចិនទាំងនោះ ដែលបញ្ហានេះនឹងជះឥទ្ធិពលអាក្រក់ដល់មុខមាត់កម្ពុជាលើឆាកអន្តរជាតិ ប្រសិនបើមិនមានការទប់ស្កាត់ឱ្យបានទាន់ពេលវេលាទេនោះ។ មន្ត្រីអង្គការសង្គមស៊ីវិលរូបនេះ ស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ចដាក់ចេញនូវវិធានការរដ្ឋបាលតឹងរ៉ឹងទៅលើជនជាតិចិនដែលកំពុងស្នាក់នៅកម្ពុជា ដើម្បីកុំឱ្យពួកគេមានឱកាសក្នុងការប្រព្រឹត្តបទល្មើសចាប់ជម្រិតតាមប្រព័ន្ធអ៊ីនធើណិត ឬក៏ប្រព្រឹត្តបទល្មើសអ្វីផ្សេងទៀតនៅលើទឹកដីកម្ពុជា៖ «បញ្ហាគឺត្រូវរកមធ្យោបាយដើម្បីបំបែក កុំឱ្យពួកគេរស់នៅជុំគ្នាក្នុងចំនួនច្រើន ទី ២ បើធ្វើបែបនេះ គ្មានប្រសិទ្ធភាពទេ គឺត្រូវចុះធ្វើរដ្ឋបាលនៅក្នុងតំបន់ដែលមានចិនរស់នៅ អាគារ ឬខុនដូដែលជួលឱ្យចិនស្នាក់នៅ គឺត្រូវតែចុះត្រួតពិនិត្យឱ្យបានញឹកញាប់ ដើម្បីតាមដានថាតើ ពួកគេរស់នៅហ្នឹង ក្នុងគោលបំណងអ្វី ក្នុងបំណងទេសចរណ៍ ឬក្នុងបំណងរកស៊ីដោយត្រឹមត្រូវ ឬមួយក៏មានអ្វីដែលគួរឱ្យសង្ស័យ។ បើមានអ្វីដែលសង្ស័យ ត្រូវតែបំបែកជាបន្ទាន់ មិនអាចឱ្យមានបទល្មើសមួយកើតឡើងរហូតដល់មនុស្សរាប់រយនាក់បែបនេះទេ»។
មួយរយៈពេលចុងក្រោយនេះ វត្តមានដ៏ច្រើននៃជនជាតិចិនលើទឹកដីកម្ពុជា បានបង្កឱ្យមានការព្រួយបារម្ភកាន់តែខ្លាំងអំពីបញ្ហាសន្តិសុខ សុវត្ថិភាព និងសេដ្ឋកិច្ចនៅតាមតំបន់សំខាន់ៗមួយចំនួននៃប្រទេសកម្ពុជា ដូចជា នៅខេត្តព្រះសីហនុ ខេត្តសៀមរាប និងក្រុងភ្នំពេញជាដើម ដែលជាញឹកញាប់ការគ្រប់គ្រងសេដ្ឋកិច្ច នៅក្នុងតំបន់ ការប្រើអំពើហិង្សាកាប់ចាក់គ្នា និងការប្រមូលផ្តុំគ្នាប្រព្រឹត្តអំពើចាប់ជម្រិតតាមប្រព័ន្ធអ៊ីនធើណិត ប្រព្រឹត្តដោយជនជាតិចិនទាំងនោះ តែងតែត្រូវបានពលរដ្ឋលើកយកមកនិយាយ និងជាប្រធានបទនៃការរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ។
ទោះជាបែបនេះក្តី កាលពីដើមខែកុម្ភៈកន្លងទៅ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក ស្យុង បូ (Xiong Bo) បានអះអាងថា រដ្ឋាភិបាលចិនមិនគាំទ្រចំពោះសកម្មភាពល្មើសបែបនេះឡើយ ហើយចិនក៏ប្រឆាំងដាច់ខាតចំពោះជនជាតិចិនណាដែលជួលផ្ទះ ឬគ្រឹះស្ថាននៅកម្ពុជា ដើម្បីប្រព្រឹត្តបទឧក្រិដ្ឋចាប់ជំរិតតាមប្រព័ន្ធអ៊ីនធើណិតនេះផងដែរ៕