Clik here to view.

សហគមន៍ដីធ្លីនៅតាមបណ្ដាលខេត្តមួយចំនួនលើកឡើងថា ប្រសិនបើអាជ្ញាធរពាក់ព័ន្ធនៅតែបន្តបិទបាំងព័ត៌មានអំពីការស្លាប់ និងរងរបួសនៃក្រុមអ្នកតវ៉ាករណីទំនាស់ដីធ្លីនៅខេត្តក្រចេះ គឺពួកគាត់នឹងមិនស្ងប់ចិត្តឡើយ។
តំណាងសហគមន៍ដីធ្លីនៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង លោក អ៊ុន យ៉ាន់ ឲ្យដឹងនៅថ្ងៃទី៩ មីនាថា ពួកគាត់តក់ស្លុតយ៉ាងខ្លាំង ចំពោះការបង្ក្រាបរបស់សមត្ថកិច្ចទៅលើក្រុមអ្នកតវ៉ានៅស្រុកស្នួល ខេត្តក្រចេះ កាលពីថ្ងៃទី៨ មីនា។ លោកហៅការបង្ក្រាបនេះថា ជាអំពើព្រៃផ្សៃមកលើពលរដ្ឋក្រីក្រស្លូតត្រង់។ «សំឡេងទី១»
ចំណែកឯសហគមន៍ដីធ្លីនៅឧត្តរមានជ័យ លោក ជឹម វណ្ណា ទទូចឲ្យរដ្ឋាភិបាលរបរលោក ហ៊ុន សែន ស្រាវជ្រាវចាប់ជនប្រព្រឹត្តការបាញ់ប្រហារ ដើម្បីឲ្យទទួលខុសត្រូវចំពោះមុខច្បាប់។ លោកអះអាងទៀតថា បើទោះបីជាមានការបង្ក្រាបដោយហិង្សាយ៉ាងនេះក្ដី ក៏ពួកគាត់នៅតែបន្តជួបជុំគ្នាដើម្បីតវ៉ាឲ្យអាជ្ញាធរដោះស្រាយរឿងទំនាស់ដីធ្លីរបស់ពួកគាត់ដោយមិនខ្លាចញញើតដែរ។ «សំឡេងទី២»
ព័ត៌មានបឋម ដែលអាស៊ីសេរីទទួលបានតាមការសម្ភាសតាមទូរស័ព្ទពីអ្នកស្រុក និងពីសង្គមស៊ីវិលដែលអះអាងថាឃើញហេតុការណ៍នោះផ្ទាល់ភ្នែកថា មានមនុស្សស្លាប់ និងរបួសមួយចំនួនទៀត។ ប៉ុន្តែអាជ្ញាធរខេត្តក្រចេះចេញសេចក្ដីថ្លែងការណ៍ថា ពុំមានអ្នកស្លាប់នោះទេ គឺមានអ្នករងរបួស២នាក់ប៉ុណ្ណោះ។
តំណាងសហគមន៍ដីធ្លីនៅខេត្តកណ្ដាល អ្នកស្រី អឿង សារី សម្ដែងការខកចិត្តយ៉ាងខ្លាំងចំពោះអាជ្ញាធរខេត្តក្រចេះ ដែលបានបិទបាំងព័ត៌មានអំពីការបាញ់រះលើពលរដ្ឋនេះថា ជាការមិនទទួលខុសត្រូវរបស់អាជ្ញាធរ។ «សំឡេងទី៣»
ស្រដៀងគ្នានេះដែរ សហគមន៍ដីធ្លីនៅខេត្តបន្ទាយមានជ័យលោក សៀន វី ថ្លែងថា ការប្រើអំពើហិង្សាបង្ក្រាបក្រុមអ្នកតវ៉ាដោយសមត្ថកិច្ចមកលើពលរដ្ឋនេះ គឺជាអំពើឃោរឃៅ និងអយុត្តិធម៌។ លោក សៀន វី អះអាងទៀតថា ក្រោយពីឃើញការស្លាប់របស់ពលរដ្ឋនេះ គឺរឹងតែបញ្ឆេះកម្ដៅដល់ពួកគាត់ឲ្យចង់តវ៉ាកាន់តែខ្លាំង។ «សំឡេងទី៤»
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្ស អាដហុក (Adhoc) លោក សឹង សែនករុណា លើកឡើងថា រឿងនេះ អាជ្ញាធរហាក់មានចេតនាបិទបាំងព័ត៌មានច្រើនជាងការបង្ហាញជាសាធារណៈ ហើយលោកទទូចឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន បង្កើតគណៈកម្មការស្រាវជ្រាវឲ្យមានតម្លាភាព ដើម្បីចាប់អ្នកប្រព្រឹត្តការបាញ់ប្រហារ និងអ្នកពាក់ព័ន្ធទៅផ្ដន្ទាទោសតាមច្បាប់។ «សំឡេងទី៥»
មន្ត្រីសង្គមស៊ីវិលរូបនេះមានប្រសាសន៍ទៀតថា ប្រសិនបើរបបលោក ហ៊ុន សែន មិនស្រាវជ្រាវចាប់ជនប្រព្រឹត្តមកផ្ដន្ទាទោសឲ្យមានតម្លាភាពទេ គឺរឿងនេះនឹងមិនស្ងប់ឡើយ ព្រោះសហគមន៍ដីធ្លីនៅតាមបណ្ដាខេត្តអាចនឹងផ្ទុះកំហឹង ហើយអាចនឹងមានការតវ៉ាបង្កចលាចលទូទាំងប្រទេស នៅថ្ងៃខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។