Clik here to view.

ទាក់ទងនឹងការបោះឆ្នោតព្រឹទ្ធសភា ពលរដ្ឋខ្មែរជាច្រើនបានបញ្ចេញមតិយោបល់របស់ខ្លួននៅលើបណ្តាញសង្គម អាស៊ីសេរីសូមលើកយកមតិយោបល់ខ្លះ មករាយការណ៍ដូចតទៅ។
អ្នកលេងហ្វេសប៊ុក (Facebook) មួយរូបឈ្មោះ Sina Thor បានចូលរួមអបអរសាទរ ថា គណបក្សប្រជាជនកម្ពុជាវាយដួលរាប សូម្បីតែអាប៊ីត (អាជ្ញាកណ្ដាល) ក៏ផ្តួលដែរ៖ «អូ! គណបក្សប្រជាជនកម្ពុជា ពិតជាឈ្នះភ្លូកទឹកភ្លូកដីហើយ! ព្រោះគណៈបក្សនេះខ្លាំងណាស់ ពោលគឺប្រៀបទៅនឹងកីឡាករដែលហ្វឹកហាត់បាន ៣៧ឆ្នាំអ៊ីចឹង គឺតាមបច្ចុប្បន្នភាព បក្សនេះអាចវាយឈ្នះសូម្បីតែមេអាប៊ីត។ ពិតជាឈ្នះដ៏មហាអស្ចារ្យ!!!»
ម្ចាស់គណនីហ្វេសប៊ុកម្នាក់ទៀតឈ្មោះ សច្ចៈលោកីយ៍ គិតថា ការបោះឆ្នោតនេះគឺជា រឿងដែលអាម៉ាស់លើពិភពលោកដែលបោះឆ្នោតគ្មានគូរប្រកួត។
បង ហុង ដែលជាម្ចាស់គណនីហ្វេសប៊ុកម្នាក់ទៀត ចំអកឡកឡើយថា ការបោះឆ្នោតបែបនេះ បើគណបក្សប្រជាជនកម្ពុជាចាញ់ទេ ទើបចម្លែក៖ «ជួយអបអរសាទផងសម្តេច ដែលបានបោះឆ្នោតព្រឹទ្ធសភាឈ្នះដល់ទៅ ៥៨អាសនៈ ឈ្នះដាច់គូប្រកួតដែរធ្វើឱ្យបក្សផ្សេងៗមិនតដៃបានព្រោះហេតុថា អ្នករៀបរៀង អ្នកឱ្យពិន្ទុ និងអាជ្ញាកណ្ដាល គឺជាបរិវាររបស់បក្សបក្សកាន់អំណាចទាំងអស់ បើវាមិនឈ្នះទៀតនោះ គឺវាចម្លែកហើយសម្ដេចសែនជោ (ហ៊ុន សែន) អើយ»។
ម្ចាស់គណនីហ្វេសប៊ុក គឺលោក កុសល យ៉ាង ក៏មិនអោយតម្លៃការបោះឆ្នោតបែបនេះដែរ។ លោកថា ឈ្នះជាមួយគូប្រកួតកំប៉ិកកំប៉ុកដែលប្រជាជនមិនឲ្យតម្លៃ។
ចំណែក អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ទៀត ឈ្មោះ ពូ សេរី ក៏មានយោបល់ស្រដៀង កុសល ដែរ។ លោកថា បោះឆ្នោតបាយឡុកបាយឡ ល្បែងក្មេងលេង មើលងាយប្រពលរដ្ឋខ្មែរ។
ចំណែកម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ សំរិទ្ធ ឡាយ ចោទជាសំណួរថា បើរំលាយបក្សគេហើយ ចាំបាច់បោះឆ្នោតអោយខាតពេលនឹងខាតលុយរដ្ឋធ្វើអី?
ឯម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ ប៊ិន ច័ន្ទថន មិនផ្តល់ការអធិប្បាយអ្វីវែងឆ្ងាយទេ លោកតាំងសំណួរទៅគណបក្សប្រជាជនកម្ពុជាដែលរំលាយគូប្រកួតមុនការបោះឆ្នោត ថា ខ្មាស់គេទេ ពេលឡើងសង្វៀនម្នាក់អែង ហើយស្រែកថាឈ្នះ គួរតែប្ដូរអាផ្នត់គំនិតចាស់គំរឹលហ្នឹងចោលទៅ។
ម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ Fan Merseng បង្ហាញការអស់សំណើចរបស់ខ្លួនថា ខ្ញុំក៏ជាសិស្សពូកែបំផុតនឹងលេចធ្លោបំផុតបើខ្ញុំរៀនតែឯង Made my day។ បន្ទាប់សរសេរហើយ Fan Merseng ដាក់រូបថ្លុកហាមាត់សើចបួនផង។
ចំណែកម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ គង្គា…… គង្គា មានទស្សនៈបែបក្បោះក្បាយបន្តិចថា បោះឆ្នោតម្នាក់ឯង ប្រកាសម្នាក់ឯង ចេះយកមកផ្សាយកើតដែរ។ អ៊ីចឹងបានជាគេនិយាយតៗគ្នា ថា ស្រុកខ្មែរបច្ចុប្បន្នជាស្រុករំដួល ឬនិយាយម្យ៉ាងទៀតថា ស្រុកខ្មែរបច្ចុប្បន្នស្អីក៏ធ្វើកើតដែរ ទោះជាមួយពិភពលោកគេថាខុសក៏ដោយ ដោយសារតែមេដឹកនាំផ្ដាច់ការ ល្មោភអំណាច មានដើមកំណើតជាខ្មែរក្រហម មិនស្គាល់ច្បាប់មនុស្ស។
ការបញ្ចេញមតិយោបល់មានច្រើនណាស់ នៅលើបណ្តាញសង្គមទាក់ទងនឹងការបោះឆ្នោតនេះ អ្នកខ្លះ គូររូប អ្នកខ្លះគ្រាន់តែសរសេរជាឃ្លាឃ្លោងធម្មតា អ្នកខ្លះសរសេរជាពាក្យកាព្យផង។ ជាចុងជាកំណាព្យដែលបង្ហោះនៅលើគណនីហ្វេសប៊ុករបស់លោក Chim Sovan ដែលមានសេចក្ដីដូចតទៅ៖
លេខមួយម្នាក់ឯង ធ្វើឬកខែងរ៉ែង ដូចខ្លែងដាច់ខ្សែ គ្មានអ្នកណាខ្លាំង ដូចជាអញទេ អញខ្លាំងលើសគេ គ្មានគូប្រកួត។
លេខមួយម្នាក់ឯង ដូចឃើញជាក់ស្ដែង នេះមិនមែនអួត លទ្ធផលបោះឆ្នោត គ្មានគូប្រកួត អញឈ្នះរហូត ព្រោះសុទ្ធគ្នាអញ។
លេខមួយម្នាក់ឯង កុំមកប្រជែង ណាអាសម្លាញ់ បើសិនអញឈ្នះ អញមិនទោម្និញ តែបើដឹងចាញ់ ត្រូវកំចាត់មុន៕