Clik here to view.

ប្រជាសហគមន៍អភិរក្សផ្សោតព្រែកកាំពី នៅឃុំសំបុក ស្រុកចិត្របូរី ខែត្រក្រចេះ អះអាងថា អាជ្ញាធរពាក់ព័ន្ធ និងឆ្មាំអភិរក្សមិនបានយកចិត្តទុកដាក់ទប់ស្កាត់បទល្មើសនេសាទ ឲ្យគ្រប់ជ្រុងជ្រោយនោះទេ ថែមទាំងទទួលប្រយោជន៍ពីជនល្មើស។ ចំណែកអាជ្ញាធរឃុំក៏បារម្ភពីបទល្មើសនេសាទកើតមានឡើងច្រើន តែអាជ្ញាធរកំពុងរកវិធានការទប់ស្កាត់។
សហគមន៍នេសាទព្រែកាំពី ឱ្យដឹងកាលពីថ្ងៃទី១៩ កុម្ភៈ ថា ក្រុមជនសង្ស័យនៅមូលដ្ឋានជិត ២០នាក់ ក្នុងនោះមួយចំនួនជាជនជាតិវៀតណាមផង នៅតែបន្តសកម្មភាពឆក់ត្រី កាន់តែខ្លាំងឡើង បើទោះបីជាសហគមន៍បានប្តឹងមនុស្សទាំងនោះទៅអាជ្ញាធរ និងសមត្ថកិច្ចឲ្យអនុវត្តច្បាប់ក្តី។ ចំណែកអាជ្ញាធរឃុំអះអាងថា ពួកគេបានបញ្ជូនឈ្មោះជនសង្ស័យទាំងនោះទៅតុលាការរួចហើយ តែពុំទាន់ឃើញតុលាការមានវិធានការច្បាប់នៅឡើយ។
សហគមន៍នេសាទព្រែកកាំពី រស់នៅឃុំសំបុក ស្រុកចិត្របូរី ខែត្រក្រចេះ ថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ឲ្យដឹងថា បើទោះបីជារដ្ឋាភិបាលបានបញ្ជូនឆ្មាំអភិរក្សផ្សោត ដែលជាសេនាធិការរបស់រដ្ឋបាលជលផលខែត្រក្រចេះ ចុះអន្តរាគមន៍ទប់ស្កាត់បទល្មើសក្ដី តែសកម្មភាពនេសាទល្មើសច្បាប់នៅតំបន់អភិរក្សព្រែកកាំពី ពុំថយចុះទេ។ លោកចោទថា ឧបករណ៍នេសាទដែលជនល្មើសប្រើ មានលទ្ធភាពចាប់ត្រីមេពូជធំៗច្រើនគីឡូក្រាមក្នុងមួយថ្ងៃៗ បង្កឲ្យប៉ះពាល់មុខរបរចិញ្ចឹមជីវិតពលរដ្ឋដែលមានទម្លាប់នេសាទលក្ខណៈគ្រួសារ។ «»
បុរសដដែលបន្ថែមថា កាលពីរសៀលថ្ងៃទី១៨ ខែកុម្ភៈ អ្នកភូមិដែលបានទៅដល់ទីតាំងជនល្មើសធ្វើសកម្មភាពឆក់ក្តៅ និងត្រជាក់ទាំងថ្ងៃ នៅខាងលិចអន្លង់ផ្សោត សំបូរដោយត្រីមេពូជរស់នៅ និងសត្វផ្សោតឆ្លងកាត់ រួចផ្តល់ព័ត៌មានទៅឆ្មាំអភិរក្សផ្សោត និងសមត្ថកិច្ច ដើម្បីអនុវត្តច្បាប់តែគ្មានលទ្ធផល។ លោកចោទថា ជនល្មើស និងឆ្មាំអភិរក្សរបស់រដ្ឋបាលជលខែត្រក្រចេះបានឃុបឃិតគ្នាប្រើឧបករណ៍នេសាទខុសច្បាប់ គឺជាមូលហេតុបណ្តាលឲ្យប៉ះពាល់ត្រីកម្រក្នុងតំបន់ និងសត្វផ្សោត។ «»
មេឃុំសំបុក ស្រុកចិត្របូរី លោក ទុយ វណ្ណា ក៏បារម្ភពីការផុតពូជត្រីកម្រ និងសត្វផ្សោតដែរ តែអាជ្ញាធរកំពុងរកមធ្យោបាយដោះស្រាយរឿងនេះ។ លោកថា កន្លងទៅមុខសញ្ញាជនល្មើស ១៦នាក់ ពាក់ព័ន្ធនេសាទខុសច្បាប់ សមត្ថកិច្ចបានបញ្ជូនសំណុំរឿងទៅតុលាការច្រើនខែហើយដែរ ក៏ប៉ុន្តែសំណុំរឿងនេះហាក់ដូចជាស្ងាត់ជ្រងំ។ លោកបន្ថែមថា ជនសង្ស័យមួយចំនួនមានខ្នងបង្អែកអ្នកមានឥទ្ធិពល រួមទាំងជនជាតិវៀតណាមផង ក៏ឋិតក្នុងចំណោមមនុស្សជិត ២០នាក់ដែលសមត្ថកិច្ចបញ្ជូនឈ្មោះទៅតុលាការដែរ។ លើសពីនេះ សមត្ថកិច្ចក៏ធ្លាប់ហៅជនសង្ស័យទាំងនោះ ធ្វើកិច្ចសន្យាបញ្ឈប់ ក៏ប៉ុន្តែពួកគេមួយចំនួនបដិសេធ។ «»
លោក ទុយ វណ្ណា បដិសេធចំពោះការចោទប្រកាន់របស់សហគមន៍ មកលើឆ្មាំអភិរក្សថា ឃុបឃិតគ្នានេសាទខុសច្បាប់ ព្រោះវិសាលភាពដែនអភិរក្សផ្សោត និងជីវចម្រុះនៅទន្លេមេគង្គធំធេង ដែលមានប្រជុំកោះស្មុគស្មាញ បង្កជាឧបសគ្គដល់បេសកកម្មអភិរក្សសត្វផ្សោត និងជីវចម្រុះដែរ។ លោកថា ជនល្មើសមានបណ្តាញដឹងមុន នៅពេលឆ្មាំអភិរក្សចុះល្បាតក្រុមជនសង្ស័យតែងតែរត់គេចខ្លួនបាត់។
នៅខែត្រក្រចេះ មានអន្លង់អភិរក្សផ្សោត និងត្រីមេពូជ ៦៤អន្លង់ ក្នុងនោះមានអន្លង់ ៥ ដែលផ្សោតរស់នៅ។ លើសពីនេះនៅទន្លេមេគង្គខែត្រក្រចេះ គិតត្រឹមក្បាលកោះទ្រង់ ទល់មុខក្រុងក្រចេះ រហូតដល់ព្រំប្រទល់ខែត្រស្ទឹងត្រែង មានប្រវែង ៨៥គីឡូម៉ែត្រ ត្រូវចាត់ទុកជាតំបន់អភិរក្សផ្សោត ជីវចម្រុះ និងត្រីមេពូជ បែងចែកជាពីរតំបន់ គឺតំបន់ស្រទាប់ និងតំបន់ស្នូល។ តំបន់អន្លង់អភិរក្សព្រែកកាំពី ត្រូវបានគេចាត់ទុកជាតំបន់ស្នូល ដែលជាតំបន់ហាមឃាត់មិនឲ្យមានការនេសាទ។
នាយកប្រតិបត្តិអង្គការបណ្តាញការពារទន្លេបី លោក លាង ប៊ុនលាភ រកឃើញថា ឧបករណ៍នេសាទរបស់ជនសង្ស័យប្រើប្រាស់ ទំនើប បង្កគ្រោះថ្នាក់ខ្លាំងដល់ត្រីមេពូជនៅទន្លេមេគង្គ និង ផ្សោត ហេតុនេះទាមទារឲ្យស្ថាប័នពាក់ព័ន្ធ និងសហគមន៍នេសាទត្រូវសហការជិតស្និតបញ្ចេញសកម្មភាពបង្ក្រាបបទល្មើសនេសាទឲ្យដូចភ្លើងរលឹម។ លោកបារម្ភថា នៅរដូវប្រាំងឆ្នាំនេះ ត្រី និងផ្សោតកំពុងសម្ងំលាក់ខ្លួននៅអន្លង់អភិរក្ស ក៏ប៉ុន្តែអន្លង់អភិរក្សត្រូវយាយីដោយបទល្មើស នឹងបង្កហានិភ័យខ្ពស់ដល់ត្រីមេពូជ និងផ្សោត។ «»
អ្នកឃ្លាំមើលបរិស្ថានរកឃើញថា កិច្ចគាំពារអភិរក្សផ្សោត និងត្រីមេពូជចាំបាច់ត្រូវមានការយកចិត្តទុកដាក់ពីសហគមន៍មូលដ្ឋានខ្លួនឯង ព្រោះបទពិសោធន៍កន្លងទៅសត្វផ្សោតងាប់ ដោយសារតែសកម្មភាពមនុស្ស។ ហេតុនេះទាមទារឲ្យអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធត្រូវពង្រឹងការអនុវត្តច្បាប់ និងអនុវត្តលក្ខន្តិកៈរបស់សហគមន៍នេសាទឲ្យបានត្រឹមត្រូវ៕